និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃាត់មិនបាន ច្រានមិនទៅ ៖ វ័យ និងជរា មិនទទួលការអង្វរក និងបញ្ជាទេ ។
អត្ថាធិប្បាយ ឃាត់មិនបាន ច្រានមិនទៅ
វយៈ ឬ វ័យ = ការអស់ទៅ… ការសូន្យទៅ…
ឃាត់មិនបាន
មនុស្សប្រុសស្រីគ្រប់ៗគ្នា ចាប់តាំងពីថ្ងៃកើតមក តែងទទួលនូវភាពចាស់បន្តិចម្ដងៗគ្រប់វិនាទីទាំងអស់ ។ ការដែលមនុស្សនិយាយថា ចម្រើនវ័យវឌ្ឍនាការ គឺចម្រើនការចាស់ ឬកាន់តែចាស់ទៅៗ ។ ការចាស់នេះទោះបីបុគ្គលណាដែលមានមហិទ្ធិឫទ្ធសម្បើមក្រៃលែងយ៉ាងណាក៏ដោយ ក៏មិនអាចមកឃាត់ឃាំងរារាំងមិនឲ្យចាស់បានទេ ។ វាគឺជាច្បាប់ធម្មជាតិគ្របសង្កត់មកលើសត្វលោក សត្វតិរច្ឆាន រុក្ខជាតិនានា ។ ម្យ៉ាងទៀត ពាក្យថា លោកៈ ឬ លោក នេះក៏មានន័យថា កើតឡើងហើយវិនាសទៅវិញដែរ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា គ្មានអ្នកណាមកឃាត់វ័យ គឺការអស់ទៅ សូន្យទៅនេះបានទេ បើទុកណាជាគេសូកប៉ាន់ជារបស់មានតម្លៃយ៉ាងណា ឬអង្វរកយ៉ាងណាក៏ដោយ ។
ច្រានមិនទៅ
ធម្មតា ភាពជរា គឺការរយីករយាកទ្រុឌទ្រោមរបស់មនុស្សលោក រួមទាំងសត្វតិរច្ឆាន រុក្ខជាតិ សម្ភារៈ ។ល។ ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែទទួលរងនូវភាពរខេករខាក រយីករយាកទៅជាលំដាប់ ។ ជរាភាពក្ដី មរណភាពក្ដី គ្មាននរណាត្រូវការចង់បានទេ ។ ប៉ុន្តែគេក៏ពុំអាចរុញច្រានវាឲ្យឃ្លាតទៅឆ្ងាយបានដែរ ។ គឺកាលណាវាមកឆ្មក់គ្របសង្កត់ ឬអូសទាញបុគ្គលណា បុគ្គលនោះត្រូវតែទទួលមិនអាចគេចពួនបានឡើយ ។ ហេតុនេះហើយបានព្រះពុទ្ធអង្គទ្រង់ត្រាស់ថា គ្មានមហិទ្ធិឫទ្ធិណាមកបញ្ជាកុំឲ្យវាមកបានទេ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល – សុភាសិតខ្មែរអធិប្បាយ