និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច ៖ មធ្យោបាយធ្វើដំណើរចៀសវាងភ្លៀង ។
អត្ថាធិប្បាយ ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច
កាលសម័យដើម ការធ្វើដំណើរចាស់ទុំសុទ្ធតែមើលមេឃ មើលខ្យល់ជាក់លាក់ណាស់ ។ ព្រោះកាលនោះសម្ភារៈខ្វះខាត គ្មានអាវភ្លៀង គ្មានឡានទេ ។ ម្ល៉ោះហើយ លោកបានកំណត់ចំណាំថា ខែពិសាខឲ្យដើរពេលព្រឹក ព្រោះល្ងាចៗច្រើនមានភ្លៀង ។ លុះដល់ខែកត្តិក លោកឲ្យដើរពេលល្ងាចវិញ ព្រោះព្រឹកៗច្រើនមានភ្លៀង ។
ប៉ុន្តែគោលបំណងរបស់លោកពុំមែនហាមតែខែពិសាខ និងកត្តិកទេ គឺលោកចង់និយាយម្ដុំខែពិសាខ មានខែជេស្ឋ អាសាធ ស្រាពណ៍ ឯម្ដុំខែកត្តិកមានខែភទ្របទ អស្សុជ…
កាលជំនាន់ដើម បើគេអនុវត្តតាមពំនោលនេះ គេច្រើនបានសមបំណងមែន តែមិនប្រាកដជាត្រូវទាំងអស់ទេ ។ ព្រោះជួនកាលមានភ្លៀងអាណាធិបតេយ្យមិនគោរពប្រក្រតីទិនដែរ ។
លុះដល់សម័យវិទ្យាសាស្ត្រជឿនលឿន អ្វីៗក៏ត្រូវប្រែប្រួលអស់ហើយ ។ ដូច្នេះ កំណត់ចំណាំខាងលើនេះក្លាយទៅជាតម្រាប្រចាំសម័យកាលអស់ហើយ ដូចយ៉ាង ពាក់កណ្ដាលទសវត្សរ៍៨០ ខែចេត្រធ្លាប់តែក្ដៅសោះ ស្រាប់តែអាកាសធាតុត្រជាក់រងា៤ថ្ងៃ ដូចខែកត្តិក ធ្វើឲ្យឆ្កែនាំគ្នាច្រឡំលាន់ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាចាស់ចាំសីល – សុភាសិតខ្មែរអធិប្បាយ