រឿងបងថ្លៃនិងប្អូនថ្លៃ – រឿងព្រេងខ្មែរ ៖ មានមនុស្សពីរនាក់ ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា , បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ , ប្អូនថ្លៃនោះ បានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក, បងថ្លៃនិយាយប្រាប់តាមត្រង់ថា មិនហ៊ានទៅស៊ីទេ ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបបទ ខ្មាសគេ, ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា មិនអីទេ ទៅពីរនាក់ចុះ បើមិនដឹង ឲ្យតែធ្វើតាមខ្ញុំៗ ស៊ីអី ស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ ។ បងក៏ព្រមទៅ, លុះទៅបរិភោគនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ , ដល់គេលើកសម្លខ្ចៅមក ប្អូនក៏យកចង្កឹះចាប់មួយមកពម រួចជញ្ជក់អស់ ខ្ជាក់សំបកខ្ចៅនោះដាក់នៅនឹងកន្លែង ហើយគេចោលសំបកនោះទៅ ។
ឯបងនោះមិនដឹង ដោយមិនបានឃើញគេធ្វើដូច្នោះ ក៏ខំជញ្ជក់ហើយខំទាំងទំពាសំបកខ្ចៅនោះទាល់តែល្អិត ខំលេបទៅ ។ ប្អូនឃើញដូច្នេះ ក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅ ដែលគេឡៅទុកនៅចាននោះមកស៊ីៗ រួចគេយកកន្សែងខ្ចប់ដាក់ ហើយចោលទៅទៀត ។ បងឃើញគេស៊ីអំពៅ ក៏យកអំពៅនោះ មកស៊ីនឹងគេទៀត ខំទំពាអំពៅទាល់តែល្អិតកាក លេបទៅទៀត, ប្អូនលែងស៊ីអំពៅ វាទៅស៊ីសម្លមីសួរទៀត ទើបតែនឹងពមចូលក្នុងមាត់ នឹកឃើញបងស៊ីអំពៅទាំងកាកនោះ ហើយអស់សំណើចទប់មិនឈ្នះ ក៏ចេញសំឡេងមកឮតែឃឹក ។ ដោយហេតុខ្យល់ទប់ឃឹកនោះ មីសួរវាស្ទុះឡើងទៅចូលឯរន្ធច្រមុះទាំងពីរ ចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់ ។ បងថ្លៃឃើញដូច្នោះ ក៏ចោលចង្កើះទៅក្នុងថាសថា ទេ ! លែងស៊ីហើយ ស៊ីឯទៀតធ្វើតាម សូម្បីខ្ចៅនិងអំពៅទាំងសំបក ទាំងកាក ក៏ស៊ីបានទាំងអស់ ដល់មីសួរ ខ្លុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេ ប្អូនឯងស៊ីតែឯងចុះ បងលែងស៊ីហើយ ស៊ីទៅទៀតមិនកើតទេ ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងបុរសកាសសាមសិប – រឿងព្រេងខ្មែរ