ជិត៥០ឆ្នាំកន្លងចងចាំនៅ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ជិត៥០ឆ្នាំកន្លងចងចាំនៅ – កំណាព្យខ្មែរ | |||
១ | នៅក្មេងដឹងក្តីក្រីក្រណាស់ | ជីវភាពមិនផ្លាស់ក្រដដែល | |
កាយខ្ញុំកខ្វក់សុទ្ធតែក្អែល | រស់តដំណែលគ្រួសារក្រ ។ | ||
២ | ប្រាំពីរឆ្នាំគត់ចូលសាលា | នៅវត្តសិក្សាសែនអំណរ | |
រៀនសូត្រចេះចាំជាបន្ត | ចេះអានអក្សរត្រេកអរណាស់ ។ | ||
៣ | ផ្ទះស្លឹកស្ថិតក្នុងចំការចេក | គ្មានគ្រែដំណេកជញ្ជាំងប៉ះ | |
ស្លឹកពុកធ្លុះធ្លាយដំបូលចាស់ | ប្រហោងឃើញច្បាស់ផ្ទៃមេឃា ។ | ||
៤ | វស្សាភ្លៀងធ្លាក់ត្រជាក់ដី | ក្នុងផ្ទះគ្មានអ្វីតម្លៃជា | |
មានតែចានឆ្នាំងវែកស្លាបព្រា | មុងភួយដូចគ្នាចាស់មិនថ្មី ។ | ||
៥ | អំបិលប្រហុកពាងក្រឡ | ជិតខាប់អង្ករដាក់លើដី | |
រោងព្យួររបែងកញ្ច្រែងល្អី | ចង្ក្រានឫស្សីដំបូលស្លឹក ។ | ||
៦ | ពាងទឹកទូលទនៅមុខផ្ទះ | ងូតលាងជម្រះចម្រុះផឹក | |
កន្លង់ចោះធ្នឹមឫស្សីសឹក | ចោះឈើសំណឹករន្ធរទុះ ។ | ||
៧ | ទ្រុងមាន់ឫស្សីដីក្រោយផ្ទះ | អាគកទទះស្លាបកៀងស្ទុះ | |
ដេញជាន់មេផ្អើលឆ្កែដេញព្រុស | គីង្គក់ខាំមូសទៀបរាត្រី ។ | ||
៨ | ព្រឹកព្រាងជ្រូកស្រែកលាន់អ៊ូកៗ | គោភ្ញាក់ផ្អើលជ្រូកជាន់ស្មៅខ្ចី | |
ថ្ងៃមួយរំភើបបានខោថ្មី | មិនហ៊ានលេងដីក្រែងប្រឡាក់ ។ | ||
៩ | ហូបបាយផឹកទឹកនឹកដល់ម៉ែ | រាល់ថ្ងៃឆ្នាំខែម៉ែទុកដាក់ | |
ដាំស្លបោកគក់នឿយបណ្តាក់ | កូនរៀនឡើងថ្នាក់ម៉ែត្រេកអរ ។ | ||
១០ | ម៉ែមើលថែកូនសព្វចំណី | យល់កូនឃ្លានឆីមិនអំណរ | |
រកដំឡូងត្រាវយាត្រាចរ | ជីកគាស់ស្ងោរស្លកំដរមាត់ ។ | ||
១១ | ស្រណោះនឹកម៉ែកាន់ឈ្នាងល្អី | ប៉ោតឆ្នាំងជាលត្រីត្រាច់រង្គាត់ | |
ហត់នឿយស៊ូទ្រាំម៉ែមិនមាត់ | ប្រឹងទៅជញ្ជាត់កំពឹសត្រី ។ | ||
១២ | ខ្ចៅបឹងប្រឹងតោងមែករុក្ខា | ទឹកលេចមែកឆ្ការធ្លាក់នៅដី | |
ទ្រនំជម្រកខ្ចៅខ្យងត្រី | ខ្ចៅតោងឥតបីដូចផ្លែផ្កា ។ | ||
១៣ | ចំណីស្រែស្រុកសម្បូរបែប | បានឆាកង្កែបខែវស្សា | |
ដើមឆ្នាំខ្ចៅខ្យងស្ងោរភោក្តា | កំពឹសស្រស់ថ្លាលីងសម្ងួត ។ | ||
១៤ | កូនត្រីជញ្ជាត់គល់ស្លឹកគ្រៃ | ល្មៀតគ្រឿងម៉ែលៃឈ្ងុយរមួត | |
ត្រួយរាំងសាវម៉ាវស្លឹកកន្តួត | បន្លែជួយសួតថ្លើមក្រពះ ។ | ||
១៥ | ដើមចេកស្លម្ជូរកូនត្រីស្រែ | បាយក្តៅនឹកម៉ែអ្នកមេផ្ទះ | |
ចិញ្ចឹមកូនចៅនឿយននះ | ម៉ែពិតជាព្រះរបស់កូន ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ព្រហ្មវិហារធម៌ – កំណាព្យខ្មែរ