Saturday , April 20 2024

របៀបធ្វើទឹកត្រីឆ្ងាញ់និងមានអនាម័យ – កសិកម្មនិងសប្បកម្ម

១. សេចក្តី​ផ្តើម​ – របៀបធ្វើទឹកត្រីឆ្ងាញ់និងមានអនាម័យ – កសិកម្មនិងសប្បកម្ម

សកម្មភាព​នៃ​ការកែច្នៃ​ផល​ជលផល​បានផ្តល់ ​នូវ​សារៈសំខាន់​ដល់​សេដ្ឋកិច្ចសង្គម និង​សន្តិសុខ​ស្បៀង​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ។ ដើម្បី​ថែរក្សា​នូវ​ផលប្រយោជន៍​ទាំងនេះ តម្រូវ​ឲ្យ​ការកែច្នៃ​ជលផល​មាន​លក្ខណៈ​ទូលំទូលាយ ​ព្រមទាំង​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស និង​អនាម័យ​ដើម្បី​ឲ្យ​ការផលិត​ប្រកបដោយ​ប្រសិទ្ធភាព និង​ផលិតផល​មានគុណ​ភាពល្អ ដើម្បី​ធានា​ការប្រើប្រាស់​ប្រកបដោយ​សុ​វត្តិភាព​សម្រាប់​អ្នកប្រើប្រាស់ ។ នាពេល​បច្ចុប្បន្ននេះ សកម្មភាព​ផ្នែក​កែច្នៃ​ជលផល​បាន​ នឹង​កំពុង​តែមាន​សកម្មភាព​ផុលផុស​ក្នុងការ​ផ្គត់ផ្គង់​តាម​តម្រូវការ​ ក្នុងស្រុក ព្រមទាំង​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អ​ន្តរជាតិ​ផងដែរ ។

របៀបធ្វើទឹកត្រីឆ្ងាញ់និងមានអនាម័យ - កសិកម្មនិងសប្បកម្ម

ប្រជាជន​កម្ពុជា​បាន​អនុវត្ត​បច្ចេកទេស​កែច្នៃ ផល​ជលផល​ផ្សេងៗ ដូចជា​ការកែច្នៃ​ជា​ត្រីងៀត ត្រីប្រឡាក់ ត្រីឆ្អើរ ទឹកត្រី ប្រហុក​ផ្អក ម៉ាំ ៘​

​​ទឹកត្រី​គឺជា​ផល​ផលិតផល​ជលផល​មួយ​ ប្រភេទ ដែល​ប្រជាជន​កម្ពុជា​រួមទាំង​ប្រជាជាតិ​អាស៊ី​មួយចំនួនទៀត​បាន​និយម​ ប្រើប្រាស់​ជា​អាហារ​ប្រចាំថ្ងៃ ជាពិសេស​ក្នុង​ការដាំ​ស្ល ហើយ​ម្យ៉ាងទៀត​បច្ចេកទេស​កែច្នៃ​ទឹកត្រី​មាន​លក្ខណៈសាមញ្ញ​ងាយ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ផលិត​ដោយ​ខ្លួនឯង និង​មាន​អ្នក​សិប្បកម្ម​មួយចំនួន​បានជ្រើសរើស​បច្ចេកទេស​នេះ​ជា​អាជីវកម្ម ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​ទៀតផង ។​

​បច្ចេកទេស​ផលិត​ទឹកត្រី​តូ្រវ​បាន​អនុ​ វត្តមាន​លក្ខណៈខុស​គ្នា​ទៅតាម​តំបន់ និង​ទំហំ​ខ្នា​ត​ផលិត​ដែល​រួមមាន​បច្ចេកទេស​កែច្នៃ​សំខាន់ៗ ២​យ៉ាង ​គឺ​តាមរបៀប​ប្រព័ន្ធ​ចម្រោះ (Hydro-lysis) និង​ប្រព័ន្ធ​ស្ងោ​រំងាស់ (Boilling) ។ ប្រព័ន្ធ​ចម្រោះ​ភាគច្រើន​អនុវត្ត​ដោយ​អ្នក​ផលិត​ទ្រង់ទ្រាយ​មធ្យម ឯ​ប្រព័ន្ធ​ស្ងោ​រំងាស់​ភាគច្រើន​អនុវត្ត​ដោយ​អ្នក​ផលិត​ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ​គ្រួសារ ។ នៅក្នុង​អត្ថបទ​បច្ចេកទេស​នេះ​នាយកដ្ឋាន​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​នៃ​រដ្ឋបាល​ជលផល សូម​លើក​បច្ចេកទេស​ផលិត​ទឹកត្រី​លក្ខណៈ​ សិប្បកម្ម​មក​បរិយាយ​នៅទីនេះ ដើម្បី​ផ្តល់​ជា​ឯកសារ​ជំនួយ​បច្ចេកទេស​សម្រាប់​បង្កើន​ការយល់ដឹង​របស់​អ្នក ​កែច្នៃ និង​ពាក់ព័ន្ធ​នានា ។​
២.បចេ្ចកទេសកែច្នៃទឹកត្រី

​ក​. ដ្យា​ក្រាម​លំហូរ​ស្តីពី​ខ្សែសង្វាក់​ផលិត​ទឹកត្រី​

​ខ​. សម្ភារៈ និង​ការរៀបចំ​ទីតាំង​

ទី​កនែ្លង​ដែល​សម្រាប់​ផលិត​ទឹកត្រី ត្រូវ​រៀបចំ​យ៉ាង​មាន​សណ្តាប់ធ្នាប់ និង​គោរព​តាម​បទដ្ឋាន​អនាម័យ ​ដោយមាន​សាងសង់​ជាឃ្លាំង និង​បែង​ចែកជា​កន្លែង​សម្រាប់​អាង​ស្តុក​ត្រី បន្ទប់ ឬ​ឃ្លាំង​ដាក់​សម្ភារៈ វត្ថុធាតុដើម និង​ផលិតផល​សម្រេច ព្រមទាំង​រៀបចំ​ប្រព័ន្ធ​អគ្គិសនីសម្រាប់​ប្រើប្រាស់​ប្រកបដោយ​លក្ខណៈ​ បច្ចេកទេស ។ ចំពោះ​សម្ភារៈ​សម្រាប់​ផលិត​ទឹកត្រី​រួមមាន​: អាង ឬ​ធុង​ផ្អាប់ និង​ស្តុក​ទឹកត្រី ធ្វើ​ពី​ជ័រឈើ ឬ​ស៊ីម៉ង់ត៍ ដែលមាន​ទំហំ​តាម​តម្រូវការ​អ្នក​ផលិត ឈើ ឬ​ ឫស្សី​សម្រាប់​ខ្ទាស់​សង្កត់ បន្ទះ​កន្ទេល ​ដប​សម្រាប់​ដាក់​ផលិតផលសម្រេច​ ដែលមាន​បិទ​ស្លាក​សញ្ញា​ពាណិជ​កម្ម និង​រាន​សម្រាប់​ហាល​ទឹកត្រី​ជាដើម ។ ការរៀបចំ​លាង​សម្អាត​ធុង និង​ឧបករណ៍​ចម្រោះ​គឺ​វា​មានសារៈសំខាន់​បំផុត​ សម្រាប់​ដំណាក់កាល​ទីមួយ ​នៃ​ការកែច្នៃ​ទឹកត្រី ។ ត្រូវ​ពិនិត្យ​រាល់​ធុង​ទាំងអស់ គឺ​មិនត្រូវ​ឲ្យ​មានការ​បែកបាក់ ឬ​ស្នាម​ប្រេះ​ទេ ព្រោះថា​វា​អាចធ្វើ​ឲ្យ​ទឹកត្រី​កំពប់​ជ្រាបចូល​ទៅក្នុង​ដី ។ ការរៀបចំ​ប្រព័ន្ធ​ចម្រោះ​គឺ មាន​លក្ខណៈផ្សេងៗ​គ្នា​ពី​អាង​មួយ​ទៅ​អាង​មួយ ចំពោះ​រោងចក្រ​មួយចំនួន​ការដាក់​ប្រព័ន្ធ​ចម្រោះ​ផ្តេក​នៅ​បាត​ក្រោម​ធុង និង​កន្លែង​ផ្សេងទៀត​ដាក់​ចម្រោះ​ត្រង់​នៅ​ផ្ទៃ​ខាងលើ​នៃ​ធុង ។ អ្នកកែច្នៃ​ខ្លះ​បាន​ប្រើ​បំពង់​ឫស្សី ឬ​ទុយោ​ជ័រ ​ធ្វើជា​ឧបករណ៍​ចម្រោះ​បំណែក​នៃ​ធុង ឬ​ដុំថ្ម​តំរៀប ដើម្បី​ធ្វើជា​ចម្រោះ ។ ការធ្វើ​បែបនេះ​គឺ​ធ្វើ​ដើម្បី​ឲ្យទឹកត្រី​ថ្លា​ល្អ ។​

៣. វត្ថុធាតុដើម

ត្រី​: ត្រី​គ្រប់​ប្រភេទ​អាច​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​ការផលិត​ទឹកត្រី​បាន ប៉ុន្តែ​ជាទូទៅ​អ្នក​កែច្នៃ​បានជ្រើសរើស​យក​ត្រី​ដែលមាន​ត​ម្លៃថោក ​មក​ផលិត​ទឹកត្រី ។ ចំពោះ​ប្រភេទ​ត្រី​សម្រាប់ធ្វើ​ការកែច្នៃ​ទឹកត្រី​មាន​:

​ប្រភេទ​ត្រី​ទឹកសាប​: ត្រី​លេញ ត្រី​រៀល ត្រី​ក្រឡង់ ត្រី​អាចម៍កុក ត្រី​ចន្ទាស​ភ្លុក ត្រី​កំភ្លាញ ត្រី​កញ្ចាញ់ច្រាស់ ត្រី​កញ្ចុះ ៘​
​ប្រភេទ​ត្រី​សមុទ្រ​ដែល​ប្រើប្រាស់​ សម្រាប់​ផលិត​ទឹកត្រី​មាន​: ត្រី​កា​កឹម ត្រី​កា​ម៉ុង ត្រី​ចាប​ហ៊ឺ ត្រី​ត្រសក់ ត្រី​កញ្ចុះ ត្រី​កញ្ចាញ់ច្រាស ៘​
​​គុណភាព​ត្រី​ចាំបាច់​ត្រូវ​នៅ​ស្រស់​ ល្អ ។ ការដឹកជញ្ជូន​ដោយ​យានយន្ត កាណូត ឬ​មធ្យោបាយ​ផ្សេងទៀត ត្រូវ​រៀបចំ​ឲ្យ​បានល្អ ដើម្បី​រក្សា​គុណភាព​ត្រី និង​គោរព​តាម​បទដ្ឋាន​អនាម័យ ។​

​អំបិល​: អំបិល​ដែល​យកមកប្រើ​ក្នុង​ការផលិត​ទឹកត្រី គឺជា​អំបិល​មាន​អនាម័យ​ល្អ ដែល​ពុំមាន​កំទេចកំទី​លាយ​លំ​ជាមួយ ។ ជា​ជម្រើស​មួយ​ល្អ គឺអាច​ប្រើប្រាស់​អំបិលអ៊ីយ៉ូដ ដើម្បី​ជួយ​បង្កើត​ជីជាតិ​អ៊ីយ៉ូដដល់​អ្នកប្រើប្រាស់ ។​

​គ្រឿង​បង្កើន​រសជាតិ​: ជាទូទៅ​អ្នក​កែច្នៃ​ប្រើប្រាស់​គ្រឿងទេស​មួយចំនួន​ សម្រាប់​បង្កើន​រសជាតិ​ដូចជា ប៊ីចេង (MSG) ស្ករ​កំលោច (Caramel) និង​គ្រឿង​បង្កើន​ក្លិន​ឈ្ងុយ​ដូចជា​ខ្ទឹមស រំដេង​ជាដើម ៘

