ប្រាសាទស្នឹង – ប្រាសាទខ្មែរ ៖ នៅក្នុងបរិវេណ វត្តស្នឹង ឃុំស្នឹង ស្រុកបាណន់ ខែត្របាត់ដំបង មានប្រាសាទចំនួន ២ គឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច ដែលប្រហែលជាត្រូវបានកសាងនៅកំឡុងស.វទី ១២ ឬអាចមុននេះ ។ ដែលកំណត់ថា កើត-លិច នេះ គឺកំណត់ទៅតាមទីតាំងនៅខាងកើត និងខាងលិចព្រះវិហារវត្តស្នឹង ។
ប្រាសាទស្នឹងខាងកើត មានប៉ម ៣ សង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមមួយ ។ នៅប៉មកណ្ដាលមានផ្ដែរឆ្លាក់រូប ព្រះឥន្ទគង់លើដំរីក្បាលបី (ឯរាវ័ណ) ឯប៉មពីរផ្សេងទៀតមានផ្ដែរដែរ តែពុំឃើញមានចម្លាក់អ្វីនោះទេ ។ នៅមុខប៉ម ជើង-ត្បូង មានស៊ុមទ្វាធ្វើពីថ្មភក់ ប្រហែលជាស៊ុមទ្វានៃយ៉ដែលតភ្ជាប់ពីប៉មទាំង ២ នេះ ក៏ប៉ុន្តែបាក់បែកអស់ហើយគ្រាន់តែនៅសល់ស្លាកស្នាមខ្លះៗ ល្មមឲ្យអាចសម្គាល់បាន ។ នៅខាងមុខប្រាសាទ មានស្រះទឹកធំមួយ សន្ធឹងពីជើងទៅត្បូង ។ នៅទីប្រាសាទនេះ គេធ្លាប់រកឃើញទេវរូបភេទប្រុសចំនួន ៣ និងព្រះកេសទេវរូបភេទប្រុសមួយមានពាក់មកុដ ។
ប្រាសាទស្នឹងខាងលិច ជាប្រាសាទទោលធ្វើអំពីថ្មភក់ ។ ប្រាសាទនេះមានទ្វារចូលពីគ្រប់ ៤ ទិស ព្រមទាំងមានយ៉ផងដែរ ។ មានផ្ដែរនៅគ្រប់ទ្វាទាំង ៤ តែផ្ដែរទ្វាខាងជើង ពុំឃើញមានចម្លាក់អ្វីនោះទេ ។ នៅលើផ្ដែរទ្វាទាំង ៣ ទិសផ្សេងទៀត យើងឃើញមាន ៖
- ផ្ដែរទិសខាងកើត មានចម្លាក់ រឿងកូរសមុទ្រទឹកដោះ (១)។
- ផ្ដែរទិសខាងលិច មានចម្លាក់ រូបព្រះវិស្ណុផ្ទំលើសត្វម៉្យាង ប្រហែលជា គជសីហ៍ (ជាទូទៅផ្ទំលើ នាគអនន្ត) ។
- ផ្ដែរទិសខាងត្បូង មានចម្លាក់រូបសត្វតោ ៣ក្បាលកំពុងតែទ្រមនុស្ស (ឬទេវតា) ដែលកំពុងលេងចត្រង្គ ។
ចំណែកឯកំពូលប្រាសាទវិញបានបាក់ធ្លាក់ចុះ ដែលពុំអាចឲ្យយើងចូលទៅខាងក្នុងប្រាសាទបាននោះឡើយ ។ នៅក្បែរប្រាសាទនេះ ក៏ប្រទះឃើញចម្លាក់យោនីដែលបាក់បែកមួយផងដែរ ។
ប្រាសាទទាំង ២ នេះ បើទោះជា ប្រាសាទស្នឹងខាងកើត មានដល់ទៅ ៣ប៉មមែន ប៉ុន្តែហាក់មិនមានប្រណិតភាពស្មើនិង ប្រាសាទស្នឹងខាងលិច ដែលមានតែប៉មទោលនោះទេ ។ ម៉្យាងទៀត វត្ថុធាតុសម្រាប់សាងសង់ ប្រាសាទស្នឹងកើត (ឥដ្ឋដីដុត) ក៏មិនល្អធន់ដូចជា ប្រាសាទស្នឹងលិចដែរ (ថ្មភក់) ។
***
(១) អំពីទេវកថា កូរសមុទ្រទឹកដោះ ៖ កាលដើមឡើយ មានមហាសមុទ្រទឹកដោះគ្របដណ្ដប់ពេញលើចក្រវាលទាំងមូល ។ ពួកទេវ និងពួកអសុរ ដែលចង់បានទឹកអម្រឹត (ទឹកមន្តអមត) ក៏នាំគ្នាកូរសមុទ្រទឹកដោះនោះ ។
ព្រះវិស្ណុ ដកភ្នំមន្ទរៈ យកមកធ្វើជាខ្នូរ ហើយប្រែកាឡាខ្លួនជា មហាអណ្ដើកកូម៌ៈ ដើម្បីទ្រ ភ្នំមន្ទរៈ កុំឲ្យលិច ។ ចំណែក ស្ដេចនាគវាសុកី យកខ្លួនធ្វើជាព្រ័ត្រសម្រាប់ឲ្យគេទាញ ។ ពួកទេវ ទាញខាងកន្ទុយ ឯពួកអសុរ ទាញខាងក្បាល ។
បន្ទាប់ពីកូរវឹកអស់រយៈពេល ១០០០ឆ្នាំ រតនៈយ៉ាងច្រើនឥតគណនាក៏បានផុសឡើងពីទឹក ក្នុងនោះមាន ព្រះនាងលក្ស្មី (មហេសី ព្រះវិស្ណុ), ឯរាវ័ណ (ដំរីក្បាលបីជំនិះព្រះឥន្ទ) … ។ នៅទីបំផុត ទឹកអម្រឹត និងទេពអប្សរ ក៏ផុសចេញមក ។ ព្រះវិស្ណុ យកទឹកអម្រឹតចែកឲ្យ ពួកទេវ ទៅ ។
អត្ថបទពេញនិយម ៖ ភ្នំគូលែន – ប្រាសាទខ្មែរ