និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំប្រដៅក្រពើឲ្យហែលទឹក ៖ មុនប្រដៅគេ ត្រូវដឹងពីសមត្ថភាពគេសិន ។
អត្ថាធិប្បាយ កុំប្រដៅក្រពើឲ្យហែលទឹក
អត្ថានុរូប
សត្វក្រពើ មានការស្ទាត់ជំនាញបំផុតក្នុងការហែលទឹកតាំងពីកំណើតវាមក ព្រោះវាធ្លាប់រស់នៅតែក្នុងទឹកមួយជីវិត ។ ដូច្នេះមិនបាច់បង្វឹកវាឲ្យចេះហែលទឹកទេ ។
អត្ថប្បដិរូប
បើអ្នកចង់និយាយពីអ្វីដែលមានន័យប្រហាក់ប្រហែលនឹងការប្រៀនប្រដៅ គេតោងដឹងពីជំនាញរបស់គេសិន ។ ឧទាហរណ៍ៈ
- មិនត្រូវនិយាយពីបច្ចេកទេសធ្វើតុ ទូ តាំង ប្រាប់ដល់ជាងអាជីពតុ ទូ តាំងទេ ។
- មិនត្រូវនិយាយពីច្បាប់ប្រាប់បណ្ឌិតច្បាប់ទេ ។
- មិនត្រូវនិយាយពីគរុកោសល្យប្រាប់លោកសាស្ត្រាចារ្យទេ ។
សរុបមក គេមិនត្រូវនិយាយពីកិច្ចការអ្វីមួយប្រាប់ទៅអ្នកដែលមានអាជីពក្នុងកិច្ចការនោះទេ វៀរលែងតែគេសួរ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំផ្ញើស្រានឹងអ្នកប្រមឹក – សុភាសិតខ្មែរអធិប្បាយ