ស្រលាញ់ឡានពេក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ស្រលាញ់ឡានពេក – កំណាព្យខ្មែរ | ||
១ | ស្រឡាញ់ឡានពេកដេកសម្លឹង | ពេញចិត្តស្និទ្ធស្លឹងតែឡានថ្មី |
ភ្លេចប្រពន្ធកូនមិនចេញស្តី | ស្នេហ៍ស្និទ្ធឡានថ្មីមិត្តកល្យាណ ។ | |
២ | ឈប់ចតសព្វទីឈររំពៃ | ពេញចិត្តមមៃប្រៀបមិនបាន |
ខ្លាចក្រែងកោសកិតដាច់ថ្នាំឡាន | ចង់ឱ្យសុខសាន្តសមប្រាថ្នា ។ | |
៣ | ថ្ងៃឈប់សម្រាកពីការងារ | នាំកូនភរិយារួមគ្រួសារ |
ទៅភូមិកំណើតជួបយាយតា | ពុកម៉ែកុងម៉ាលម្ហែកាយ ។ | |
៤ | ដល់ភូមិកំណើតឈប់ឡានចត | ក្មេងពេញចំណតមកសប្បាយ |
ស្ទុះស្ទាបតែឡានមកពីឆ្ងាយ | ម្ចាស់សែនខ្វល់ខ្វាយស្តាយឡានថ្មី ។ | |
៥ | ក្មេងខ្លះស្ទុះទៅកាន់កញ្ចក់ | ខ្លះហត់ដង្ហក់ផ្អែកធ្វើហី |
ខ្លះគោះតូកៗថាឡានថ្មី | ខ្លះមើលកៅអីថាអស្ចារ្យ ។ | |
៦ | ម្ចាស់ទ្រឹងធ្មឹងគិតព្រួយបារម្ភ | ស្រងាកសម្ងំភ្លេចយាយតា |
ភ្លេចបងភ្លេចប្អូនភ្លេចញាតិសា | ពុកម៉ែកុងម៉ាភ្លេចទាំងអស់ ។ | |
៧ | ភ្លេចសួរសុខទុក្ខភ្លេចចេញស្តី | ភ្លេចអស់អ្វីៗមិនសល់សោះ |
អារម្មណ៍ផ្តោតលើឡានទាំងអស់ | ភ្លេចភ្លាំងក្ស័យខ្សោះស្រឡាញ់ពេក ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្រលាញ់ពេក – កំណាព្យខ្មែរ