និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល ៖ ត្រូវប្រយ័ត្ននឹងឥរិយាបថរបស់សត្រូវ ។
អត្ថាធិប្បាយ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល
ខ្លានៅពេលនេះ លោកប្រដូចទៅនឹងសត្រូវ ។ ធម្មតាសត្រូវពុំដែលមានចេតនាល្អចំពោះអ្នកទេ ។ ម្ល៉ោះហើយគេត្រូវមានការប្រុងប្រយ័ត្នជាប្រចាំ ។ ព្រោះជួនកាលវាធ្វើហាក់ដូចជាស្លូតៗយ៉ាងស្ងៀមស្ងាត់ ដែលធ្វើឲ្យគេយល់ច្រឡំខុសបាន ។ ជួនកាលទៀត វាប្រើល្បិចខ្ពស់ពិសេស គឺវាធ្វើជាមកសុំចងស្ពានមេត្រីល្អឡើងវិញក៏មានដែរ ។ ប៉ុន្តែវាបង្កប់នូវល្បិចពឹសពុល ដែលនាំឲ្យគ្រោះថ្នាក់ដោយមិនដឹងខ្លួន ។
ក្នុងន័យខាងលើនេះដដែល មានអ្នកអំនួតខ្លះបានយកពាក្យនេះមកនិយាយឡូឡាក្អេងក្អាងដាក់បច្ចាមិត្តរបស់ខ្លួនដែរ ។ ដូចជាគេនិយាយថា «ម៉េច ! អញនៅស្ងៀមមិនមាត់ មិនក ប៉ុណ្ណឹងហើយ វានៅមិនសប្បាយចិត្តយ៉ាងម៉េចទៀត ។ នែវ៉ើយ ! កុំឃើញខ្លាក្រាប ថាខ្លាថ្វាយបង្គំឲ្យសោះ តិចថាមិនបានប្រាប់…» ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ងើយស្កក ឳនដាក់គ្រាប់ – សុភាសិតខ្មែរអធិប្បាយ