សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ សិល្បៈសំណង់ប្រាសាទបុរាណខ្មែរមានតាំង ពីសម័យហ្វូណនហើយចេះតែវិវត្តន៍ហូរហែររហូតដល់សម័យបាយ័ន ។ គេនិយមចែកសិល្បៈសំណង់ជារចនាបថដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់ ឈ្មោះរចនាបថទាំងនោះដូចជា ៖
ស្ថាបត្យកម្មមុនសម័យអង្គរ (សតវត្សទី១ដល់ទី៨)
១. រចនាបថភ្នំដា (សតវត្សទី១ដល់ទី៦): ដំបូងខ្មែរយើងបានចោះភ្នំធ្វើជាប្រាសាទដូចនៅឥណ្ឌាដែរ (ប្រាសាទភ្នំដា) ។
២. រចនាបថសំបូរ (ពាក់កណ្ដាលទី១នៃសតវត្សទី៧): ប្រាសាទសង់ដាច់ៗពីគ្នាហើយតូចៗដោយប្រើឥដ្ឋ បូកបាយអម្យ៉ាងធ្វើពីកំបោរលាយស្ករ ។ ឯក្របទ្វារ បង្អួច ផ្ដែរ និងសសរពេជ្រធ្វើឡើងពីថ្មភក់ដែលជាថ្មម៉្យាងផ្សំឡើងដោយគ្រាប់ ខ្សាច់ល្អិតៗលាយគ្នាយ៉ាងរឹង ។ ថ្មភក់មានពណ៌ប្រផេះឬកូលាប ។
៣. រចនាបថព្រៃក្មេង (ពាក់កណ្ដាលទី២នៃសតវត្សទី៧): ស្ថាបត្យកម្មក្នុងរចនាបថព្រៃក្មេងមានលក្ខណៈប្រហាក់ប្រហែលនឹងរចនាបថសំបូរដែរ ។
៤. រចនាបថកំពង់ព្រះ (សតវត្សទី៨): ប្រាសាទសឹងតែទាំងអស់សង់ដូចរចនាបថមុនៗ គឺសង់លើដីរាបស្មើលើកលែងតែប្រសាទអកយំមួយចេញដែលសង់ច្រើនជាន់ មានរាងដូចចេតិយ៍ ។
ស្ថាបត្យកម្មសម័យអង្គរ (សតវត្សទី៩ដល់ទី១៣)
៥. រចនាបថគូលែន (ពាក់កណ្ដាលទី១នៃសតវត្សទី៩): សំណង់ប្រាសាទនៅប្រើឥដ្ឋនៅឡើយ ប៉ុន្តែគេច្រើនសាងប្រាសាទភ្នំ (ប្រាសាទសង់រាងខ្ពស់ដូចភ្នំឬសង់នៅលើកំពូលភ្នំតែម្ដង) ដើផម្បីតម្រូវទៅតាមពិធីទេវរាជ (រជ្ជកាលព្រះបាទជ័យវរ្ម័នទី២) ។ ក្នុងរចនាបថគូលែន គេបានចាត់ទុកថាជាសម័យដែលសិល្បៈមានការរីកចម្រើនដោយមានការសាក ល្បងរចនាបញ្ចូលគ្នាពីសិល្បៈនៃបុព្វអង្គរពីឥទ្ធិពលចាម ជ្វាឲ្យទៅជាសិល្បៈដែលជាលក្ខណៈមួយថ្មី ។
៦. រចនាបថព្រះគោ (១ភាគ៤ចុងក្រោយនៃសតវត្សទី៩): ប្រាសាទសាងអំពីឥដ្ឋ ប៉ុន្តែគេសាងប្រាង្គជាច្រើននៅលើខឿនតែមួយ (ប្រាសាទព្រះគោ លលៃ) ដើម្បីឧទ្ទិសចំពោះបុព្វបុរសមានមាតាបិតាជាដើម ។ មានការសាកល្បងសង់ប្រាសាទតូចៗអំពីថ្មភក់ចំនួន១២នៅជាន់ទី៤នៃ ប្រាសាទបាគង ។
៧. រចនាបថបាខែង (ចុងសតវត្សទី៩ និងដើមសតវត្សទី១០): មានការប្លែកច្រើនដោយគេហ៊ានសាងប្រាសាទធំៗអំពីថ្មភក់នៅលើខឿន ច្រើនជាន់មានរាងសាជី ពិសេសសគេនិយមសាងប្រាសាទនៅលើកំពូលភ្នំតែម្ដង (ប្រាសាទបាខែង) ។
៨. រចនាបថកោះកែ (១ភាគ៤ទី២នៃសតវត្សទី១០): សំណង់ប្រាសាទប្រហាក់ប្រហែលនឹងរចនាបថមុនៗ ប៉ុន្តែគេសង្កេតឃើញប្រាសាទមួយក្នុងចំណោមប្រាសាទនៅកោះកែសង់នៅលើ ខឿន៧ជាន់មានកំពស់ប្រហែល៣៥ម៉ែត្រ ។
៩. រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២នៃសតវត្សទី១០): មានលក្ខណៈស្មុគស្មាញច្របូកច្របល់ ប៉ុន្តែមានការរីកចម្រើនថ្មី គឺមានសង់បន្ទប់វែងៗនៅជាន់ទី១ (ប្រាសាទមេបុណ្យខាងកើត) ។
១០. រចនាបថឃ្លាំង (ចុងសតវត្សទី១០ និងពាក់កណ្ដាលទី១នៃសតវត្សទី១១): សំណង់ប្រាសាទលែងប្រើឥដ្ឋទៀតហើយសំណង់ប្រាសាទភ្នំ និងកំណើតថែវកាន់តែរីកចម្រើនឡើង ។
១១. រចនាបថបាពួន (ពាក់កណ្ដាលទី២នៃសតវត្សទី១១): សំណង់ប្រាសាទភ្នំកាន់តែកើនឡើង ឯខឿនកាន់តែឡើងខ្ពស់ហើយកាន់តែធំ ។
១២. រចនាបថអង្គរវត្ត (ពាក់កណ្ដាលទី១នៃសតវត្សទី១២): ជាប្រាសាទភ្នំ (ប្រាសាទអង្គរវត្ត) អំពីថ្មភក់ ។ មុននឹងសាងប្រាសាទអង្គរវត្តដែលប្រកបដោយប្លង់ដ៏ល្អវិចិត្រ ស្ថាបត្យករខ្មែរបានសាកល្បងសង់ប្រាសាទបឹងមាលាដែលមានប្លង់ដូច ប្រាសាទអង្គរវត្តដែរ ។ នៅក្នុងរចនាបថអង្គរវត្តស្ថាបត្យកម្មខ្មែរបានឈានដល់កម្រិត ខ្ពស់ ។
១៣. រចនាបថបាយ័ន (ពាក់កណ្ដាលទី២នៃសតវត្សទី១២ និងដើមសតវត្សទី១៣): ប្រាសាទសង់រាបនឹងដីបែបជាវត្តអារាម (លើកលែងតែប្រាសាទបាយ័ន) ដើម្បីតម្រូវទៅតាមទស្សនៈពុទ្ធសាសនា ។ ស្ថាបត្យកម្មមានលក្ខណៈអន់ថយបន្តិចដោយប្រាសាទទាំងឡាយសាងដោយ ប្រញាប់បញាល់ពេក ហើយថ្មក៏មិនសូវមានគុណភាពល្អដូចសម័យមុនៗដែរ ។ លក្ខណៈពិសេសសនៃរចនាបថនេះ គឺប្រាង្គមុខ៤ ដែលញញឹមប្រិមប្រិយ៍ព្រមទាំងមាននាគអមសងខាងផ្លូវដែលឆ្លងគូចូល ទៅកាន់ប្រាសាទ ។
ដូច្នេះសម្ភារៈសំណង់ដែលប្រើមានថ្មភ្នំ ឥដ្ឋ បាយអ ថ្មភក់ និងថ្មបាយក្រៀមដែលជាថ្មម៉្យាងមានជាតិដែកអាចធន់នឹងធាតុអាកាស គ្រប់បែបយ៉ាង ។ គេមិនឆ្លាក់លើថ្មបែបនេះទេ គេប្រើសម្រាប់ធ្វើកំពែង ។ ខឿនប្រាសាទជណ្ដើរចុះទៅកាន់ស្រះ និងប្រើធ្វើជញ្ជាំងខ្លះដែរ ។ ឯឈើគ្រាន់តែជាសម្ភារៈបន្ទាប់បន្សំសម្រាប់ធ្វើពិដាន គ្រឿងទ្រដំបូលឬធ្វើផ្ដែរ ។
អត្ថបទពេញនិយម ៖ រចនាសម្ព័ន្ធប្រាសាទខ្មែរ – ប្រាសាទខ្មែរ