Wednesday , November 20 2024

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ ៖ អំពី​ប្រាសាទ​បុរាណ​នៅ​ស្រុក​ខ្មែរ

លោក​ហ្សក​សឺដេស៍ ចាងហ្វាង​សាលា​បារាំង​នៅ​ចុង​បូព៌ា​ប្រទេស

អធិប្បាយ​កាល​ពី​ថ្ងៃ​ចន្ទ ៦ មីនា ១៩៣៣ នៅ​សារមន្ទីរ​ល្វីហ្វីណូត៍ ក្រុង​ហាណូយ
ក្រម្ការ ជុំ ម៉ៅ ប្រែ​ចេញ​មក​ជា​ភាសា​ខ្មែរ

ការ​រចនា​ខ្មែរ​ដែល​ខ្ញុំ​ប្រារព្ធ​និង​អធិប្បាយ​ជូន​អស់​លោក​ជូន​អស់​លោក​ ក្នុង​វេលា​ល្ងាច​នេះ មិន​ចាំ​បាច់​ឲ្យ​មាន​សេចក្ដី​សារ​សព្វ​រៀប​រាប់​ជា​លំនាំ​វែង​ឡើយ ព្រោះ​យើង​បាន​ស្គាល់​ស្រុក​ខ្មែរ​គ្រប់​គ្នា​ ឬ​ស្ទើ​តែ​គ្រប់​គ្នា ព្រឹក្សាលតា​វល្លិ និង​ម្រឹគ​បក្សី​របស់​ស្រុក​នេះ​ក៏​មិន​ចន្លោះ​នឹង​ភ្នែក​យើង ។ ក្នុង​វេលា​នេះ​ខ្ញុំ​ផ្គង​នឹង​រាយ​រៀង​ប្រាសាទ​បុរាណ​ស្រុក​ខ្មែរ​ក្នុង​​របារ​ភូមិសាស្ដ្រ របារ​ពង្សាវតារ ​និង​ក្នុង​របារ​ក្សត្រ ព្រម​ទាំង​ក្នុង​របារ​សាសនា ​និង​គ្រួសារ ។ ខ្ញុំ​មាន​បំណង​នឹង​ល្បង​គាស់​កកាយ​ប្រាសាទ​បុរាណ​ទាំង​នេះ​ឲ្យ​លេច​ច្បាស់​ឡើង​អំពី​សេចក្ដី​កំបាំង ដែល​នាំ​ឲ្យ​កើត​ជា​សៀវភៅ​ដោយ​ច្រើន​អំពី​រឿង​នេះ ហើយ​ដែល​ច្រើន​តែ​ជា​យ៉ាង​មធ្យម​ដើម្បី​នឹង​ឲ្យ​អស់​លោក​បាន​យល់​អំពី​ដែល​ប្រាសាទ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច​ចំពោះ​លើ​ជាតិ​ដែល​បាន​កសាង​ទាំង​នេះ មាន​ន័យ​ដូច​ម្ដេច​ចំពោះ​លើ​ជាតិ​ដែល​បាន​កសាង​ឡើង ។

របារ​ភូមិសាស្ដ្រ​នឹង​វាស​បាន​យ៉ាង​ឆាប់​ផែនទី​ដែល​មាន​ប្រាសាទ​ខ្មែរ​នោះ ចាប់​តាំង​ពី​ឈូង​សមុទ្រ​សៀម​ទៅ​វៀងចន្ទន៍ និង​ពី​ក្រុង​ព្រៃនគរ​ទៅ​វាល​ច្រក​ភ្នំ​មេណាម គឺ​ត្រូវ​គ្នា​នឹង​ស្រុក​ខ្មែរ​ទាំង​មូល​សព្វ​ថ្ងៃ ថែម​មួយ​ភាគ​យ៉ាង​ធំ​របស់​ស្រុក​កូសាំងស៊ីន ជាយ​ខាង​ជើង​របស់​ស្រុក​លាវ​ និង​ស្រុក​សៀម​ទាំង​មូល​ប៉ែក​ខាង​កើត បើ​រិះ​គិត​ពិចារណា​អំពី​ប្រាសាទ​ផ្សេងៗ ដែល​នៅ​ដាច់​ឆ្ងាយ​ក្នុង​ទី​ដទៃៗ ដែល​ជា​ដំណែល​ការ​កាន់​កាប់​របស់​ខ្មែរ​ក្នុង​សម័យ​ដែល​កំពុង​ផ្សាយ​ឫទ្ធានុភាព​ដ៏​ធំ​ទូលាយ​នោះ ​ឃើញ​ថា​ ខែត្រ​ដែន​របស់​ការ​រចនា​ខ្មែរ​កំណត់​មួយ​ចំណែក​ត្រឹម​តំបន់​វាល​ទំនាប​ទន្លេ​មេគង្គ​ និង​តំបន់​ក្បែរៗ​ទន្លេសាប​ ហើយ​មួយ​ចំណែក​ទៀត​នៅ​តំបន់​ភ្នំ​កូរ៉ាត់ ។ យើង​ឃើញ​ក្នុង​មួយ​រំពេច​ថា​ ការ​ប្រជុំ​រួបរួម​នូវ​តំបន់​ទាំង​ពីរ ដែល​ប្លែក​គ្នា​គ្រប់​ស្ថាន មក​ជា​តំបន់​រដ្ឋ​ប្រសាសនា​បាយ​តែ​មួយ​នោះ​តែង​តែ​មិន​នឹង​មិន​ថាវរ​ឋិតឋេរ​ជា​ដរាប ហើយ​ពង្សាវតារ​ទាំង​មូល​របស់​ស្រុក​ខ្មែរ​ឃើញ​តែ​កើត​បតិបក្ស​គ្នា ក្នុង​ពួក​ដែល​នៅ​តំបន់​ដ៏​ខ្ពស់​ខាង​ជើង​ភ្នំ​ដងរែក​ និង​ពួក​ដែល​នៅ​តំបន់​ដី​ទាប​ខាង​ត្បូង ។

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ

ត្រង់​នេះ​មាន​ប្រស្នា​មួយ​យ៉ាង​កើត​ឡើង​ដែល​គេ​ចោទ​សួរ​ខ្ញុំ​ជា​ញយៗ គឺ​ថា​តើ​នរណា​ជា​ខ្មែរ​ដែល​ជា​អ្នក​កសាង​ប្រាសាទ​ទាំង​ឡាយ​នោះ ? តើ​ខ្មែរ​ទាំង​នោះ​ជា​មួយ​នឹង​ខ្មែរ​សព្វ​ថ្ងៃ​ដែល​ទុក​ដាក់​ប្រាសាទ​ទាំង​ឡាយ​ដែល​ជា​ទី​អស្ចារ្យ​នោះ​ថា ព្រះ​ឥន្ទ្រាធិរាជ​ និង​ព្រះ​វិស្សកម្ម​ជា​បុត្រ​ព្រះឥន្ទ្រ​បាន​កសាង​នោះ​ឬ​អ្វី ? សេចក្ដី​តប​នឹង​ប្រស្នា​នេះ​ឃើញ​ងាយ​លើ​គោក​ណាស់ ព្រោះ​ប្រាសាទ​បុរាណ​ដែល​ចាស់​បំផុត​ជាង​គេ មាន​ចារឹក​អក្សរ​មួយ​ភាគ​ជា​ភាសា​សំស្រ្កឹត​ដែល​ជា​ភាសា​ប្រាជ្ញ​របស់​ជាតិ​ហិណ្ឌូ​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក​ខ្មែរ មួយ​ភាគ​ទៀត​ជា​ភាសា​សម្រាប់​ស្រុក ដែល​មិន​មែន​អ្វី​ក្រៅ​ពី​ភាសា​ខ្មែរ គេ​អាច​នឹង​ថា​បាន​ហើយ​ប្រហែល​ពិត ថា​ក្នុង​ព្រះ​បរមរាជវាំង​នោះ​អ្នក​រាជការ​ច្រើន តែ​មាន​ឈាម​ហិណ្ឌូ​ចូល​យ៉ាង​ច្រើន​ភាគ ហើយ​ប្រជា​រាស្រ្ត​ធម្មតា មិន​មែន​ប្លែក​អ្វី​ណាស់​ណា​អំពី​ខ្មែរ​សព្វ​ថ្ងៃ​នេះ​ទេ សេចក្ដី​នេះ​គេ​អាច​នឹង​បញ្ជាក់​បាន​ថា​ បុព្វបុរស​របស់​ខ្មែរ​សព្វ​ថ្ងៃ​នេះ​ហើយ ដែល​បាន​កសាង​ប្រាសាទ​ទាំង​ប៉ុន្មាន​នោះ​ ហើយ​ដែល​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ​ ទុក​ដាក់​ថា​ជា​ទេវតា​និមិត្ត​​ឡើង ។

ចំណែក​ខាង​ពូជ​វិញ​នោះ​ដែល​បាន​ដឹង​ច្បាស់ គឺ​ថា​ជាតិ​ខ្មែរ​មាន​ភាសា​ព្រលាំ​គ្នា​នឹង​ជាតិ​មន និង​ជាតិ​ផ្សេងៗ​ឯ​ទៀត​ដែល​នៅ​ក្នុង​ជួរ​ភ្នំ​យួន​ និង​ជួរ​ភ្នំ​ភូមា ។ តែ​តាំង​ពី​សម័យ​ណា​ដែល​ជាតិ​ខ្មែរ​ចូល​មក​កាន់​កាប់​ស្រុក​នេះ ដែល​កាល​​ពី​ដើម​ជា​ស្រុក​ដែល​ជាតិ​ណែគ្រ និង​ជាតិ​ចាម​ជ្វា កាន់​កាប់​ដូច​មាន​សំអាង​ខ្លះ​នៅ​ជា​បន្ទាល់​ដល់​សព្វ​ថ្ងៃ​នេះ ? ក្នុង​ស្ថាន​នេះ​ខ្ញុំ​ក៏​អាច​នឹង​ថា​ឲ្យ​ត្រូវ​ចំ ប៉ុន្តែ​ប្រ​ហែល​ប្រាកដ​ជា​ជាតិ​ខ្មែរ​នេះ​ហើយ​ដែល​សេចក្ដី​ស៊ីវីឡៃ​ស្រុក​ឥណ្ឌា​ផ្សាយ​មក​លើ កាល​ពី​ក្នុង​រវាង​ដើម​គ្រិស្ដសករាជ ដូច​ដែល​ខ្ញុំ​បាន​ប្រារព្ធ​ក្នុង​សេចក្ដី​អធិប្បាយ​ទី​មួយ​របស់​ខ្ញុំ​ស្រាប់ ។

ពង្សាវតារ​ជាតិ​ខ្មែរ​បង្រួម​ទៅ​ជា​ពង្សាវតា​សេ្ដច​ស្រុក​ខ្មែរ​ទៅ​វិញ គឺ​ច្រើន​តែ​មាន​ទំនង​ដូច្នោះ​ក្នុង​ពួក​ស្រុក​ប្រទេស​ណា​ដែល​ប្រកាន់​នូវ «រាជា» ថា​ទី​បំផុត​របស់​នគរ ទំនង​នេះ​មាន​ក្នុង​ស្រុក​ខ្មែរ ព្រោះ​ដើម​ឫស​របស់​ពង្សាវតារ​ប្រមូល​ផ្សំ​ឡើង​ឃើញ​ស្ទើ​សុទ្ធ​តែ​ជា​ចំណង​ជើង​សារបាន​ទាំង​អស់ ព្រោះ​ថា​សិលាចារឹក​ច្រើន​និយាយ​តែ​ពី​ការ​កសាង​ខាង​ផ្លូវ​សាសនា នឹង​ពី​ស្ដេច​ព្រម​ទាំង​នាហ្មឺន​ដែល​ធំៗ ខ្លះ​ជា​ដើម មាន​សម័យ​ដំបូង​ដែល​យើង​បាន​ដឹង​ដោយ​សារ​តែ​ពួក​ចិន ដែល​ជា​អ្នក​កត់​ត្រា​ពង្សាវតារ សម័យ​នេះ​រាប់​តាំង​ពី​គ្រិស្ដសករាជ ១០០ ទៅ​ទល់​នឹង ៦០០​ឆ្នាំ សម័យ​ប្រទេស​កម្ពុជា​ក្រោម​ជា​ទីក្រុង​ខ្មែរ​ដែល​ទទួល​អរិយធម៌​អំពី​ហិណ្ឌូ សាសន៍​ហិណ្ឌូ​ហាក់​ដូច​ជា​ផ្សាយ​អាណា​ខែត្រ​យ៉ាង​ធំ​ទូលាយ​ទៅ​លើ​ជ្រោយ​ដែល​ពាក្យ​ចិន​ហៅ​ថា​ «ហ្វូណន» ។ ហ្វូណន ជា​សំនៀង​ចិន​ស្រុក​ប៉េកាំង​សម័យ​ថ្មី​ កើត​ឡើង​ដោយ​អក្សរ​ពីរ​តួ ដែល​កាល​ជាន់​ដើម​គេ​មើល​ថា ភិយុ-ណាំ អក្សរ​នេះ​ច្បាស់​ជា​ផ្ទេរ​ពី​អក្សរ​ខ្មែរ​ថា «ភ្នំ» មក ។

