ភ្នំគូលែន – ប្រាសាទខ្មែរ ៖ ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ គឺជាទីកន្លែងផ្ទុកនូវនិមិត្តរូបដ៏ច្រើនសម្បើម ហើយបានធ្វើវិភាគទានដ៏ផ្ទាល់តាំងពីដើមដល់ចប់ ដើម្បីជួយកសាងប្រវត្តិសាស្ត្រមហានគរដ៏ឧត្តម ហើយទីភ្នំនេះស្ថិតនៅជាមហាកសិណដ៏រស់រវើកសព្វថ្ងៃនេះ ។
១. ភូមិសាស្ត្របង្រួមនៃភ្នំគូលែន
ភ្នំគូលែនមានកំពស់ប្រមាណ ៤៩៥ ម៉ែត្រ ។ គឺជាភ្នំមួយដ៏ធំល្មមប្រកបដោយសិលាលាយឡំនឹងព្រៃស៊ុបទ្រុបដែល ផុសដុះចេញតែឯកឯងជ្រងោនៅក្នុងកណ្ដាលលំហរវាលដីរាបដ៏ល្វឹង ល្វើយ នៅឯឥសានទិសនៃប្រទេសកម្ពុជា បាំងខែឈមមុខទល់នឹងខ្សែបន្ទាត់ដែលចាក់ពីភ្នំក្រវាញកាត់តាម ទន្លេសាបឆ្ពោះមកកាន់ភ្នំដងរែក ពីខាងត្បូងឈៀងខាងលិចមកខាងជើងឈៀងខាងកើត ។ ខ្យល់ដែលពាំនាំទឹកភ្លៀងមកស្រោចលើភ្នំក្រវាញត្រូវហួតហែងពេលមក ដល់ផ្ទៃទន្លេសាប តែដោយស្រង់យកចំហាយទឹកសន្សើមដែលហួតចេញពីទន្លសាប ខ្យល់នោះក៏បង្ហួសទៅជម្រុះទឹកនោះនៅលើភ្នំគូលែនដែលនៅឈរសន្ធឹង បាំងផ្លូវរបស់ខ្លួន ។ ភ្លៀងដែលធ្លាក់នៅទីនោះ មកបំពេញស្ទឹងសៀមរាបដែលធំជាងគេនៅតំបន់នោះ ហើយដែលយកប្រភពដង្ហើមរស់ហូរចេញពីខ្ពង់រាបនៅលើភ្នំគូលែនតែ ម្ដង ចម្លែកខុសពីធម្មតាដែលទឹកស្ទឹងហូរចេញពីជើងភ្នំ ។
ទីដែលប្រភពដង្ហើមទឹកស្ទឹងនោះ គេឲ្យឈ្មោះថា “ខ្ពង់រាបប្រភពដង្ហើមទឹក” ដោយមកពីសភាពពិសេសនេះដែលនឹងមានអធិប្បាយនៅបន្ទាត់ខាង ក្រោយ ។ ស្ទឹងនេះឆ្លងកាត់តំបន់អង្គរ មុននឹងបន្តទៅទម្លាក់ខ្លួនរំលាយជាមួយនឹងទន្លេសាប ដែលប្ដូរទឹកជារៀងរាល់ឆ្នាំដោយសារទឹកទន្លេមេគង្គផ្ដល់មកឲ្យ ដែលទន្លេមេគង្គនេះយកប្រភពពីភ្នំហិមវីតដ៏សែនឆ្ងាយនៃតំបន់ ទីបេ ។ ក្រោយពីបានរំលាយខ្លួនជាមួយទន្លេសាបហើយ ស្ទឹងសៀមរាបដែលក្លាយជាទន្លេសាបក៏ហូរបន្ដដំណើរឆ្ពោះទៅកាន់ឈូងសមុទ្រ ដោយឆ្លងកាត់ផ្ទៃរាបនៃមជ្ឈឹម និងទក្សិណប្រទេស ព្រមទាំងជម្រុះចោលតាមផ្លូវនូវជីវជាតិដែលពាំនាំយកទៅជាមួយ ផង ។
២. ភ្នំគូលែនជាប្រភពពីព្រេងនាយនៃជាតិខ្មែរ
