ឡានល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ឡានល្អ – កំណាព្យខ្មែរ | |||
១ | ឡានចាស់នៅល្អរូបប្រណីត | ប្រដូចរូបពិតអ្នកមេម៉ាយ | |
ល្អគាប់ល្អគន់សព្វរាងកាយ | ល្អក្រអូបសាយតម្លៃខ្ពស់ ។ | ||
២ | ឡានថ្មីហួសឆ្នាំលក់មិនចេញ | ដ្បិតគ្មានអ្នកទិញកាត់រំលោះ | |
ដូចក្រមុំចាស់មានកិត្តិយស | រូបល្អថ្កើងឈ្មោះនៅតែថ្លៃ ។ | ||
៣ | ឡានថ្មីមួនមាំមិនទំនើប | ថ្មីពណ៌រលើបមិនកែច្នៃ | |
ប្រដូចក្រមុំចរិតថ្លៃ | រក្សាតម្លៃពូជប្រវត្តិ ។ | ||
៤ | សម្រេចតាមចិត្តអ្នកប្រាថ្នា | គន់គាប់ស្នេហាប្រតិព័ទ្ធ | |
ពេញចិត្តទិញចុះកុំឲ្យព្រាត់ | មើលកុំឲ្យភ្លាត់បានឡានល្អ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ឆ្លងចាកទុក្ខ – កំណាព្យខ្មែរ