ស្ដេច​ក្នុង​ស្រុក​នោះ​មាន​គោរមងារ​ម្យ៉ាង​ហៅ​ថា «ស្ដេច​ភ្នំ​» គោរមងារ​នេះ​ហើយ​ដែល​ពួក​ចិន​យក​មក​ឲ្យ​ឈ្មោះ​ស្រុក ។ ទីក្រុង​របស់​ស្រុក​នេះ​ទំនង​ជា​នៅ​ជិត​ភ្នំ​ក្នុង​ខែត្រ​បាភ្នំ ដែល​មិន​ឆ្ងាយ​ពី​ភូមិ​បាណាម បាភ្នំ​ និង​បាណាម​នេះ​ជា​ពាក្យ​ពីរ​មាត់​ដែល​ជាប់​ទង​ពី​ឈ្មោះ​ពី​ដើម​មក​ដល់​ឥឡូវ ។

នៅ​ខាង​ជើង​ហ្វូណន ត្រង់​កន្លែង​មធ្យម​នៃ​ទន្លេ​មេគង្គ​ជា​ចន្លោះ​ខោន​ និង​ថា​ខែត្រ​ក្នុង​តំបន់​ដី​ខ្ពស់ នោះ​មាន​ស្រុក​ប្រទេស​រាជ​មួយ​ជា​ពួក​កម្ពុជា នៅ​ទី​នោះ​ហើយ​ដែល​កាល​ក្នុង​កណ្ដាល​គ្រិស្ដ ៦០០​ឆ្នាំ មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ជា​រាជវង្ស​ពី​ស្រុក​ហ្វូណន​សោយរាជ្យ​នៅ​នគរ​នោះគឺ ​ភវវរ្ម័ន​ទី​១ ដោយ​ហេតុ​ភាន់​ប្រែ​អ្វី​ដែល​យើង​មិន​បាន​ដឹង​ជាក់​នោះ ស្ដេច​ក៏​តាំង​ព្រះអង្គ​ជា​ឯករាជ្យ​ឡើង ហើយ​ដោយ​បាន​ព្រះអង្គ​ម្ចាស់​ចិត្រសេន​ ជា​ព្រះ​អនុជ​ជួយ​ផង ក៏​តាំង​លើក​កង​ទ័ព​ទៅ​វាយ​នគរ​ដែល​ស្ដេច​ធ្លាប់​ឡើង យក​បាន​ខែត្រ​ទាំង​ប៉ុន្មាន​ក្នុង​តំបន់​ខាង​ជើង​ ហើយ​នគរ​នេះ​ក៏​ផ្លាស់​ទីក្រុង​ទៅ​តាំង​នៅ​តំបន់​ខាង​ត្បូង​វិញ គឺ​ការ​កើត​ភាន់​ប្រែ​ដោយ​ខ្មាំង​សត្រូវ​លុកលុយ​ជា​ដំបូង​ដែល​ខ្ញុំ​បាន​ពោល​រួច​ហើយ ។ ក្នុង​គ្រិស្តសករាជ ៧០០​ឆ្នាំ ស្ដេច​ដែល​កាន់​កាប់​ជា​តំណ​អំពី​ស្ដេច​បង​ប្អូន​ទាំង​ពីរ​អង្គ​ក៏​តាំង​សម្រេច​កិច្ច​ភ្ជាប់​ប្រទេស​កម្ពុជា​ក្រោម​មក​ក្នុង​អាណា​ខែត្រ​បាន ប្រទេស​កម្ពុជា​ក្រោម​ដែល​កាល​ពី​ដើម​ជា​ទី​កន្លែង​ដ៏​មាន​ឫទ្ធានុភាព​របស់​ហ្វូណន បាន​មក​ជា​ដែន​របស់​ពួក​កម្ពុជា​វិញ មាន​ស្ដេច​មួយ​អង្គ​ទ្រង់​ព្រះ​នាម ឥសានវរ្ម័ន​ទី​១ បាន​សាង​ទីក្រុង​មួយ​ដែល​គេ​ស្គាល់​បាន​សព្វ​ថ្ងៃ​ថា​ សម្បូរ​ព្រៃគុក ហើយ​ស្ដេច​មួយ​អង្គ​ទៀត​ ទ្រង់​ព្រះ​នាម ​ជយវរ្ម័ន​ទី​១ ទំនង​ជា​បាន​តាំង​ទីក្រុង​នៅ​អង្គរបូរី​សម័យ​ទាំង​មូល​នេះ (តាំង​ពី​ដែល​រលាយ​ស្រុក​ហ្វូណន​ពី​គ្រិស្ត ៥៥០ ទៅ​ទល់​នឹង ៨០០) រាប់​បញ្ចូល​ជា​សម័យ​ដើម​ដំបូង​ ឬ​សម័យ​មុន​អង្គរ ក្នុង​ពង្សាវតារ​ស្រុក​ខ្មែរ ។

ក្នុង​គ្រិស្ត ៨០០​ឆ្នាំ​មាន​កើត​ហេតុ​ភាន់​ប្រែ ដែល​យើង​មិន​បាន​ដឹង​ដោយ​ជាក់​លាក់ គឺ​មាន​ចែក​ស្រុក​ជា ២​ចំណែក​ជា​កម្ពុជា​គោក​ខាង​ជើង នឹង​កម្ពុជា​ទឹក​ខាង​ត្បូង ប្រហែល​ជា​បណ្ដាល​មក​ពី​ពួក​ជ្វា ព្រោះ​ទំនង​ជា​ជ្វា​ផ្សាយ​អាណា​ខែត្រ​មក​លើ​តំបន់​ស្រុក​ខ្មែរ​មួយ​ចំណែក ។

ក្នុង​រវាង​ចុង​គ្រិស្តសករាជ​ដែល​មាន​រឿង​មិន​ច្បាស់​ប្រាកដ​នេះ មាន​ព្រះអង្គម្ចាស់​មួយ​អង្គ​ដែល​ជាប់​ក្នុង​រាជវង្ស​ចាស់​ដោយ​ចំណង​យ៉ាង​ឆ្ងាយ​ណាស់​មក​ហើយ ត្រឡប់​មក​ពី​ស្រុក​ជ្វា​វិញ (ដែល​ទៅ​នៅ​ស្រុក​ជ្វា​នោះ​ដោយ​ត្រូវ​និទេស ឬ​ក៏​ត្រូវ​ជ្វា​ចាប់​ទៅ​ជា​ឈ្លើយ) ហើយក៏​មក​តាំង​ឯករាជ្យ​ក្នុង​ស្រុក​ខ្មែរ មិន​ព្រម​ចុះ​ចូល​ស្រុក​ជ្វា​ទៀត ដោយ​តាំង​ព្រះ​ថ្មី​មួយ​ឡើង​សម្រាប់​គោរព​គឺ​ ព្រះ​ទេវរាជ រឿង​នេះ​ខ្ញុំ​នឹង​សា​មក​និយាយ​វិញ​ក្នុង​គ្រា​ឥឡូវ​នេះ ស្ដេច​នេះ​បាន​បោះ​បង់​តំបន់​ទំនាប​ទន្លេ​មេគង្គ ហើយ​ក៏​ដើរ​រើស​រក​កន្លែង​ដែល​ស្រួល​នៅ​ខាង​ជើង​ទន្លេសាប ដើម្បី​តាំង​ទីក្រុង​ហើយ​ក៏​បាន​តាំង​ទីក្រុង​តៗ​មក​នៅ​តំបន់​កុដិ (ខាង​កើត​អង្គរ ខាង​កើត​តាព្រហ្ម ខាង​ជើង​បន្ទាយក្ដី) នៅ​ហរិហរល័យ (លលៃ) នៅ​អមរេន្ទ្របុរៈ (ប្រហែលជា​បន្ទាយឆ្មារ) ហើយ​ក្រោយ​មក​ក្នុង​ឆ្នាំ​៨០២ តាំង​នៅ​លើ​ភ្នំ​មហេន្រ្ទ គឺ​នៅ​កំពូល​ភ្នំ​គូលែន ។

មហាក្សត្រ​នេះ​ទ្រង់​ព្រះនាម​ថា​ ជយវរ្ម័ន (នាម​ទី​១១) ទ្រង់​យាង​ត្រឡប់​ទៅ​ទិវង្គត ឯ​ស្រុក​ហរិហរល័យ​វិញ នៅ​វេលា​ក្រោយ​ដែល​បាន​សោយរាជ្យ​កំណត់ ៥០​ឆ្នាំ ដែល​ជា​រាជ្យ​ពេញ​ទៅ​ដោយ​ចំបាំង​រាំង​ជល់ ហើយ​ដែល​ទ្រង់​បាន​ធ្វើ​ស្រុក​ឲ្យ​សុខ​សាន្តត្រាណ ​ព្រម​ទាំង​រួបរួម​ព្រះ​នគរ​ឲ្យ​បាន​ជា​តែ​មួយ​ឡើង​នឹង​ព្រម​ទាំង​តាំង​កំណត់​រាជនិវេសន៍​​ខ្មែរ​តែ​ក្នុង​តំបន់​អង្គរ ។

ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ នឹង​ព្រះរាជតោ​ទ្រង់​ព្រះ​នាម​ឥន្ទ្រវរ្ម័ន បាន​តាំង​រាជ​និវេសន៍​នៅ​ហរិហរល័យ ។ លុះ​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទ្រង់​ទិវង្គត​ពី​ឆ្នាំ​៨៨៩ ទៅ ព្រះ​រាជ​បុត្រា​ទ្រង់​ព្រះ​នាម យសោវរ្ម័ន​ទី​១​ទ្រង់​ផ្លាស់​ទីក្រុង​លើក​ទៅ​ដាក់​ខាង​ទិស​និរតី ចម្ងាយ​ពី​ក្រុង​ចាស់ ២-៣​គីឡូម៉ែត្រ ទីក្រុង​ថ្មី​ដែល​យើង​នឹង​បញ្ជាក់​ទីស្ថាន​ក្នុង​វេលា​ឥឡូវ​នេះ ទ្រង់​បាន​តាំង​នាម​ថា យសោធរបុរៈ ទ្រង់​បាន​ចាត់​ការ​ជីក​ស្រះ​យ៉ាង​ធំ​នៅ​ជិត​ក្រុង​នោះ ស្រះ​នោះ​យើង​ស្គាល់​ឈ្មោះ​សព្វ​ថ្ងៃ​នេះ​ថា​ បារាយ​ខាង​កើត នៅ​មុំ​ទាំង​៤ នៃ​ស្រះ​នោះ​មាន​សិលាចារឹក​ពោល​អួត​អំពី​ការ​ដ៏​ប្រសើរ​នេះ ។

រជ្ជកាល​ដែល​តពី​នេះ​ទៅ​មិន​ត្រូវ​និយាយ​ឲ្យ​យូរ​ទេ ដែល​ថា​ដូច្នេះ​គឺ​មិន​មែន​ព្រោះ​ដឹង​រឿង​មិន​ជាក់​ឡើយ ប៉ុន្តែ​ក្នុង​វេលា​ល្ងាច​នេះ​ ខ្ញុំ​មិន​មែន​ត្រូវ​អធិប្បាយ​អំពី​ពង្សាវតារ ខ្ញុំ​គ្រាន់​តែ​រៀបរៀង​របារ​នៃ​ប្រាសាទ​បុរាណ​ផ្សេងៗ អស់​លោក​ត្រូវ​គ្រាន់​តែ​ជ្រាប​ថា​ក្នុង​គ្រិស្តសករាជ ៩២១ ព្រះបាទ​ជយវរ្ម័ន​ទី​៤ បោះបង់​ចោល​ក្រុង​អង្គរ​ ហើយ​ទៅ​តាំង​កសាង​ទីក្រុង​នៅ​កោះកេរ្តិ៍​សាង​ប្រាសាទ​យ៉ាង​ធំៗ សេចក្ដី​ព្យាយាម​នេះ​ឃើញ​ឥត​អំពើ​ព្រោះ​ក្នុង ២៣​ឆ្នាំ​ត​ពី​នោះ​គឺ​ក្នុង​ឆ្នាំ​៩៤៤ ស្ដេច​ដែល​ទទួល​រាជ្យសម្បត្តិ​មក​ត្រឡប់​មក​តាំង​ទីក្រុង​នៅ​អង្គរ​វិញ ជា​កន្លែង​ដែល​ព្រះ​រាជា​គ្រប់​ព្រះអង្គ​មិន​ត្រូវ​បោះ​បង់​ចោល ។

ក្នុង​រវាង​ឆ្នាំ ១១០០ នោះ​រាជ្យសម្បត្តិ​ធ្លាក់​បាន​ដល់​រាជវង្ស​ជាតិ​ដទៃ គឺ​ជាតិ​ចាម​ដោយ​ពិត ក្នុង​គ្រិស្តសករាជ​ប្រមាណ​១០៨០ មាន​មនុស្ស​ម្នាក់​មិន​ដឹង​ជា​លេច​មក​ពី​ណា ប្រហែល​ជា​ជាប់​លោហិត​អំពី​ក្សត្រ​ក្នុង​ឆ្នាំ​១០០០ មាន​ព្រាហ្មណ៍​ម្នាក់​ដែល​មាន​ចិត្ត​លោភ​លន់​ជា​អ្នក​ឧបត្ថម្ភ មក​តាំង​នគរ​មួយ​នៅ​ខាង​ជើង​ភ្នំ​ដងរែក ហើយ​លុះ​ដល់​ស្ដេច​ថ្មី​មក​តាំង​នៅ​អង្គរ​ស្រុក​ខ្មែរ​ក៏​តាំង​បែក​ជា​ថ្មី​ម្ដង​ទៀត ។

ក្នុង​រវាង​ពី​ឆ្នាំ ១១១៣ ទៅ ១១៥០ រាជ្យសម្បត្តិ​ធ្លាក់​បាន​មក​លើ​មហាក្សត្រ​មួយ​ព្រះអង្គ​ដែល​ធំ​បំផុត​ក្នុង​ស្រុក​ខ្មែរ គឺ​ព្រះបាទ​សុរ្យវរ្ម័ន​ទី​២ ដែល​អស់​លោក​អាច​នឹង​ពិនិត្យ​រូបភាព​នៅ​ប្រាសាទ​​នគរវត្ត​លើ​ក្បាច់​ជញ្ញាំង​ខាង​ត្បូង ដែល​មាន​រចនា​ដល់​ទៅ​ពីរ​កន្លែង​មួយ​កន្លែង​ទ្រង់​គង់​នៅ​ក្នុង​ព្រះ​បរមរាជ​វាំង​មួយ​កន្លែង​ទៀត​ទ្រង់​ឈរ​លើ​រាជគជេន្ទ្រ ។ វេលា​ក្រោយ​ដែល​ទ្រង់​សោយ​រាជ្យសម្បត្តិ​បាន ៤០​ឆ្នាំ ដែល​ជា​រជ្ជកាល​ប្រកប​ដោយ​ចំបាំង​រាំង​ជល់​គឺ​ទ្រង់​វាយ​បាន​ស្រុក​ចម្ប៉ា​មួយ​ចំណែក​ភ្ជាប់​មក​ស្រុក​ខ្មែរ លុះ​ក្រោយ​មក​ស្រុក​ខ្មែរ​ក៏​កើត​ចលាចល​បាន​ឱកាស​ដល់​ចាម​សង​សឹក​វិញ គឺ​ក្នុង​ឆ្នាំ​១១៧៧ ពួក​ចាម​ចូល​មក​លុក​ក្រុង​អង្គរ ដុត​ប្រាសាទ​ ផ្ទះ​សម្បែង​ និង​កាប់​សម្លាប់​អ្នក​ស្រុក​ជា​ច្រើន ។ លុះត្រា​ក្រោយ​មក​ ក៏​មហាក្សត្រ​ខ្មែរ​មួយ​ព្រះអង្គ​ទ្រង់​ព្រះ​នាម​ជយវរ្ម័ន​ទី​៧ ទ្រង់​ដេញ​បាន​អស់​ទី​វិញ ទើប​ទ្រង់​ឡើង​សោយ​រាជ្យសម្បត្តិ​នៅ​ឆ្នាំ​១១៨១ ហើយ​តាំង​កសាង​ក្រុង​ជា​ថ្មី ។

ត​ពី​រជ្ជ​កាល​ព្រះអង្គ​ទៅ ក្សត្រ​ទាំង​ប៉ុន្មាន​ដែល​សោយរាជ្យ​ជា​លំដាប់​មក​ក៏​តាំង​ប៉ះ​ប្រទះ​គ្នា​នឹង​ជាតិ​សៀម ដែល​ទើប​នឹង​មក​ពី​តំបន់​ជុំវិញ​ទន្លេ​មេណាម​មក​តាំង​នៅ នេះ​ហើយ​ជា​ពេល​ដែល​ផ្ដើម​នឹង​ផុត​សម័យ​អង្គរ ប៉ុន្តែ​សម័យ​នេះ​នៅ​ប៉ផ្តិត​ប៉ផ្ដក់​វែង​ឆ្ងាយ​ក្រែល​មក​ដែរ ព្រោះ​ថា​ដល់​មក​ឆ្នាំ​១៥០០ ទើប​បោះ​បង់​អង្គរ​វិល​មក​តាំង​ទីក្រុង​នៅ​ភ្នំពេញ ដែល​មិន​ឆ្ងាយ​អំពី​ក្រុង​ចាស់ៗ​របស់​ហ្វូណន ​និង​ខ្មែរ​ជាន់​ដើម ។

សម័យ​ហ្វូណន សម័យ​ដំបូង សម័យ​អង្គរ ឥឡូវ​យើង​ត្រូវ​ពិនិត្យ​មើល​តើ​ប្រាសាទ​បុរាណ​ខ្មែរ​ត្រូវ​ចែក​ចេញ​ដូច​ម្ដេច​ខ្លះ​តាម​សម័យ​ទាំង​នេះ ។

ក្នុង​សម័យ​ហ្វូណន ដំណែល​ប្រាសាទ​ទាំង​ប៉ុន្មាន​ដែល​បាន​រក​ឃើញ មាន​ចារឹក​២ ជា​ភាសា​សំស្រ្កឹត ​មួយ​ជា​ចារឹក​រំលឹក​ដល់​ព្រះ​វិស្ណុ រក​ឃើញ​នៅ​ថាប់​មួយ​ក្នុង​តំបន់​វាលភក់ (កូសាំងស៊ីន) មួយ​ទៀត​រំលឹក​ដល់​ព្រះពុទ្ធ រក​ឃើញ​នៅ​បាទី​ ចារឹក​ទាំង​ពីរ​នេះ​កើត​ឡើង​ក្នុង​រវាង​គ្រិស្តសករាជ​៥០០ និង​ដើម​គ្រិស្តសករាជ ៦០០​ឆ្នាំ មាន​ប្រាសាទ​សម័យ​មុន​អង្គរ​ជា​ច្រើន​តាំង​នៅ​ក្នុង​ស្រុក​ខ្មែរ​កណ្ដាល និង​ខាងជើង ក្នុង​តំបន់​ដែល​កាល​ពី​ដើម​ជា​ទីក្រុង​របស់​ហ្វូណន ប៉ុន្តែ​មិន​មាន​ប្រាសាទ​ណា​មួយ​ដែល​ល្មម​នឹង​ទុក​ដាក់​ដោយ​ពិត​ប្រាកដ​បាន​ថា ​ជា​ប្រាសាទ​ដែល​សាង​ក្នុង​សម័យ​ហ្វូណន​ឡើយ ។ ចំណែក​ខាង​ក្បាច់​ចម្លាក់​វិញ​ក៏​ដូច​គ្នា​ដែរ ប៉ុន្តែ​បើ​ទោះ​ណា​គ្មាន​សំអាង​ដោយ​ពិត​ប្រាកដ​អំពី​ដំណែល​នេះ​ក្ដី យើង​ក៏​អាច​នឹង​ពិចារណា​ឲ្យ​យល់​ទៅ​បាន​អំពី​បែប​កសាង​ និង​ក្បាច់​រចនា​របស់​ស្រុក​នេះ​កាល​គ្រា​នោះ​បាន ។

ចំណែក​ខាង​ក្បាច់​ចម្លាក់​នោះ ព្រះពុទ្ធ​រូប​ទាំង​ឡាយ​នៅ​អង្គរបូរី​ និង​រូប​ព្រះវិស្ណុ និង​ព្រះហរិហរ​ទាំង​ឡាយ ដែល​មាន​ដេរដាស​តាំង​ពី​ស្រុក​កូសាំងស៊ីន​ដរាប​ដល់​តំបន់​ខាង​ជើង​ជ្រោយ​ម៉ាឡាយូ អាច​នឹង​ឲ្យ​គំនិត​ដល់​យើង​ឲ្យ​ដឹង​បាន​ថា​បែប​ចម្លាក់​របស់​ហ្វូណន​នោះ​យ៉ាង​ដូច​ម្ដេច​ខ្លះ ។

រចនា​ខ្មែរ​ជាន់​ដើម​ ឬ​មុន​អង្គរ​នោះ ចូល​មក​ក្នុង​វង់​នៃ​ការ​ពិនិត្យ​របស់​លោក​ បារម៉ង់ចេរ ។ ដំណែល​រចនា​មាន​យ៉ាង​សម្បូរ​ក្នុង​តំបន់​ស្រុក​ខ្មែរ​ខាង​ត្បូង និង​ក្នុង​តំបន់​ជ្រុង​ដី​ដែល​ជា​ចន្លោះ​ទន្លេ​មេគង្គ​ និង​ទន្លេសាប ។ កន្លែង​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​សម្បូរព្រៃគុក​ ជា​ខាង​ជើង​កំពង់ធំ ។ អំពី​បែប​ភាព​ការ​កសាង​នោះ គឺ​ធ្វើ​ដោយ​ឥត​មាន​កំពូល​ខ្ពស់​ស្រួច​បែប​ហាត់ដោ​បួន​ជ្រុង​ មាន​ទ្វារ​បញ្ឆោត មាន​ថ្នាក់​ទាប​ចុះ តាំង​ធ្វើ​ជា​ថ្នាក់​ខាង​ក្រោម​ក្បាច់​ចម្លាក់​នេះ​បាន​បង្កើត​ការ​ជា​គំរូ​ដើម​យ៉ាង​សំខាន់ ។

ប្រាសាទ​ និង​រូប​ភាព​ក្នុង​ការ​រចនា​ជាន់​ដើម ងាយ​នឹង​សម្គាល់​ឲ្យ​ឃើញ​ខុស​គ្នា​អំពី​ប្រាសាទ​ និង​រូបភាព​ក្នុង​ការ​រចនា​ជាន់​អង្គរ​ណាស់ បើ​ដូច្នេះ​ឃើញ​ថា​រឿង​រ៉ាវ​របស់​ប្រាសាទ​បុរាណ​ឥត​មាន​លំបាក​នឹង​រៀបរៀង​ឡើយ ។

គឺ​ជា​ក្នុង​សម័យ​ទី​៣ ក្នុង​រវាង​ដើម​ឆ្នាំ​៩០០ និង​ចុង​ឆ្នាំ​១២០០ ដែល​មាន​កើត​ប្រាសាទ​ផ្សេងៗ ក្នុង​ប្រជុំ​អង្គរ​ និង​ប្រាសាទ​ផ្សេងៗ នៅ​កោះកេរ្តិ៍ ព្រះខ័ន បេងមាលា បន្ទាយឆ្មារ ព្រះវិហារ ភ្នំជីសូរ ឈ្មោះ​ទាំង​នេះ​គឺ​រាប់​តែ​ប្រាសាទ​ដែល​សំខាន់ៗ និង​ដែល​ស្គាល់​ច្បាស់​ជាង​គេ ។

ការ​ដែល​រៀបរៀង​ប្រាសាទ​ទាំង​នេះ​ឲ្យ​មាន​លក្សណ៍​មាន​ខណ្ឌ​តាម​ពេល​សម័យ​ នោះ​ឃើញ​មិន​ងាយ​ឡើយ ។ ប្រសិន​បើ​លើក​យក​ប្រាសាទ​ក្នុង​ពួក​បាគង លលៃ​ដែល​មាន​ចារឹក​ឆ្នាំ​៨៧៩ ៨៩៣ នៅ​ទ្វារ និង​ប្រាសាទ​នៅ​តំបន់​កោះកេរ្តិ៍​ដែល​ជា​រាជនិវេសន៍​កំណត់​ត្រឹម ២៣​ឆ្នាំ គឺ​ពី​ឆ្នាំ​៩២១ ដល់ ៩៤៤ ព្រម​ទាំង​ប្រាសាទ​អង្គរ​នគរវត្ត ដែល​កសាង​ឡើង​ក្នុង​រវាង​ពាក់​កណ្ដាល​ខាង​ដើម​ឆ្នាំ​១២០០ ចេញ​នោះ ចារឹក​ធំៗ​ក្នុង​សម័យ​អង្គរ​ក្នុង ១០​ឆ្នាំ​ខាង​ក្រោយ​នេះ ឃើញ​ចេះ​តែ​ប្រែប្រួល​ទៅ​ផ្សេងៗ មិន​មាន​ទៀង​សោះ​ឡើយ ។

តាំង​ពី​នោះ​មក​ មាន​កើត​សៀវភៅ​ និង​សេចក្ដី​អធិប្បាយ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​សាធារណជន​វិល​វល់ ហើយ​មិន​ទុក​ចិត្ត​ដល់​ភស្តុតាង​នៃ​ការ​ស្រាវជ្រាវ​រិះរក​របស់​យើង និង​សេចក្ដី​វិនិច្ឆ័យ​ជា​ខ្លឹមសារ​របស់​យើង ។

ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​កាល​ណា​យើង​បើក​មើល​សៀវភៅ​ដែល​ពន្យល់​ក្បាច់​រចនា​របស់​លោក​មារហ្សាល់​ ជា​អ្នក​រក្សា​ប្រាសាទ​អង្គរ ដែល​បោះពុម្ព​ពី​ឆ្នាំ​១៩២៨​នោះ ​យើង​នឹង​ឃើញ​ថា​ប្រាសាទ​បាយ័ន​ និង​ប្រាសាទ​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែល​មាន​បែប​ផែន​ដូចៗ​គ្នា​ ដូច​យ៉ាង​តាព្រហ្ម បន្ទាយក្ដី ព្រះខ័ន ។ល។ គេ​បាន​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ គឺ​ជា​ស្ដេច​ដំបូង​ក្នុង​សម័យ​អង្គរ ដែល​បាន​សោយរាជ្យ​ក្នុង​រវាង​ដើម​ឆ្នាំ​៩០០ ។ បើ​យើង​ទៅ​មើល​សៀវភៅ​នាំ​ផ្លូវ​របស់​លោក​ម៉ាដ្រុល ដែល​បោះ​ពុម្ព​ជា​ភាសា​បារាំង​ជាន់​ក្រោយ​ក្នុង​ឆ្នាំ​១៩២៨ ដែរ​នោះ យើង​ឃើញ​ថា​ប្រាសាទ​បាយ័ន​កសាង​ឡើង​ក្នុង​រវាង​ដាច់​ឆ្នាំ​៩០០ ក្នុង​រជ្ជកាល​ព្រះបាទ​យសោវរ្ម័ន​ដែល​ជា​ក្សត្រ​អ្នក​កសាង​ក្រុង​អង្គរធំ ប៉ុន្តែ​សៀភៅ​របស់​លោក​ម៉ាដ្រុល​ដដែល ដែល​បោះ​ពុម្ព​ជា​ភាសា​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៣០ បន្ថយ​ឆ្នាំ​ដែល​សាង​បាយ័ន​ដល់​ទៅ ៣០០​ឆ្នាំ​ ហើយ​ទុក​ដាក់​ថា​ជា​ការ​កសាង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ វិញ​ដែល​សោយរាជ្យ​ក្នុង​រវាង​ឆ្នាំ​១២០០ ។ ខាង​ក្រោយ​នេះ​មាន​សេចក្ដី​ឲ្យ​ដំណឹង​របស់​បរិស័ទ​កប៉ាល់​សមុទ្រ សម្រាប់​អ្នក​ដើរ​មើល​ស្រុក ដែល​បោះពុម្ព​កាល​ខែ​មុន ថ្លែង​សេចក្ដី​ថា​ពួក​អ្នក​ប្រាជ្ញ​នៅ​សាលា​បារាំង​នា​ចុង​បូព៌ា​ប្រទេស ទុក​ដាក់​ប្រាសាទ​បាយ័ន​ថា​កើត​ឡើង​ក្នុង​រវាង​ឆ្នាំ​៩០០ ។

សេចក្ដី​បញ្ជាក់​ដែល​ប្លែក​គ្នា​ទាំង​ប៉ុន្មាន​នេះ ឆ្លុះ​ឲ្យ​ឃើញ​កាល​ផ្សេងៗ​នៃ​ប្រវត្តិ​របស់​ប្រាសាទ​បុរាណ​ខ្មែរ​ក្នុង​រវាង ១០​ឆ្នាំ​កន្លង​មក​នេះ ។

កាល​ដែល​មាន​មក​នោះ​គឺ​យ៉ាង​ដូច្នេះ

មក​ទល់​នឹង​ឆ្នាំ​១៩២៣ នោះ​គ្មាន​ភស្ដុតាង​អ្វី​ជា​ទី​នាំ​ឲ្យ​សង្ស័យ​ថា​ក្រុង​អង្គរធំ​សព្វថ្ងៃ ​ព្រម​ទាំង​កំផែង​ជុំវិញ​ចំនួន ១២​គីឡូម៉ែត្រ​ និង​គូ​ធំៗ​ជុំវិញ​មិន​មែន​ជា​ក្រុង​យសោធរបុរៈ ដែល​ព្រះបាទ​យសោធរបុរៈ ដែល​ព្រះបាទ​យសោវរ្ម័ន​បាន​តាំង​ក្នុង​ឆ្នាំ​៩០០ ឡើយ ។ មាន​សិលាចារឹក​មួយ​ពី​ឆ្នាំ​១១០០ ដែល​ប្រារព្ធ​អំពី​ការ​កសាង​នេះ អធិប្បាយ​ថា ព្រះ​មហាក្សត្រ​បាន​សាង​ប្រាសាទ​មួយ​នៅ​ចំ​កណ្ដាល​ក្រុង​ឲ្យ​ឈ្មោះ​ថា​ភ្នំ ​«កណ្ដាល​ ឬ​ភ្នំ​យសោធរៈ» នៅ​ទី​នោះ​ហើយ​ដែល​ស្ដេច​តាំង​ព្រះអង្គ​ជា​ព្រះ ហើយ​ឲ្យ​គេ​គោរព​ព្រះអង្គ​តាម​ទំនង​លិង្គ ។ ប្រាសាទ​បាយ័ន​តាំង​នៅ​ចំ​ពាក់​កណ្ដាល​ក្រុង​អង្គរធំ មុខ​ដែល​រចនា​នៅ​កំពូល​ទាំង​ប៉ុន្មាន​របស់​ប្រាសាទ​នេះ​នឹង​ទុក​ដាក់​ថា​ជា​មុខ​ព្រហ្ម​ក៏​បាន ឬ​បើ​នឹង​ថា​ជា​មុខ​ព្រះ​ឥសូរ​ក៏​បាន​ទៀត ។ អាស្រ័យ​ហេតុ​នេះ​សេចក្ដី​វិនិច្ឆ័យ​ក៏​ហាក់​ដូច​ជា​បង្ខំ​ឲ្យ​កើត​ឡើង​ថា ប្រាសាទ​បាយ័ន​គឺ​ព្រះបាទ​យសោវរ្ម័ន​បាន​សាង​ក្នុង​វេលា​ចុង​ឆ្នាំ​៩០០ បើ​ដូច្នេះ​ប្រាសាទ​ទាំង​ប៉ុន្មាន​ដែល​មាន​ភាព​ទំនង​ជា​មួយ​គ្នា ក៏​កើត​ឡើង​ក្នុង​ជាន់​ជា​មួយ​គ្នា​ដែរ ។

ប៉ុន្តែ​នៅ​មាន​អ្វី​ដែល​នាំ​ឲ្យ​ទាក់​ទាម​ទៀត ព្រោះ​ថា​ក្នុង​សម័យ​ជា​មួយ​នៃ​ប្រាសាទ​ធំៗ​ដែល​រចនា​ដោយ​ថ្ម​នេះ ដែល​មាន​ថែវ​រចនា​តាម​បែប​ហាត់ ដោយ​យ៉ាង​លំបាក​គិត ហើយ​ដែល​ធ្វើ​ឲ្យ​ខុស​ខូច​បែប​ហាត់ដោ​ដ៏​ប្រសើរ​ហ្មត់ចត់ ហើយ​ដែល​កសាង​យ៉ាង​ប្រញាប់​មិន​ផ្ចិតផ្ចង់​នៅ​ក្នុង​សម័យ​ជា​មួយ​នោះ​ខ្ញុំ​ថា​មាន​កើត​ប្រាសាទ​សង់​ពី​ឥដ្ឋ​នៅ​លលៃ ដែល​ជាក់​ជា​សាង​ក្នុង​ចុង​ឆ្នាំ​៩០០ ព្រោះ​បែប​កសាង​ត្រឹម​ត្រូវ​ខ្នាត និង​បែប​ចម្លាក់​យ៉ាង​ផ្ចិតផ្ចង់​ទាក់ទង​គ្នា​នឹង​រចនា​ជាន់​ដើម​ក្នុង​ឆ្នាំ​៧០០ និង​រចនា​កោះកេរ្តិ៍​ក្នុង​ឆ្នាំ​១០០០ ។

ដើម្បី​នឹង​ពន្យល់​អំពី​ការ​រចនា​ដែល​ផុស​យ៉ាង​រហ័ស​នៅ​ប្រាសាទ​បាយ័ន​នេះ គេ​បាន​រក​រឿង​ពន្យល់​គ្រប់​បែប​យ៉ាង​ ប៉ុន្តែ​សេចក្ដី​ពន្យល់​ទាំង​ប៉ុន្មាន​នេះ ឥត​មាន​ណា​មួយ​ជា​ទី​ពេញ​ចិត្ត​ឡើយ ។

ក្នុង​ឆ្នាំ​១៩២៣ គេ​បាន​រក​ឃើញ​ភស្ដុតាង​ម្យ៉ាង​នៅ​ប្រាសាទ​បាយ័ន ភស្ដុតាង​នេះ​ហាក់​ដូច​ជា​នាំ​ការ​ស្រាវជ្រាវ​ឲ្យ​ត្រេច​ទៅ​កាន់​ផ្លូវ​ថ្មី​មួយ ។ ការ​ទល់​ទ្រ​ធ្វើ​ឲ្យ​មាំ​ឡើង​នៅ​ឲ្យ​ឃើញ​ក្លោង​ទ្វារ​មួយ​ដែល​មាន​រចនា​រូប​ព្រះ​លោកេស្វរៈ​ជា​មហា​ពោធិសត្វ​ក្នុង​ព្រះ​ពុទ្ធសាសនា​ប៉ែក​មហាយាន ។ ការ​រក​ឃើញ​នេះ​នាំ​គំនិត​ឆ្ពោះ​ទៅ​រក​ស្នាម​ដាន​ដែល​បំផ្លាញ​ដោយ​កែ​ដោយ​កាត់​ជា​ច្រើន​ដេរដាស់​ក្នុង​ប្រាសាទ​បាយ័ន​ និង​ប្រាសាទ​ឯ​ទៀត​ផ្សេងៗ គឺ​មាន​កោស​លុប​រូប​ចម្លាក់​ខាង​ព្រះ​ពុទ្ធសាសនា កែប្រែ​ទៅ​ជា​ចម្លាក់​ខាង​ព្រះ​ឥសូរ​វិញ ហើយ​ក៏​ឃើញ​ច្បាស់​ថា​ កាល​ជាន់​ដំបូង​ក្បាច់​រចនា​ប្រាសាទ​បាយ័ន ជា​ក្បាច់​រចនា​ខាង​ព្រះ​ពុទ្ធសាសនា​ ដូចជា​ក្បាច់​រចនា​នៅ​ប្រាសាទ​ផ្សេងៗ ដែល​មាន​ភាព​សណ្ឋាន​ជា​មួយ​គ្នា​ដែរ ។ ដូច្នេះ​ឃើញ​ថា​នឹង​ដាក់​ទុក​ប្រាសាទ​បាយ័ន​ថា​ ព្រះបាទ​យសោវរ្ម័ន ដែល​ជា​ស្ដេច​កាន់​សាសនា​ព្រះ​ឥសូរ​បាន​សាង​មិន​បាន​ឡើយ ។ លោក​ហ្វីណូត៍​ លោក​មាន​ទំនង​ខ្លះ​ និង​គិត​ថា ព្រះបាទជយវរ្ម័ន​ទី​២ កាល​ដំបូង​កាន់​ព្រះ​ពុទ្ធ​សាសនា ហើយ​លោក​ក៏​ជឿ​ថា​ស្ដេច​នេះ​ហើយ​ដែល​បាន​សាង​ប្រាសាទ​បាយ័ន ។

ក្នុង​គំនិត​ដែល​កើត​ឡើង​ក្នុង​ឆ្នាំ​១៩២៥ នេះ​ថា​ដែល​ព្រះបាទ​យសោវរ្ម័ន កសាង​ក្រុង​យសោធរបុរៈ និង​ភ្នំ​កណ្ដាល​នោះ គឺ​គ្រាន់​តែ​ជា​ការ​បង្ហើយ​តាម​ហាត់ដោ ដែល​គិត​ទុក​ស្រេច​របស់​ស្ដេច​មួយ​ព្រះអង្គ​មុន និង​ជា​ការ​កែប្រែ​ប្រាសាទ​របស់​ពុទ្ធសាសនា​ឲ្យ​ទៅ​ជា​របស់​សិវសាសនា​វិញ​តែ​ប៉ុណ្ណោះ ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ លោក​ហ្វីណូត៍​អាង​ដល់​សិលាចារឹក​ផ្សេងៗ ហើយ​តម្រូវ​ថា​ប្រាសាទ​បន្ទាយស្រី​ដែល​គេ​ជឿ​មក​ត្រឹម​នោះ​ថា​សាង​ក្នុង​ឆ្នាំ​១០០០ តើ​កើត​ឡើង​ក្នុង​ឆ្នាំ​១៤០០ ទេ​គឺ​ក្នុង​ពេល​ដែល​ផុត​ការ​រចនា​សម័យ​អង្គរ ។

សេចក្ដី​ចំណាំ​សករាជ​ដែល​ទុក​ដាក់​ប្រាសាទ​បាយ័ន​ថា​ជា​ការ​របស់​ស្ដេច​ដែល​រសាត់​អណ្ដែត​បាត់​មួយ​ពេល​ក្នុង​រជ្ជកាល​ទៅ ហើយ​ដែល​ទុក​ដាក់​ប្រាសាទ​ធំៗ ធ្វើ​ដោយ​ថ្ម​ទាំង​នេះ​ជា​ចន្លោះ​ប្រាសាទ​តូចៗ​ធ្វើ​ពី​ឥដ្ឋ​បែប​ការ​រចនា​ជាន់​ដំបូង និង​ប្រាសាទ​នៅ​លលៃ​នោះ នាំ​ឲ្យ​រឹង​រឹត​តែ​មាន​សេចក្ដី​ងឿង​ឆ្ងល់​សេចក្ដី​លំបាក សេចក្ដី​ទទើស​ទទែង​ជា​ខ្លាំង​ទៅ​ទៀត ។

កាល​ក្នុង​ឆ្នាំ​១៩២៧ ការ​ដែល​ពិនិត្យ​សិក្សា​ដោយ​ផ្ចិតផ្ចង់​យ៉ាង​ល្អិត​អំពី​ក្បាច់​រចនា​លម្អ អំពី​ក្បាច់​ចម្លាក់​ និង​អំពី​សម្លៀក​បំពាក់​ជា​ដើម នាំ​លោក​ហ្វីលិបស្ដែន៌ ដែល​ជា​អ្នក​គ្រប់គ្រង​សារមន្ទីរ​គីម៉េត៍ ឲ្យ​ចែក​រចនា​អង្គរ​ជា​ពីរ​សម័យ ហើយ​នាំ​ឲ្យ​ពិនិត្យ​ឃើញ​ថា​ប្រាសាទ​បាយ័ន​ត្រូវ​រាប់​បញ្ចូល​ដោយ​ពិត​ក្នុង​ពួក​ប្រាសាទ​ជាន់​ក្រោយ ។ លុះ​ពោល​ទាស់​នឹង​សំអាង​ដែល​មាំ​ដូច្នេះ​ហើយ លោក​ហ្វីលិបស្ដែន៌​ ក៏​តាំង​បញ្ចេញ​គំនិត​យ៉ាង​ជ្រៅ​ ហើយ​សាយ​ថា​ក្រុង​អង្គរធំ​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ទីក្រុង​ដែល​ព្រះបាទ​យសោវរ្ម័ន កសាង​កាល​ពី​ចុង​ឆ្នាំ​៩០០ ឡើយ ក្រុង​នេះ​ទំនង​ជា​តាំង​នៅ​លើ​កន្លែង​មួយ​ផ្សេង​ដ៏​តូច ហើយ​កន្លែង​កណ្ដាល​នោះ គឺ​ជា​ប្រាសាទ​វិមានអាកាស​នោះ​ឯង ។ ឯ​ចំណែក​ទីក្រុង​សព្វ​ថ្ងៃ គឺ​ជា​ក្រុង​ដែល​វាត​ឲ្យ​ធំ​ក្នុង​រជ្ជកាល​ព្រះបាទ​សុរ្យវរ្ម័ន​ទី​១​ក្នុង​ដើម គ.ស.១១០០ គឺ​ស្ដេច​ដែល​កាន់​ពុទ្ធសាសនា​នេះ​ហើយ​បាន​សាង​ប្រាសាទ​បាយ័ន​ និង​ប្រាសាទ​ផ្សេងៗ​ឯ​ទៀត​ដែល​មាន​ភាព​ដូច​គ្នា ។

សេចក្ដី​យល់​ឃើញ​របស់​លោក ហ្វីលិបស្ដែន៌ បំបាត់​នូវ​សេចក្ដី​សង្ស័យ​ និង​សេចក្ដី​ឆ្ងល់​ដែល​មាន​ពី​ដើម​មក ប៉ុន្តែ​នាំ​ឲ្យ​កើត​មាន​សេចក្ដី​ឆ្ងល់​ និង​សង្ស័យ​ថ្មី​ឡើង​ទៀត គឺ​ថា​ប្រាសាទ​បាយ័ន​ដែល​រចនា​តាម​បែប​ហាត់ដោ​យ៉ង​មិន​ប៉ិន ហើយ​ជា​បែប​រចនា​ទំនើប​ថ្មី​នោះ​នាំ​ឲ្យ​អាក់​សេចក្ដី​ចម្រើន​របស់​ការ​រចនា​ខ្មែរ​ម្ដង​ទៀត ដោយ​ហេតុ​ដែល​រក​យល់​មិន​បាន ហើយ​មក​ផ្ដាច់​ខ្សែ​បន្ទាត់​ដែល​រៀង​ប្រាសាទ​ក្នុង​ឆ្នាំ​៩០០ និង ១០០០ គឺ​ប្រាសាទ​លលៃ បាខែង កោះកេរ្តិ៍ មេបុណ្យ ប្រែរូប ជា​ជួរ​យ៉ាង​ល្អ​មើល​ដរាប​ដល់​នគរវត្ត ដែល​សាង​ក្នុង​ចុង​ឆ្នាំ​១២០០ ចាប់​តាំង​ពី​ប្រាសាទ​បាពួន​ដែល​សាង​ក្នុង​ឆ្នាំ​១១០០ ទៅ ។

ក្នុង​ស្ថាន​នេះ​ យើង​ត្រូវ​រក​រឿង​ហេតុ​ផ្សេង​ទៀត ខ្ញុំ​នៅ​ចាំ​បាន​មិន​ភ្លេច​ថា​ ប្រាសាទ​ទាំង​ប៉ុន្មាន​ដែល​មាន​បែប​រចនា​ដូច​គ្នា​នឹង​ប្រាសាទ​បាយ័ន សុទ្ធ​តែ​មាន​ចារឹក​អក្សរ​របស់​ស្ដេច​កាន់​ព្រះ​ពុទ្ធសាសនា គឺ​ព្រះបាទ​ជយវរ្ម័ន​ទី​៧ (ចុង​ឆ្នាំ​១២០០) ដែល​មាន​កំណត់​នាម​ឲ្យ​រូបភាព​ផ្សេងៗ ដែល​តម្កល់​កាល​ពី​ដើម​ក្នុង​អាស្រម​ និង​ក្នុង​ថែវ ចារឹក​ទាំង​នេះ​ហើយ​ដែល​គេ​ជឿ​ថា​បាន​ធ្លាក់​ក្នុង​ពេល​ក្រោយ​សាង​ប្រាសាទ​ ជា​យូរ​អង្វែង​មក ខ្ញុំ​នៅ​ចាំ​បាន​ទៀត​ថា នៅ​ក្នុង​ប្រាសាទ​តាព្រហ្ម​មាន​សិលាចារឹក​ធំៗ​របស់​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ហើយ​ខ្ញុំ​នឹក​ឃើញ​ទៀត​ថា​ ជ្រុង​កំផែង​អង្គរធំ​ទាំង​៤​នោះ​មាន​សិលាចារឹក​៤ សសេរ​ពោល​សរសើរ​នៃ​មហាក្សត្រ​នេះ ។

ខ្ញុំ​បាន​ពិនិត្យ​ពិចារណា​សិលាចារឹក​ទាំង​៤ ដែល​គេ​ធ្វេស​ប្រហែល​មិន​នឹក​នា​មក​លុះ​ដល់​វេលា​នេះ ហើយ​ខ្ញុំ​ដឹង​សេចក្ដី​ថា​ចារឹក​ទាំង​នេះ​ពោល​រំលឹក​ដល់​ការ​កសាង​កំផែង​ និង​ជីក​ស្នាម​ភ្លោះ (គូ) ក្រុង​អង្គរធំ​របស់​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ។ ខ្ញុំ​តាំង​ពិនិត្យ​ចារឹក​តូចៗ​នៅ​អាស្រម​ជា​ថ្មី​ទៀត ក៏​បាន​ឃើញ​មាន​ចារឹក​ជា​ច្រើន ដែល​ធ្លាក់​ក្នុង​ទី​ផ្ទៃ​ដែល​បាន​ធ្វើ​បម្រុង​ទុក​ជា​មុន​ស្ថាន​ត្រង់​នេះ​ អាច​នឹង​បញ្ជាក់​បាន​យ៉ាង​ដាច់​ខាត​ថា​អ្នក​ដែល​កសាង​បាន​ចាត់​កន្លែង​បម្រុង​ទុក​ឆ្លាក់​ចារឹក​ទាំង​នេះ អាស្រ័យ​ហេតុ​នេះ​ឃើញ​ថា​ប្រាសាទ​ទាំង​ឡាយ​នេះ​មិន​មែន​កើត​មុន​រជ្ជកាល​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ឡើយ ។ អំពី​ស្ដេច​នេះ​យើង​បាន​ដឹង​ប្រាកដ​ថា​ជា​ស្ដេច​កាន់​ព្រះ​ពុទ្ធសាសនា​ពេញ​ទី ។ ដោយ​ចង់​សម្ដែង​នៅ​ចេស្ដា​ឲ្យ​ឃើញ​ល្បី​ល្បាញ​ខ្ចរ​ខ្ចាយ​ឡើង ទើប​តាំង​ពោល​អួត​ក្នុង​ចារឹក​ថា​បាន​សាង​ប្រាសាទ​ពាស​ពេញ​ក្នុង​ស្រុក​ខ្មែរ ព្រម​ទាំង​បាន​សង់​រោង​ព្យាបាល​រោគ​ចំនួន ១០៤​ខ្នង ។ គ្មាន​ក្សត្រ​ណា​មួយ​ដែល​មាន​កិត្តិយស​ជាង​ព្រះអង្គ ដើម្បី​នឹង​តាំង​ព្រះអង្គ​ថា​ជា​អ្នក​កសាង​ប្រាសាទ​បាយ័ន ។

ជា​ជំនួស​សេចក្ដី​ដែល​ដាក់​ទុក​ថា​ប្រាសាទ​បាយ័ន​កើត​ឡើង​ក្នុង​រវាង​កើត​រចនា​ដំបូង​នៅ​អង្គរ​នោះ ត្រូវ​ទុក​ដាក់​ថា​ប្រាសាទ​នេះ​ និង​ប្រាសាទ​ឯ​ទៀត​ដែល​មាន​ភាព​ដូច​គ្នា គឺ​ព្រះខ័ន​ តាព្រហ្ម បន្ទាយក្ដី បន្ទាយឆ្មារ ឬ​បើ​នឹង​និយាយ​តែ​មួយ​មាត់​ថា​គឺ​ប្រាសាទ​ដែល​មាន​កំពូល​រចនា​ជា​ក្បាល​មនុស្ស​ទាំង​ប៉ុន្មាន​ សុទ្ធ​តែ​ជា​ប្រាសាទ​ដែល​កើត​ឡើង​ក្នុង​ពេល​ដែល​ការ​រចនា​កំពុង​ចម្រើន​ក្នុង​វេលា​មុន​ដាច់​ឆ្នាំ​១២០០ ។

ដូច្នេះ​ក៏​នឹង​យល់​បាន​អំពី​ការ​រចនា​ថ្មី​របស់​ប្រាសាទ​ទាំង​នេះ​ និង​ទំនង​បែបបទ​ជា​ផ្លូវ​ព្រះ​ពុទ្ធសាសនា និង​អំពី​ការ​ដែល​ឃើញ​ថា​ ប្រាសាទ​ទាំង​នេះ​ហាក់​ដូចជា​កសាង​ប្រញាប់​ណាស់ ។ ហើយ​អង្គរធំ​សព្វ​ថ្ងៃ​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​ទីក្រុង​ថ្មី ដែល​ព្រះបាទ​ជយវរ្ម័ន​កសាង​ជា​ថ្មី​ឡើង​វិញ​ក្នុង​រវាង​ចុង​ឆ្នាំ​១២០០ ជា​ក្រោយ​ដែល​ពួក​ចាម​ចូល​មក​លុកលុយ​ស្រុក​ខ្មែរ​កាល​ពី​ឆ្នាំ​១១៧៧ ហើយ​វាយ​កម្ទេច​បំផ្លាញ​នូវ​ទីក្រុង​ចាស់ ។

ក្នុង​ពេល​ជា​មួយ​ការ​ដែល​ស្រាវជ្រាវ​ជា​ថ្មី​ដើម្បី​រិះ​រក​អក្សរ​ចារឹក​នោះ​ នាំ​ឲ្យ​ខ្ញុំ​រើ​រិះ​គិត​អំពី​ប្រាសាទ​បន្ទាយក្ដី​ឡើង​វិញ​កាល​ពី​ឆ្នាំ​១៩៣០ ហើយ​នាំ​ឲ្យ​ទុក​ដាក់​ប្រាសាទ​នេះ​ថា​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​១០០០ វិញ ព្រោះ​ប្រាសាទ​នេះ​មិន​មាន​ទំនង​នឹង​ឲ្យ​ប្រទះ​ឃើញ​ក្នុង​ឆ្នាំ​១៤០០​ឡើយ ។

បើ​ពង្សាវតា​របស់​ប្រាសាទ​ទុក​ជា​ត្រូវ​ដូច្នេះ​ហើយ នោះ​ត្រូវ​រក​កន្លែង​ទីក្រុង​របស់​ព្រះបាទ​យសោវរ្ម័ន​ទៀត គឺ​ក្រុង​យសោធរ​ដែល​សាង​ក្នុង​ចុង​ឆ្នាំ​៩០០​នោះ ។

តើ​ទីក្រុង​នោះ ដូច​ជា​លោក​ហ្វីលិបស្ដែន៌​ យល់​ថា​ជា​ទីក្រុង​តូច​មួយ​ដែល​មាន​ប្រាសាទ​វិមានអាកាស​នៅ​ជា​កណ្ដាល​ឬ​អ្វី ? ឬ​ក៏​ជា​ទីក្រុង​ដែល​ធំ​ដូច​អង្គរធំ​ដែរ ឬ​អាច​នឹង​ធំ​ជាង​ទៅ​ទៀត​ក៏​បាន ដែល​ទី​កណ្ដាល​ និង​ទី​កំផែង​ក្រៅ​ មួយ​ចំណែក​ត្រូវ​រក​ក្នុង​ទី​ដទៃ​ក្រៅ​អំពី​ផ្ទៃ​ដី​ដ៏​ធំ​ដែល​ជា​ទី​កន្លែង​របស់​ក្រុង​នៃ​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ឬ​អ្វី ? ។

តាំង​ពី​២​ឆ្នាំ​កន្លង​មក​ហើយ លោក​គោលូបែហ្វ​ យល់​ថា​ភ្នំ​កណ្ដាល​ដែល​មាន​ពោល​ក្នុង​អក្សរ​ចារឹក​បុរាណ​នោះ គួរ​តម្រូវ​ទៅ​លើ​ភ្នំ​បាក់ខែង​ដែល​ជា​​ប្រាសាទ​សាង​ឧទ្ទិស្ស​ដល់​ព្រះ​ឥសូរ ​សេចក្ដី​សំអាង​នេះ​អាង​ដល់​ហេតុ​ដូច​មាន​ខាង​ក្រោយ​នេះ ដែល​តាំង​ពី​ដើម​មក​ទល់​នឹង​ថ្ងៃ​នេះ​គ្មាន​អ្នក​ឯ​ណា​ម្នាក់​ឡើយ ពិត​មែន​តែ​រឿង​នេះ​មាន​បញ្ជាក់​ក្នុង​ឆ្នាំ​១៩០៩ ដោយ​ផែនទី​ប្រាសាទ​បុរាណ​របស់​មេទាហាន​ឈ្មោះ លីយឺតឺណង់ ប៊ុយអាត៍ និង​លីយឺតឺណង់ ឌុយក្រេត៍ គឺ​ថា​ភ្នំ​បាក់ខែង​តាំង​នៅ​ចំពាក់​កណ្ដាល​ផ្ទៃ​ដី​រាង​បួន​ជ្រុង​ទ្រវែង មាន​ទំហំ​ផែនទី​រាប់​ចំនួន​ប្រមាណ ១៦​គីឡូម៉ែត្រ​ក្រឡា ហើយ​ចំណែក​ភាគ​ខាង​លិច​ និង​ខាង​ត្បូង​នៅ​មាន​ជា​សម្គាល់​នៅ​ឡើយ​ដោយ​ស្នាម​ភ្លោះ​ធំៗ ដែល​សព្វ​ថ្ងៃ​ក្លាយ​ទៅ​ជា​ទី​ស្រែ ឯ​ចំណែក​ភាគ​ខាង​កើត​វិញ​នោះ​មាន​លំនាំ​ជា​ជួរ​បន្ទាត់​បណ្ដោយ​គ្នា​តាម​ស្ទឹង​សៀមរាប​ទៅ​កាច់​ចេញ​ពី​ផ្លូវ​ដើម ដើម្បី​ធ្វើ​ទំនង​ជា​ប្រឡាយ​មាន​មាត់​ជ្រាំ​ត្រង់ ។

ដើម្បី​នឹង​ពិនិត្យ​សំអាង​នេះ​ជា​ថ្មី ទើប​ខ្ញុំ​បាន​ចាត់​លោក ​គោលូបែហ្វ​ កាល​ពី​ប្រាំង​មិញ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ទី​អង្គរ​រិះរក​សំអាង​នេះ​ទៀត លុះ​កាល​ណា​ការ​ស្រាវជ្រាវ​នេះ​បាន​ចម្រើន​ក្រែល​ឡើង ខ្ញុំ​នឹង​សុំ​ឲ្យ​លោក​ថ្លែង​បាឋកថា​ដោយ​ឡែក​ផ្សេង​ជូន​អស់​លោក​ស្ដាប់ ។ ក្នុង​វេលា​នេះ​អស់​លោក​គ្រាន់​តែ​ជ្រាប​ថា​លោក​គោលូបែហ្វ​មិន​មែន​បាន​រក​ឃើញ​ទីក្រុង​ថ្មី​មួយ​ទៀត​ទេ​ដែល​មាន​ទំនង​ជា​ឃើញ​នោះ​គឺ​ទីស្ថាន​របស់​ក្រុង​សោធរបុរៈ ។

ខ្ញុំ​សុំ​ទោស​អស់​លោក​អំពី​ដែល​ខ្ញុំ​អធិប្បាយ​យូរ​បន្តិច​អំពី​របារ​ប្រាសាទ​បុរាណ​ដោយ​ត្រូវ​ការ​ខាន​មិន​បាន ព្រោះ​ថា​ក្នុង​បាឋកថា​នៅ​ថ្ងៃ​ចន្ទ​ក្រោយ ដែល​សំដែង​អំពី​សេចក្ដី​ចម្រើន​នៃ​ក្បាច់​រចនា​ខ្មែរ​នោះ ត្រូវ​ការ​ប្រារព្ធ​ដល់​របារ​ប្រាសាទ​នេះ​ដែរ ។ សូម​ឲ្យ​អស់​លោក​ជ្រាប​ថា​ ប្រាសាទ​បាយ័ន​គេ​កសាង​ក្នុង​ចុង​ឆ្នាំ​១២០០ ហើយ​ឯ​សេចក្ដី​ដែល​គេ​បាន​ពោល​បាន​សរសើរ​អំពី​ប្រាសាទ​នេះ​ទាំង​ប៉ុន្មាន​ក្នុង​វេលា​មុន​ឆ្នាំ​១៩២៩ សុទ្ធ​តែ​ជា​ការ​ច្រឡំ​ភាន់​ទាំង​អស់ ។

ក្នុង​វេលា​នេះ​ ខ្ញុំ​ត្រូវ​អធិប្បាយ​ជូន​អស់​លោក អំពី​សភាព​ខាង​ផ្លូវ​សាសនា​របស់​ប្រាសាទ​ខ្មែរ​ទាំង​នេះ​ទៀត ។

ប្រាសាទ​ទាំង​នេះ​ជា​ផល​នៃ​សេចក្ដី​ស៊ីវីឡៃ​ឥណ្ឌា (អរិយធម៌?) ដែល​មក​តាំង​មាំ​នៅ​ក្នុង​ស្រុក​ខ្មែរ ។ បាឋកថា​ក្នុង​ថ្ងៃ​ចន្ទ​ក្រោយ​នឹង​ធ្វើ​ឲ្យ​អស់​លោក​ឃើញ​បែប​ជាន់​ដើម​របស់​ក្បាច់​រចនា​ខ្មែរ​ដោយ​ធៀប​នឹង​គំរូ​ដើម​របស់​ក្បាច់​នេះ​នឹង​បែប​ចាស់​របស់​ឥណ្ឌា ។ គំរូ​ដើម​នេះ​គឺ​ពិត​ជា​បែប​រចនា​របស់​ខ្មែរ​សុទ្ធ ហើយ​ហេតុ​ដែល​ធំ​នោះ គឺ​ពិត​ជា​ថា​ពួក​ជាង​ដែល​បាន​កសាង​ និង​បាន​រចនា​ក្បាច់​លើ​ប្រាសាទ​ខ្មែរ​នោះ​ពិត​ជា​ខ្មែរ ហើយ​ជាង​ទាំង​នេះ​ច្បាស់​ជា​មាន​ទំនៀម​បែប​រចនា​ផ្សេង​ដទៃ​អំពី​បែប​ឥណ្ឌា ប៉ុន្តែ​លុះ​លើក​បែប​សូន​ និង​ប៉ាន់​រូប​ចេញ ហើយ​រិះ​រក​នូវ​វិញ្ញាណ​ស្មារតី​មក​បញ្ចូល​ក្នុង​រូប​ថ្ម​ទាំង​នេះ​ទៅ ក៏​នឹង​ឃើញ​ថា​ជា​គំនិត​យោបល់​របស់​ឥណ្ឌា​យ៉ាង​បរិសុទ្ធ ។

រឿង​ដែល​ជា​ធំ​នោះ​ដូច្នេះ គឺ​ក្រៅ​អំពី​ស្ពាន​ចាស់ៗ​ខ្លះ​នោះ​ ប្រាសាទ​ខ្មែរ​ទាំង​អស់​សុទ្ធ​តែ​ជា​ការ​រចនា​ខាង​ផ្លូវ​សាសនា​ទាំង​អស់ ព្រោះ​ថា​មាន​តែ​ព្រះ​ និង​ទេវបុត្រ​ទេវតា​ទើប​ស្ថិត​នៅ​ក្នុង​វិមាន​ធ្វើ​ដោយ​ថ្ម ឬ​ដោយ​ឥដ្ឋ​បាន ដោយ​ហេតុ​ថា​មាន​តែ​គ្រឿង​ទាំង​នេះ​ទើប​អាច​នឹង​ធន់​នៅ​យូរ​បាន​ដូច​គ្នា​នឹង​សំរឹទ្ធ ទាំង​មហាក្សត្រ​សោត​ក៏​ទ្រង់​គង់​ត​ក្នុង​ព្រះ​ដំណាក់​ឈើ ហើយ​ទំនៀម​ទម្លាប់​នេះ​ក៏​មាន​ខ្ជាប់​មក​ក្នុង​ស្រុក​សៀម​ដរាប​លុះ​ដល់​ឆ្នាំ​១៧០០ ក្នុង​ឆ្នាំ​នោះ​ហើយ ដែល​មាន​សេចក្ដី​ស៊ីវីឡៃ​ប្រទេស​អឺរ៉ុប​ចូល​មក​ដល់ ស្ដេច​ស្រុក​សៀម​ក៏​តាំង​ផ្ដើម​សាង​ព្រះ​ដំណាក់​ដោយ​ឥដ្ឋ​ឡើង ។

តាំង​ពី​សម័យ​ហ្វូណន​ដរាប​ដល់​មក​ឆ្នាំ​១៤០០ មាន​សាសនា​ពីរ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ គឺ​សាសនា​ព្រាហ្មណ៍ និង​ព្រះ​ពុទ្ធសាសនា ។ ក្នុង​សម័យ​ហ្វូណន គឺ​ក្នុង​សម័យ​មុន​អង្គរ​នោះ​ខាង​សាសនា​ព្រាហ្មណ៍ គេ​ច្រើន​គោរព​នូវ​ព្រះ​ហរិហរ ឬ​ព្រះ​សិវៈ និង​វិស្ណុ រួម​គ្នា​ជា​រូប​តែ​មួយ​ដូច​ខ្ញុំ​បាន​បង្ហាញ​រូប​ពីរ​បែប​យ៉ាង​សំខាន់​ក្នុង​កាល​ពី​ដំបូង​រួច​ហើយ ក្នុង​សម័យ​អង្គរ​ច្រើន​តែ​គោរព​ព្រះសិវៈ ព្រោះ​ជា​ព្រះ​ដែល​មហាក្សត្រ​រាប់​អាន​ជាង​គេ ដល់​មក​ឆ្នាំ​១២០០ គឺ​សម័យ​អង្គរវត្ត​នោះ​ ព្រះវិស្ណុ​ហាក់​ដូច​ជា​គេ​ត្រូវ​ការ​ជាង ។ ចំណែក​ខាង​ព្រះ​ពុទ្ធ​សាសនា​វិញ​ ជា​ដំបូង​គឺ​ហីនយាន​និកាយ​ចូល​មក​មុន ប៉ុន្តែ​សូត្រ​ធម៌​អាថ៌​ជា​ភាសា​សំស្រ្កឹត​ដល់​មក​ឆ្នាំ​៩០០ និង​ ១៣០០ នោះ​សិលាចារឹក​ និង​រូប​ចម្លាក់​បញ្ជាក់​ឲ្យ​ឃើញ​ថា​ក្នុង​ជាន់​នោះ គេ​រាប់​អាន​មហា​យាននិកាយ​ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៣០០ នោះ​ព្រះ​ពុទ្ធសាសនា​នៅ​លង្កា​ផ្សាយ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​តាម​ស្រុក​សៀម ហើយ​ក៏​មាន​អំណាច​គ្រប​លើ​សាសនា​ឯ​ទៀត​ស្ទើ​តែ​រលាយ​បាត់​អស់​គ្មាន​សល់ ។

