Tuesday , December 3 2024

រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា – រឿងព្រេងខ្មែរ

រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេងនាយ​ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃ​មួយ​ចៅ​ទាំងពីរ​នាក់​នោះ​ បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ បបួល​គ្នា​ហើយ​ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ​ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់​ អ្នក​មួយ​ថា ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ​ ត្បិត​ឈើ​នេះ​មាន​ផ្លែ​ យប់ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ ។

អ្នក​មួយ​ទៀត​ឆ្លើយ​ថា ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ​ ប៉ុន្តែ​ឥឡូវ​ បើ​អ្នក​ដាក់​នៅ​គល់​ឈើ​មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ​ រួច​យើង​ចាំ​មើល​ ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង ។ និយាយ​គ្នា​ហើយ, ម្នាក់​ដាក់​នៅ​គល់​ឈើ​ ស្រេចហើយ, វិល​មក​ផ្ទះ​វិញ​ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន ។

ឯ​អ្នក​ដាក់​អន្ទាក់​នៅ​ចុង​ឈើ​នោះ​ លុះ​វិល​មក​ដល់​ផ្ទះ​ហើយ, យប់​នោះ​គិត​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា តាំង​ពី​ដូនតា​មក​ មិន​ដែល​ឮ​ថា​អ្នក​ឯណា​ដាក់​អន្ទាក់​លើ​ចុង​ឈើ​ ឲ្យ​ជាប់​សត្វ​ជើង​បួន​ដែល​ដើរ​នៅ​លើ​ដី​ទេ​ ឥឡូវ​នេះ​ អ្នញ​ដាក់​នៅ​លើ​ចុង​ឈើ​ តើ​ធ្វើ​ម្ដេច​នឹង​បាន​សត្វ ? ដូច្នេះ​ ត្រូវ​អញ​រឭក​ពីពេល​មាន់​រងាវ​ទៅ​មើល, បើ​ឃើញ​សត្វ​ជាប់​អន្ទាក់​គេ​នៅ​ដី​ អញ​ដោះ​យក​ទៅ​ចង​នឹង​អន្ទាក់​អញ​ឯ​ចុង​ឈើ, ដល់​ព្រឹក​ឡើង​អញ​ទៅ​មើល​ជាមួយ​អ្នក​នោះ​ ហើយ​អញ​ដោះ​យក​សត្វ​ទៅ​ជូន​លោក​សុភាសេក, បើ​វា​មិន​សុខចិត្ត​ដូម្ដេចៗ​ មុខ​ជា​កើត​ក្ដី​ គង់​តែ​ដល់​សុភាសេក​មិន​ខាន, សុភាសេក​និង​កាត់​ក្ដី​ឲ្យ​វា​ចាញ់​ជា​ប្រាកដ ។ ប្ដី​ប្រពន្ធ​គិត​គ្នា​ ហើយ​ដេក​ទៅ, ដល់​មាន់​រងាវ​រឭក​ពី​ដេក​លប់​មុខ​ស៊ី​ស្លា​ ហើយ​ចេញ​ពី​ផ្ទះ​ដើរ​ដល់​អន្ទាក់​បាន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​ក្ដាន់​១​ ក៏​ដោះ​យក​ឡើង​ទៅ​ចង​នឹង​អន្ទាក់​របស់​ខ្លួន​ រួច​តម្លើង​អន្ទាក់​នៅ​ដី​ដូច​ដើម​ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ ។ លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ឡើង​អ្នក​មួយ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ មក​ស្រែក​ហៅ​ឲ្យ​ទៅ​មើល​អន្ទាក់​អ្នក​មួយ​ ឆ្លើយថា​ កុំ​រលះ​រលាំង​ថ្វី​ អន្ទាក់​ខ្ញុំ​ ខ្ញុំ​មិន​សង្ឃឹម​ទេ​ ត្បិត​នៅ​លើ​ចុង​ឈើ​ ក្រែង​តែ​អន្ទាក់​អ្នក​នៅ​ដី​នោះ​ ខ្ញុំ​មិន​ហ៊ាន​ថា​ បើ​បាន​ចែក​គ្នា​ស៊ី​ផង ។ ពាក្យ​នេះ​ជា​ពាក្យ​ចំអក​ឲ្យ​អ្នក​មួយ​ ត្បិត​ដឹង​ការណ៍​មុន​ហើយ ។ អ្នក​ទាំងពីរ​និយាយ​ហើយ​ចុះ​ពី​ផ្ទះ​ដើរ​ចេញ​ទៅ​ លុះ​ដើរ​ទៅ​ដល់​មិន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ​ ឃើញ​តែ​អន្ទាក់​នៅ​លើ​ចុង​ឈើ​ជាប់​វិញ ។ ចៅ​ដែល​ជា​ម្ចាស់​អន្ទាក់​នៅ​ចុង​ឈើ​ថា ហ្ន​ មើល​ចុះ​ មិន​ជឿ​ខ្ញុំ​ ខ្ញុំ​ថា​កុំ​ដាក់​នៅ​គល់​ឲ្យ​ដាក់​នៅ​ចុង​ឥឡូវ​ មើល​របស់​អ្នកណា​ជាប់​ហៈ ? ហើយ​ឡើង​ទៅ​ដោះ​យក​សត្វ​ចុះ​មក​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ​ ក៏​លា​គ្នា​ទៅ​ផ្ទះ​ដោយ​ខ្លួន​ទៅ ។ ឯ​ចៅ​ដែល​បាន​ក្ដាន់​ ក៏​ប្រញាប់​យក​ទៅ​ជូន​សុភាសេក​ហើយ​ជម្រាប​ថា ខ្ញុំ​ហើយ​នឹង​ចៅ​មួយ​នោះ​ ទៅ​ដាក់​អន្ទះ​ផង​គ្នា​ ខ្ញុំ​ដាក់​នៅ​ចុង​ឈើ​ អ្នក​មួយ​នោះ​ដាក់​នៅ​គល់​ឈើ​ ខ្ញុំ​នេះ​ជា​មនុស្ស​វៀច​ ក្ដី​នេះ​គង់​តែ​មក​ដល់​លោក​ដូច្នេះ​ តាម​តែ​លោក​មេត្តា​រក​សេចក្ដី​យ៉ាងណា​ ឲ្យ​តែ​ក្ដី​ខ្ញុំ​ឈ្នះ​វា​ចុះ​ខ្ញុំ​នឹង​ដឹង​គុណ​លោក​ទៅ​ថ្ងៃ​មុខ ។ សុភាសេក​បាន​សាច់​ក្ដាន់​ហើយ​ ឆ្លើយ​ថា​ ឯក​ទៅ​រក​ស្លា​ម្លូ​មក​ឲ្យ​ឆាប់​ឲ្យ​ទាន់​ព្រឹក​នេះ​ បើ​វា​មក​ប្ដឹង​អញៗ​បង្គាប់​អីចឹង​ដែរ​ បើ​វា​មក​មិន​ទាន់​ អញ​និង​កាត់​សេចក្ដី​ឲ្យ​វា​ចាញ់​បាន​ដោយ​ងាយ, ឯង​ប្រញាប់​ទៅ​ចុះ។

