Wednesday , March 27 2024

សម័យចេនឡា

សម័យចេនឡា គឺ​ជា​ឈ្មោះ​អាណាចក្រមួយ​ដែល​កើត​ឡើង​ ក្រោយ​ពី​អាណាចក្រភ្នំ បាន​ដួល​រលំ​។ ក្រោយ​មក​ចេនឡា ក៏​ត្រូវ​បាន​បែង​ចេក​ជាពីរ គឺ​ចេនឡា​ខាង​ជើង​ ជា​ចេនឡា​ដីគោក និង​ចេនឡាខាង​ត្បូង​ ជា​ចេនឡា​ទឹក​លិច​។

សម័យចេនឡា

ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គ ក្នុងតំបន់បាសាក់ប្រទេសឡាវ សព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្ត នឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ា ក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្ម នាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន … ។

ប្រជាករ និងស្ថានភាពសង្គម

ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្នំ ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដី ជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។

ចេនឡាមានការរីកចម្រើនខ្លាំង ខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រភ្នំវិញរងគ្រោះធម្មជាតិ បណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡា ធ្វើសញ្ជ័យលើអាណាចក្រភ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវរ្ម័ន និងប្អូនជីដូនមួយ ចិត្រសេន បានវាយលុកអាណាចក្រភ្នំប្រហែលរវាងគ.ស. ៥៥០។ អាណាចក្រភ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្ស នៅចេនឡា គឺ ព្រះបាទភវវរ្ម័នទី១ ហើយអាណាចក្រភ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរ គឺចេនឡាដីគោកដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹង និងមានឆ្នេរសមុទ្រ។

ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វា ក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។

មហាក្សត្រល្បីៗសម័យចេនឡា

* ព្រះបាទភវវរ្ម័នទី១(៥៥០ – ៦០០) បានប្រែឈ្មោះនគរភ្នំមកជា កម្ពុជា។
* ព្រះបាទមហេន្ទ្រវរ្ម័ន(៦០០ – ៦១៥) បានចងសម្ព័ន្ធភាពនឹងប្រទេសចម្ប៉ា។
* ព្រះបាទឥសានវរ្ម័នទី១(៦១៥ – ៦៣៥) ទ្រង់បានយកចិត្តទុកដាក់ទៅលើប្រព័ន្ធធារាសាស្ត្រ កសាងប្រាសាទបាយ៉ង់កោរ និងកសាងរាជធានីនៅ ឥសានបុរៈ។
* ព្រះបាទជ័យវរ្ម័នទី១(៦៥៧ – ៦៨១) ទ្រង់បានធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ ក្រោយពេលព្រះអង្គចូលទិវង្គត ព្រះរាជបុត្រីព្រះនាម ព្រះនាងជ័យទេវី បានឡើងគ្រងរាជ្យបន្ត។ អំណាចរបស់ព្រះមហាក្សត្រនាពេលនោះធ្លាក់ចុះខ្សោយ ធ្វើឲ្យមានភាពច្របូកច្របល់ក្នុងស្រទាប់ប្រជារាស្ត្រ ដែលនាំទៅដល់អស្ថិរភាពនយោបាយ ធ្វើឲ្យប្រទេសបែងចែកជាពីរ(គ.ស. ៧០៦)។

ចងចាំ

ចេនឡា ជាសាមន្តរដ្ឋរបស់នគរភ្នំ នឹងស្ថិតនៅវាលទំនាបភាគកណ្ដាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ប្រទេសឡាវសព្វថ្ងៃ។ នៅរវាងគ.ស. ៥៥០ គ្រោះធម្មជាតិនៅនគរភ្នំបានធ្វើឲ្យរាជវង្សខាងចេនឡាធ្វើសញ្ជ័យលើរាជវង្សនគរភ្នំ ហើយក៏ប្ដូរឈ្មោះប្រទេសទៅជា កម្ពុជា។ នៅរវាងឆ្នាំ៧០៦ កម្ពុជាបានបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច ហើយការបែកបាក់នេះជាការបើកឱកាសឲ្យជ្វាចូលលុកលុយ៕

អត្ថបទពេញនិយមបន្ទាប់ ៖ សម័យក្រោយអង្គរ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *