លម្អបីយ៉ាងរបស់មនុស្ស – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
លម្អបីយ៉ាងរបស់មនុស្ស – កំណាព្យខ្មែរ | ||
១ | កាយគាប់ទន់ភ្លន់ឫកបវរ | វាចាស្មោះសរផ្អែមពីរោះ |
ចិត្តល្អស្មោះត្រង់មានកេរ្តិ៍ឈ្មោះ | សមរម្យមានយសញាតិរាប់អាន ។ | |
២ | រួសរាយរាក់ទាក់តាមទម្លាប់ | ញាតិផងគន់គាប់សុខក្សេមក្សាន្ត |
ប្រកាន់ឱ្យខ្ជាប់កុំបីល្អាន | កេរ្តិ៍ឈ្មោះថ្កើងថ្កានល្បីសុសសាយ ។ | |
៣ | លេខមួយស្ថិតក្នុងដួងនេត្រា | ក៏ព្រោះវាចាចិត្តនិងកាយ |
ប្រព្រឹត្តបានល្អមិនរសាយ | អ្នកផងទាំងឡាយគាប់ដួងចិត្ត ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ឥទ្ធិពលសុរា – កំណាព្យខ្មែរ