និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខឹងខំអត់ ខ្សត់ខំរក ៖ ខន្តីអំណត់ និងការតស៊ូ ។
អត្ថាធិប្បាយ ខឹងខំអត់ ខ្សត់ខំរក
ខឹងខំអត់
ធម្មតាមនុស្សបថុជ្ជន កាលបើមានអារម្មណ៍ពីខាងក្រៅមកប៉ះទង្គិចនឹងអារម្មណ៍ខាងក្នុង កំហឹងក៏ស្ទុះពុះកញ្ជ្រោលឡើងភ្លាម ។ កាលបើកំហឹងឆេះឡើងហើយ អ្វីៗក៏ភ្លាត់ចាកប្រក្រតីអស់រលីង គឺភ្លាត់ពីល្អមកអាក្រក់ ពីត្រូវមកខុស ។ ប៉ុន្តែបើមនុស្សចេះយកជ័យជម្នះលើផ្លូវចិត្តបានមិនឲ្យក្រេវក្រោធហើយនោះ អ្វីៗក៏វិលមករកផ្លូវត្រូវ ផ្លូវល្អវិញ ។ ហេតុនេះហើយ បានជាលោកប្រាប់ថា «កុំខឹង បើខឹងត្រូវខំអត់» ។
ខ្សត់ខំរក
អ្នកក្រខ្សត់ទ្រព្យ ត្រូវរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរកទ្រព្យឲ្យមានឡើង ។ ការប្រឹងប្រែងរកទ្រព្យនេះទៀតសោត ក៏អាស្រ័យលើសេចក្ដីព្យាយាម និងក្ដីអំណត់តស៊ូយ៉ាងស្វិតស្វាញបំផុត ទើបស្វែងរកទ្រព្យបាន ។ ការស្វែងរកទ្រព្យគឺត្រូវសន្សំតាំងពីតូចតាចឡើងទៅ ប្រៀបដូចសត្វកណ្ដៀរធ្វើដំបូកដូច្នោះដែរ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ – សុភាសិតខ្មែរអធិប្បាយ