ពុក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ពុក – កំណាព្យខ្មែរ | ||
១ | ពុកអើយកូននឹកគ្រប់វេលា | ពុកនឿយម្នីម្នាចិញ្ចឹមកូន |
ឃើញពុករាល់ថ្ងៃឥឡូវសូន្យ | ជួបតែបងប្អូនកូនខ្លោចផ្សា ។ | |
២ | ភ្លៀងផ្គររលឹមពុកភ្ជួររាស់ | ថ្ងៃក្តៅកាប់គាស់រានចម្ការ |
នឿយគ្រប់រដូវប្រាំងវស្សា | ប្រឹងប្រកបការឱ្យកូនរៀន ។ | |
៣ | ពុកធ្លាប់លើកកូនជិះលើស្មា | ទៅលេងយាយតាញាតិព្រៀងលាន |
ពុកបាននិយាយរឿងនិទាន | ពុកយល់កូនឃ្លានឱ្យអាហារ ។ | |
៤ | កូនឈឺពុកព្រួយប្រឹងព្យាបាល | កក់ក្តៅនៅកាលវ័យកុមារ |
ពុកអប់រំកូនឱ្យឧស្សាហ៍ | ពុកប្រោសមេត្តារាល់កំហុស ។ | |
៥ | ពុករកផ្គត់ផ្គង់ក្នុងគ្រួសារ | ពុកប្រឹងធ្វើការឱ្យដាលដុះ |
ពុកកែតម្រូវពេលកូនខុស | ឱ្យកូនចាំចុះជាសីលធម៌ ។ | |
៦ | កាលក្មេងរស់នៅបានជួបជុំ | ចម្រើនវ័យធំគួរត្រេកអរ |
ស្រាប់តែបាត់អ្នកមានគុណល្អ | មមៃបន្តនឹកឃើញពុក ។ | |
៧ | គ្មានអ្វីតបស្នងគុណស្មើពិត | ពុកផ្តាំកូនគិតរក្សាទុក |
ចងក្រងបណ្តាំជាទំនុក | ទ្រព្យថ្លៃពាក្យពុកមានខ្លឹមសារ ។ | |
៨ | ស្រឡាញ់ពេញចិត្តតួនាទី | ព្យាយាមសម្ភីប្រកបការ |
ទទួលខុសត្រូវគ្រងរក្សា | ជួយសព្វញាតិសាសងគុណពុក ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ កូនអើយម៉ែផ្តាំ – កំណាព្យខ្មែរ