រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកអូរច្រឡង់ ឃុំអូរប្ញស្សីកណ្តាល ស្រុកសៀមបូកស្ថិតនៅភាគខាងត្បូងចម្ងាយប្រហែលជិត៣០គីឡូម៉ែត្រពីទីរួម ខេត្តស្ទឹងត្រែង ។ ទីនោះជាតំបន់ទេសចរណ៍ដ៏ចាប់អារម្មណ៍មួយក្នុងចំណោមទីតាំងផ្សេងទៀតរបស់ខេត្តនេះ។យើងអាចធ្វើដំណើរទៅកម្សាន្តនៅកណ្តាលព្រៃធម្មជាតិដ៏ស្រស់ស្អាត ងូតទឹកត្រជាក់និងស្តាប់សម្លេងសត្វយំមានអារម្មណ៍ស្រស់ស្រាយបាត់ទុក្ខកង្វល់អ្វីទាំងអស់។ រីឯតម្លៃលក់ដូរ របស់សហគមន៍នៅទីនោះក៏មិនជាថ្លៃប៉ុន្មានដែរ។
អ្នកស្ទឹងត្រែងចាត់ទុក រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ឃុំអូរប្ញស្សីកណ្តាលថាជាកន្លែងដ៏ស្រស់ស្អាតគ្រប់រដូវកាលខណៈកន្លែងកំសាន្តផ្សេងៗទៀត នៅតាមដងទន្លេត្រូវទឹកលិចបាត់អស់ទៅហើយ។
ចង់ទៅទីនោះយើងអាចដំណើរពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ៧អាឆ្ពោះទៅជាប់ព្រំប្រទល់ខេត្តក្រចេះ។ពេលទៅដល់នឹងមានខ្លោងទ្វារមួយ មានចម្ងាយ ប្រហែល៧០០ម៉ែត្រទើបដល់រមណីយដ្ឋាន។
ភ្ញៀវទេសចរម្នាក់មកពីខេត្តសៀមរាបបានរៀបរាប់ថា ដោយសារតែកន្លែងកម្សន្តទឹកអូរច្រឡង់របស់សហគមន៍អេកូទេសចរធម្មជាតិ ឃុំអូរប្ញស្សីកណ្តាល មានដើមឈើទេសភាពស្រស់ស្រស់ស្អាត ទឹកត្រជាក់អាចងូតលេងបានទើបធ្វើឱ្យនាងនាំមិត្តភក្តិទៅកម្សាន្តនៅទីនោះ។ទីនោះគឺជាលើកដំបូងសម្រាប់នាងបានទៅលេងហើយសប្បាយរីករាយដូវគេល្បីតៗគ្នាមែន។មានតែកន្លែងមួយនេះទេផ្តល់ភាពរីករាយសម្រាប់ភ្ញៀវទេសចរគ្រប់គ្នាបើសិនជាបានមកដល់ខេត្តស្ទឹងត្រែង។
សភាពទូទៅទឹកអូរមួយយ៉ាងវែងហូរខួបប្រាំងខួបវស្សាទើបអ្នកស្រុកដាក់ឈ្មោះអូរច្រឡង់។អូរប្ញស្សីកណ្តាលគឺជាឃុំមួយរបស់ស្រុកសៀមបូកខេត្តស្ទឹងត្រែង។ដោយមានការផ្តើមគំនិតពីមន្ទីរទេសចរណ៍សហការជាមួយអង្គការម្លប់បៃតងអាជ្ញាធរនិងសហគមន៍នៅទីនោះក៏បង្កើតឱ្យមានជារមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិអូរប្ញស្សកណ្តាលតាំងពីឆ្នាំ២០០៧។សហគមន៍នេះក៏បានដំណើរការរហូតមកមកដល់សព្វថ្ងៃ។
អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