Saturday , December 21 2024

សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ – ប្រាសាទខ្មែរ

សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ សិល្បៈ​សំណង់​ប្រាសាទ​បុរាណ​ខ្មែរ​មាន​តាំង​ ពី​សម័យ​ហ្វូណន​ហើយ​ចេះ​តែ​វិវត្តន៍​ហូរ​ហែរ​រហូត​ដល់​សម័យ​បាយ័ន ។ គេ​និយម​ចែក​សិល្បៈ​សំណង់​ជា​រចនា​បថ​ដោយ​យក​ឈ្មោះ​ប្រាសាទ​សំខាន់ៗ​មក​ដាក់ ​ឈ្មោះ​រចនាបថ​ទាំង​នោះ​ដូច​ជា ៖

ស្ថាបត្យកម្ម​មុន​សម័យ​អង្គរ (​សតវត្ស​ទី​១​ដល់​ទី​៨​)

១.​ រចនាបថ​ភ្នំដា (សតវត្ស​ទី​១​ដល់​ទី​៦​): ដំបូង​ខ្មែរ​យើង​បាន​ចោះ​ភ្នំ​ធ្វើ​ជា​ប្រាសាទ​ដូច​នៅ​ឥណ្ឌា​ដែរ (​ប្រាសាទ​ភ្នំដា​) ។

២.​ រចនាបថ​សំបូរ (​​ពាក់​កណ្ដាល​ទី​១​នៃ​សតវត្ស​ទី​៧​): ប្រាសាទ​សង់​ដាច់ៗ​ពី​គ្នា​ហើយ​តូចៗ​ដោយ​ប្រើ​ឥដ្ឋ បូក​បាយ​អ​ម្យ៉ាង​ធ្វើ​ពី​កំបោរ​លាយ​ស្ករ ។ ឯ​ក្រប​ទ្វារ បង្អួច ផ្ដែរ និង​សសរ​ពេជ្រ​ធ្វើ​ឡើង​ពី​ថ្ម​ភក់​ដែល​ជា​ថ្ម​ម៉្យាង​ផ្សំ​ឡើង​ដោយ​គ្រាប់​ ខ្សាច់​ល្អិតៗ​លាយ​គ្នា​យ៉ាង​រឹង ។ ថ្ម​ភក់​មាន​ពណ៌​ប្រផេះ​ឬ​កូលាប ។

៣.​ រចនាបថ​ព្រៃក្មេង (ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី​៧​): ស្ថាបត្យកម្ម​ក្នុង​រចនាបថ​ព្រៃក្មេង​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​រចនាបថ​សំបូរ​ដែរ ។

៤.​ រចនាបថ​កំពង់​ព្រះ (​សតវត្ស​ទី​៨​): ប្រាសាទ​សឹង​តែ​ទាំង​អស់​សង់​ដូច​រចនាបថ​មុនៗ គឺ​សង់​លើ​ដី​រាប​ស្មើ​លើក​លែង​តែ​ប្រសាទ​អកយំ​មួយ​ចេញ​ដែល​សង់​ច្រើន​ជាន់​ មាន​រាង​ដូច​ចេតិយ៍ ។

សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ - ប្រាសាទខ្មែរ

ស្ថាបត្យកម្ម​សម័យ​អង្គរ (​សតវត្ស​ទី​៩​ដល់​ទី​១៣​)

៥.​ រចនាបថ​​គូលែន (​ពាក់​កណ្ដាល​ទី​១​នៃ​សតវត្ស​ទី​៩​): សំណង់​ប្រាសាទ​នៅ​ប្រើ​ឥដ្ឋ​នៅ​ឡើយ ប៉ុន្តែ​គេ​ច្រើន​សាង​ប្រាសាទ​ភ្នំ (​ប្រាសាទ​សង់​រាង​ខ្ពស់​ដូច​ភ្នំ​ឬ​សង់​នៅ​លើ​កំពូល​ភ្នំ​តែ​ម្ដង​) ដើផម្បី​តម្រូវ​ទៅ​តាម​ពិធី​ទេវរាជ (រជ្ជកាល​ព្រះបាទជ័យវរ្ម័ន​ទី​២​) ។ ក្នុង​រចនាបថ​គូលែន គេ​បាន​ចាត់​ទុក​ថា​ជា​សម័យ​ដែល​សិល្បៈ​មាន​ការ​រីក​ចម្រើន​ដោយ​មាន​ការ​សាក ​ល្បង​រចនា​បញ្ចូល​គ្នា​ពី​សិល្បៈ​នៃ​បុព្វ​អង្គរ​ពី​ឥទ្ធិពល​ចាម ជ្វា​ឲ្យ​ទៅ​ជា​សិល្បៈ​ដែល​ជា​លក្ខណៈ​មួយ​ថ្មី ។

៦.​ រចនាបថ​ព្រះគោ (​១​ភាគ​៤​ចុង​ក្រោយ​នៃ​សតវត្ស​ទី​៩​): ប្រាសាទ​សាង​អំពី​ឥដ្ឋ ប៉ុន្តែ​គេ​សាង​ប្រាង្គ​ជា​ច្រើន​នៅ​លើ​ខឿន​តែ​មួយ (ប្រាសាទ​ព្រះគោ លលៃ​) ដើម្បី​ឧទ្ទិស​ចំពោះ​បុព្វ​បុរស​មាន​មាតា​បិតា​ជា​ដើម ។ មាន​ការ​សាក​ល្បង​សង់​ប្រាសាទ​តូចៗ​អំពី​ថ្មភក់​ចំនួន​១២​នៅ​ជាន់​ទី​៤​នៃ​ ប្រាសាទ​បាគង ។

៧.​ រចនាបថ​បាខែង (​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០​): មាន​ការ​ប្លែក​ច្រើន​ដោយ​គេ​ហ៊ាន​សាង​ប្រាសាទ​ធំៗ​អំពី​ថ្ម​ភក់​នៅ​លើ​ខឿន​ ច្រើន​ជាន់​មាន​រាង​សាជី ពិសេសស​គេ​និយម​សាង​ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ​តែ​ម្ដង (​ប្រាសាទ​បាខែង​) ។

៨.​ រចនាបថ​កោះកែ (​១​ភាគ​៤​ទី​២​នៃ​សតវត្ស​ទី​១០​): សំណង់​ប្រាសាទ​ប្រហាក់​ប្រហែល​នឹង​រចនាបថ​មុនៗ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​នៅ​កោះកែ​សង់​នៅ​លើ ​ខឿន​៧​ជាន់​មាន​កំពស់​ប្រហែល​៣៥​ម៉ែត្រ ។

៩.​ រចនាបថ​បន្ទាយស្រី (​ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី​១០): មាន​លក្ខណៈ​ស្មុគស្មាញ​ច្របូក​ច្របល់ ប៉ុន្តែ​មាន​ការ​រីក​ចម្រើន​ថ្មី គឺ​មាន​សង់​បន្ទប់​វែងៗ​នៅ​ជាន់​ទី​១ (​ប្រាសាទ​មេបុណ្យ​ខាង​កើត​) ។

១០.​ រចនាបថ​ឃ្លាំង (​ចុង​សតវត្ស​ទី​១០ និង​ពាក់​កណ្ដាល​ទី​១​នៃ​សតវត្ស​ទី​១១​): សំណង់​ប្រាសាទ​លែង​ប្រើ​ឥដ្ឋ​ទៀត​ហើយ​សំណង់​ប្រាសាទ​ភ្នំ និង​កំណើត​ថែវ​កាន់​តែ​រីក​ចម្រើន​ឡើង ។

