រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ ៖ ខេត្ត មណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលជាតំបន់ដីក្រហម ហើយក៏ជាខេត្តមួយ ដែលមានធនធានធម្មជាតិ កំណត់រ៉ែមាស ត្បូង៘ មណ្ឌលគិរី សំបូរជាពិសេសព្រៃឈើ ដែលមានតម្លៃ សត្វព្រៃដ៏ច្រើនប្រភេទ និងបន្សល់នូវពូជសត្វដំរីជាច្រើនក្បាលផងដែរ។
នៅមុននៅឆ្នាំ១៩៦០ ខេត្តមណ្ឌលគិរីជាផ្នែកមួយរបស់ខេត្តក្រចេះ តែក្រោយមកសម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះទ័យ កាត់ចេញពីខេត្តក្រចេះ និងដាក់ឈ្មោះថា ខេត្តមណ្ឌលគិរី។
ខេត្តមណ្ឌលគិរី មានចម្ងាយ ៣៨០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងជើង ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ខាងកើត និងខាងត្បូង ជាប់នឹងប្រទេសវៀតណាម និងប៉ែកខាងលិចខេត្តមណ្ឌលគិរី ជាប់នឹងខេត្តក្រចេះ។
មណ្ឌលគិរីជាខេត្តដែលមានភ្នំច្រើន តែមានប្រជាពលរដ្ឋរស់នៅតិច។ ខេត្តនេះ មានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋចំនួន ៦០.៨១១ នាក់ ដែលរួមមាន ១៤ជាតិសាសន៍ គឺ ២០ភាគរយ ជាជនជាតិខ្មែរ និង ៨០ ភាគរយជាជនជាតិភាគតិច។
ខេត្តមណ្ឌលគិរី ចែកចេញជា ៥ស្រុក គឺស្រុកសែនមនោរម្យ កែវសីមា កោះញែក អូររាំង និងស្រុកពេជជ្រដា។ ទាំង៥ ស្រុកនោះ មានតែ ២១ ឃុំប៉ុណ្ណោះ។ ចំណែកជនជាតិភាគតិច រួមមាន៖ ព្នង, ស្ទៀង, កួយ, ទំពួន, ចារាយ, ក្រោល, គ្រឹង, រ៉ាអុង, ថ្មូន, ចាម, ចិន, វៀតណាម និងលាវ។
ខេត្តមណ្ឌលគិរី មានកម្ពស់ជាមធ្យម ៨០០ ម៉ែត្រ ធាតុអាកាសក្តៅ ល្មមនៅពេលថ្ងៃ និងត្រជាក់នៅពេលយប់។
ក្នុងខេត្តមណ្ឌលគិរីនេះ មានអំណោយផលពិសេសលើតំបន់រមណីយដ្ឋានយ៉ាងខ្លាំង ដែលអាចស្រូបភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានយ៉ាងក្រាស់ក្រែល ក្នុងមួយឆ្នាំៗ។
រមណីយដ្ឋានទាំងនោះមានដូចជា៖ ទឹកជ្រោះប៊ូស្រា, រមណីយដ្ឋានទឹកជ្រោះអូឆ្វេង, រមណីយដ្ឋានទឹកជ្រោះរមនោរម្យ ហៅដំណាក់ស្តេច, រមណីយដ្ឋានទឹកជ្រោះលេកប៉ូកប្រះ, រមណីយដ្ឋានដីអេ, រមណីយដ្ឋានទឹកជ្រោះលែងឃិន, រមណីយដ្ឋានទឹកជ្រោះអូរតឹងឡឹង, រមណីយដ្ឋានជ្រៃយូស, រមណីយដ្ឋានយោគស្រុះផ្លំ ឬភ្នំដោះក្រមុំ, រមណីយដ្ឋានទឹកជ្រោះឡែងតៅ, ព្រៃការពារមណ្ឌលគិរី, តំបន់ជុំសត្វព្រៃភ្នំព្រេច, ដែនជម្រកសត្វព្រៃភ្នំណាំលៀ, ភូមិពូលូង, រមណីយដ្ឋានកោះញែក, រមណីយដ្ឋានទឹកជ្រោះរមនា ១ និងរមណីយដ្ឋានទឹកជ្រោះរមនា ២។
ជាមួយតំបន់រមណីយដ្ឋានជាច្រើនខាងលើនេះ ក្នុងនោះមានរមណីដ្ឋានទឹកជ្រោះរមនា ១ ស្ថិតនៅភូមិពូទ្រ ឃុំសែនមនោរម្យ ស្រុកអូររាំង មានចម្ងាយ ១៧ គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយធ្វើដំណើរតាមផ្លូវលំ។ រមណីដ្ឋានទឹកជ្រោះរមនា ១ មានល្បាក់ទឹកធ្លាក់កម្ពស់ ៥ ម៉ែត្រ មុខកាត់ទទឹង ១០ ម៉ែត្រ នៅរដូវវស្សា និងវដូវប្រាំងទឹកមានកម្ពស់ ៦ ម៉ែត្រ មុខកាត់ទទឹង ៨ ម៉ែត្រតែប៉ុណ្ណោះ។ នៅទីនោះ មានទឹកជ្រោះធម្មជាតិ ព្រៃភ្នំ ខ្យល់អាកាសល្អ និងមានភ្នំជាច្រើន ។ ទឹកនេះ ហូរជាល្បាក់ជម្រាល ផ្នែកខាងក្រោមមានអាងស្តុកទឹកយ៉ាងធំដែលអាចហែលងូតលេង។
ភ្ជាប់ ពីរមណីដ្ឋានទឹកជ្រោះរមនា ១ យើងធ្វើដំណើរទៅរមណីដ្ឋានទឹកជ្រោះរមនា ២ ស្ថិតនៅភូមិពូរ៉ាង ឃុំ-ស្រុកជាមួយគ្នា ។ ធ្វើដំណើរតាមផ្លូវលេខ៧៦ មានចម្ងាយផ្លូវ១២ គីឡូម៉ែត្រពីទីរួមខេត្ត មានប្រជាពលរដ្ឋចំនួន ១០៨ គ្រួសារ ប្រកបមុខរបរចម្បង គឺធ្វើចម្ការ ។
ចំណុចទាក់ទាញចម្បងរបស់រមណីយដ្ឋានទឹកជ្រោះរមនា ២ មានទឹកជ្រោះធម្មជាតិ ភ្នំ ខ្យល់អាកាសល្អ និង មានភ្នំជាច្រើន។ ទឹកជ្រោះរមនា ២ មានល្បាក់ទឹកធា្លក់កម្ពស់ ៣ ម៉ែត្រ និងមុខកាត់ទទឹង ១០ ម៉ែត្រនៅរដូវវស្សា និងរដូវប្រាំងមុខកាត់ទទឹង ៦ ម៉ែត្រ។ ទឹកហូរជាល្បាក់ជម្រាល ផ្នែកខាងក្រោមមានអាងស្តុកទឹកយ៉ាងធំដែលអាចហែលងូតលេង ។ ក្រៅពីមានទឹកធ្លាក់ នៅតំបន់នេះមានដើមឈើធំៗ ដែលជាម្លប់យ៉ាងត្រជាក់ ។
អត្ថបទពេញនិយមបន្ទាប់ ៖ រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