៤. វិធីសាស្ត្រ​ផលិត​ទឹកត្រី​

៤.១ ការ​ប្រឡាក់​អំបិល​ ​ចាក់​ត្រី​ចូលក្នុង​អាង ឬ ធុង (​អាង និង​ធុង​ត្រូវ​ស្អាត​) គេ​ប្រឡាក់​អំបិល​ត្រី​ក្នុង​អត្រា​ពី ៣០-៤០ ភាគរយ លាយ​ឲ្យ​សព្វ​ល្អ និង​គ្រប់គ្រាន់​ដោយ​ត្រូវ​ប្រុងប្រយ័ត្ន ប្រសិនបើ​ប្រឡាក់​អំបិល​មិន​គ្រប់គ្រាន់​ទេ វា​នឹងធ្វើ​ឲ្យ​ទឹកត្រី​ខូចគុណភាព និង​ធុំ​ក្លិនស្អុយ ។

៤.២ ការ​ផ្អាប់​ ​ ​ក្រោយពី​ប្រឡាក់​អំបិល​រួច ​ត្រូវ​បានដាក់​ចូលក្នុង​នៅ​បាត​អាង ឬ​ធុង​ផ្អាប់ ​ដែលមាន​ក្រាល​អំបិល​បន្ថែម​នៅ​បាត​ក្រោម និង​នៅ​ផ្នែក​ខាងលើ​ប្រហែល​កម្រាស់ ១០ ស​.​ម ថែមទៀត​ដែរ ដើម្បី​ការពារ​រុយ​ពង​ដាក់ ។ បន្ទាប់មក​គ្រប​បន្ទះ​កន្ទេល​ពីលើ រួចហើយ​ត្រូវយក​ឈើ ឬ​ឫស្សី​ខ្ទាស់​ពីលើ​ឲ្យ​ជាប់ ដើម្បី​សង្កត់​ត្រី​ធ្វើ​ឲ្យ​ត្រី​ហាប់ និង​ជៀសវាង​កុំ​ឲ្យ​ត្រី​អណ្តែត​នៅពេល​កំពុង​ផ្អាប់ ម្យ៉ាងទៀត​ជៀសវាង​កុំ​ឲ្យ​ទឹក​ឈាម​ចេញពី​ត្រី​ហូរ​ចេញមកក្រៅ ។ ក្រោយពី​ខ្ទាស់​សង្កត់​ត្រី​ធ្វើ​ឲ្យ​ត្រី​ហាប់​រួចហើយ ត្រូវ​ផ្អាប់​រយៈ ០១ ឆ្នាំ ទើប​ធ្វើ​ចលនា​បង្ហូរ ឬ​សម្រក់​វា ។​

៤.៣ ការ​ចលនា​បង្ហូរ​ទឹកត្រី​ដំបូង (​ទឹក​ឈាម​) ​ ​គេ​ចាប់ផ្តើម​បើក​បង្ហូរ​ទឹកត្រី​ដំបូង ឬ​ហៅថា​ទឹក​ឈាម​ឲ្យ​ហូរ​ចូលទៅក្នុង​កូន​អាង ឬ​ធុង​ស្តុក ហើយ​ត្រូវយក​វា​ទៅ​ដាក់​ក្នុង​អាង ឬ​ធុង​ផ្អាប់​ដើម​វិញ ចំពោះ​អ្នក​កែច្នៃ​ខ្លះ​ប្រើ​ម៉ាស៊ីន​បូម​ជំនួស​ការប្រើ​កម្លាំង​មនុស្ស ។ គេ​ធ្វើ​របៀបនេះ​ដដែលៗ រយៈ​ពេ​ល ៤ ទៅ ៥ ខែ ដោយ​ត្រូវ​ឧស្សាហ៍​ដួស​យក​ខ្លាញ់​ដែល​អណ្តែត​លើ​មាត់​អាង​ចេញ ហើយ​រៀងរាល់​រយៈពេល ០២ ខែម្តង គេ​លាង​សំអាត​កន្ទេល និង​ឈើ​ខ្ទាស់​ឲ្យ​បាន​ស្អាត ។ ពេលធ្វើ​ការបង្ហូរ​ចេញចូល​ទឹក​ឈាម គេ​ធ្វើការ​ត្រួតពិនិត្យ​កំហាប់​អំបិល​ដោយ​ប្រើ​វិធី​ដូចតទៅ​: ប្រសិនបើ​កំហាប់​អំបិល​ទាប​ទឹក​ឈាមមាន​ក្លិនឆ្អាប និង​មានទឹក​ពណ៌​លឿង សាច់​ត្រី​ហើម ហើយ​ធ្វើ​ឲ្យ​ដង្កូវ​លេចចេញ​ឡើង បើ​ឃើញ​ដូចនេះ​ត្រូវ​បន្ថែម​អំបិល ។ ពេលដែល​កំហាប់​អំបិល​ល្អ​ទឹក​ឈាមមាន​លក្ខណៈ​ក្រហម​ថ្លា ហើយ​សាច់​ត្រី​នៅ​រឹង​ហើយ​មិន​បែកបាក់​ទេ ។​

