ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយស្រីមានទីតាំងស្ថិតនៅភូមិ បន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ក្នុងបរិវេណវត្ដប្រាសាទបន្ទាយស្រី ចម្ងាយប្រមាណ ៣៤ គីឡូម៉ែត្រ នៅទិសខាងកើតទីរួមខេត្ដសៀមរាប និងមានទីតាំងនៅចំណុច UTM (X: 131521, Y: 10407207) ។ ប្រាសាទនេះជាសំណង់ទោលបែរមុខទៅទិសខាងកើត និងមានហោត្រៃ (មន្ទីរតម្កល់គម្ពីរផ្សេងៗ, បណ្ណាល័យ) ពីរបែរមុខទៅទិសខាងលិច ដែលបច្ចុប្បន្នរលំបាក់បែកអស់ហើយ ។
សម្ភារៈសំណង់មានថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ហើយមានភាពទ្រុឌទ្រោមខ្លាំងបណ្ដាលមកពីធម្មជាតិ និងមនុស្សជីកកកាយរកវត្ថុបុរាណ និងការបោះបង់ចោលមិនមានថែរក្សាឱ្យបានដិតដល់ជាយូរមកហើយ ។ ប្លង់តូបប៉មកណ្ដាលមានរាងការ៉េមានទ្វារចូលបួនទិស និងរានហាលរាងកាកបាទ សង់នៅទីទម្រពីរជាន់ និងមានកំពែងព័ទ្ធជុំវិញបីជាន់ ។ អត្ថបទលោក Lunet de La jonqiére បានរៀបរាប់ត្រឹមតែកំពែងទី១ និងទី២ប៉ុណ្ណោះ ។ នេះប្រហែលជាលោកមិនបានសង្កេតឃើញស្នាមទាំងនោះទេ ។
ប្រាសាទបន្ទាយស្រីពុំមានសិលាចារឹកប្រាប់អំពី កាលបរិច្ឆេទអ្វីទាំងអស់ ។ ហេតុនេះឆ្លងតាមការស្រាវជ្រាវកន្លងមក និងការប្រៀបធៀបលើសំណង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធប្រាសាទ គឺប្រាសាទនេះមានលក្ខណៈដូចប្រាសាទតាកែវ ភិមានអាកាស ភ្នំជីសូរ ឯកភ្នំ ដែលជាសំណង់សាងឡើងនៅសតវត្សទី១១ ក្នុងរចនាប័ទ្មឃ្លាំងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ ។ ម្យ៉ាងវិញទៀតបើយោងតាមអ្នកស្រី Coral Rémusat ដែលបានធ្វើការសិក្សាទៅលើសំណង់ស្ថាបត្យកម្ម និងការតុបតែងលម្អបានចាត់ចូលប្រាសាទនេះទៅក្នុងរចនាប័ទ្មឃ្លាំង ដោយសម្អាងលើហោជាង ផ្ដែរ ទ្វារ សសរពេជ្រ សសរផ្អោប និងបដិមាសាស្ដ្រ ។
សព្វថ្ងៃប្រាសាទបន្ទាយស្រីដំដែក ស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលខុសត្រូវរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃ អាជ្ញាធរអប្សរា ។ ក្រុមការងាររបស់នាយកដ្ឋានបានរៀបចំគំរោងយុទ្ធសាស្ដ្រតាមដំណាក់កាល នីមួយៗ ដើម្បីសង្គ្រោះប្រាសាទនេះពីការបំផ្លាញដោយដើមឈើតូច ធំ សត្វ និងសកម្មភាពទុច្ចរិតរបស់មនុស្ស ៕
អត្ថបទពេញនិយម ៖ ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