បើយោងតាមរឿងព្រេងពីបុរាណ ព្រះសមណគោត្តម មុន នឹងព្រះអង្គយាងចូលព្រះបរិនិព្វាន ព្រះអង្គបានយាងជាមួយព្រះអានន្តដែលជាក្មួយ និងជាសិស្សជំនិតរបស់ព្រះអង្គ ដោយបារមីបែងភាគរបស់ព្រះអង្គមកសំណាក់ប្រោសសត្វនៅភ្នំគូលែនដែល ពេលនោះមានឈ្មោះថា “ព្រះឱទ្យានដូនទាវ” ។ នៅពេលនោះ ទឹកសមុទ្រគ្របដណ្ដប់ជុំជិតតំបន់នោះនៅសល់តែកោះភ្នំគូលែនមួយប៉ុណ្ណោះដែលលេចចេញពីទឹក ។
ទេសភាពដ៏ត្រកាលនេះហើយ ដែលប្រហែលបានទាក់ទឹកព្រះទ័យព្រះពុទ្ធអង្គ ។ នៅលើភ្នំនោះមានដើមធ្លកមួយដើមធំ ប្រកបដោយមែកធាងត្រសុំត្រសាយសាខាបែកស្លឹកស៊ុបទ្រុបចោលម្លប់ ត្រឈុំត្រឈៃ ។ ព្រះអង្គក៏សម្រេចយាងទៅសម្រាកនៅក្រោមដើមធ្លកនោះ ។ នៅជិតគល់ដើមធ្លកនោះមានរូងមួយធំដែលជាផ្លូវចេញចូលរបស់ស្ដេច ភុជង្គនាគ និងវបរិវា ដែលតែងតែចេញមកលេងកំសាន្តនៅទីនោះ ដោយដំណែងខ្លួនជាមនុស្សលោកដោយហេតុនេះហើយ បានជាដីនៅទីនោះរាបស្មើល្អអនេក ។ គ្រាណាបានឃើញព្រះពុទ្ធអង្គហើយ រុក្ខទេវតាដែលរក្សាដើមធ្លកនោះក៏ជប់អស្សនៈមួយថ្វាយព្រះអង្គ ដែលមានជាបល្លង្កបិទបាំងដោយក្លោះ ថែមទាំងប្រដាប់ដេញមូស និងផ្លិត ។ មិនតែប៉ុណ្ណោះ រុក្ខទេវតានោះបានតម្លើងបន្ថែមនូវឆ័ត្រពណ៌សមួយយ៉ាងធំសម្រាប់ពួក ទេវតាដ៏ច្រើនដែលយាងមកបង្គុំគាល់ព្រះជិនស្រី ដើម្បីស្ដាប់ព្រះធម្មទេសនា ។ នៅយាមទី១នៃរាត្រីនោះ ស្ដេចភុជង្គនាគ និងបរិវារ ក៏បានចេញមកក្រោមដើមធ្លកដូចសព្វមួយដង ដើម្បីមកកំសាន្តសប្បាយដូចធម្មតា ។
គ្រាណាបានឃើញព្រះពុទ្ធអង្គ ស្ដេចភុជង្គនាគមានការភ្ញាក់រំភើបអបអរជាអនេក ក្រាបថ្វាយបង្គុំ ហើយក៏អរត្តនានិមន្តព្រះអង្គសម្ដែងព្រះធម្មទេសនា ដើម្បីប្រោសពួកនាគឲ្យបានរំដោះផុតពីវដ្ដសង្សា ។ ព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ព្រះសណ្ដាប់យល់ព្រមជាហេតុធ្វើ ឲ្យស្ដេចភូជង់នាគត្រេកអរយ៉ាងក្រៃលែង ។ នៅព្រឹកព្រហាមនៃថ្ងៃបន្ទាប់ ក្នុងឱកាសព្រះអង្គកំពុងភាវនាធម៌ ព្រះបរមគ្រូទ្រង់បានធ្វើព្រះទំនាយដូចតទៅថា ៖ ទៅអនាគត កោះគោកធ្លកនេះ នឹងក្លាយទៅជាព្រះរាជាណាចក្រមួយដ៏ធំ ហើយសម្បូរសប្បាយយ៉ាងក្រៃលែង ដែលនឹងមានឈ្មោះថា នគរគោកធ្លក ។ ចំណែកសត្វត្រកួតដែលបានលូនចេញមកស្ដាប់ព្រះធម្មទេសនា ហើយដែលព្រះអង្គបោះម្ហូបទិព្វឲ្យជាអាហារនោះ អនាគតជាតិទៅនឹងទៅកើតជាមួយព្រះរាជបុត្រនៃព្រះចៅឥន្ទ្រព័ត្រ នៃប្រទេសឥណ្ឌា ។ ក្រោយមក ព្រះរាជបុត្រនេះនឹងយាងមកសោយរាជ្យនៅនគរគោកធ្លកនេះ ដោយយកព្រះរាជបុត្រីនៃស្ដេចភុជង្គនាគជាព្រះអគ្គមហេសី ។ ព្រះមហាក្សត្រខ្មែរដំបូងបង្អស់នេះហើយដែលទ្រង់ព្រះនាមថា ព្រះថោង តាមរឿងព្រេង និងព្រះបាទកៅណ្ឌិន្យវរ្ម័ន តាមប្រវត្តិសាស្ត្រជាតិ រីឯព្រះរាជបុត្រីស្ដេចភុជង្គនាគមានព្រះនាមថា នាងនាគ តាមរឿងព្រេង និងព្រះនាងសោមា តាមប្រវត្តិសាស្ត្រជាតិ ។
ក្សត្រទាំងពីរអង្គនេះ នឹងទៅជាប្រភពនៃព្រះរាជវង្សព្រះច័ន្ទ្រនៅ ប្រទេសខ្មែរ ។ ដើម្បីជារង្វាន់ដល់ព្រះរាជបុត្រទាំងទ្វេហានេះ ព្រះចៅភុជង្គនាគបានសម្ដែងព្រះឥទ្ធិឫទ្ធិបូមស្រូបយកទឹកចេញពី បរិវេណកោះគោកធ្លក ដើម្បីពង្រីកដីកោះនេះឲ្យបានទៅជានគរមួយធំ រួចហើយព្រះអង្គក៏ទ្រង់ស្ថាបនាទីក្រុងមួយដ៏ធំថ្វាយទៀត (ប្រភពខ្លះបានអះអាងថា ព្រះពុទ្ធអង្គតែម្ដងដែលបានផ្លុំកម្ចាត់ទឹកសមុទ្រឲ្យទៅឆ្ងាយ ដើម្បីជួយឲ្យនគរនេះកើតជារូបរាងឡើង) ។ និមិត្តរូបអាពាហ៍ពិពាហ៍របស់ព្រះថោង និងនាងនាគ ក៏បានចូលទៅក្នុងទំនៀមទម្លាប់ខ្មែរចាប់តាំងពីពេលនោះមក ហើយព្រះមហាក្សត្រមហានគរតែងតែគោរពទំនៀមទម្លាប់នេះជារៀងរហូតមក ដោយធ្វើឧបកិច្ចកម្មយាងទៅរួមមេត្រីជាមួយនាងនាគរាល់រាត្រីនៅលើ កំពូលភ្នំព្រះក្រឡាបន្ទំ ។ ក្នុងរឿងនេះ អ្នកការទូតចិនឈ្មោះ ជីវ តាក្វាន់ ដែលបានស្នាក់អាស្រ័យនៅមហានគរបានសរសេរថា “ចំណែក ប្រាសាទមាសដែលនៅក្នុងព្រះរាជវាំងនោះ ព្រះរាជាទ្រង់យាងទៅផ្ទំនៅលើកំពូលប្រាសាទនោះរាល់រាត្រី ។ អ្នកស្រុកនិយាយជាទួទៅថា នៅក្នុងព្រះក្រឡាបន្ទំនោះមានសត្វពស់មួយមានក្បាល៩ ដែលជាម្ចាស់ទឹកដីនៃព្រះរាជាណាចក្រ ។ ពស់នេះនិមិត្តរូបខ្លួនចេញនៅទីនោះរាល់យប់ជាស្ត្រី ហើយថាព្រះរាជាទ្រង់រួមមេត្រីជាមួយសត្វពស់នេះជាបឋមសិនជានិច្ច” ប្រពៃណីនេះ មិនគ្រាន់តែត្រូវបានព្រះមហាក្សត្រមហានគរគោរពប្រតិប្តិតាម ប៉ុណ្ណោះទេ គឺថែមទាំងត្រូវបានប្រជារាស្ត្រខ្មែរទាំងមូលយកមកជាគំរូតាំងពី បូរាណកាលរហូតមកទល់សព្វថ្ងៃនេះ ។ នៅក្នុងពិធីរៀបមង្គលការ ប្រពៃណីនេះចាត់ទុកជាវគ្គមួយសំខាន់បំផុតដែលមិនអាចជៀសវាងបាន ហើយភ្លេងដែលលេងកំដរវគ្គនេះ លាន់ឮពិរោះលន្លង់លន្លោច អណ្ដែតអណ្ដូងគួរឲ្យនឹងស្រណោះយ៉ាក្រៃលែង ។ ដោយហេតុវត្តមានដ៏ពិសេសពិសាររបស់ព្រះពុទ្ធអង្គនៅទីកោះគោកធ្លកនេះ កោះនេះក្លាយទៅជាកន្លែងដែលពួកទេវតាតែងយាងមកក្រសាលគ្រប់ៗ អង្គ ។ ដោយអាស្រ័យលើការទាំងនេះហើយ បានជាភ្នំគូលែនត្រូវចាត់ជាភ្នំសក្តិសិទ្ធិ ជាទីសក្ការៈបូជាយ៉ាងខ្លាំង ទី១ ដោយវត្តមានព្រះពុទ្ធ ទី២ ដោយព្រះពុទ្ធទំនាយ ហើយទី៣ ដោយវត្តមាន និងលំនៅស្ថាននៃពពួកទេវតា ។
៣. រឿងព្រេងស្ដីពីឈ្មោះភ្នំគូលែន
គូលែន ទំនងដូចជាពាក្យចិនឲ្យឈ្មោះឈើមួយដែលឲ្យផ្លែផ្អែមឆ្ងាញ់ពិសា ចាប់ចិត្ត ។ បើយោលទៅតាមរឿងព្រេង គេតែងដំណាលតៗគ្នាមកថា កាលពីដើមឡើយនៅគ្រាដែលនគរខ្មែរស្ថិតនៅក្រោមជលសានៅឡើយ ហើយមានតែកោះគោកធ្លកប៉ុណ្ណោះដែលលេចចេញពីទឹក មានសំពៅដែលបើកឆ្វេចឆ្វាចកាត់តាមតំបន់នោះ ។
ថ្ងៃមួយមានសំពៅមួយមកពីស្រុកចិន និងកោះជ្វា ត្រូវបានខ្យល់ព្យុះសង្ឃរាផាត់បក់បោកខ្ទប់នឹងច្រាំងថ្មភ្នំ គូលែនបែកខ្ទេចខ្ទាំអស់ ។ ចិនដែលនៅសល់ពីស្លាប់ដោយអស់សង្ឃឹមនឹងបានវិលត្រឡប់ទៅស្រុកចិន វិញ ក៏សម្រេចតាំងលំនៅស្ថាននៅលើភ្នំ ហើយដើម្បីជាអនុស្សាវរីយ៍ដល់នគរកំណើតរបស់ខ្លួន ក៏ចាប់បណ្ដុះគ្រាប់ពូជគូលែនដែលនៅសេសសល់នៅលើខ្នងភ្នំ ។ ក្រោយមក ដើមគូលែនដុះច្រើនពាសពេញ ហើយឈ្មោះភ្នំដែលពីដើមគេនិយមហៅថា ព្រះសួនដូនទាវ ក៏ក្លាយទៅជាភ្នំគូលែនតាំងពីពេលនោះមក ។ ពីជំនាន់មួយទៅជំនាន់មួយ ពេលរដូវមកដល់ អ្នកភ្នំតែងបេះផ្លែគូលែនយកមកថ្វាយព្រះមហាក្សត្រនគរ ដែលពេញព្រះទ័យនឹងផ្លែនេះយ៉ាងក្រៃលែង ។ បើតាមដឹង គឺមានតែកន្លែងនេះទេដែលមានដុះដើមគូលែន ។
