រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសកុហក៤នាក់ មកជួបជុំគ្នា រួមគំនិត គិតដើរទៅរកឆរបោកបញ្ឆោត យកទ្រព្យសម្បត្តិគេ នៅគេហដ្ឋាន ឆ្ងាយពីលំនៅរបស់ខ្លួន , ព្រមព្រៀងគ្នាស្រេចហើយ ក៏នាំគ្នាដើរទៅ , លុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់ពីរនាក់ ជាអ្នកធ្វើចម្ការកប្បាស នៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេ ។ បុរសកុហក៤នាក់នោះ បានដឹងដំណឹងថា តាចាស់ ដូនចាស់ ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើ ក៏គិតគ្នាថា យើងត្រូវនាំគ្នាឈប់ទៅទីនេះ ដើម្បីភូតកុហក យកទ្រព្យសម្បត្តិតាចាស់ ដូនចាស់នេះឲ្យបាន បុរស៤នាក់នោះ ទៅដល់សួរតាចាស់ដូនចាស់ថា ឱ ! តាយាយអើយ ! យើងខ្ញុំទាំង៤នាក់នោះ មកពីស្រុកឆ្ងាយណាស់ ខំត្រាច់ដើររកអ្នកឯណាដែលចេះដឹង ព្រោះយើងខ្ញុំចង់ដឹងរឿងព្រេងពីបុរាណនាយមក, តែវេលានេះ បានមកជួបនឹងតាយាយៗ ប្រហែលជាចេះដឹងរឿងបុរាណមកខ្លះមិនខាន បើដូច្នេះ សូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយ ឲ្យចៅស្ដាប់បន្តិច ។ តាចាស់ដូនចាស់ ក៏ឆ្លើយតបទៅបុរសទាំង៤នាក់វិញថា ចៅអើយ ចៅ ! តាំងពីក្មេងដល់ចំណាស់ប៉ុណ្ណេះហើយ តាយាយគ្មានចេះរឿងព្រេងអ្វីទេ សូមចៅអញ្ជើញទៅរកសួរអ្នកឯទៀតចុះ ។ បុរសទាំង៤នាក់ ក៏ជម្រាបទៅតាយាយវិញថា ឱ ! តាយាយអើយ ! បើប្រសិនជាមានគេចេះរឿងព្រេងនោះ តាយាយចង់ស្ដាប់ឬទេ ? ។ ឱ ! ចៅអើយ ! តាយាយ ចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មាន ។ បុរសទាំង៤នាក់ ក៏ជម្រាបទៅតាយាយវិញដោយកិច្ចកល ប៉ងនឹងបោកយកទ្រព្យសម្បត្តិ តាចាស់ដូនចាស់នោះ ឲ្យបានដោយងាយថា យើងខ្ញុំទាំង៤នាក់នេះ ចេះខ្លះដែរ ព្រោះបានដឹងពីជីតាខ្ញុំ គាត់និទានប្រាប់, តែរឿងនេះ បើនិយាយទៅកាលណា តាយាយត្រូវតែជឿទើបខ្ញុំនិទានប្រាប់បាន ។ តាយាយ ក៏ព្រមព្រៀងឲ្យបុរសទាំង៤នាក់នោះ និយាយ ។
បុរសទី១ ចាប់អធិប្បាយរឿងកុហកជាដំបូងឡើងថា : កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន៣ខែ ម្ដាយខ្ញុំ គាត់ចង់ពិសាផ្លែធុរេននៅមុខផ្ទះខ្ញុំ ដើមវា មានកំពស់ប្រហែល៨ព្យាម ហើយមានផ្លែតែមួយផង គាត់មិនដឹងជាគិតដូចម្ដេច នឹងបានផ្លែឈើនោះមកពិសា ។ លុះខ្ញុំបានដឹងថា គាត់ចង់ពិសាផ្លែនោះខ្ញុំក៏ចេញពីផ្ទៃគាត់ តាមទ្វារមាស ទៅឡើងបេះធុរេននោះ យកមកជូនគាត់ពិសា, រួចស្រេច ខ្ញុំត្រឡប់ចូលទៅក្នុងផ្ទៃគាត់វិញ។
បុរសទី២ថា : កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំ បានចំនួន៦ខែ ឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែ ចម្ការ ច្បារដំណាំពេក ខ្ញុំចេញពីផ្ទៃគាត់មក នៅធ្វើស្រែចម្ការ ឃ្វាលគោ ក្របី ដណ្ដាំបាយ ដងទឹក ជំនួសគាត់ ពីព្រឹកព្រហាម លុះល្ងាច, អស់ការធ្វើ ខ្ញុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ ជារៀងរាបដរាបមក ។
បុរសទី៣ថា ឱ ! តាយាយអើយ ខ្លួនខ្ញុំនេះ ជាទេវបុត្រ ច្បុតចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសព្វថ្ងៃនេះ ខ្ញុំចេញពីទ្វារមាសវេលាណា បានមកបម្រើគាត់សព្វសារពើ, ដល់ខ្ញុំចាស់ទៀបនឹងស្លាប់ ខ្ញុំសុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ ដើម្បីកុំឲ្យស្លាប់ទាន់ ហើយកើតម្ដងទៀតឲ្យបានជាក្មេងឡើងវិញ ។
បុរសទី៤ថា : ខ្លួនខ្ញុំនេះ ចាប់តាំងតែចេញពីផ្ទៃម្ដាយកាលណាមក ខ្ញុំរក្សាសីល៥ ចាំសីល៨ តែសីលខ្ញុំ ប្លែកពីសីលអ្នកទាំងពួងចង់ផឹកស្រា ជក់អាភៀន សម្លាប់ជីវិតគេក៏បាន , លុះដល់ខ្ញុំស្លាប់ទៅៗ កើតជាទេវតា សោយរាជសម្បត្តិនៅឋានសួគ៌ ។
បុរសទាំង៤នាក់នោះ និយាយភូតកុហកគ្រប់គ្នាហើយ ក៏សួរទៅតាចាស់ដូនចាស់ថា រឿងខ្ញុំនិទានជំរាបទាំងប៉ុន្មាននេះ តើតាយាយជឿឬទេ ? តាយាយ ឆ្លើយតបទៅវិញថា រឿងនោះតាយាយ ជឿហើយចៅ ! ។ តែក្នុងគំនិតគាត់ទាំង២នាក់ គិតឃើញជាស្រេចថា បុរសទាំងនេះ សុទ្ធតែនិយាយកុហកទាំងអស់ ។
ដល់បុរសទាំង៤នាក់នោះ ទាល់ប្រាជ្ញា ក៏ឲ្យតានោះ និយាយរឿងប្រាប់ម្ដងវិញ, ប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះ គាត់បានសន្យាដូចបុរសទាំង៤នាក់នោះដែរ , លុះព្រមព្រៀងទាំងអស់គ្នា ទើបតាចាស់និយាយ ។
តាថា ឱ ! ចៅអើយ ! កាលតានិយាយ មកធ្វើចម្ការកប្បាសនេះបាន ៥ – ៦ ឆ្នាំ មានទ្រព្យសម្បត្តិប្រាក់មាស ល្មមនឹងចិញ្ចឹមចៅទាំង៤នាក់នេះបាន , តែនៅឆ្នាំមួយមុននោះ កប្បាសមិនផ្លែសោះ មិនដឹងជារឿងហេតុអ្វី, មានមួយថ្ងៃ តាដើររុកក្នុងចម្ការទៅ ឃើញដើមកប្បាស១ដើម ទំហំប៉ុនដើមត្នោត មានផ្លែមួយធំ តាក៏ឡើងបេះយកមកផ្ទះ, ដល់តានិងយាយនាំគ្នាមកមើល ឃើញមានគ្រាប់៤ ក្នុងមួយគ្រាប់ៗ មានកុមារម្នាក់ៗ គ្រប់គ្រាប់ទាំង៤, តាបានឲ្យយាយគាត់បំបៅបីបាច់រក្សា, លុះដល់កុមារទាំង៤នាក់នោះ ធំវេលាណាឡើង ក៏នាំគ្នារត់ចោលតានិងយាយទាំងអស់ទៅ, ឥឡូវតាឃើញចៅទាំង៤នាក់នេះត្រឡប់មកវិញហើយ ។
បុរសទាំង៤នាក់ ភិតភ័យខ្លាំង ក៏នាមគ្នាឆ្លើយប្រកែកទៅនឹងតាចាស់ ដូនចាស់វិញថា មិនមែនទេ ។ តាយាយសួរទៅវិញថា ហេតុអ្វី ក៏ចៅថាមិនមែន, បើចៅចេះតែប្រកែកយ៉ាងនេះ នុះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយ, បើដូច្នេះ ត្រូវចៅទាំង៤នាក់ មកនៅបម្រើតា ទើបត្រូវនឹងពាក្យសន្យា ។ បុរសកុហក៤នាក់ គេចមិនរួច ក៏នៅបម្រើតាយាយទៅ ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍ – រឿងព្រេងខ្មែរ