ប្រាសាទ​ខ្មែរ​ទាំង​អស់​សុទ្ធ​តែ​ជា​ទី​តម្កល់​អាសនៈ ឬ​ជា​ទី​ទេវាល័យ​ដែល​ជាប់​គ្នា​ពី​តួ​ពុទ្ធស្ថាន​ ឬ​ទេវស្ថាន​មក ។ ប៉ុន្តែ​មិន​ត្រូវ​ជឿ​ថា​ប្រាសាទ​ទាំង​នេះ​ជា​ទី​តម្កល់​នូវ​សាសនា​ជា​សាធារណ​ទូទៅ ដូច​យ៉ាង​ព្រះវិហារ​កាតូលិក ឬ​វត្ត​អារាម​ខាង​ព្រះពុទ្ធ​សាសនា​ក្នុង​សម័យ​ថ្មី​នេះ​ឡើយ ។ ត្រង់​នេះ​ហើយ​ដែល​ត្រូវ​ឲ្យ​រំលឹក​ដល់​អំពី​ដែល​ខ្ញុំ​បាន​អធិប្បាយ​កាល​ជាន់​មុន ក្នុង​គ្រា​ក្រោយ​បង្អស់ អំពី​បែប​ភាព​នៃ​របៀប​រាជការ​តាម​សេចក្ដី​ស៊ីវីឡៃ​របស់​ឥណ្ឌា​ក្នុង​ស្រុក​ខ្មែរ ។ វិហារ​ស្ថាន​ខ្មែរ​ដែល​កសាង​ឡើង​មិន​មែន​ដោយ​ហេតុ​សេចក្ដី​ជឿ​កាន់​របស់​អ្នក​ស្រុក ឬ​ដោយ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​បួស​ជា​ច្រើន​រូប​ឡើយ ។ គឺ​ច្រើន​តែ​ជា​ការ​កសាង​សម្រាប់​មហាក្សត្រ​សម្រាប់​ព្រះ​រាជវង្សានុវង្ស និង​សម្រាប់​នាហ្មឺន​ធំៗ ហើយ​ច្រើន​តែ​មាន​សភាព​ជា​ការ​សម្រាប់​ឈាបនកិច្ច​ ឬ​ជា​អនុស្សាវរីយ៍ ។ ក្រៅ​អំពី​ទេវរូប​ខ្លះ​ដែល​គេ​តម្កល់​នៅ​ក្នុង​ទី​តូចៗ ធ្វើ​ដោយ​ឥដ្ឋ​នោះ​ការ​គោរព​បូជា​ក្នុង​ទេវស្ថាន​ផ្សេងៗ​ក្នុង​ទេវស្ថាន​នា​តំបន់​អង្គរ​ជា​ដើម​នោះ​ សុទ្ធ​តែ​ជា​ការ​គោរព​ដល់​មហាបុរស​ដែល​មរណភាព​ទៅ ឬ​ដែល​នៅ​រស់​នៅ​ឡើយ​ ហើយ​ដែល​តាំង​ខ្លួន​ជា​ព្រះ​ដោយ​យក​ព្រះ​នាម​ណា​មួយ​ក្នុង​បណ្ដា​ពួក​ព្រះ​របស់​ឥណ្ឌា ឬ​ក៏​គ្រាន់​តែ​ចូល​ជា​សមាគម​ជា​មួយ​នឹង​ព្រះអង្គ​នោះៗ ។ ការ​ដែល​តម្កើង​ខ្លួន​បែប​នេះ មិន​មែន​ដែល​ឃើញ​ក្នុង​ស្រុក​ឥណ្ឌា​ឡើយ ប៉ុន្តែ​មិន​ជា​មាន​ច្រើន​ដូច​ក្នុង​ស្រុក​ខ្មែរ ។ បែប​នេះ​ប្រទះ​ឃើញ​មាន​ក្នុង​ស្រុក​ចម្ប៉ា ​និង​ក្នុង​ស្រុក​ជ្វា ។

វិស្ណុ សិវៈ លោកកេស្វរៈ តាម​សភាព​ដែល​ពិត​ជា​ក្លឹង​នោះ ហាក់​ដូច​ជា​មិន​មែន​ជា​ព្រះ​សម្រាប់​គេ​ធ្វើ​សក្ការបូជា​ដោយ​ច្បាស់​លាស់​ឡើយ ព្រាហ្មណ៍​សាសនា​និង​ព្រះពុទ្ធ​សាសនា​ទាំង​ពីរ​នេះ បាន​តាំង​នៅ​ជា​សាសនា​គោរព​ប្រដិបត្តិ​របស់​អ្នក​ស្រុក និង​ជា​សាសនា​សម្រាប់​ស្រុក ។ ប្រាសាទ​នគរវត្ត​ពិត​ជា​ទី​អាសនៈ​ព្រះវិស្ណុ ប៉ុន្តែ​ព្រះវិស្ណុ​ដែល​គេ​គោរព​ក្នុង​ទី​នោះ​មិន​មែន​ជា​ព្រះ​វិស្ណុ​ដែល​មាន​ក្នុង​ក្បួន​វេទ​របស់​ពួក​ព្រាហ្មណ៍​ ឬ​ក៏​ជា​តួ​ភាគ​ណា​មួយ​ដែល​ព្រះវិស្ណុ​បែង​មក​នោះ​ទេ គឺ​ប្រាកដ​ជា​ព្រះបាទ​សុរ្យវរ្ម័ន​ទី​២ ដែល​គេ​ដំឡើង​លើក​ជា​ព្រះ​វិស្ណុ​ឡើង​ក្នុង​គ្រា​ក្រោយ​ដែល​ទ្រង់​ព្រះ​ទិវង្គត​ទៅ ។

ប្រហែល​ជា​មិន​ចូល​ពាក្យ​បំផ្លើស​ទេ ដែល​ពោល​ថា​ព្រះ​ជា​ធំ​របស់​ស្រុក​ខ្មែរ​ជាន់​ដើម​នោះ​គឺ​ស្ដេច ព្រះ​វិញ្ញាណ​ដ៏​ល្អិត​របស់​ស្ដេច ឬ​ក៏​ខ្លឹម​សារ​របស់ «រាជ» នោះ​ធ្វើ​តំណាង​មក​ជា​រូប​លិង្គ ដែល​គេ​ទុក​ជា​ចំហាយ​របស់​ព្រះ​សិវៈ ព្រោះ​ថា​បើ​កាល​ណា​សេចក្ដី​ប្រកាន់​ជឿ​បុណ្យ​ធម៌​របស់​ស្ដេច បណ្ដាល​នាំ​ឲ្យ​ឆ្ពោះ​ទៅ​កាន់​សាសនា​ព្រះ​វិស្ណុ ឬ​ព្រះពុទ្ធ​សាសនា នោះ​សាសនា​ព្រាហ្មណ៍ បាន​ឡើង​ជា​សាសនា​សាធារណៈ​ក្នុង​ព្រះ​បរមរាជវាំង​ លិង្គ​នោះ​តម្កល់​ក្នុង​ទេវស្ថាន​មាន​ថ្នាក់​សង់​នៅ​ជា​កណ្ដាល​ទីក្រុង​ ក្នុង​បាឋកថា​ដ៏​ពិរោះ​របស់​លោក​មុស ដែល​សម្ដែង​កាល​ក្នុង​ខែ​មុន​នោះ​លោក​បាន​អធិប្បាយ​ថា​ថ្នាក់​ខាង​លើ​បំផុត​នៃ​ទេវស្ថាន​ដែល​ជា​ដំណាក់​តំណាង​កំពូល​ភ្នំ​កណ្ដាល​លោក​នោះ​គឺ​ទ្វារ​របស់​ទេវលោក ទ្វារ​នេះ​ហើយ​ដែល​ព្រះ​មហាក្សត្រ​តែង​ប្រាស្រ័យ​កិច្ចការ​ជា​មួយ​នឹង​ទេវបុត្រ​ទេវតា ហើយ​ជា​កន្លែង​ដែល​ទេវបុត្រ​ទេវតា​តែង​ចុះ​មក​កាន់​ពី​ភព​មនុស្សលោក​យើង​ ពួក​អ្នក​កត់​រឿង​រ៉ាវ​ជាតិ​ចិន​បាន​ពោល​អំពី​រឿង​ក្រុង​ហ្វូណន​ថា​ដូច្នេះ «ទេវតា​ចុះ​មក​ជា​និច្ច​លើ​ភ្នំ​ប៉ូតាន់ ព្រះ​មហេស្វរៈ (សិវៈ) ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ​កន្លែង​នេះ​ណាស់ ដើម្បី​និង​ផ្សាយ​ព្រះ​ឫទ្ធានុភាព​ចុះ​មក ហើយ​ស្ដេច​ទាំង​អស់​តែង​ទទួល​សេចក្ដី​ឧបត្ថម្ភ​របស់​ព្រះអង្គ» ។

គឺ​ដោយ​ការ​គោរព​ដល់​ស្ដេច​ដែល​តាំង​ជា​ព្រះ ទើប​បាន​មាន​ប្រាសាទ​ទាំង​ឡាយ​នេះ​តៗ​គ្នា​មក​តាម​កាល​សម័យ​ដែល​ត្រូវ​ផ្លាស់​ទីក្រុង គឺ​ប្រាសាទ​បាគង (ឆ្នាំ​៩០០) ភ្នំ​បាក់ខែង (ដាច់​ឆ្នាំ​៩០០) ប្រាង្គ​នៅ​កោះកេរ្តិ៍ (ឆ្នាំ​១០០០) ពិមានអាកាស (ឆ្នាំ​១០០០-១១០០) បាពួន (ដាច់​ឆ្នាំ​១១០០) ទេវស្ថាន​របស់​សាសនា​ព្រាហ្មណ៍​ដែល​មាន​រាង​ជា​ច្រើន​ជ្រុង​ស្រួច​ឡើង​ទាំង​នេះ​បាន​បែប​ផែន​ត​ឆ្ងាយ​មក​ពី​ស្រុក​បាប៊ីឡូន ។

ប្រាសាទ​បាយ័ន​របស់​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ដែល​សង់​នៅ​ចំ​កណ្ដាល​អង្គរ​ថ្មី​នោះ​ក៏​មាន​ភាព​ទំនង​ជា​មួយ​គ្នា​ដូច្នេះ​ដែរ​ ប៉ុន្តែ​ស្ដេច​ដែល​សាង​នេះ​ កាន់​ព្រះ​ពុទ្ធសាសនា ហើយ​ប្រហែល​ជា​តាំង​ព្រះអង្គ​ជា​លោកកេស្វរៈ គឺ​ជា​ពោធិសត្វ​ដែល​តែង​ស្រោច​ស្រង់ ដែល​មាន​ព្រះ​ភក្ត្រ​ញញឹម រចនា​ជាប់​នៅ​កំពូល​ប្រាសាទ​បាយ័ន​ និង​ក្លោងទ្វារ​ទីក្រុង ។

មិន​មែន​សុទ្ធ​តែ​ស្ដេច​ទេ​ដែល​មាន​អំណាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ព្រះ​ពី​កាល​ដែល​នៅ​រស់ ហើយ​ឡើង​ទៅ​ជា​ព្រះ​នៅ​វេលា​ដែល​រំលត់​ខន្ធ​ទៅ ។ មហាក្សត្រ​មាន​អំណាច​ម្យ៉ាង​ដើម្បី​នឹង​តាំង​ព្រះ ហើយ​អាច​នឹង​តម្កើង​នូវ​ព្រះ​បិតា​មាតា ព្រះ​បរម​វង្សានុវង្ស ព្រះ​រាជគ្រូ ឬ​មនុស្ស​ដែល​គាប់​ព្រះ​រាជហឫទ័យ​ដោយ​ធ្វើ​ជា​រូប​តំណាង​ឡើង យក​រូប​ព្រះ​ឥសូរ ព្រះ​នារាយណ៍​ ព្រះ​លោកកេស្វរៈ​ ពោធិសត្វ ឬ​ក៏​រូប​ទេវកញ្ញា​ណា​មួយ​មក​ជា​ជំនួស​ដោយ​តាំង​ឈ្មោះ​រូប​នោះ​ឡើង យក​ឈ្មោះ​ធម្មតា​របស់​មនុស្ស​ និង​ឈ្មោះ​ព្រះ​មក​ភ្ជាប់​ជា​មួយ​តាម​ដែល​តាំង​ជា​ព្រះ​ណាៗ ។

ដើម្បី​នឹង​តម្កល់​ព្រះ​រូប​អស់​នេះ ហើយ​ដែល​គេ​បាន​សាង​ប្រាសាទ​ទាំង​ប៉ុន្មាន ដែល​ដក​យក​ឈ្មោះ​ខ្លះ​មក​រាប់​ជូន​ដូច​មាន​ខាង​ក្រោយ​គឺ​ប្រាសាទ​បាគោ លលៃ ប្រែរូប មេបុណ្យ តាព្រហ្ម និង​បន្ទាយឆ្មារ ប្រាសាទ​ទាំង​នេះ​សុទ្ធ​តែ​សាង​សម្រាប់​ឈាបនកិច្ច​ទាំង​អស់ គឺ​ជា​ឋានសួគ៌​ក្នុង​មនុស្ស​លោក ដែល​មហាក្សត្រ​ត្រូវ​ធ្វើ​បុណ្យ​គោរព​ព្រះបិតរ ឬ​ដែល​ហៅ​សព្វ​ថ្ងៃ​ថា​ថ្វាយ​ព្រះបិតរ ។