៤. ភ្នំគូលែនជានិមិត្តរូបចក្កវាឡ និងជង្រុកបារមី
បើយោលទៅតាមចក្កវាឡសាស្ត្រប្រទេសឥណ្ឌា ភ្នំមហិន្ទ្រា គឺជាលំនៅស្ថាននៃទេវាទាំង៣៣ ដែលមានព្រះឥន្ទ្រ ជាព្រះរាជា ហើយដែលមានព្រះសិវៈ ជាអធិបតីនៅលើកំពូល ។ ចំពោះជនជាតិឥណ្ឌា ភ្នំមហិន្ទ្រា គឺជាភ្នំហិមវីត ស្ដេចនៃពពួកភ្នំទាំងឡាយដែលមាននៅក្នុងលោក ហើយទន្លេគង្គា គឺជាទន្លេសក្តិសិទ្ធិដែលគេគោរពបូជា ។
គេមានជំនឿថា ទន្លេនេះពីដំបូងឡើយគឺជាទន្លេសួគ៌ ហើយដោយករុណាធម៌របស់ព្រះសិវៈ បានជាទន្លេនេះ ក្លាយទៅជាទន្លេមនុស្សលោក ។
ដើម្បីសម្រួលដល់ការហូរចុះនៃទន្លេនេះ ព្រះសិវៈបានធ្វើឲ្យទឹកទន្លេនេះហូរសម្រូតធ្លាក់សន្សឹមៗតាមសក់ របស់ព្រះអង្គ ។
ដោយហេតុថា ភ្នំហិមវីត និងទន្លេគង្គា ជាវត្ថុសក្តិសិទ្ធិបានជាជនជាតិឥណ្ឌានាំគ្នាសស្រាក់សស្រាំមកងូត ទឹកទន្លេគង្គានេះ ដើម្បីលុបលាងបាបកម្មរបស់ខ្លួន ហើយរំដោះខ្លួនឲ្យផុតពីវដ្ដសង្សា ។ ក្នុងន័យដដែលនេះ មនុស្សចំណាស់ ឬមានជម្ងឺជិតផុតសង្ខាបានត្រូវញាតិមិត្តសែងយកមកដាក់នៅលើ ច្រាំងទន្លេនេះ ដើម្បីឲ្យបានរលត់ជីវិតនៅទីនោះ ។
ដូច្នេះ ភ្នំមហិវីត និងទន្លេគង្គា គឺជានិមិត្តរូបជាសារវន្តនៃជំនឿរបស់ជនជាតិឥណ្ឌា ។ ត្រឡប់មកស្រុកខ្មែរនៅគ្រានោះ ពពួកអ្នកប្រាជ្ញមានកាតព្វកិច្ចស្វែងរកនិមិត្តរូបឲ្យបានស្របតាម ន័យនេះ ។ ក្នុងទស្សនៈនេះ ភ្នំគូលែន និងស្ទឹងសៀមរាប មានលក្ខណៈសម្បត្តិឆ្លើយស្របទាំងស្រុងទៅលើបែបផែននេះ ទី១ ដូចបានចង្អុលពីមុន ភ្នំគូលែនជាភ្នំសក្តិសិទ្ធិដល់ទៅ៣ដង ហើយអាចសន្និដ្ឋានបានថា ជាភ្នំនៃព្រះទេវាទាំង៣៣ ព្រមទាំងជាលំនៅស្ថាននៃព្រះសិវៈ ទី២ ស្ទឹងសៀមរាប ប្រៀបហាក់បីដូចទន្លេគង្គា ព្រោះស្ទឹងនេះហូរធ្លាក់ចុះតាំងពីលើផ្ទៃរាបនៅកំពូលភ្នំគូលែន ដោយឆ្លងកាត់ជ្រោះដូចទន្លេគង្គាដែលហូរធ្លាក់ពីភ្នំហិមវីតដោយ ឆ្លងកាត់ជ្រោះនានាដែរ ។ ចំពោះព្រះបាទជ័វរ្ម័នទី២ និងព្រះបុរោហិត លក្ខណៈទាំងនេះស្របគ្នាទាំងស្រុង ។
សូមកត់សម្គាល់ថា ព្រះរាជវង្សានុវង្សមហានគរ ទោះបីមិនបានមកគង់ប្រថាប់នៅលើភ្នំគូលែនឲ្យបានជាប់លាប់ក៏ដោយ ក៏ចាត់ទុកកន្លែងនោះថា ជាឧទ្យានសម្រាប់គោរពបូជានៃព្រះញាតិវង្ស និងសាធារណជនដែរ ព្រោះទាំងអស់គ្នាសន្និដ្ឋានថា ទីនោះជាកន្លែងសក្តិសិទ្ធិជាទីបំផុតនៅក្នុងប្រទេស ។ មិនតែប៉ុណ្ណោះ ព្រះរាជាអង្គខ្លះនៃព្រះវង្សមហានគរបានធ្វើសំណង់ខាងសាសនាបន្ត បន្ទាប់នៅទីនោះដើម្បីបន្ថែម និងពង្រីកសភាពសក្តិសិទ្ធិនៃភ្នំនោះផង ។ ក៏ប៉ុន្តែ ការដែលចាប់អារម្មណ៍ខ្លាំងជាងគេក្នុងវិស័យនេះ គឺចម្លាក់លិង្គព្រះសិវៈជាច្រើនរយនៅលើបាតស្ទឹងដែលក្រាលដោយថ្ម នៅដើមទឹករហូតដល់ស្ទឹងនេះក្លាយទៅជា “ស្ទឹងលិង្គមួយពាន់” ។ គោលបំណងធំក្នុងការស្ថាបនាដ៏ពិស្ដារនេះ គឺដើម្បីវន្ទាសុំឲ្យព្រះសិវៈប្រកក់ប្រសិទ្ធីទឹកស្ទឹងនេះតាំងពី ដើមទីមុននឹងទឹកនេះហូរមកដល់មហានគរ តាមទំនប់ស្រះបារាយណ៍ បឹងបួរនានា ។ មកដល់នោះ ទឹកគន្ទីនឹងជម្រះមន្ទិលប្រក់ព្រំព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងប្រជានុរាស្ត្រក្នុងមហានគរ និងនៅក្នុងផ្ទៃប្រទេសទាំងមូល ព្រោះស្ទឹងនោះនឹងហូរបន្តទៅទម្លាក់ខ្លួនលាយឡំនឹងទឹកទន្លេសាប ដែលនឹងលាយបន្តទៅទៀតជាមួយនឹងទឹកទន្លេមេង្គដែលហូរឆ្លងកាត់ តំបន់ដ៏ធំនៃប្រទេសខ្មែរ ហាក់បីដូចជា ទន្លេគង្គាដែលហូរប្រកក់ប្រសិទ្ធីមួយផ្នែកធំនៃប្រទេសឥណ្ឌា ដែរ ។ គប្បីកត់សម្គាល់ជាចុងក្រោយបង្អស់ថា ភ្នំគូលែនមិនត្រឹមតែជាសាសនឧទ្យានដ៏សម្បើមដែលមានបារមី សក្តិសិទ្ធិប៉ុណ្ណោះទេ គឺថែមទាំងបានធ្វើវិភាគទានផ្ទាល់ក្នុងការកសាងមហានគរទៀត ដោយបានផ្ដល់នូវថ្មដ៏វិចិត្រដែលខ្លួនមានក្នុងកិច្ចកសាង នេះ ៕
អត្ថបទពេញនិយម ៖ ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