ឯ​អ្នក​ដែល​ដាក់​អន្ទាក់​លើ​គល់​ឈើ​ លុះ​វិល​មក​ផ្ទះ​ហើយ​ ដង្ហើម​តូច​ដង្ហើម​ធំ​មិន​សុខ​ចិត្ត​ក៏​​យក​សេចក្ដី​ទៅ​ប្ដឹង​សុភាសេក។ ក៏​បង្គាប់​សេចក្ដី​ដូច​បង្គាប់​ចៅ​មុន ។

លុះ​ព្រឹក​ឡើង​ អ្នក​ដែល​ដាក់​អន្ទាក់​នៅ​លើ​ចុង​ឈើ​ ក៏​យក​ឥវ៉ាន់​ទៅ​ដល់​មុន ។ ឯ​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ដី​ ដោយ​ខ្លួន​ជា​អ្នក​ក្រ​លំបាក​តោក​យ៉ាក​ ដើរ​រក​ទិញ​អីវ៉ាន់​ពុំ​បាន​ពុំ​ទាន់​ ភ័យ​ក្រែង​ខ្លួន​ចាញ់​គេ​ ហើយ​គេ​យក​ទោស​ផង​ ក៏​រត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បាន​ជួប​នឹង​សុភា​ទន្សាយៗ​សួរ​ថា មាន​ដំណើរ​អី​បាន​ជា​រត់​ដូច្នេះ ? ឈប់សិន ។ ចៅ​នោះ​ឆ្លើយ​ថា​ លោក​អើយ​អាណិត​ដោះ​ទុក្ខ​ខ្ញុំ​ផង​ ត្បិត​ខ្ញុំ​ហើយ​នឹង​អ្នក​មួយ​ទៅ​ដាក់​អន្ទាក់​ផង​គ្នា​ ខ្ញុំ​ដាក់​នៅ​គល់​ឈើ​ គេ​ដាក់ នៅ​ចុង​ឈើ​ ព្រឹក​ឡើង​ទៅ​មើល​ពុំ​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ​​ឃើញ​តែ​អន្ទាក់​នៅ​ចុង​ ឈើ​ជាប់​ក្ដាន់​មួយ​ ខ្ញុំ​មិន​សុខ​ចិត្ត​បាន​យក​សេចក្ដី​ទៅ​ប្ដឹង​សុភាសេកៗ​ គេ​ថា​ អ្នក​ណា​យក​អីវ៉ាន់​ទៅ​ដល់​មុន, អ្នក​នោះ​ឈ្នះ​ ហេតុនេះ​បាន​ជា​ខ្ញុំ​ភ័យ​ឥឡូវ​គេ​ទៅ​ដល់​មុន​ខ្ញុំ​ហើយ​ ដូច្នេះ​តាម​តែ​លោក​អាណិត​ខ្ញុំ​ផង ។ សុភាទន្សាយ​ឆ្លើយ​ថា ណ្ហើយ ! កុំ​ភ័យ​ចាំ​ថ្ងៃ​រសៀល​ខ្ញុំ​នឹង​នាំ​ទៅ ។ ចៅ​នោះ​ក៏​អរ ។ លុះ​ដល់​ថ្ងៃ​រសៀល​ សុភា​ទន្សាយ​ទៅ​ដល់​ផ្ទះ​សុភាសេកៗ​ ស្រែក​សួរ​មក​ថា​ ដូចម្ដេច​ក៏​យូរ​ម្ល៉េះ ? ក្ដី​ចាញ់​គេ​ហើយ ។ សុភា​ទន្សាយ​ឆ្លើយ​ថា << យើង​ខ្ញុំ​បាន​ជា​យូរ​នេះ​ ពីព្រោះ​អាល័យ​តែ​មើល​ត្រី​ក្រាញ់​ហើរ​ឡើង​ស៊ី​ស្លឹក​អំពិល ។ សុភាសេក​ថា ពី​ជីដូន​ជីតា​មក​គ្មាន​នរណា​ដែល​ឃើញ​ដែល​ឮ​ថា​ ត្រីក្រាញ់​ឡើង​ស៊ី​ស្លឹក​អំពិល​ទេ ។ សុភា​ទន្សាយ​ឆ្លើយ​ថា ពី​ជីដូន​ជីតា​ពី​ម៉ែ​ពី​ឪ​បង្កើត​មក​ នរណា​ដែល​ឃើញ​ដែល​ឮ​ថា​អន្ទាក់​នៅ​ដី​មិន​ជាប់​សត្វ​ទៅ​ជាប់​ឯ​អន្ទាក់​នៅ​ ចុង​ឈើ​វិញ​ ហើយ​សត្វ​ជើង​បួន​ផង, ដែល​ឮ​ទេ​អស់​អ្នក​ស្រុក ? នោះ​សុភាសេក​ស្ងៀម​ពុំ​ហ៊ាន​ស្ដី​តប​ទៀត ។ សុភា​ទន្សាយ​ក៏​កាត់​សេចក្ដី​ឲ្យ​ចៅ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ឈ្នះ ។ ឯ​សុភាសេក​ ដែល​អង្គុយ​ធ្វើ​ជា​សុភា​នោះ​ ក៏​ខ្មាស​ដោយ​សារ​ខ្លួន​ជា​អ្នក​ល្មោភ​ជំនូន​សាច់​ក្ដាន់​ ក៏​ស្ងៀម​បែរ​មុខ​ផ្ទប់​ទៅ​ខាង​ជញ្ជាំង​ដូច​ឆ្មា​លប​កណ្ដុរ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងមាយាដកខ្ញី – រឿងព្រេងខ្មែរ

រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *