ផ្កាដុះវាលស្រែ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ផ្កាដុះវាលស្រែ – កំណាព្យខ្មែរ | ||
១ | ផ្កាត្រកួនស្វាយចាយក្នុងស្រែ | ប្រណាំងហូរហែនឹងផ្កាស្នោ |
ផ្កាក្រជីបស្រស់ក្រហមផូរ | រីកតាមដងអូរល្អប្រណីត។ | |
២ | ផ្កាឈូករហង់រំចង់ឆើត | ផ្កាម្អមខំអើតក្បែរព្រលឹត |
ឃើញផ្ការីកស្រស់រំភើបចិត្ត | នាសាផ្តេកផ្តិតពិដោរទេព។ | |
៣ | ផ្កាស្រែឆ្លុះពណ៌នឹងវាលស្មៅ | សន្ទូងស្រែស្រូវបណ្តោយទ្វីប |
ឃើញសោភ័ណផ្កាចង់និត្យនែប | ត្រកងផ្កាក្រេបគន្ធាសាយ។ | |
៤ | រដូវវស្សាផ្ការីកស្រស់ | នាសាបបោសមិនជិនណាយ |
ពណ៌ក្រហមសលឿងខៀវស្វាយ | ផ្ការីកសប្បាយនឹងធម្មជាតិ៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ ខ្ទមស្បូវផ្ទះខ្ញុំ – កំណាព្យខ្មែរ