Thursday , November 21 2024

រឿងវត្តសំពៅប្រាំ – រឿងព្រេងខ្មែរ

រឿងវត្តសំពៅប្រាំ – រឿងព្រេងខ្មែរ ៖ វត្ដសំំពៅប្រាំ ស្ថិតនៅទីខ្ពង់់រាប នៃភ្នំបូកគោ ដែលសព្វថ្ងៃនេះរាជការបានតាំងជាទីក្រុងទេសចរណ៏មួយយ៉ាង សំំខាន់សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្ដកំពត ប៉ុន្ដែសព្វថ្ងៃគេកាត់ចេញដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រងពិសេសដាច់ចេញពី ខេត្ដកំពត។ សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឱ្យទាន់សម័យ ឯផ្ងូវថ្នល់ដែលលូនក្រវេចក្ររៀនតាមចង្កេះភ្នំ កាត់ជា ជ្រោះឡើងទៅខ្ពង់បុព្វតានេះ ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អ្អាតបាត រថយន្ដតូចគ្រប់ធុនបើកបរគ្មានលំបាកទេ លើក លែងតែរថយន្ដធំវែងៗបើកបរពុំបាន ត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។ ផ្លូវឡើងនេះមានចម្ងាយចាប់ តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ៣ (ផ្លូវនៅកំពតវាលរិញ) ទៅមាន៣២គ.ម ប៉ុនែ្ដដោយផ្លូវបត់បែន ហើយត្រូវ ឡើងជាដរាបផង រថយន្ដបើកពុំសូវលឿនប៉ុន្មានទេ។

ពីដើមខ្ពង់រាបបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជន ជាតីអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេសកម្ពុជាបាន ចាត់កសាង ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។ កាលពីសម័យកសាងនោះ ដោយទ្រង់ថា បារាំងរៀបចំធ្វើទី សំំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនា ភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដោយមានកូនវិហារតូចមួួយនឹងចេតិយ ឡើងមួយដែរ។ សំណង់់វត្ដនេះតាំង លើដីខ្ពស់ ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ ចម្លែកជាងគេគឺផែនថ្មជាបន្ទះៗ មានទំហំបណ្តោយប្រមាណជា ជាង១០មែត្រ និងកំពស់ប្រហែលជិត១០មែត្រដែរ។ ទ្រង់ទ្រាយផែនថ្ម នេះមានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នា ជាប្រាំសន្លឹក មានសណ្ឋានដូចកេ្ដាងសំពៅត្រដាង។ ដោយឃើញ រូបភាពនៃថ្មទាំងប្រាំផែននេះ មានសណ្ឋានដូចសំពៅ៥ កំពុងបើកកេ្ដាង ហើយការកសាងក៏ត្រូវធ្វើនៅជាប់ផែនថ្ម នេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មត់ថា “វត្ដសំពៅ ប្រាំ ” ។

កាលបើបានឈ្មោះនេះហើយ អ្នកផងក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមានស្រាប់ មកហើយ គឺរឿងព្រះថោងនាងនាគនោះឯង ៖ ក្នុងកាលកន្លងយូរមកហើយ កាលនោះមានសេ្ដចខ្មែរយើងមួយអង្គ ព្រះនាមព្រះថោង។ រឿងដើមនៃក្សត្រអង្គនេះ គឺព្រះអង្គជាព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនិងបិតា ដែលតំរូវឱ្យព្រះអង្គគោរពបូជាព្រះអនុជពៅ ម្ល៉ោះហើយទ្រង់យាងចាកចេញពីព្រះរាជវាំងជាមួួយស្ម័គ្របក្សពួកចេញ ឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយ មានដើមធ្លកមួយដើមដុះនាកណ្ដាលវាលខ្សាច់នោះ។ ព្រះអង្គបញ្ឈប់ពលរេហ៏ នៅទីនោះសម្រាកព្រះកាយនៅក្រោមដើមធ្លក។

ពេលព្រលឹមស្វាងឡើង ព្រះអង្គយាងមួយព្រះអង្គឯង លំហែរកាយ តាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសំលេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិតបានជួបនឹងនាងនាគ ដែល កំពុងនាំភិលៀងមកកំសាន្ដឆ្នេរសមុទ្រនេះ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏យល់ព្រម តែសូមឱ្យព្រះអង្គ តោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះភុជង្គនាគជាព្រះបិតា។ លុះព្រះអង្គតាមព្រះនាងទៅ ដល់ឋាននាគអស់រយៈ៧ថ្ងៃ ក៏សូមលាព្រះបិតាក្មេកនាំមហេសីមកឋានមនុស្សវិញ។ កាលនោះព្រះបាទភុជង្គនាគ បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតំលៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជ្យនៅឋានមនុស្ស លោក។ សំពៅទាំង៥នោះ បើកក្តោងសំដៅមាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតម្រៀមគ្នា រើប្រដាប់ប្រដា ចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីណាមួយ មានទីទួលខ្ពស់រៀបចំកសាងជាទីក្រុងឡើង។

ឯសំពៅទាំងប្រាំ នោះក៏បញ្ឈរទុក សម្រាប់ព្រះអង្គមានដំណើរទៅណាមកណា ទ្រង់គង់ក្រសាលតាមព្រះចិន្ដា។ ពលរេហ៏ទាំង៥០០នាក់ ក៏ដង្ហែព្រះថោងនិងនាងនាគ ទៅចាប់ស្ថាបនាទីក្រុងរាជនិវេសន៏ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ លុះអស់កាល ជា យូរលង់ក្រោយមក ឆ្នេរសមុទ្រចេះតែស្រុតស្រកឆ្ងាយទៅៗ ដីក៏កាន់តែដុះខ្ពស់ឡើងៗ សំពៅទាំងប្រាំនោះក៏ កឿងនៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដី នៅសល់តែកេ្ដាងទាំង៥ ដែលគេ ឃើញសព្វថ្ងៃនេះ។ នេះហើយជារឿងព្រេងដែលអ្នកស្រុកប្រឌិត ភ្ជាប់នឹងស្ថានភាពវត្ដនៅលើភ្នំបូកគោ។

ប៉ុនែ្ដបើតាម ការស្រាវជ្រាវ វិញវត្ដនេះពុំមែនជាវត្ថុបុរាណណាស់ណាទេ ក៏ជាវត្ដថ្មីមួយ ដែលព្រះករុណាព្រះបាទព្រះស៊ីសុវត្ថិមុនីវង្ស ព្រះចៅ ប្រទេសកម្ពុជាទ្រង់កសាងឡើងកាលពី គ.ស ១៩២៤ គឺនៅគ្រាដែលរាជការអាណាព្យាបាលបារាំង គេស្ថាបនា ទីតំបន់បូកគោធ្វើជាទីលំហែរ សម្រាប់យកខ្យល់ត្រជាក់តាមធាតុអាកាសស្រុកអ៊ឺរ៉ុប។ កាលនោះរាជការបារាំង គេ បានថ្វាយចំពោះព្រះកុរណាជាអង្គម្ចាស់ជីវិត នូវទីកន្លែងមួយសម្រាប់ព្រះអង្គស្ថាបនាជាព្រះដំណាក់មួយនៅបូកគោ នោះ ដូច្នោះហើយព្រះអង្គក៏ផ្ដួចផ្តើមព្រះទ័យកសាងជាវត្ដមួយនេះឡើង ដោយជ្រើសរើសយកទីទួលដែលជាប់នឹង ផែនថ្ម៥សន្លឹកធំៗនោះ សង់ជាព្រះវិហារមួយតូចតែស្អាតស្អំ និងចេតីយមួយទៀតនៅពីមុខព្រះវិហារនេះ ហើយសន្មត់ យកនាភាភិធេយ្យថា “វត្ដសំពៅប្រាំ” គឺយកតាមលំនាំទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្លោង សំពៅប្រាំផ្ទាំង ឋិតនៅត្រង់នោះស្រាប់។ សព្វថ្ងៃបូកគោជាទីមនោរម្យមួយសម្រាប់ទេសចរណ៏ ធ្វើដំណើរទៅលំហែរ សម្រាកកាយនៅគ្រប់ពេលឈប់សម្រាក ម្លោះហើយវត្ដសំពៅប្រាំ ក៏ទៅជារម្យណីយដ្ឋានមួយដែលគេស្គាល់ច្រើនដែរ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងស្រះយក្ខឡោម – រឿងព្រេងខ្មែរ

រឿងវត្តសំពៅប្រាំ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *