និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង ៖ គន្លឹះនៃរបបអាហារ និងគន្លឹះនៃភាពសុខស្រួល ។
អត្ថាធិប្បាយ ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង
ចង់ឆ្ងាញ់ឲ្យរកអន្លក់
កាលណាគេនិយាយអំពី អន្លក់ គេក៏នឹកឃើញដល់ទឹកគ្រឿងផងដែរ ។ អន្លក់ និង ទឹកគ្រឿង គឺជាសម្លក្រៅឆ្នាំងម្យ៉ាងរបស់ខ្មែរ ហើយដែលខ្មែរនិយមចូលចិត្តណាស់ ។ ដោយគេយល់ថា វាមានរសជាតិឆ្ងាញ់ពិសេស ព្រោះអន្លក់ គេផ្សំចម្រុះពីត្រួយឈើជាច្រើន ដូចជា ត្រួយស្ដៅ ត្រួយស្វាយ ត្រួយរាំង ត្រួយក្ទម្ពទេស ផ្កាស្ដៅ ផ្កាស្នោ ផ្កាកំប្លោក កំពីងពួយ កញ្ឆែត ព្រលិត ជាដើម ។
បើនិយាយតាមក្បួនវិជ្ជសាស្ត្រវិញ អន្លក់ទាំងអស់នេះ សុទ្ធសឹងផ្ដល់នូវជីវជាតិវិសេសវិសាលល្អប្រសើរណាស់ ។ ហេតុនេះវាផ្ដល់នូវភាពចម្ងាញ់យ៉ាងប្លែកមាត់ ។
ចង់ស្រណុកឲ្យនឿយពីក្មេង
ធម្មតា មនុស្សកាលណាដល់វ័យចាស់ តែងតែថមថយកម្លាំង បើចេញទៅរកស៊ីក៏លំបាកខ្លួនណាស់ ឃើញថាពុំបានស្រណុកស្រណានទេ ។ ប៉ុន្តែបើគាត់មិនទៅរកក៏គ្មានអ្វីពិសាដែរ ។ ដូច្នេះ ទោះចង់ឬមិនចង់ក៏ត្រូវតែចេញទៅរកលុយទាំងត្រដាបត្រដួសតាមយថាកម្ម ។
ហេតុនេះហើយ បានជាលោកពោលថា បើចង់ស្រណុកខ្លួនដល់ពេលចាស់ ត្រូវតែខំប្រឹងរកស៊ីសន្សំលុយទុកកាលនៅវ័យក្មេង ។ កាលនៅវ័យក្មេង ទោះជានឿយលំបាកលំបិនយ៉ាងណា ក៏មិនជាអ្វីប៉ុន្មានដែរ ព្រោះកម្លាំងនៅកំពុងពេញ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចិត្តល្អ ក្រមិនយូរ – សុភាសិតខ្មែរអធិប្បាយ