១១.​ រចនាបថ​បាពួន (ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី​១១​): សំណង់​ប្រាសាទ​ភ្នំ​កាន់​តែ​កើន​ឡើង ឯ​ខឿន​កាន់​តែ​ឡើង​ខ្ពស់​ហើយ​កាន់​តែ​ធំ ។

១២.​ រចនាបថ​អង្គរវត្ត (​ពាក់កណ្ដាល​ទី​១​នៃ​សតវត្ស​ទី​១២​): ជា​ប្រាសាទ​ភ្នំ (​ប្រាសាទ​អង្គរវត្ត) អំពី​ថ្ម​ភក់ ។ មុន​នឹង​សាង​ប្រាសាទ​អង្គរវត្ត​ដែល​ប្រកប​ដោយ​ប្លង់​ដ៏​ល្អ​វិចិត្រ ស្ថាបត្យករ​ខ្មែរ​បាន​សាកល្បង​សង់​ប្រាសាទ​បឹង​មាលា​ដែល​មាន​ប្លង់​ដូច​ ប្រាសាទ​អង្គរវត្ត​ដែរ ។ នៅ​ក្នុង​រចនាបថ​អង្គរវត្ត​ស្ថាបត្យកម្ម​ខ្មែរ​បាន​ឈាន​ដល់​កម្រិត​ ខ្ពស់ ។

១៣.​ រចនាបថ​បាយ័ន (​ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី​១២​ និង​ដើម​សតវត្ស​ទី​១៣​): ប្រាសាទ​សង់​រាប​នឹង​ដី​បែប​ជា​វត្ត​អារាម (​លើក​លែង​តែ​ប្រាសាទ​បាយ័ន​) ដើម្បី​តម្រូវ​ទៅ​តាម​ទស្សនៈ​ពុទ្ធសាសនា ។ ស្ថាបត្យកម្ម​មាន​លក្ខណៈ​អន់​ថយ​បន្តិច​ដោយ​ប្រាសាទ​ទាំង​ឡាយ​សាង​ដោយ​ ប្រញាប់​បញាល់​ពេក​ ហើយ​ថ្ម​ក៏​មិន​សូវ​មាន​គុណភាព​ល្អ​ដូច​សម័យ​មុនៗ​ដែរ ។ លក្ខណៈ​ពិសេសស​នៃ​រចនាបថ​នេះ គឺ​ប្រាង្គ​មុខ​៤ ដែល​ញញឹម​ប្រិមប្រិយ៍​ព្រម​ទាំង​មាន​នាគ​អម​សង​ខាង​ផ្លូវ​ដែល​ឆ្លង​គូ​ចូល​ ទៅ​កាន់​ប្រាសាទ ។

សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ - ប្រាសាទខ្មែរ

ដូច្នេះ​សម្ភារៈ​សំណង់​ដែល​ប្រើ​មាន​ថ្ម​ភ្នំ ឥដ្ឋ បាយ​អ ថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម​ដែល​ជា​ថ្ម​ម៉្យាង​មាន​ជាតិ​ដែក​អាច​ធន់​នឹង​ធាតុ​អាកាស​ គ្រប់​បែប​យ៉ាង ។ គេ​មិន​ឆ្លាក់​លើ​ថ្ម​បែប​នេះ​ទេ គេ​ប្រើ​សម្រាប់​ធ្វើ​កំពែង ។ ខឿន​ប្រាសាទ​ជណ្ដើរ​ចុះ​ទៅ​កាន់​ស្រះ និង​ប្រើ​ធ្វើ​ជញ្ជាំង​ខ្លះ​ដែរ ។ ឯ​ឈើ​គ្រាន់​តែ​ជា​សម្ភារៈ​បន្ទាប់​បន្សំ​សម្រាប់​ធ្វើ​ពិដាន គ្រឿង​ទ្រ​ដំបូល​ឬ​ធ្វើ​ផ្ដែរ ។

អត្ថបទពេញនិយម ៖ រចនាសម្ព័ន្ធប្រាសាទខ្មែរ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *