និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កូនខូចព្រោះមេបា ៖ កង្វះខាតការអប់រំកូន ។
អត្ថាធិប្បាយ កូនខូចព្រោះមេបា
បុរាណាចារ្យតែងបន្ទោសថា កូនខូចព្រោះតែឪពុកម្ដាយខ្វះការអប់រំទូន្មានប្រៀនប្រដៅ ។ ម្យ៉ាងទៀត ព្រះពុទ្ធដីការក៏មានចែងថា មាតាបិតាជាបុព្វាចារ្យ គឺជាគ្រូដើម ឬជាគ្រូទី១របស់កូនប្រុស្រី ។ ដូច្នេះ បើគ្រូដើមចេះអប់រំកូនឲ្យដើរត្រូវតាមគន្លងធម៌ កូនៗច្បាស់ជាក្លាយទៅជា «អតិជាតបុត្ត» គឺកូនល្អលើសជាងការអប់រំទៅទៀត ។ ព្រោះកូនៗកាលនៅតូច និស្ស័យវាប្រៀបដូចក្រដាស «ស» មួយសន្លឹក ។ បើគេផាត់ពណ៌អ្វីលើក្រដាសសនេះ វានឹងដិតច្បាស់ល្អជាមិនខាន ។ តាមន័យនេះ បើឪពុកម្ដាយខ្លះ មានការចេះដឹងខ្លួនឯងតិចមែន តែចេះអប់រំកូនឲ្យល្អតាំងពីនៅក្មេង លុះដល់កូនធំឡើង ទោះបីសង្គមដឹកនាំឲ្យខិលខូចខ្លះ ក៏គង់នៅល្អមួយកម្រិតដែរ ។ ជាពិសេស ឪពុកម្ដាយខ្លះស្រលាញ់កូនខ្លាំងពេក ទំយើកូនខ្លាំងពេក បណ្ដែតបណ្ដោយកូនខ្លាំងពេក លុះដល់កូនធំឡើង ច្បាស់ជាប្រាសចាកសីលធម៌ ប្រព្រឹត្តតែអំពើពាលា មានចោរកម្ម ជាដើមមិនខាន ។
ម្យ៉ាងទៀត ឪពុកម្ដាយខ្លះជាមនុស្សអវិជ្ជា ប្រព្រឹត្តតែអំពើថោកទាប មានការឆក់ កាប់សម្លាប់គេជាដើម ។ ឪពុកម្ដាយប្រភេទនេះ មិនបានអប់រំកូនទាល់តែសោះ ។ ម្ល៉ោះហើយ កូនក៏ក្លាយជា «អវជាតបុត្ត» មិនខាន គឺកូនដែលអាក្រក់ជាងឪម៉ែទៅទៀត ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ – សុភាសិតខ្មែរអធិប្បាយ