ឃើញ​ថា​ជា​ការ​ភាន់​ច្រឡំ​ធំ​ណាស់​ដែល​ប្រកាន់​ជឿ​ថា​ប្រាសាទ​ធំៗ​ក្នុង​ស្រុក​ខ្មែរ ជា​កន្លែង​ដែល​តម្កល់​សាសនា​សម្រាប់​សាធារណជន ។ ដែល​មាន​បើក​ឲ្យ​សាធារណជន​ចូល​ទៅ​ធ្វើ​សការបូជា​ម្ដងៗ​ក្នុង​ទីទាំង​នោះ មិន​មែន​ជា​ទៅ​ធ្វើ​សក្ការបូជា​ចំពោះ​ព្រះ​ណា​មួយ​របស់​ក្លឹង​ឡើយ គឺ​ប្រាកដ​ជា​ទៅ​សំពះ​គោរព​ដល់​មហាក្សត្រ ឬ​ព្រះ​រាជវង្សានុវង្ស ដែល​តាំង​លើក​ជា​ព្រះ​ណា​មួយ​ដោយ​ពិត ។

ភាព​ទំនង​របស់​ប្រាសាទ​ទាំង​ឡាយ​នេះ ធ្វើ​ឲ្យ​ឃើញ​នូវ​បែប​គំរូ​រចនា ។ ព្រះ​របស់​ស្រុក​ឥណ្ឌា​ទ្រង់​គង់​នៅ​លើ​កំពូល​ប្រាសាទ​ទាំង​ឡាយ ហើយ​ព្រះអង្គ​យាង​ចុះ​ឡើង​ដោយ​ប្រាសាទ​អណ្ដែត ។ កំពូល​ប្រាសាទ​ជា​ច្រើន​ជ្រុង​ដែល​ស្រួច​ឡើង​នោះ​គឺ​ធ្វើ​តំណាង​ភ្នំ ។ បើ​កាល​ណា​មិន​បាន​ធ្វើ​ជា​កំពូល​ស្រួច​ដូច្នេះ គេ​ធ្វើ​ទី​អាសនៈ ៥​រៀង​គ្នា​ មួយ​នៅ​កណ្ដាល ៤​អម​ជុំវិញ ដើម្បី​តំណាង​ភ្នំមេរុ ។ សម្រាប់​ប្រាសាទ​អណ្ដែត​វិញ​នោះ គេ​គ្រាន់​តែ​រចនា​ខឿន​ក្រោម​ជា​រូប​គ្រុឌ​ប្រឹង​ចំអេង​ទ្រ​ដើម្បី​ឲ្យ​បាន​ងាយ​យល់​នៅ​វេលា​ដែល​មើល​ទៅ​ឃើញ ។ ប៉ុន្តែ​បែប​គំរូ​រចនា​ខ្មែរ​ជាន់​ដើម​នោះ មិន​បាន​និយម​ទៅ​តាម​យោបល់​ដែល​មាន​ទំនង​ងាយ​ធម្មតា​នេះ​ទេ ។ ត្រង់​នេះ​លោក​មុស​បាន​អធិប្បាយ​ពន្យល់​ហើយ​ថា​កំផែង​ក្រុង​ និង​ស្នាម​ភ្លោះ ដែល​អម​កំផែង​ទាំង​ប៉ុន្មាន​នោះ គឺ​ធ្វើ​តំណាង​កំពែង​លោកធាតុ​ទាំង​មូល​ និង​តំណាង​មហាសមុទ្រ​ដែល​អម​ជុំវិញ​លោកធាតុ​នោះ​ ហើយ​នៅ​ប្រាសាទ​អង្គរធំ​បែប​គំរូ​រចនា​នេះ​រិត​តែ​ច្បាស់​ទៅ​ទៀត ដោយ​ចម្លាក់​ដែល​រចនា​ស្ពាន​ដែល​ឆ្លង​កាត់​ស្នាម​ភ្លោះ គឺ​មាន​យក្ខ​មុខ​ញញឹម​ម្ខាង ​ហើយ​មុខ​សំញើញ​ម្ខាង​ទៀត​ ទ្រ​នូវ​នាគ​យ៉ាង​ធំ​ រូប​ទាំង​នេះ​មិន​គឺ​អ្វី គឺ​ជា​ទេវតា​ និង​អសុរ​កំពុង​តែ​កូរ​សមុទ្រ​ទឹក​ដោះ ដើម្បី​នឹង​សម្រាំង​យក​នូវ​ទឹក​សុរាម្រឹត ។

នៅ​មាន​ប្លែក​ទៅ​ទៀត គឺ​ប្រាសាទ​នាគព័ន្ធ​សង់​នៅ​ឰដ៏​កណ្ដាល​ស្រះ​ធំ​មួយ​ ប្រាសាទ​នោះ​មាន​ដើម​ត្រាង​មួយ​ដើម​ដុះ​ចំ​ពី​លើ​ មាន​ឫស​ចាក់​ព័ទ្ធ​ប្រាសាទ​ទាំង​មូល ។ ស្រះ​នោះ​ធ្វើ​ជា​តំណាង​ស្រះ​មួយ​ធំ​ដែល​រឿងរ៉ាវ​មាន​ពោល​ថា​នៅ​លើ​ភ្នំ​ហិមាល័យ​ ហើយ​ដែល​មាន​ផ្លូវ​ទឹក​ហូរ​ចុះ​ពី​មុំ​ទាំង​បួន​របស់​ស្រះ​នោះ​មក​គឺ​ចេញ​ពី​មាត់​រាជសីហ៍ មាត់​ដំរី មាត់​សេះ និង​មាត់​គោ ។

ចំពោះ​នឹង​ក្រុម​រាជការ​ខ្មែរ​ជាន់​ដើម ប្រាសាទ​ទាំង​នេះ​ធ្វើ​ឲ្យ​ឃើញ​នូវ​យោបល់​យ៉ាង​ជ្រៅ​ទូលាយ​នៃ​ក្បួន​វេទ​របស់​ក្លឹង​ ប៉ុន្តែ​ចំពោះ​នឹង​បណ្ដា​អ្នក​ស្រុក​ដែល​ជា​អ្នក​កសាង​យក​ញើស​តាង​ទឹក​វិញ ចំពោះ​នឹង​ប្រជុំ​មនុស្ស​យ៉ាង​ច្រើន​ដែល​បាន​លើក​ថ្ម​បន្តុប​គរ​តម្រួត​គ្នា​ឡើង​វិញ​នោះ បើ​ថា​ឲ្យ​ចំ​តើ​ប្រាសាទ​ទាំង​នេះ​ជា​ការ​តំណាង​អ្វី ? គឺ​ជា​តំណាង​ការ​ត្រូវ​រើស​ខ្លួន ការ​ជាប់​កំណែន ការ​ជំពាក់​សួយ ប៉ុន្តែ​ឯ​ការ​ដែល​គេ​ហៅ​ថា «សេចក្ដី​ជ្រះ​ថ្លា​ក្នុង​ព្រះ​សាសនា» នោះ​ទំនង​ជា​មាន​តិច​ណាស់​ ព្រោះ​សេចក្ដី​ជ្រះ​ថ្លា​នេះ​ដូចជា​ទើប​នឹង​មាន​ដល់​សាធារណជន​ក្នុង​អំឡុង​គ្រិស្ដសករាជ​១៤០០ ក្នុង​ព្រះ​ពុទ្ធ​សាសនា​ពី​លង្កា​ដែល​ចូល​មក​នៅ​វេលា​ដែល​កង​ទ័ព​សៀម​កម្ចាត់​របៀប​រាជការ​ចេញ​បង់ ។ ដើម្បី​នឹង​បញ្ជប់​សេចក្ដី ខ្ញុំ​សូម​មើល​សេចក្ដី​អធិប្បាយ​មួយ​ទំព័រ​របស់​លោក​ហ្វីណូត៍​ជូន​អស់​លោក​ស្ដាប់​ដូច​មាន​ខាង​ក្រោយ​នេះ ។

តាំង​អំពី​វេលា​ដែល​ផុត​រលត់​ពួក​អ្នក​មាន​អំណាច​ទាំង​នេះ​ទៅ ដែល​ស្រុក​ខ្មែរ​ឈប់​លែង​កសាង​ប្រាសាទ​ជា​ថ្មី​ទៀត​ ផុត​មាន​អក្សរ​ចារឹក និង​ភ្លេច​ភាសា​សំស្រ្កឹត​អស់ ។ ចំណែក​ខាង​ពួក​សាធារណជន​វិញ មិន​ឃើញ​មាន​ភស្ដុតាង​អ្វី​បញ្ជាក់​ឲ្យ​ឃើញ​ថា បាន​ធ្វើ​ការ​សង​សឹក​ដល់​ប្រទេស​ដែល​មក​លុក​លុយ​ញាំញី​ឡើយ មើល​ទៅ​ហាក់​ដូច​ជា​មាន​សេចក្ដី​សោមនស្ស​ និង​ការ​លុក​លុយ​ញាំញី​នេះ ថា​ជា​ការ​ផុត​រលត់​ទុក្ខ​វិញ​ផង ។ ប្រសិន​បើ​យើង​យក​រឿង​នេះ​មក​គិត​ថា បណ្ដា​រាស្រ្ត​ទាំង​អស់​គ្នា​មិន​គ្រាន់​តែ​ជាប់​កំណែន​មក​ធ្វើ​ការ​ដ៏​ធំ​នេះ ដែល​ជា​ទី​ឆ្ងល់​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ឡើយ គឺ​ថែម​ទាំង​ជាប់​កិច្ច​នឹង​ថែរក្សា​ ផ្គត់ផ្គង់ នូវ​ប្រាសាទ​ដែល​រាយ​ដេរដាស​លើ​ដី​ស្រុក​ខ្មែរ​នេះ​ផង​ ដូច​ជា​ក្នុង​ស្រុក​បារាំង​កាល​រវាង​ឆ្នាំ​១១០០ នោះ ក៏​ដេរ​ដាស​ទៅ​ដោយ​វិហារស្ថាន​ដូច​គ្នា​ដែរ គិត​ឃើញ​ដូច្នេះ​ហើយ​យើង​មិន​បាច់​សង្ស័យ​អ្វី​ទេ​ថា​តែ​ធ្វើ​ដូច្នេះ​តែ​ពី ២-៣​រយ​ឆ្នាំ​ទៅ អ្នក​ស្រុក​ក៏​នឹង​ធ្លាក់​ទៅ​ជា​អ្នក​ក្រ​ខ្សត់​ដុន​ដាប​គ្រប់​គ្នា​ទាំង​អស់ ។

ឯ​ចំណែក​អ្នក​ដែល​មាន​ជ័យជម្នះ ក៏​បាន​រង្វាន់​មក​សង​អ្នក​ដែល​បរាជ័យ​វិញ​យ៉ាង​ប្រសើរ គឺ​បាន​នាំ​សាសនា​យ៉ាង​ស្លូត​សូភាព​មក​ឲ្យ ជា​សាសនា​ដែល​មាន​ធម៌​អាថ៌​ក្រិត្យវិន័យ​ត្រូវ​ចំណុច​របស់​អ្នក​ស្រុក​ដែល​អស់​កម្លាំង និង​ដែល​ថយ​ធ្លាក់​យស ជា​សាសនា​ដែល​មាន​សេចក្ដី​សំចៃ​មិន​ខ្ជះ​ខ្ជាយ ហើយ​ដែល​លោក​ដែល​អ្នក​ទ្រទ្រង់​នូវ​ធម៌​វិន័យ​តាំង​ខ្លួន​ជា​អ្នក​ក្រខ្សត់ សោមនស្ស​នឹង​ខ្ទម​ដំបូល​ស្បូវ និង​បាយ​មួយ​វែក​ប៉ុណ្ណេះ ជា​សាសនា​ដែល​មាន​ធម៌​សប្បុរស មាន​លក្ខណៈ​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​បាន​សេចក្ដី​សុខ​ និង​ឲ្យ​បាន​សេចក្ដី​ក្សេមក្សាន្ត​ក្នុង​គ្រួសារ ។ គេ​អាច​នឹង​ជឿ​បាន​ថា​ អ្នក​ស្រុក​ខ្មែរ​ព្រម​ទទួល​យក​សាសនា​នេះ​ដោយ​ឥត​រួញរា ហើយ​ក៏​បោះ​បង់​ចោល​នូវ​ជ័យជម្នះ​ចេញ​ដោយ​សេចក្ដី​ពេញ​ចិត្ត ៕

កំណត់ៈ នៅ​ក្នុង​អត្ថបទ​ខាងលើ​នេះ ខ្ញុំ​បាន​កែសម្រួល​ជា​អក្ខរាវិរុទ្ធ​សម័យ​បច្ចុប្បន្ន​តាម​វចនានុក្រម​ផ្លូវការ ប្រសិនបើ​តាម​អត្ថបទ​ដើម អក្ខរាវិរុទ្ធ​មាន​លំនាំ​ជា​សម័យ​កណ្ដាល មាន​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០០៩ ។

អត្ថបទពេញនិយម ៖ វិវត្តន៍ចម្លាក់ខ្មែរ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *