សេ្នហា – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ស្នេហា – កំណាព្យខ្មែរ | ||
១ | កូនស្នេហ៍ចម្បងគឺពុកម៉ែ | កតញ្ញូថែអ្នកមានគុណ |
ត្រងត្រាប់រៀនសូត្រទុកជាទុន | គ្រូដើមគេមុនគឺមេបា ។ | |
២ | ស្នេហ៍ដូនស្នេហ៍តាស្នេហ៍ផៅពង្ស | ស្នេហ៍ពិតទ្រទ្រង់ស្ទួយញាតិសា |
កេរ្តិ៍គាប់ត្រកូលរួមរក្សា | ប្រឹងសាងអាត្មាឱ្យខ្ពង់ខ្ពស់ ។ | |
៣ | ស្នេហ៍យុវវ័យមិត្តស្រីប្រុស | ស្នេហ៍ត្រូវមិនខុសស្នេហ៍មានយស |
ស្នេហាបាបមិត្តខូចកេរ្តិ៍ឈ្មោះ | ចង់បានខ្ពង់ខ្ពស់ស្នេហ៍មិត្តល្អ ។ | |
៤ | ស្នេហ៍មានវិន័យថ្លៃមេបា | ចូលស្តីរៀបការកូនបវរ |
គោរពទំនៀមដោយស្មោះសរ | ឈ្មោះថាកូនល្អពិតស្នេហា ។ | |
៥ | ស្នេហ៍ល្បួងលួងលោមប្រលោមស្និទ្ធ | ឆបោកកៀកកិតដោយតណ្ហា |
បំពានទំនៀមច្បាប់ខេមរា | ខុសច្បាប់មាត្រាស្នេហ៍មិនពិត ។ | |
ស្នេហ៍ស្និទ្ធពិតស្មោះមានមង្គល | ស្នេហ៍ល្មើសអំពល់ខ្វល់គំនិត | |
ប្រសិនសាងស្នេហ៍សូមស្នេហ៍ពិត | មុនស្នេហ៍សូមគិតដល់មេបា ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ រសជាតិជីវិត – កំណាព្យខ្មែរ