ឪម៉ែផ្តាំ ចាំចិត្តស្ងប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ឪម៉ែផ្តាំ ចាំចិត្តស្ងប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | រឹងមិនស្តាប់ | ឆាប់ឆៅខឹង | ប្រឹងមានះ |
បាបមិនលះ | ព្រះមិនជួយ | ព្រួយគ្មានមិត្ត | |
ចោលហេតុផល | សល់ពិសពុល | យល់ឆ្វេងពិត | |
ខ្វះគំនិត | គិតរែងខុស | ដុះខាងខាត ។ | |
២ | គិតមិនគួរ | មួម៉ៅចិត្ត | ស្អិតដល់ប្រាណ |
ស្តីរំខាន | បានអាក្រក់ | ល្អក់មិនស្អាត | |
មុខក្រញូវ | ត្រូវឯងអាច | កាចហួសខ្នាត | |
បាត់បង់ឆ្លាត | ប្លាតចូលជ្រោះ | ហួសដល់ជ្រៅ ។ | |
ខឹងខាតខុស | ឆ្លុះប្រដូច | ខូចអាក្រក់ | |
ខឹងឆាបឆក់ | ល្អក់ទំនើង | ភ្លើងសន្ធៅ | |
ត្រូវពន្លត់ | ពត់ឈប់ខឹង | ប្រឹងស្ងៀមនៅ | |
រៀងតទៅ | ឪម៉ែផ្តាំ | ចាំចិត្តស្ងប់ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ កតញូ និង អកតញូ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