រឿងអាសុខស្លូតនិងអាសុខកាច – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានក្មេងប្រុស២នាក់ នៅភូមិជាមួយគ្នា មួយឈ្មោះអាសុខស្លូតមួយឈ្មោះអាសុខកាច ។ ឯអាសុខកាចចិត្តអាក្រក់ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា រកតែរឿងឈ្លោះជេរវាយគេមិនដែលខាន ។ ម្ដាយឪពុកអាសុខកាចនោះជាអ្នកគ្រាន់បើ មានស៊ី មានចាយ កាន់ជើងអាសុខកាចណាស់ បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសុខកាចពន់ពេក ។ ឯអាសុខស្លូតកំព្រាឥតមានមាតាបិតា មានតែជីដូនៗក៏ចាស់ជរា ក្រលំបាកពេកក្រៃ ។ អាសុខស្លូតនោះ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា ក្នុងភូមិនោះពុំដែលឈ្លោះប្រកែកដល់ម្ដងឡើយ ។ បណ្ដាជនក្នុងភូមិនោះ អាណិតស្រឡាញ់ ឲ្យចំណីស៊ីខុសអ្នកនេះ អ្នកនោះឲ្យ មិនដែលសល់ខាន, ម្ល៉ោះហើយអាសុខកាចនោះច្រណែនទាំងម៉ួរម៉ៅក្ដៅចិត្ត រឹតតែកាចឡើង ជេរវាយកូនគេឥតកោតញញើត, ចាស់និងចាស់ឈ្លោះគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួន ។ លុះអាសុខស្លូតនិងអាសុខកាចចំរើនអាយុធំឡើង អាសុខកាចបបួលអាសុខស្លូតថា វ៉ី យើងចង់នាំគ្នាទៅកាប់ឫស្សី លួសរនាប ត្បិតផ្ទះអាសុខស្លូតឯង បាក់ពុកអស់ហើយ ។ អាសុខស្លូតថា អញគ្មានប្រដាប់កាំបិត ឲ្យជាមុតមាំទេ ទាំងអង្ករ ត្រីសាច់ ថ្នាំជក់ក៏គ្មានផង ។ សព្វថ្ងៃរកបានព្រឹកខ្វះល្ងាច ។ អាសុខកាចថា កុំបាច់យកម្ហូបចំណី ថ្នាំជក់ កាំបិត គ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ ឯងមានតែខ្លួនចុះ ថាហើយក៏បណ្ដើរគ្នាទៅដល់ផ្ទះអាសុខស្លូត ហើយអាសុខស្លូតក៏និយាយប្រាប់ជីដូនថា បងសុខ គេបបួលខ្ញុំទៅកាប់ឫស្សីលួសរនាបប្រដាប់ប្រដា អាហារភោជន៍ នៅលើគេទាំងអស់ ខ្ញុំមានតែខ្លួនទេ ។ ជីដូនឃាត់ថា ចៅកុំទៅ ! ព្រៃឫស្សីនោះស្ងាត់ណាស់ ។ អាសុខថា មិនអីទេយាយ ! ផ្ទះយាយបាក់ពុកអស់ហើយ បានរនាបមកគ្រាន់នឹងជួសជុល កុំឲ្យផុងយាយ ! ។ ឯយាយផ្ដាំថា ចៅទៅ ក៏ទៅចុះ តែចៅមើលថែទាំប្អូនផង ។ អាសុខស្លូតអាសុខកាចវេចបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សី លួសរនាប ចេញទាំងពីរនាក់ទៅ ដល់ព្រៃឫស្សីកាប់បានហើយលួសរនាប ។ អាសុខកាចបានរនាបតិច អាសុខស្លូតបានរនាបច្រើន ហើយឈប់សម្រាកស៊ីបាយទាំងពីរនាក់ អង្គុយទល់មុខគ្នា, អាសុខកាចគិតថា ជីវិតអាឯង មុខជាស្លាប់នឹងដៃអញឥឡូវនេះ។ គិតហើយក៏ចាប់យកកាំបិតបន្ទោះចាក់ចំភ្នែកអាសុខស្លូតដែលកំពុង ស៊ីបាយ ។ អាសុខស្លូតស្រែកយំថា ហេតុដូម្ដេច ក៏មកចាក់ខ្ញុំ ? ។ អាសុខកាចឆ្លើយថា អាឯងរករបររបស់ឯង ហើយមកស៊ីបាយអញ ទាំងរនាបក៏បានច្រើនជាងអញទៀត ។ អាសុខស្លូតឆ្លើយថា កាលបងឯងបបួលខ្ញុំមកកាប់ឫស្សី លួសរនាប ខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេ, បងឯងធានាថា បាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមក, ឥឡូវបងឯងចង់យករនាបទាំងអស់ ក៏យកចុះ កុំតែសម្លាប់ខ្ញុំ ។ អាសុខកាចឆ្លើយថា អាឯងនេះមាត់រឹងណាស់ អាភាវនាទៅ ។ ថាហើយអាសុខកាច ក៏ចាប់កាំបិតបន្ទោះចាក់ភ្នែកអាសុខស្លូតម្ខាងទៀត ឈាមបាញ់ហូរស្រក់ជោកមុខ ជោកដើមទ្រូង ខ្វាក់ភ្នែកទាំងពីរ ឈឺចាប់ខ្លាំងណាស្ដាយជីវិតខ្លួនណាគិតដល់ជីដូនចាស់ជរា កំព្រានៅផ្ទះតែម្នាក់ឯង ។
អាសុខកាចថា អាឯងទៅ ឲ្យត្រីវាស៊ីទៅ ។ ថាហើយច្រានអាសុខស្លូតទៅជិតមាត់ស្ទឹង ហើយធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងកំពុងហូរ ដោយគិតថា អាសុខស្លូតមុខជាស្លាប់ហើយ ។ ក៏ប្រមូលរនាបទាំងអស់ ចងបាច់វិលមកផ្ទះ, ដាក់រនាបហើយហួសទៅនិយាយថ្លែងកុហកប្រាប់ជីដូនអាសុខស្លូតថា ចៅយាយឯងខ្លាខាំស្លាប់ទៅហើយ។
យាយឮអាសុខកាចប្រាប់ ថា ខ្លាខាំចៅស្លាប់ ក៏ទួញយំសោកបោកខ្លួនហៀបនឹងក្ស័យជីវិត ។ ឯអាសុខកាច រីករាយសប្បាយចិត្ត ហើយក៏ដើរលេងជិតៗផ្ទះដូចធម្មតា ដោយចិត្តក្លាហាន រកតែរឿងឈ្លោះនឹងគេ ។
តពីនេះ ដំណាលពីអាសុខស្លូត គ្រាដែលអាសុខកាច ចាក់ឆ្កៀលភ្នែកទាំងពីរខាងហើយវាធាក់ទម្លាក់ទឹកស្ទឹងកំពុងហូរទៅ នោះ, អាសុខស្លូត ហែលបណ្ដែតខ្លួនតាមខ្សែទឹកហូទៅ ក៏ភាវនារកពុទ្ធោៗពុំដាច់ពីមាត់ ។ គ្រានោះអ្នកតាមួយ មានមហិទ្ធីរឹទ្ធខ្លាំងពូកែណាស់ ដែលមានអាស្រម នៅក្នុងព្រៃរំលោងជិតមាត់ស្ទឹងនោះ, អ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រម អាចតំណែងជាមនុស្សបាន ។ ដល់ពេលឃ្លានអាហារ ក្រពើនោះ ក៏វាចុះមកក្នុងស្ទឹង ស្វែងរកអាហារ វាហែលច្រាសទឹក, ហែលទៅៗប្រទះនឹងអាសុខស្លូត ដែលកំពុងហែលបណ្ដែតខ្លួនតាមខ្សែទឹក ក្រពើលាន់មាត់ថា អៃយ៉ា ! លាភធំណាស់តើ ! អញមករកអាហារថ្ងៃនេះ ប្រទះបានមនុស្សស៊ី ។ ហើយប្រឹងស្ទុះហែលទៅជិតឮមាត់ថាពុទ្ធោៗក៏សង្ស័យក្នុងចិត្ត មើលទៅភ្នែកទាំងពីរ ឃើញធ្លុះរកប្រស្រីគ្មាន, ក្រពើគិតថា គួរអញយកទៅថ្វាយលោកតាអញៗ កុំស៊ីមនុស្សនេះ ។ ហើយក៏មុជកៀងអាសុខស្លូតឲ្យនៅពីលើខ្នង ហែលត្រឡប់មកដល់អាស្រមវិញ ហើយតំណែងខ្លួនជាមនុស្ស ដឹកដៃ នាំខ្លួនអាសុខស្លូតទៅថ្វាយអ្នកតាៗ សួរ, អាសុខស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការ, អ្នកតា ស្ដាប់សព្វគ្រប់ហើយមានចិត្តមេត្តាអាសុខស្លូតនោះពន់ពេក លោកថា ឱ ! អាសុខកាចអើយ ចិត្តអីអាក្រក់ម្ល៉េះ ?ណ្ហើយ! ចៅសុខស្លូតឯងកុំភ័យ សឹមតាជួយសង្រ្គោះឲ្យចៅរស់ជីវិត ភ្នែកក៏ឲ្យភ្លឺដូចដើមបានទៅជួបនឹងជីដូនឯផ្ទះវិញ ។ ថាហើយក៏ផ្សំថ្នាំដាក់ភ្នែក សូត្រទិព្វមន្តផ្លុំភ្នែកឲ្យ, ចៅសុខស្លូតនោះ ក៏បានភ្លឺភ្នែកដូចដើម ទើបអ្នកតាក្ដាប់ដីខ្សាច់មួយដៃ សែកទិព្វមន្តផ្លុំដីខ្សាច់ដាក់ដៃឲ្យចៅសុខ ផ្ដាំថា ចៅ ! ចូរឯងក្ដាប់ឲ្យជាប់ ពុំលាដៃ បើទៅដល់ផ្ទះចៅៗប្រាប់ជីដូនឲ្យក្រាលកន្ទេលក្នុងផ្ទះ ហើយសឹមចៅដាក់ដីខ្សាច់នេះទៅលើកន្ទេល ។ អ្នកតាផ្ដាំហើយ ហោក្រពើមកឲ្យចៅសុខស្លូតជិះលើខ្នង ហែលតាមស្ទឹងទៅ ។ បានទៅដល់កន្លែងដែលអាសុខកាចធាក់ទម្លាក់ក្នុងទឹកនោះ ចៅសុខ ឃើញព្រៃឫស្សីដែលកាប់លួសរនាបក៏ចាំជាក់, ក្រពើដាក់ចៅសុខឲ្យឡើងលើគោក, ចៅសុខ ក៏លាក្រពើដើរដរាបទៅដល់ផ្ទះ, ហើយចូលទៅយំសំពះជីដូនៗ ឃើញចៅហើយ ស្ទុះមកយំខ្សឹកខ្សួល និយាយប្រាប់ចៅថា គេប្រាប់យាយថា ខ្លាខាំចៅស្លាប់ទៅហើយ ម្ចាស់ជីវិតអើយ ! ជីដូនយំសោកបោកខ្លួនអាសូរចៅ ហៀបនឹងក្ស័យជីវិត, ចៅមិនស្លាប់ ជីដូនអរណាស់ រកអ្វិមកប្រៀបផ្ទឹមពុំបាន ។
ឯចៅសុខនិយាយប្រាប់ ជីដូន តាំងពីទៅកាប់ឫស្សី លួសរនាប ត្រូវអាសុខកាច វាចាក់ភ្នែកធាក់ទម្លាក់ទឹក ហើយបានក្រពើនាំទៅថ្វាយអ្នកតា, លុះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការ ជីដូនរឹងរឹតតែអាណិតចៅពេក ហើយវាប្រាប់ជីដូនថា យាយ ! ក្រាលកន្ទេលក្នុងផ្ទះទៅ >> ជីដូនក្រាលតាមពាក្យចៅៗសុខស្លូតក៏លាដៃ ដាក់ដីខ្សាច់លើកន្ទេល កើតជាប្រាក់គរក្នុងផ្ទះ អរណាស់ តែពីរនាក់ជីដូននិងចៅ បានចាត់ចែងទិញសំលៀកបំពាក់គ្រប់ប្រដាប់ ប្រើប្រាស់ សង់ផ្ទះថ្មី ល្បីមានដាច់គេក្នុងភូមិនោះ ។
ឯអាសុខកាច ឃើញអាសុខស្លូត ក៏នឹកឆ្ងល់ក្នុងចិត្តថាអញចាក់ភ្នែកវាទាំងពីរខាងធាក់ទម្លាក់ទឹក ស្មានថាវាស្លាប់ ឥឡូវវារស់ឡើងវិញ ភ្នែកក៏ភ្លឺដូចដើម មានទាំងសម្បត្តិសម្បូណ៍ប្រើប្រាស់ គ្មានខ្វះអ្វី ប្លែកអំពីដើម។ លុះដល់វេលាស្ងាត់មួយ វាបានជួបនឹងអាសុខស្លូត ក៏សួរថា កាលឯងនិងអញទៅកាប់ឫស្សីលួសរនាបនោះ បិសាចមកបណ្ដាលចិត្តអញ ឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹង អញស្មានថាឯងស្លាប់ ហេតុម្ដេច ក៏ឯងរស់ឡើងវិញ ហើយមានទាំងទ្រព្យច្រើនជាងគេផង ។ អាសុខស្លូតឆ្លើយថា បានគុណបង កុំអីខ្ញុំក្រីក្រលំបាកតោកយ៉ាក ដូចបងឯងដឹងស្រាប់។ ហើយនិយាយប្រាប់អាសុខកាចតាមត្រង់ថា កាលដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ក្នុងស្ទឹងទៅនោះ ខ្ញុំភាវនារកតែពុទ្ធោៗ ក៏បានជួបនឹងក្រពើៗ នាំទៅថ្វាយអ្នកតាៗ ជប់ភ្នែកជប់ដីខ្សាច់ឲ្យខ្ញុំ, លុះខ្ញុំមកដល់ផ្ទះដាក់ដីខ្សាច់ កើតជាប្រាក់មាស បានជាខ្ញុំមានសព្វថ្ងៃនេះ ។
អាសុខកាច ឮអាសុខស្លូត រាយរឿងដូច្នោះ ក៏បណ្ដាលចិត្តលោភលន់ពន់ប្រមាណគិតថា អញនឹងធ្វើឲ្យបានដូចអាសុខស្លូត ។ ថ្ងៃក្រោយជួបនឹងអាសុខស្លូត ក៏និយាយថា អាសម្លាញ់អើយ ! អញចង់ទៅកាប់ឫស្សី លួសរនាបនៅព្រៃដែលយើងទៅកាប់ត្រង់កន្លែងមុននោះ , ឯបាយទឹកអាហារភោជន ថ្នាំជក់ កាំបិតតូចធំ ប្រដាប់កាប់ឫស្សី លួសរនាប ស្រេចនៅលើអញទាំងអស់ ឯងមានតែខ្លួនទៅបានហើយ ។ អាសុខស្លូតថា ក្រែងសម្លាប់អញទៀត ។ អាសុខកាចថា មុននោះខ្មោចកំរោលវាចូលឲ្យអញងងឹតមុខ អញចាក់ឯង ដោយមិនដឹងខ្លួនសោះ ឯងកុំប្រកាន់ខឹងនឹងអញ ។ អាសុខស្លូតថា ចាំខ្ញុំជូនទៅ ត្បិតបងសុខឯង មានគុណលើខ្ញុំច្រើនខ្ញុំមានសម្បត្តិទ្រព្យក៏ព្រោះបង ។ លុះព្រឹកឡើង អាសុខកាច ស្ពាយបាយសំណុំ មានគ្រប់ប្រដាប់ដូចមុន ហើយបណ្ដើរគ្នាដល់ព្រៃឫស្សី, លុះកាប់បាន ពុះលួសរនាបហើយ នាំគ្នាអង្គុយស៊ីបាយ ។ អាសុខកាចហុចកាំបិតបន្ទោះទៅអាសុខស្លូត ប្រាប់ថា ឯងចាក់ភ្នែកអញម្ខាងទៅ ។ អាសុខស្លូតប្រកែកពុំព្រមចាក់ ។ អាសុខកាចថា ជើ ! ចាក់មកៗ, ហ៊ី ! ម្ដេចមិនអាណិតគ្នាផងសោះ ។ អាសុខស្លូតក៏ចាក់ឆ្កៀលដូចគេឆ្កៀលក្រសាំង ឲ្យខ្វាក់ភ្នែកម្ខាងទៅ ។ អាសុខកាចឈឺពើតខ្លាំងណាស់ តែចិត្តចង់ប្រញាប់ឲ្យបានប្រាក់ ដូចអាសុខស្លូត ក៏ឲ្យអាសុខស្លូតចាក់ភ្នែកម្ខាងទៀត ហើយបង្គាប់ឲ្យអាសុខស្លូតច្រានទៅជិតមាត់ស្ទឹង ទាំងបង្គាប់ឲ្យធាក់ផង ។ អាសុខស្លូតក៏ធាក់ទម្លាក់ក្នុងទឹកស្ទឹង ។ អាសុខកាចសួរថា កាលដែលអញចាក់ឯងមុននោះ ឯងធ្វើម្ដេចខ្លះ ? ។ អាសុខស្លូតថា អញរកតែពុទ្ធោជាប់នៅមាត់ ។ អាសុខកាចប្រឹងស្រែករកតែពុទ្ធោមិនឈប់ ឮរំពងព្រៃមាត់ស្ទឹងទន្ទឹងរកក្រពើក៏ពុំជួបសោះ ណាមួយវាឈឺចាប់ ហែលបណ្ដែតខ្លួនយូរបន្តិចទៅអស់កម្លាំង ឈ្លក់ទឹកស្លាប់ទៅ ហើមរលួយរលេះ ត្រីស៊ីនៅតែលលាដ៏ក្បាល ។ ខ្មោចអាសុខកាចក៏អណ្ដែតតាមខ្សែទឹក លងគេឮតែពុទ្ធោៗ ដរាបដល់កំពង់ទឹកមហាសេដ្ឋី ។ វេលានោះកូនក្រមុំមហាសេដ្ឋី នាំខ្ញុំប្រុសស្រីចុះទៅងូតទឹកកំពង់, កំពុងតែកញ្រ្ជោកទឹកលេងសប្បាយ ស្រាប់តែឃើញលលដ៍ក្បាលអាសុខកាចនោះអណ្ដែតមកជិត លងស្រែកថា ពុទ្ធោៗ ! ។ កូនក្រមុំមហាសេដ្ឋី ឈប់លេងទាំងអស់គ្នានឹកសង្ស័យ ក៏ប្រើខ្ញុំប្រុសម្នាក់ឲ្យទៅស្រង់យកលលាដ៍ក្បាលខ្មោចនោះ មកដាក់លើគោកនៅមាត់កំពង់នោះ, លលាដ៍ក្បាលខ្មោចនោះ វាមិនបាត់ស្ងាត់សោះ ចេះតែលងគេរកតែពុទ្ធោៗ ។
