ភ្នំហាន់ជ័យ – ប្រសាទបុរាណ ៖ រមណីយដ្ឋានភ្នំហាន់ជ័យ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម មានចម្ងាយ២០គីឡូ ម៉ែត្រ ពីក្រុងកំពង់ចាម។ នៅលើភ្នំមានប្រាសាទបុរាណ និងសមិទ្ធផលជាច្រើនទាក់ទាញភ្ញៀវជាតិអន្តរជាតិទៅកម្សាន្ត ។
លោកជួន សុផាត ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ឲ្យដឹងកាលពេល ថ្មីៗកន្លងមកថា ភ្នំហាន់ជ័យស្ថិតនៅប្របតាមបណ្តោយទន្លេមេគង្គ មានកម្ពស់់៦៣ម៉ែត្រ ដោយតាមចង្កេះភ្នំមានដើមឈើតូចធំបានដុះចោលម្លប់ ហើយក៏មានប្រាសាទបុរាណចំនួន៣ ដែលបានកសាងដោយបុព្វបុរសជំនាន់ដើមបន្សល់ទុកមកដល់សព្វថ្ងៃនេះ ក្នុងនោះមានខ្លះចាស់ទ្រុឌទ្រោមដែលតម្រូវឲ្យមានការជួសជុលជាបន្ទាន់ ។
យោងតាមសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តកំពង់ចាម រៀបរាប់ថា នៅលើភ្នំហាន់ជ័យមានព្រះវិហារ និងប្រាសាទគុកខាងត្បូង ដែលបានស្ថាបនាឡើងអំពីឥដ្ឋតាន់បុរាណ ដែលមានទំហំ៧ម៉ែត្របួនជ្រុង និងកម្ពស់១២ម៉ែត្រ កសាងឡើងក្នុងសតវត្សទី៧ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១ បច្ចុប្បន្នប្រាសាទនេះមានលក្ខណៈទ្រុឌទ្រោមទៅហើយ ។ ក្នុងចំណោមប្រាសាទឥដ្ឋ និងថ្មជាច្រើនដែលមិនអាចកំណត់ចំនួនឲ្យបានប្រាកដមានប្រាសាទតែ៣ទេ ដែលរក្សារូបរាងល្អប្រសើរស្ថិតនៅក្នុងបរិវេណវត្តហាន់ជ័យ បច្ចុប្បន្ន ។
ក្រៅពីនេះគេសង្កេតឃើញតែតួប្រាសាទ និងគ្រឹះឥដ្ឋនៃសំណង់ប្រាសាទបុរាណតែប៉ុណ្ណោះ ។ ក្រុមប្រាសាទទាំងនោះត្រូវបានកសាងឡើង ក្នុងអន្តរកាលសម័យនគរភ្នំនិងចេនឡា ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួសជុលប្រាសាទហាន់ជ័យខាងជើងហៅប្រាសាទគុកព្រះធាតុនៅឆ្នាំ១៩៩៤ ។
១-ប្រាសាទហាន់ជ័យខាងលើ(ប្រាង្គទី១)ហៅប្រាសាទគុកព្រះធាតុប្រាសាទហាន់ជ័យហៅថាគុកខាងជើង ឬគុកព្រះធាតុនិងអ្នកខ្លះហៅថាប្រាសាទនាងខ្មៅត្រូវបានកសាងឡើង នៅក្បែរដងទន្លេមេគង្គនៅលើចង្កេះភ្នំហាន់ជ័យ។ ដោយសារបូជនីយដ្ឋានដ៏សំខាន់នេះមានលក្ខណៈស្រដៀងនឹងប្រាសាទអាស្រមមហាឥសីនៅស្រុកអង្គរបុរីខេត្តតាកែវក្នុងសម័យកាលនគរភ្នំ ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជួសជុលវិមានប្រវត្តិសាស្ត្រនេះតាមរបៀប anaslylose ដោយចុះលេខរៀងថ្ម នីមួយៗ នៃប្រាសាទ ហើយផ្គុំរៀបឡើងវិញឲ្យដូចដើម ។ ប្រាសាទដ៏ល្អវិចិត្រនេះបែរមុខទៅទិសខាងកើត ហើយមានទ្រង់ទ្រាយដូចប្រាសាទអាស្រមមហាឥសីដែលស្ថិតនៅលើភ្នំដា ក្នុងខេត្តតាកែវ សាងសង់ឡើងក្នុងសម័យអន្តរកាលរវាងនគរភ្នំ និងចេនឡាសតវត្សទី៦នៃគ្រឹស្តសករាជ ។
បើតាមការអះអាងរបស់ចាស់ទុំថា ផ្ទៃខាងក្នុងប្រាសាទគ្មានការតុបតែងអ្វីឡើយ ក្រៅពីរូបចម្លាក់តំណាងព្រះនាងឧម៉ាឬនាងខ្មៅ និងសោមសូត្រសម្រាប់បង្ហូរទឹកមន្ត ។ ទ្រង់ទ្រាយដំបូលរាងកោង ជាថ្នាក់ៗ តួប្រាសាទត្រូវបានសាង់សង់លើខឿនមួយដ៏រឹងមាំដែលមាន៣ថ្នាក់ដោយថ្នាក់ នីមួយៗ មានរចនាជាក្បាច់អង្កែព័ន្ធជុំវិញទម្រង់មុខមនុស្សមានពាក់ក្រវិល ធំៗដូចនៅប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុកលេខN17 ខេត្តកំពង់ធំ ។ ផ្តែររបស់ប្រាសាទនេះមានរំលេចដោយក្បាច់រំយោលកម្រងផ្កានិងចំកណ្តាលមានឆ្លាក់ជាមេដាយ ដែលមានរូបជាផ្កា ។ រីឯនៅខាងផ្លែវិញលំអដោយសត្វម្ករ បែរមុខចូលទៅក្នុង ។
២-ប្រាសាទហាន់ជ័យ (ខាងជើង) ប្រាង្គទី២ការសិក្សាប្រៀបធៀបខាងស្ថាបត្យកម្មធ្វើឲ្យយើងដឹងថា ប្រាសាទហាន់ជ័យខាងជើងនេះតម្រូវបានសាងសង់ឡើងក្នុងសម័យកាលជាមួយគ្នា នឹងអាស្រមមហាឥសីនៅសម្បូរព្រៃគុក ។ ស្ថិតនៅខាងជើងនៃព្រះវិហារកូនប្រាសាទនេះមានរាងបន្ទប់តូចមួយធ្វើអំពីថ្មភក់ សម្រាប់តាបសឥសីសមាធិ ។ ដូចប្រាសាទហាន់ជ័យហៅគុកព្រះធាតុខាងជើងទី១ដែរ ប្រាសាទហាន់ជ័យទី២ បែរមុខទៅទិសខាងកើត ពោលគឺបែរមុខទៅរកទន្លេមេគង្គ ។ ថ្វីដ្បិតតែប្រាសាទនេះមានទំហំប្រមាណ២,១០ម៉ែត្របួនជ្រុងស្មើ ក៏ប៉ុន្តែមានរាងសមសួនសង្ហាអស្ចារ្យ ហើយគយគន់មិនឆ្អែតភ្នែកឡើយ ។ខ្លោងទ្វារខាងកើតជាគឺជាខ្លោងទ្វារតែមួយគត់ចូលទៅក្នុងប្រាសាទដ៏តូចនេះ ដែលមានលម្អដោយសសរពេជ្រមួយតួរាងមូលអមទាំងសងខាងនៃមាត់ទ្វារដែលទ្រក្បាច់ផ្ទៃមួយស្ថិតនៅពីលើធ្នឹម ។ ផ្តែរនេះតំណាងនូវការបង្កើតលោកក្នុងលទ្ធិព្រហ្មញ្ញសាសនា ។ នៅទីនេះក្បាច់ផ្តែរតុបតែងដោយចម្លាក់ព្រះវិស្ណុមួយអង្គ ផ្តុំលើនាគនៅចំកណ្តាលអមដោយមេដាយក្បាច់ផ្កាឈូកទាំងសងខាង ។ ក្នុងប្រព័ន្ធសាសនាបុរាណនាគរាជក្បាល៥តំណាងឲ្យទឹកនៃមហាសាគរ អ្វីដែលមានពិពណ៌នាក្នុងព្រះគម្ពីរបុរាណឥណ្ឌា ។
៣-ប្រាសាទហាន់ជ័យ ឬហៅប្រាសាទគុកខាងត្បូងបែរមុខទៅទិសខាងកើត ។ ប្រាសាទគុកខាងត្បូងធ្វើអំពីឥដ្ឋ ហើយមានកម្ពស់ប្រមាណ១៥ម៉ែត្រ ។ ប្រាសាទបុរេអង្គរនេះមានប្លង់រាងការ៉េដោយជ្រុង នីមួយៗមានប្រវែង៦,៤ម៉ែត្រ ។ ដូចប្រាសាទក្នុងកាលសម័យនោះដែរ ប្រាសាទរបស់យើងមានទ្វារ៤ តែមានទ្វារខាងកើតទេ ដែលជាទ្វារពិត ឯទ្វារបីទៀត គឺជាទ្វារបញ្ឆោត ។ ខ្លោងទ្វារនេះនៅសល់តែទ្វារទេ រីឯផ្តែរសសរពេជ្រត្រូវបានជនទុច្ចរិតលួចបាត់ទៅហើយ ។ស៊ុមទ្វារទាំងពីរនៅប្រាសាទហាន់ជ័យហៅប្រាសាទសិលាខាងត្បូង មានចារិកជាភាសាសំស្ត្រឹត ។ នៅស៊ុមទ្វារទាំងសងខាងជើងដែលមានកម្ពស់ស់១,១៩ម៉ែត្រ មានតួអក្សរសំស្ត្រឹត៣៥បន្ទាត់ និងខាងត្បូងកម្ពស់់០,៥០ម៉ែត្រ មានតែ១២បន្ទាត់ទេ ។ ខ្លឹមសារនៃសិលាចារិកនៅប្រាសាទហាន់ជ័យនេះ ត្រូវបានកបប្រែកាលពីដើមសតវត្សទី២០ ដែលរៀបរាប់ពីព្រឹត្តិការណ៍ក្នុងរជ្ជកាលរបស់ព្រះបាទភវរ្ម័នទី១ ពោលគឺស្ថិតក្នុងអំឡុងសតវត្សទី៦ និងទី៧ នៃគ្រឹស្តសករាជ ។
៤-ប្រាសាទឥដ្ឋនៅខាងត្បូងព្រះវិហារនៅខាងមុខព្រះវិហារយើងបានឃើញគំនរឥដ្ឋមួយ ដែលបង្ហាញបញ្ជាក់នូវទីតាំងនៃប្រាសាទឥដ្ឋចាស់មួយដែលរលំបាត់ទៅហើយ ក៏ប៉ុន្តែបានបន្សល់សសរពេជ្រមួយនាសម័យបុរេអង្គរដ៏ល្អស្អាត ។ វត្តមាននិងលក្ខណៈនៃរចនាបថរបស់សសរពេជ្រនេះធ្វើឲ្យយើងអាចកំណត់អាយុនៃបូជនីយដ្ឋានបាក់បែកនេះដែលស្ថិតនៅក្នុងរចនាសម្បូរព្រៃគុកយ៉ាងពិតប្រាកដ។
៥-ប្រាសាទអណ្តូងព្រេងនៅជ្រុងខាងកើតឆៀងខាងជើងព្រះវិហារ គេឃើញមានប្រាសាទឥដ្ឋមួយទៀត ដែលបានបាក់បែកខ្ទេចខ្ទាំនៅសល់តែគ្រឹះប្រាសាទ និងចំកណ្តាលអណ្តូងមួយដែលអ្នកជឿថាអណ្តូងព្រេងបុរាណ ។ចាស់ៗរស់នៅក្បែរភ្នំហាន់ជ័យជឿថានាសម័យបុរាណគេទម្លាក់ដូងទុំក្នុងអណ្តូងនេះ ដូងអណ្តែតចេញទៅក្នុងទន្លេមេគង្គ ។ តាមពិតទឹកដែលចេញពីអណ្តូងនេះមានប្រភពចេញពីដីសម្រាប់ប្រើប្រាស់ក្នុងពិធីកម្មសាសនាព្រាហ្មណ៍។ វត្តមានរបស់អណ្តូងចំកណ្តាលប្រាសាទ ជាសញ្ញាបង្ហាញនូវលក្ខណៈដ៏ពិសិដ្ឋរបស់ទេវស្ថាននេះដែ ។ តាមជំនឿអរូបីគេជឿថាភ្នំហាន់ជ័យ នេះជាកន្លែងសក្តិសិទ្ធិណាស់ ព្រោះជាលំនៅស្ថានរបស់ព្រលឹងដូនតាដែលថែរក្សាប្រាសាទបាក់បែកទាំងនោះ ។
លោកជួន សុផាត ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តថ្លែងថា ដោយមានការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌នោះបានបញ្ជូនក្រុមអ្នកបច្ចេកទេសទៅជួសជុលប្រាសាទបុរាណនៅលើភ្នំហាន់ជ័យ ដោយបានសង្គ្រោះប្រាសាទដែលចាស់ទ្រុឌទ្រោមរកកល់នឹងរលំ ក្នុងនោះបើមានកន្លែងណាដែលជ្រាបទឹកគឺត្រូវបិទកាវមិនឲ្យជ្រាបទឹក ។ នៅពេលដែលប្រាសាទបានជួសជុលរួចហើយនោះ អ្នករស់នៅក្នុងតំបន់ និងអ្នកចម្ងាយដែលទៅលេងនៅរមណីយដ្ឋាភ្នំហានជ័យត្រូវតែនាំគ្នាថែរក្សា ធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានយូរអង្វែងតទៅថ្ងៃខាងមុខទៀត » ៕
អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