និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស ៖ ការចេះសម្របសម្រួលខ្លួនទៅតាមមជ្ឈដ្ឋានរស់នៅ ។
អត្ថាធិប្បាយ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស
ចូលស្ទឹងតាមបត់
ធម្មតាផ្លូវទឹកមាន ទន្លេ ស្ទឹង ព្រែក ជាដើម តែងមានបំណត់បំណែនចុះឡើង ។ ដូច្នេះ ជលយានទាំងឡាយដែលធ្វើចរាចរតាមជលមគ្គនេះ ត្រូវតែបត់បែនចុះឡើងតាមកំណោងផ្លូវទឹក ទោះចង់ ឬមិនចង់ក៏ដោយ ។ ព្រោះថា បើគេមិនបត់បែនតាមកំណោងផ្លូវទឹកទេ ជលយាននឹងត្រូវបុកច្រាំង ឡើងគោកមិនខាន ។
ចូលស្រុកតាមប្រទេស
ប្រទេសជាតិទាំងអស់តែងតែមានទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា ។ ជាពិសេស គេមានច្បាប់សម្រាប់ស្រុក សម្រាប់ប្រទេសនីមួយៗ ។ ដូច្នេះ ទោះចង់ ឬមិនចង់ អ្នកដែលចូលទៅតាំងទីលំនៅក្នុងស្រុក ភូមិណាមួយ ចាំបាច់ត្រូវតែគោរពប្រតិបត្តិច្បាប់ទម្លាប់របស់ស្រុកនោះជាដាច់ខាត ។ ប្រសិនបើគេមិនចង់គោរពច្បាប់តាមទម្លាប់ស្រុកគេទេ គេក៏ត្រូវមានបញ្ហាដែលកើតឡើងជាយថាហេតុមិនខានឡើយ ។
ឧទាហរណ៍ ច្បាប់ប្រទេសខ្លះហាមមិនឲ្យផឹកស្រា មិននិយមស៊ីសាច់គោ សាច់ជ្រូក សាច់ឆ្កែ ។ល។ បើជនចំណូលស្រុកមិនអនុវត្តតាមគេប្រាកដជាមានបញ្ហាមិនខាន និងមិនអាចរស់នៅក្នុងសហគមន៍គេបានឡើយ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចេះដប់មិនស្មើប្រសប់មួយ – សុភាសិតខ្មែរអធិប្បាយ