រឿងបុរសមានកូនបួននាក់រៀនវិជ្ជាបួនបទ – រឿងព្រេងខ្មែរ ៖ មានបុរសម្នាក់ មានកូនប្រុស៤នាក់ បានសិក្សាវិជ្ជា៤បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី , ម្នាក់ចេះដេក , ម្នាក់ចេះកាត់ក្ដី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង៤នាក់ទៅថ្វាយស្ដេច ក្រាបអំពីវិជ្ជានីមួយៗ ក្នុងខណៈដែលថ្វាយនោះ ។ ស្ដេចទ្រង់រក្សាទទួលទុក ។ ថ្ងៃមួយ ស្ដេចទ្រង់ពិសោធបុរសម្នាក់ ដែលចេះស៊ីជាមុន, ឲ្យគេរៀបភោជនាហារជាច្រើនមុខ ស្ដេចដួសទឹកឆៅមួយក្រចក ដាក់ទៅក្នុងចានសម្លមួយ ហើយទ្រង់ប្រាប់ទៅបុរសនោះថា ឲ្យស៊ីភោជនាហារគ្រប់មុខ ។ បុរសនោះក៏បរិភោគ តាមព្រះរាជបញ្ជា, ដល់ទៅសម្លមួយមុខ ដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះ បុរសនោះមិនបរិភោគ ។ ស្ដេចសួរបុរសនោះថា ហេតុម្ដេចបានជាចៅឯង មិនបរិភោគសម្លនេះ ? ។ បុរសនោះក្រាបទូលថា សម្លនេះ មានទឹកឆៅមួយក្រចកនៅក្នុងនោះ បានជាទូលព្រះបង្គំជាខ្ញុំ មិនទទួលព្រះរាជទាន ។ ស្ដេចនឹកក្នុងព្រះទ័យថា បុរសនេះ ចេះវិជ្ជាខាងស៊ីស្ទាត់មែន ។ អំពីនោះទៅ ស្ដេចទ្រង់ពិសោធបុរសចេះដេកទៀត ទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាត មានពូកកម្រាលក្រាលពីលើ ។ ស្ដេចយកសក់មួយសរសៃ ទៅដាក់ក្រោមកម្រាលពូកនោះ , ដល់ពេលយប់ ទ្រង់ហៅបុរសនោះ ឲ្យទៅដេក ។ បុរសប្រះដេកទៅក្រោកឡើងវិញភ្លាម ។ ស្ដេចទ្រង់សួរថា ហេតុម្ដេច បានជាដេកហើយក្រោកឡើងវិញ ? ។ បុរសនោះក្រាបទូលថា មានសក់មួយសរសៃនៅក្នុងដំណាក់នោះ បានជាទូលព្រះបង្គំជាខ្ញុំក្រោក ។ ស្ដេចទ្រង់នឹកសរសើរក្នុងព្រះទ័យថា បុរសនោះ ស្ទាត់ខាងវិជ្ជាដេកប្រាកដមែន ។ ថ្ងៃមួយ មានបុរសម្នាក់ស្លាប់ នៅកណ្ដាលវាល គ្មានភិនភាគស្លាកស្នាមអ្វី នៅរូបកាយនោះសោះ។ ស្ដេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួង ស៊ើបសួររកហេតុនោះ ក៏ពុំឃើញ, ទ្រង់ព្រះវិតក្កក្នុងព្រះរាជហឫទ័យ ទ្រង់នឹកឃើញបុរសដែលចេះវិជ្ជា ខាងផ្លូវតុលាការនោះ ក៏មានព្រះរាជឱង្ការ ឲ្យហៅចូលមក ហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពិរុទ្ធនោះ។ បុរសនោះ សូមព្រះរាជអនុញ្ញាតិអំណាច ក្នុងវេលាដែលស៊ើបសួរយកការណ៍នោះ ។ ស្ដេចក៏ព្រះរាជទានពរតាមសុំបុរសនោះចេញ ទៅដល់ទីកន្លែងមនុស្សស្លាប់នោះ ចាត់ការហៅអ្នកស្រុកមកប្រជុំ មិនឲ្យមានសល់ម្នាក់ , ហើយបុរសនោះហាមប្រាមថា ក្នុងវេលាថ្ងៃស្អែកនេះ មិនឲ្យអ្នកណា ទៅណា មកណា ក្រៅពីភូមិខ្លួនទេ ឲ្យទាំងអស់គ្នា ទាំងប្រុសទាំងស្រី ចាស់ក្មេងចូលទៅមើលគេធ្វើបុណ្យរំលាយសពបុរសអនាថា ដែលស្លាប់នៅកណ្ដាលវាលស្រែ លើកតែមនុស្សខ្វាក់ខ្វិនចេញ ។ ខណៈដែលរៀបចំរំលាយសពនោះ បុរសជាអ្នកស៊ើបសួរ បានចាត់មនុស្សជាច្រើននាក់ដែលបាន ពន្យល់ពីកិច្ចហេតុ ដែលយកការណ៍ក្នុងរឿងនោះ បើឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់នោះ ឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយមួយរំពេច ។ ពេលភ្លើងឆេះពេញកម្លាំង មានស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោក ។ បុរសជាអ្នកគយគន់មើលហេតុ ក៏នាំយកខ្លួននាងនោះ ទៅប្រគល់ឲ្យនាយខ្លួន ។ បុរសជានាយ យកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះ ដោយយោបល់ដ៏ល្អិត ។ នាងនោះ រកផ្លូវគេចកែដោះសាទៅពុំបានក៏ប្រាប់បុរសនោះ តាមត្រង់ថា ខ្លួននាងបានសាហាយនឹងបុរសដែលស្លាប់ ទើបនឹងបានគ្នាក្នុងយប់ដែលស្លាប់នោះ , ហើយថាដំណើរដែលស្លាប់នោះ គ្មានអ្នកណាវាយដំធ្វើបាបអ្វីទេ គឺវេលាចូលដំណេក បុរសនោះប្រើនាងឲ្យទៅរកទឹកមកឲ្យផឹក នាងមិនហ៊ានចេញទៅដងទឹកឯក្រៅ ដោយខ្លាចឪពុកដឹង ក៏យកផ្តិលត្រងទឹកភ្លៀងដែលហូរធ្លាក់ តាមរងស្បូវប្រក់ផ្ទះនោះឲ្យផឹក, លុះផឹកហើយ ក៏បណ្ដាលឲ្យដល់មរណៈក្នុងខណៈនោះទៅ ។ បុរសដែលជាអ្នកស៊ើបសួរ ក៏យល់ច្បាស់ក្នុងចិត្តថា នាងនេះ មិនមានសណ្ដានចិត្តជាទុច្ចរិត នឹងបុរសដែលស្លាប់នោះទេ ព្រោះទើបស្រឡាញ់គ្នា បានជួបគ្នាក្នុងខណៈនេះ , ការណ៍នេះ ប្រាកដជាមានសត្វអាសិរពិសអ្វី នៅលើដំបូលផ្ទះនោះ បានជាបណ្ដាលឲ្យបុរសនោះស្លាប់ ។ ទើបបុរសជានាយចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះ ឃើញពស់នាគរាជមួយនៅចំពីលើល្វែង ដែលនាងនោះដេក ។ បុរសជានាយ ក៏ឲ្យវាយពស់នាគរាជនោះ យកមកថ្វាយស្ដេច ក្រាបទូលតាមដំណើរ ហើយដោះលែងនាងនោះទៅ ដោយវិនិច្ឆ័យថា ហេតុដែលបណ្ដាលឲ្យបុរសនោះស្លាប់ មកអំពីផឹកទឹកភ្លៀងលាយដោយពិសពស់នាគរាជ ដែលនាងនោះត្រងមកឲ្យផឹក ដោយឥតចេតនា ។ ស្ដេចក៏ទ្រង់សរសើរថា បុរសជានាយចេះស្ទាត់ក្នុងការស៊ើបសួរ ខាងផ្លូវតុលាការមែន ។
ថ្ងៃមួយក្រោយមក មានសេដ្ឋីម្នាក់ស្លាប់ សេដ្ឋីនោះ មានប្រពន្ធក្មេងល្អ ។ នាងនោះប្ដេជ្ញាថា មិនយកប្ដីទៀតទេ ។ ដំណឹងនោះជ្រាបដល់ស្ដេចៗទ្រង់ឲ្យនាហ្មឺនសព្វមុខមន្រ្តី ទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះ ។ នាហ្មឺនទាំងអស់ទៅចង់មិនបាន ស្ដេចទ្រង់គិតថា នាងនេះ ប្រហែលជាមិនយកប្ដីដូចដំណឹង ដែលទ្រង់ជា្របនោះមែន តែទ្រង់គិតក្នុងព្រះរាជហឫទ័យថា នាហ្មឺនសព្វមុខមន្រ្តីទាំងនោះប្រហែលជាមិនពេញសេចក្ដីប្រាថ្នានាង មេម៉ាយទេ បើអង្គអញប្រហែលជានាងនេះព្រម។ ក៏ទ្រង់យាងទៅផ្ទះមេម៉ាយនោះ ហើយទ្រង់ឲ្យប្រាប់នាងថា ល្ងាចនេះ ទ្រង់នឹងមកផ្ទំនឹងនាង ឲ្យនាងរៀបចំទីកន្លែងចាំទទួល ។ នាងម៉ម៉ាយក៏ទទួលព្រះរាជឱង្ការ ។ ពេលល្ងាចនាងរៀបក្រឡាព្រះបន្ទំ ហើយតែងស្រីបម្រើម្នាក់ដែលមានកើតស្រែងនៅខ្លួន រចនាដោយគ្រឿងប្រដាប់ សម្រាប់តាក់តែងរូបកាយស្រី គឺគ្រឿងមាសពេជ្រ និងគ្រឿងក្រអូបគ្រប់ប្រដាប់ ហើយឲ្យនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទំ ដែលរៀបចំទទួលស្ដេច តាមព្រះរាជឱង្ការ ។ ដល់ស្ដេចយាងមក ដោយទ្រង់មិនបានគិតពិនិត្យសព្វគ្រប់ ទ្រង់ក៏យល់ថា ទីនេះ ជាទីសម្រាប់នាងម៉េម៉ាយមែន បានជាមនុស្សទាំងឡាយ មិនហ៊ានមកនៅទីនេះ ទ្រង់ក៏ដាក់ព្រះអង្គគង់អែប ដោយសំគាល់ថា នាងម៉េម៉ាយ ទ្រង់ផ្ទុំជាមួយនាងនោះ រួចហើយទ្រង់កំណត់ព្រះចិន្ដាថា អញមកចង់នាងនេះបានហើយ ។ ដើម្បីឲ្យបានជាភស្តុតាងដល់ភ្នែកអ្នកផងទាំងពួង, ស្ដេចក៏ទ្រង់ខាំថ្ពាល់នាងនោះជាសំគាល់ រួចទ្រង់យាងមកព្រះបរមរាជវាំងវិញ ទ្រង់មានព្រះរាជឱង្ការផ្ដាំថា ព្រឹកស្អែកនេះឲ្យនាងចូលទៅគាល់ស្ដេចកុំខាន ។ ទ្រង់យាងទៅដល់ព្រះបរមរាជវាំង ទ្រង់ក៏មានព្រះរាជឱង្ការ ប្រាប់អស់នាហ្មឺនសព្វមុខមន្រ្តីថា ព្រះអង្គយាងទៅចង់នាងនោះបាន មានទាំងសម្គាល់ស្នាមព្រះទន្តនៅថ្ពាល់នាងនោះផង ហើយទ្រង់បានប្រាប់ឲ្យចូលមកគាល់ ក្នុងវេលាព្រឹកនេះផង ឲ្យនាហ្មឺនសព្វមុខមន្រ្តីទាំងអស់ចាំមើល ។ ដល់នាងម៉េម៉ាយចូលមកគាល់ យកទាំងស្រីបម្រើដែលតាក់តែងកាយ ទទួលស្ដេចពី យប់នោះមកជាមួយផង, លុះចូលមកគាល់ ក៏អង្គុយតាមមុខក្រោយ , នាងម៉េម៉ាយអង្គុយមុខ ស្រីបំរើអង្គុយក្រោយ ។ ស្ដេចឲ្យនាហ្មឺនទៅពិនិត្យមើល នៅកន្លែងសំគាល់ ដែលទ្រង់បានប្រាប់ហើយនោះ ។ លុះភ្នាក់ងារដែលទទួលព្រះរាជឱង្ការទៅពិនិត្យ ត្រឡប់មកក្រាបទូលស្ដេចវិញថា នាងអង្គុយក្រោយ មានស្នាមនៅថ្ពាល់ជាសម្គាល់ដោយធ្មេញ ឯនាងម៉េម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេ ។ ស្ដេចក៏តូចព្រះរាជហឫទ័យដោយសេចក្ដីមិនបានពិនិត្យជាមុន ក៏ព្រះអង្គទ្រង់ចិន្ដាត្រិះរិះទៅឃើញថា នាងនេះជាស្រីមានប្រាជ្ញា នឹងរកអ្នកណាទៅចង់នាងពុំបាន ទ្រង់នឹកដល់បុរសដែលជាអ្នកស្ទាត់ខាងវិជ្ជាចង់ស្រី ក៏មានព្រះរាជឱង្ការឲ្យចូលទៅគាល់ ។ ស្ដេចក៏មានព្រះរាជឱង្ការសួរទៅបុរសនោះថា ឯងទៅចង់នាងម៉េម៉ាយ ជាប្រពន្ធខ្មោចសេដ្ឋីបានឬទេ ? បើបងឯងត្រូវការវត្ថុអ្វី យើងឲ្យឯងទាំងអស់ ។ បុរសនោះក្រាបទូល ទទួលតាមបន្ទាល់ ដោយមិនបាច់យកវត្ថុជាឧត្ដមទៅទេ សុំតែសំពត់ផាឌឹបសចាស់ យកទៅស្លៀកពាក់ ហើយនឹងឆ្អឹងគោមួយថោវេចខ្ចប់ជាប់នឹងខ្លួនប៉ុណ្ណោះ បានហើយ។
ឯនាងម៉េម៉ាយ ជាប្រពន្ធខ្មោចសេដ្ឋី វេលាដែលត្រឡប់ពីគាល់ស្ដេចទៅវិញ ក៏រៀបសាលាធ្វើបុណ្យខ្មោចសេដ្ឋីជាប្ដី រំលាយសពជាស្រេច រើសធាតុយកមកខ្ចប់តម្កល់លើសាលាធ្វើបុណ្យឆ្លង ។ វេលាយប់នោះបុរស ដែលទទួលព្រះរាជឱង្ការ បានទៅដល់លើសាលា ដែលនាងម៉េម៉ាយធ្វើបុណ្យខ្មោចប្ដី ដែលនឹងហើយស្រេចនៅវេលាព្រឹកស្អែកនោះ ដល់ហើយធ្វើជាយំសោកនឹងខ្មោចប្រពន្ធខ្លួនស្លាប់ មានសេចក្ដីទុក្ខយ៉ាងខ្លាំងដោយមានទាំងធាតុស្ពាយជាប់នឹងខ្លួន ជាសំគាល់ផង, បណ្ដាលឲ្យអស់អ្នកជាពួកក្រុមនាងម៉េម៉ាយ ដែលនៅលើសាលានោះទាំងប៉ុន្មាន មានសេចក្ដីឆ្ងល់ភ័ន្តភាំងគ្រប់គ្នា សួរទៅបុរសនោះថា ហេតុអ្វី ក៏អ្នកមកយំសោក បោកខ្លួនប្រាណលើទីនេះខ្លាំងម្ល៉េះ ? ។បុរសនោះប្រាប់ទៅអ្នករក្សាសាលានោះថា ខ្ញុំឃើញគេធ្វើបុណ្យខ្មោចលោកសេដ្ឋីនោះ ខ្ញុំនឹកដល់ខ្មោចប្រពន្ធខ្ញុំ ដែលស្លាប់ជាយូរ ហើយនោះភ្លាម ក៏បណ្ដាលឲ្យសង្វេគនឹងទុក្ខវេទនានិងការព្រាត់ប្រាស ជាថ្មីមួយជាន់ទៀត, តាំងពីប្រពន្ធស្លាប់ទៅនោះខ្លួនខ្ញុំលះបង់ការងារចោលអស់ ស្ពាយតែធាតុប្រពន្ធដើរ ដោយសេចក្ដីអាឡោះអាល័យ ហើយបុរសនោះ សុំអ្នកចាំសាលាអ្នកស្នាក់មួយយប់ ។ បុរសដែលចាំសាលា មិនហ៊ានសម្រេចដោយខ្លួនឯង ក៏យកសេចក្ដីនោះ ទៅជំរាបនាងម៉េម៉ាយជាចៅហ្វាយតាមដំណើរ ដែលបុរសនោះ អធិប្បាយអំពីសេចក្ដីកំសត់របស់ខ្លួន ហើយសុំសាលាស្នាក់ ។ នាងម៉េម៉ាយមានចិត្តអាណិតដល់បុរសកំសត់ ដែលមានទុក្ខព្រាត់ប្រាសប្រពន្ធនោះ ក៏យល់ព្រមឲ្យស្នាក់ ហើយបង្គាប់ទៅមនុស្សបម្រើ ឲ្យរៀបអាហារភោជន ឲ្យទានបុរសនោះផង ។ លុះយប់នាងម៉េម៉ាយ ទៅស្ដាប់ធម៌ទេសនា ឆ្លងបុណ្យខ្មោចប្ដី នៅលើសាលាដែលតម្កល់ធាតុនៅនោះ ។ ឯបុរសចង់ស្រី ក៏សម្ងំធ្វើជាដេកលក់ទៅ ។ នាងម៉េម៉ាយនោះស្ដាប់ធម៌ទេសនាចប់ត្រឡប់មកផ្ទះវិញ ។ បុរសជាអ្នកចង់ស្រី ឃើញឱកាសស្ងាត់ល្អ ក៏លួចយកធាតុប្រពន្ធខ្លួន ទៅដាក់ប្របធាតុសេដ្ឋីជាប្ដីនាងម៉េម៉ាយ ។ លុះដល់ព្រឹកឡើង នាងម៉េម៉ាយចូលដល់សាលា , បុរសនោះក៏ស្រែកយំយ៉ាងខ្លាំងថា អ្នកណា លួចធាតុប្រពន្ធខ្ញុំបាត់ ? ។ នាងម៉េម៉ាយឆ្ងល់ ក៏សួរបុរសនោះថា ហេតុអ្វី ក៏អ្នកឯងយំខ្លាំងម្ល៉េះ ? ។ បុរសនោះប្រាប់ទៅនាងម៉េម៉ាយវិញថា អ្នកឯណាលួចធាតុប្រពន្ធខ្ញុំទៅបាត់ ហើយចោទប្រកាន់ ទៅលើរូបនាងម៉េម៉ាយថា ខ្មោចប្ដីនាងម៉េម៉ាយ លួចធាតុប្រពន្ធទៅ ។ នាងម៉េម៉ាយមានសេចក្ដីអន់ចិត្តនឹងបុរសចោទប្រកាន់ខ្មោចប្ដីថា លួចធាតុប្រពន្ធដូច្នោះ, ក៏នាំបុរសនោះឲ្យទៅមើល ឃើញនៅជិតគ្នាមែន ។ បុរសក៏ចោទប្រកាន់ចំពោះខ្លួននាងម៉េម៉ាយថា ប្ដីនាង យកប្រពន្ធគាត់ទៅធ្វើជាប្រពន្ធខ្លួនហើយ លុះតែនាងព្រមទទួលធ្វើជាប្រពន្ធគាត់វិញ ទើបព្រមសុខចិត្ត , ។ សេចក្ដីចោទចំពោះខ្លួននាងម៉េម៉ាយនោះ ជាដំណំច្រើនខណាស់ដោយឧបាយយ៉ាងល្អិត ។ នាងម៉េម៉ាយ រកផ្លូវដោះសាគ្មាន ក៏ចាញ់កលនោះជាទម្ងន់ ថែមទាំងមានសេចក្ដីអន់ចិត្ត នឹងខ្មោចប្ដីខ្លួនដែលស្លាប់នោះ ថាជាមនុស្សគ្មានចិត្តសប្បុរសចំពោះប្រពន្ធ បន្តិចបន្តួចសោះ គ្នាកំពុងកើតទុក្ខនឹងខ្លួនៗ ហ៊ានទៅលួចប្រពន្ធគេ យកមកបញ្ចើនៅមុខ នាងជាអុកជាទុក្ខគិតសព្វៗ ទៅក៏ទទួលព្រមយកបុរសនោះធ្វើជាប្ដី ជាសចក្ដីផ្គើន តបឲ្យទល់ពុត ទៅនឹងខ្មោចប្ដីខ្លួនវិញដែលហ៊ានខូច លួចប្រពន្ធបុរសនោះ។ចំណែកបុរសនោះ ដល់បាននាងម៉េម៉ាយជាប្រពន្ធ៣ – ៤ថ្ងៃក៏បបួលគ្នាទៅគាល់ស្ដេច។ ឯស្ដេចនឹងនាហ្មឺនសព្វមុខមន្រ្តី បានទត បានឃើញ ក៏មានសេចក្ដីសរសើចំពោះបុរសនោះ ថាជាអ្នកមានវិជ្ជាចេះចង់ស្រីប្រាកដមែន ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងសុភាសិតតម្លៃ៣០តម្លឹង – រឿងព្រេងខ្មែរ