កូនក្រមុំមហាសេដ្ឋី ក៏នាំខ្ញុំប្រុសស្រីឡើងពីងូតទឹកមក ប្រើឲ្យខ្ញុំប្រុសកាន់យកក្បាលខ្មោចអាសុខកាចនោះមកផ្ទះ ហើយនាងជំរាបមហាសេដ្ឋីជាឪពុកនាងថា លោកឪពុក ! ខ្ញុំរើសលលាដ៏ក្បាលខ្មោចមួយអណ្ដែតទឹកនៅកំពង់យើង វាលងស្រែករកពុទ្ធោៗ ។ សេដ្ឋីជាមាតាបិតាស្ដាប់ហើយ ក៏ស្ទុះមកមើល ឃើញក្បាលខ្មោចនោះកំពុងស្រែករកពុទ្ធោៗ មែនអស្ចារ្យណាស់ ក៏ឲ្យលាងដុសខាត់ដាក់លើតោក លលាដ៏ក្បាលនោះ ក៏នៅតែស្រែករកពុទ្ធោៗជានិច្ច គ្មានឈប់ ។
ព្រឹកៗសេដ្ឋីនោះតែងទៅ គាល់ព្រះមហាក្សត្រ នៅទីចុងព្រះរាជរោងជួបជុំអស់មន្រ្តីចតុស្ដម្ភរាល់ពេលពុំដែល ខាន ។ សេដ្ឋីជំរាបអស់លោកថា ខ្ញុំបានលលាដ៏ក្បាលខ្មោចមួយ ចេះស្រែករកពុទ្ធោៗជានិច្ច ។ អស់លោកចតុស្ដម្ភស្ដាប់ហើយឆ្លើយថា សេដ្ឋីកុហកទេ មិនដែលមានលលាដ៏ក្បាលខ្មោចណា ចេះស្រែករកពុទ្ធោទេ យើងមិនជឿឡើយ ។ សេដ្ឋីថា ពិតប្រាកដណាស់ បើអស់លោកមិនជឿខ្ញុំៗ ហ៊ានភ្នាល់ដោយមាសមួយរយតម្លឹង ។ អស់លោកចតុស្ដម្ភទាំង៤ថា យើងហ៊ានភ្នាល់ ។ ហើយធ្វើសំបុត្រចុះកិច្ចសន្យា ។ សេដ្ឋីទៅដល់ផ្ទះ ឮលលាដ៏ក្បាលខ្មោចស្រែករកពុទ្ធោកោកៗនឹកថា អស់លោកមុខជាចាញ់អញហើយ សេដ្ឋីយកមាសមួយរយតម្លឹងឲ្យកូនក្មួយកាន់តោកដែលដាក់លលាដ៏ក្បាល ខ្មោចនោះយ៉ាងរហ័សទៅ លុះចូលទៅដល់ទ្វារកំពែងខាងក្រៅ លលាដ៏ក្បាលខ្មោចបាត់សម្លេងឈឹង ពុំឮស្រែករកពុទ្ធោសោះ, កាលចូលដល់ចុងព្រះរាជរោង ដាក់លលាដ៏ក្បាលខ្មោចចំពោះមុខអស់លោកចតុស្ដម្ភទាំង៤នោះហើយ សេដ្ឋីបង្គាប់ថា ចាំអីទៀតក៏មិនស្រែករកពុទ្ធោៗទៅ ។ លលាដ៏ក្បាលខ្មោចបាត់សូន្យឈឹង មិនឮរកពុទ្ធោសោះ ។ មហាសេដ្ឋីចាញ់ក៏ជូនមាសមួយរយតម្លឹងទៅអស់លោក, ឯអស់លោកចំអកថា សេដ្ឋីយកក្បាលខ្មោចមកវារកពុទ្ធោថ្លង់យើងរាល់គ្នា ហើយទះដៃសើចលាន់នៅទីព្រះរាជរោង ។ សេដ្ឋីខឹងនឹងក្បាលខ្មោចណាស់ លាអស់លោកចេញមកក្រៅដល់កំពែង ស្រាប់តែលលាដ៏ក្បាលខ្មោចស្រែកថាពុទ្ធោៗ ។ សេដ្ឋីរឹតតែខឹងណាស់, ដល់ផ្ទះប្រើបាវឲ្យយកពូថៅ នាំយកលលាដ៏ក្បាលខ្មោចទៅសំពងចោលឯកំពង់ទឹក ។ បាវយកទៅមិនសំពងឲ្យល្អិត ត្រឡប់ជាបោះលលាដ៏ខ្មោចទាំងមូលចោលទៅក្នុងទឹក ។ ឯលលាដ៏ក្បាលខ្មោចអាសុខកាចនោះ អណ្ដែតតាមទឹកស្ទឹង ហូររសាត់ទៅក្រោម វាលងរកពុទ្ធោៗរៀងទៅដល់កំពង់វត្ត ។ វេលានោះលោកសង្ឃនិមន្តទៅស្រង់ទឹក បានឃើញលលាដ៏ក្បាលខ្មោច លងរកពុទ្ធោៗ, លោកក៏ស្រង់យកទៅកុដិ និមន្តលោកសង្ឃផងគ្នាបង្សុកូល រួចដុតក្បាលខ្មោចនោះសុស ហើយលោកពិចារណាថា គួរយកកំទេចឆ្អឹងនេះ លាយនឹងម្រ័ក្សណ៍ ខ្មុកសសរព្រះវិហារ បញ្ជូនផលឲ្យបានដល់អ្នកដែលស្លាប់ ហើយលោកក៏យកខ្មុកលាបតាមសព្វព្រះទ័យលោកទៅ, សល់បន្តិចបន្តួច យកទៅលាបលនរទេះលោក, កាលដែលម្រ័ក្សណ៍ខ្មុករទេះនោះស្ងួតហើយ លោកភ្នកព្រះទ័យចង់ទឹមរទេះបរទៅសួរញាតិញោម, លោកក៏ឲ្យសិស្សដឹកគោមកទឹមរទេះឡើងគង់ បរចេញពីកុដិទៅ ។ វេលាស្ងាត់ពីមនុស្សរទេះនោះលាន់ភ្លៅនឹងដុំសង្កៀតគ្នា, ដូចរទេះធម្មតា តែដល់ជួបនឹងឧបាសកឧបាសិកា រទេះនោះលាន់ឮដូចលោកជេរបញ្ចោរគេថា មេចោរៗ ញាប់ញិញ ។ ឧបាសកឧបាសិកាឮខឹងនឹងលោក ព្រោះថាលោកជេរបញ្ចោរប្រពន្ធកូនគេ ក៏ដៀលត្មះជាពាក្យទម្ងន់ៗ, លោកប្រកែកដូចម្ដេច ក៏ពុំស្ដាប់រឹតតែប្រមាថលោក ឥតកោតញញើត, លោកបរហួសទៅទៀត ជួបនឹងនាហ្មឺនគេកំពុងដើរ មានគ្នាច្រើន, ឯរទេះលាន់ឮទៀត ដូចជាលោកជេរម្ដាយនាហ្មឺនទាំងនោះថា ចោរម្ដាយនាហ្មឺន នាហ្មឺន ខឹងនឹងលោក ក៏នាំគ្នាដេញវាយលោកៗ ភ័យវាយគោបំបោលរួចទៅ ។
លោកនេះ គិតថា ពីដើម រទេះអញ បរមក មិនដែលឮសូរជេរបញ្ចោរគេទេ, រឿងនេះ ឃើញតែកំទេចឆ្អឹងក្បាលខ្មោចដែលខ្មុកបិទសសរព្រះវិហារ សល់ពីនេះអញយកមកលាបលនរទេះនេះ ។ លុះត្រឡប់មកពីសួរញាតិញោម មកដល់វត្តវិញ លោកកាប់រទេះដុតនៅកន្លែងដែលដុតលលាដ៏ក្បាលខ្មោចអាសុខកាច ឆេះជាផេះ, កន្លែងនោះដោយមានជាតិអាសុខកាច ក៏ដុះកើតជាស្មៅកន្រ្តើយ ដែលជាប់សំពត់ ខោមនុស្សសព្វថ្ងៃនេះឯង ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងអាខ្វាក់អាខ្វិន – រឿងព្រេងខ្មែរ