សម្លម្ជូរសាច់មាន់មើមឈូក គឺជា អាហារខ្មែរ ដែលប្រជាជនតាមជនបទនិយមចម្អិនបរិភោគប្រចាំថ្ងៃ វាជាមុខម្ហូបដែលសាមញ ងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ពិសេស។
នៅព្រះពុទ្ធសាសនាផ្កាឈូកគឺតំណាងនូវភាពបរិសុទ្ធ ប្រជាជនខ្មែរជាអ្នកគោរពព្រះពុទ្ធសាសនាតែងតែយកផ្កាឈូកទៅថ្វាយព្រះ។ ដើមឈូកដុះចេញពីដីល្បាប់ហើយស្លឹកនិងផ្ការបស់វាស្អាតគួរឱ្យទាក់ទាញណាស់ ចំណែកឯមើមឈូក ក្រអៅឈូក គ្រាប់ឈូកផ្តល់សារប្រយោជន៏ជាច្រើនយ៉ាងដល់សុខភាព។ គេអាចយកមើមឈូក គ្រាប់ឈូកនិង ក្រអៅទៅចម្អិនជាម្ហូបអាហារឬក៏ទៅផ្សំជាឱសថក៏បាន ចំណែកឯស្លឹកឈូកគេអាចប្រើវាសម្រាប់ខ្ចប់ត្រី សាច់និងរបស់ផ្សេងៗទៀត រីឯគ្រាប់ឈូកស្រស់វិញគេពិសារជាបង្អែមក៏បាន។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរសាច់មាន់មើមឈូក
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់ស្តើងចំនួន៤ក្លែប
- ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
- សាច់មាន់កាត់ជាដុំតូចៗចំនួន 0.5 kg
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ទឹកចំនួន៤កែវ
- ស្លឹកក្រូចសើចចំនួន២សន្លឹក
- ទឹកអំពិលទុំចំនួន២ស្លាបព្រា
- ស្ករចំនួន២ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- មើមឈូកហាន់ជាបន្ទះស្តើងៗចំនួន៨ដើម
- ប៉េងប៉ោះហាន់ជាបន្ទះៗចំនួន១
- ស្លឹកខ្ទឹមកាត់ប្រវែងប្រហែលកន្លះចំអាមចំនួន១បាច់
- ជីនិងម្អមហាន់ចំនួន១កូនចានតូច
- ម្ទេសចំនួន២ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត
របៀបធ្វើ
- កំដៅឆ្នាំងសម្ល
- ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆានិងខ្ទឹមសរួចបំពងខ្ទឹមសរហូតប្រែពណ៌ត្នោតបន្ទាប់ដួសខ្ទឹមបំពងចេញទុកនៅម្ខាង
- ដាក់ស្លឹកគ្រៃ សាច់មាន់ អំបិលនិងម្រេចចូលក្នុងខ្លាញ់ដែលនៅក្នុងឆ្នាំងសម្លបន្ទាប់បំពងសាច់មាន់អោយប្រែពណ៌រត្នោតបន្លិច
- ដាក់ទឹកនិងស្លឹកក្រូចសើចចូលហើយចម្អិនរហូតដល់សាច់មាន់ឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹកអំពិលទុំ ស្ករនិងទឹកត្រី
- ដាក់មើមឈូកចូលហើយច្របល់ឱ្យស៊ប់បន្ទាប់ស្ងោរហូតទឹកសម្លពុះម្តងទៀត
- ដាក់ស្លឹកខ្ទឹម ជី ម្ទេសនិងខ្ទឹមបំពងជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរត្រកួនសាច់មាន់ – ម្ហូបខ្មែរ