សម្លត្រលាចត្រីសមុទ្រចំហុយ គឺជា ម្ហូបខ្មែរ ពិសេសម៉្យាងដែលប្រជាជនខ្មែរភាគច្រើនមិនដែលស្គាល់និងមិនបានសាកល្បង ម្ហូបមួយនេះមានប្រភពពីប្រជាជនខ្មែរនៅកម្ពុជាក្រោម។ មនុស្សភាគច្រើនគេនិយមប្រើត្រីសមុទ្រឥតឆ្អឹងក្នុងការចំអិនព្រោះវាធ្វើឲ្យម្ហូបនេះកាន់តែឆ្ងាញ់។
ត្រលាច ៖ វាដំណាំម៉្យាងដែលងាយដាំ ហើយឆាប់បានទទួលផល ផ្លែត្រលាចគេនិយមយកមកធ្វើជាម្ហូបអាហារ ជាបង្អែម ជាចង្អាប និងភេសជ្ជៈបានតាមតំរូវការ ព្រោះវាមានឱជារស់ឆ្ងាញ់ពិសារ ។ មិនតែប៉ុណ្នោះត្រលាចគឺជារុក្ខជាតិម៉្យាងដែលមានសារៈសំខាន់ណាស់ដល់សុខភាព ព្រោះវាជួយដល់ការរំលាយអាហារ ទប់ស្កាត់កាទល់លាមក កាត់បន្ថយកំដៅ ផ្តល់សំណើមដល់ស្បែក ធ្វើឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចត្រីសមុទ្រចំហុយ
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចិញ្ចាំចំនួន៣ក្លែប
- ត្រីសមុទ្រចំហុយចំនួន២ក្បាល
- ទឹកចំនួន៤កែវឬទឹកស៊ុបមាន់ចំនួន២កំប៉ុង
- ត្រលាចចំនួន១ ចិតសំបករួចហាន់ជាកង់ៗល្មមដែលញ៉ាំបាន
- ទឹកត្រីចំនួន២ស្លាបព្រា
- អំបិលកន្លះស្រាបព្រាតូច
- ស្ករសចំនួន១ស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច
របៀបធ្វើ
- សម្អាតត្រីឲ្យស្អាត រួចកាត់ក្បាលត្រីនិងគ្រឿងក្នុងចោល យកកូនកាំបិតស្រួចវះយកឆ្អឹងនៅពីលើខ្នងត្រីចេញថ្នមៗដើម្បីឲរក្សាសភាពដើមរបស់ត្រីទុកឲ្យស្អាត
- កំដៅខ្ទះឲ្យក្តៅ
- ពេលខ្ទះក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស លីងរហូតដល់ខ្ទឹមប្រែពណ៍ត្នោតប្រយ័ត្នមិនត្រូវឲ្យខ្ទឹមខ្លោចទេ រួចដួសខ្ទឹមលីងដាក់កូនចាន បន្ទាប់មកដាក់ត្រីសមុទ្រចំហុយ ចូលចៀនរហូតដល់ត្រីសមុទ្រប្រែពណ៍ត្នោតទាំងសងខាងរួចដួសទុកម្ខាង
- ដាក់ត្រលាចនិងទឹក (ឬប្រើទឹកស៊ុបមាន់ក៏បាន) ទៅក្នុងឆ្នាំងដែលកំពុងក្តៅ ស្លោរហូតដល់ត្រលាចជិតឆ្អិន
- ដាក់ត្រីចំហុយចូលរួចបន្តស្ងោរហូតដល់ត្រលាចឆ្អិនល្អ
- ថែមរសជាតិដោយដាក់ទឹកត្រី អំបិលនិងម្រេច
- ចុងក្រោយដាក់ស្លឹកខ្ទឹមពីលើជាការស្រេច
កត់សម្គាល់
ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