ខ្ទមស្បូវផ្ទះខ្ញុំ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ខ្ទមស្បូវផ្ទះខ្ញុំ – កំណាព្យខ្មែរ | ||
១ | ផ្ទះខ្ញុំខ្ទមស្បូវនៅវាលស្មៅ | កណ្តាលស្រែស្រូវលាស់ខៀវខ្ចី |
អាកាសស្រឡះមានព្រឹក្សព្រៃ | ត្នោតតឿត្នោតលៃឫស្សីជុំ។ | |
២ | មានកូនត្រពាំងមានទឹកប្រើ | ផ្ទះគ្មានជណ្តើរតែសុខុម |
មានគ្រែរនាបរៀបសមរម្យ | កន្ទេលក្រហមក្រាលជូនញាតិ។ | |
៣ | មានភ្នាក់ឫស្សីហាលអាវខោ | បង្អួចចំហមិនចង្អៀត |
បងប្អូនជួបជុំគ្មានរវាត | យប់ចងមុងទៀតដេកជុំគ្នា។ | |
៤ | មុងមួយគ្នាដប់សព្វសុខកាយ | ក្នុងចិត្តសប្បាយរួមនិន្រ្ទា |
ផ្ទះតូចចង្អៀតចិត្តល្អជា | ក្រមែនទ្រព្យាតែមង្គល៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ វិមានអ្នកក្រ – កំណាព្យខ្មែរ