៤.៤ ការប្រមូល​ទឹកត្រី និង​ការរក្សា​ក្រោម​កំដៅ​ថ្ងៃ ​ ​ទឹកត្រី​លើក​ទី​១ ជា​ទឹកត្រី​ដែលមាន​គុណភាព​ខ្ពស់​ចាត់ទុកជា​មេទឹក​ត្រី ដែលជា​ទូទៅ​គេ​មិន​លក់​ទេ គេ​ប្រើ​វា​សម្រាប់​លាយ​ជាមួយ​ទឹកត្រី ដែល​ទទួលបាន​ពី​ការប្រមូល​នៅលើ​ក​ទី​២ នៅពេល​គេ​លាយ​ហើយ គេ​នឹង​បាន​ទឹកត្រី​ប្រភេទ​លេខ​១ ចំពោះ​ទឹកត្រី​ដែល​បានទទួល​មកពី​ការប្រមូល​លើក​ទី​៣ គេ​ប្រើ​សម្រាប់​ផលិត ទឹកត្រី​លេខ​២ និង​លេខ​បន្តបន្ទាប់​ទៀត​តាម​ការចង់បាន ។ គេ​ប្រើប្រាស់​វា​ដើម្បី​ធ្វើជា​ទឹកត្រី​លេខ​១ ។ បន្ទាប់ពី​បាន​បង្ហូរទឹក​ឈាម​អស់ហើយ គេ​ក៏​ត្រឡប់​កាក​ត្រី​ដែល​នៅសល់ រួច​លាយ​អំបិល​ជាមួយ​ទឹក ៣០ ភាគរយ បន្ថែមទៀត រួចហើយ​ធ្វើការ​បង្ហូរ​ត្រលប់​ចុះឡើង ដោយ​យក​ទឹកអំបិល​ចាក់​បន្ថែម ដើម្បី​ប្រមូលយក​ទឹកត្រី​ដែល​នៅសល់ ដែលជា​ទូទៅ​ប្រើ​ពេលធ្វើ​ចាប់ពី ១០ ថ្ងៃ រហូតដល់ ១ ខែ ។ គេ​ធ្វើ​របៀបនេះ​រហូតដល់​ទៅ ៥ លើក រហូត​ទាល់តែ​ទឹកត្រី ដែល​ហូរ​ចេញមក​នោះ​ថ្លា និង​មានតែ​ជាតិ​អំបិល ។​

ក្រោយពេល ​បញ្ចប់​ការប្រមូល​ទឹកត្រី​រួចរាល់​ទឹកត្រី ដែល​ប្រមូលបាន​ត្រូវដាក់​ក្នុង​ពាង ឬ​ធុង​រួច​យកទៅ​ហាលថ្ងៃ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ និង​មាន​រសជាតិ ។ បន្ទាប់មក​ទឹកត្រី​ទាំងនេះ​គេ​យក​វា​ទៅ​ហាលថ្ងៃ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ និង​មាន​រសជាតិ ដែល​អាច​ប្រព្រឹត្តទៅ​អស់​រយៈពេល​ពី ០១ ទៅ ០២ ខែ ។​

៤.៥ ការបន្ថែម​ពណ៌ និង​បង្កើន​រសជាតិ

​ភាគច្រើន​នៃ​ រោង​សិប្បកម្ម​ទឹកត្រី ប្រើប្រាស់​ប៊ីចេង (MSG) ស្ករ​កំលោច (Caramel) ដើម្បី​បន្ថែម​រសជាតិ​ទៅលើ​ទឹកត្រី ។ អ្នក​កែច្នៃ​ខ្លះ​ក៏​ប្រើប្រាស់​ខ្ទឹមស និង​រំដេង​ដើម្បី​បង្កើន​ក្លិន និង​រសជាតិ​ទឹកត្រី​ផងដែរ។ ការបន្ថែម​គ្រឿងផ្សំ​ទាំងនេះ​ត្រូវគោរព​ទៅតាម​កម្រិតស្តង់ដារ​ទឹកត្រី​ដែល​ បានអនុញ្ញាត​ឲ្យ​ប្រើ (​សូម​មើល​ឯកសារ ស្តង់ដារ​ទឹកត្រី​ដែល​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​ស្តង់ដារ​នៃ​ក្រសួង​ ឧស្សាហកម្ម រ៉ែ និង​ថាមពល​) ។ ក្រោយពេល​បន្ថែម​ពណ៌ និង​បង្កើន​រសជាតិ​រួច​ទឹកត្រី​ត្រូវបាន​ច្រោះ​ដើម្បី​ឲ្យ​ថ្លា​ល្អ​មុនពេល​ ច្រក​ដប ។​

៤.៦ ការ​វេច​ខ្ចប់ និង​ដាក់​ស្លាក​សញ្ញា​

​ក្នុងការ​វេច ​ខ្ចប់​អាច​ប្រើ​ដប​កែវ ដប​ជ័រ និង​កា​ដុង​ជ័រ ​ដោយ​លាង​ឲ្យ​បាន​ស្អាត​ល្អ​ការពារ​រោគចម្លង​ផ្សេងៗ ។ ត្រូវ​មានប្រើ​ស្លាក​សញ្ញា​សំគាល់​លើ​ផលិតផល​ត្រឹមត្រូវ ដែលមាន​ស្លាក​សញ្ញា​ចេញ​បញ្ជា​ក់ដោយ​ក្រសួង​ឧស្សា​ហ៍ក​ម្ម រ៉ែ និង​ថាមពល ព្រមទាំង​មាន​បា​កូដ​ ដែល​ចេញ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជាមុន​ដាក់លក់​នៅតាម​ទីផ្សារ​នានា ។ រូបភាព​លើ​ស្លាក​សញ្ញា​អាច​រៀបចំ​ធ្វើយ៉ាងណា​ទាក់ទាញ​ដល់​អ្នកប្រើប្រាស់​ ព្រមទាំង​មាន​បញ្ជាក់ ពី​ឈ្មោះ​ផលិតផល​ឈ្មោះ​ក្រុមហ៊ុន អាសយដ្ឋាន​ទំនាក់ទំនង​ច្បាស់លាស់ តារាង​បញ្ជាក់​សមាសភាគ​ផ្សំ និង​កម្រិត​អាហារូបត្ថម្ភ ព្រមទាំង​បញ្ជាក់​ពី​ថ្ងៃខែ​ ឆ្នាំ ​ផលិត និង​ផុតកំណត់​នៃ​ការប្រើប្រាស់ ។ ការបញ្ជាក់​អំពី​អនាម័យ​ល្អ ក្នុង​ការផលិត និង​គុណភាព​របស់​ផលិតផល គឺជា​ការសំខាន់​ដែល​ធានា​សុវត្ថិភាព និង​ទាក់ទាញ​ដល់​អ្នកប្រើប្រាស់ ។ សហគ្រាស ឬ​សិប្បកម្ម​កែច្នៃ​អាចដាក់​ពាក្យស្នើសុំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​ ការអនុវត្ត​អនាម័យ​ល្អ​ក្នុង​ការផលិត ដែល​ចេញ​បញ្ជា​ក់ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​របស់​រដ្ឋ​បាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​

ផលិតផល ​សម្រេច​ត្រូវ​រក្សា​ទុកដាក់​នៅ​ទីកន្លែង​មាន​អនាម័យ​ល្អ និង​មាន​សីតុណ្ហភាព​សមស្រប​ជាទូទៅ​អាច​រក្សាទុកនៅសីតុណ្ហភាព​ក្នុង​បន្ទប់ ​បាន ។​

អត្ថបទពេញនិយមបន្ទាប់ ៖ វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *