និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៖ ភាពរឹងត្អឹងរបស់ស្រីមានះ ។
អត្ថាធិប្បាយ កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ
កុំពត់ស្រឡៅ
ស្រឡៅជាដើមឈើធំខ្ពស់ដូចគគីរ ដែរ ប៉ុន្តែមិនមូលស្រលនទេ ព្រោះវាមានពួរកំពីកកំពក សណ្ដូកតាមដើម ។ គេតែងយកពួរនេះមកធ្វើដងចប កាំបិត ពូថៅ ។ល។ ព្រោះវាមានភាពរឹងល្អ ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយ គឺបើវាវៀច ឬកោងបែបណាហើយ គេមិនអាចពត់ ឬតម្រង់វាបានទេ ។ បើគេរោលភ្លើងពត់វា វាអាចទៅតាមដៃបាន ប៉ុន្តែដល់ពេលលែងដៃ វានឹងទៅរកកន្លែងដើមវិញដដែល ។
កុំប្រដៅស្រីមានះ
ជាទូទៅនៅក្នុងសង្គមខ្មែរយើង ស្ត្រី ភេទតែងមានចរិតទន់ភ្លន់ ចរិយាស្លូតបូត អាចសម្របសម្រួលទៅតាមបរិយាកាសបានស្រួល សូម្បីសម្លៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាក៏អាចផ្លាស់ប្ដូរទៅតាមប្ដីបានដែរ ។
ប៉ុន្តែចំពោះស្រីមានះវិញ រមែងមានអស្មិរឹងត្អឹងដូចដែកថែប ។ បើមានប្ដីក៏ពុំរណប ឬចុះញ៉មដែរ គឺគេសុខចិត្តលែងលះគ្នាដ៏បានដែរ ដែលថាឲ្យឱនលំទោនចុះចាញ់អ្នកឯងប្រាកដជាអត់សោះតែម្ដង ។
ហេតុនេះហើយបានជាលោកពោលថា កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៕
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី – សុភាសិតខ្មែរអធិប្បាយ