Tuesday , April 9 2024

លោកឪពុក អ្នកម្តាយ – កំណាព្យខ្មែរ

លោកឪពុក អ្នកម្តាយ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

លោកឪពុក អ្នកម្តាយ – កំណាព្យខ្មែរ

លោកឪពុក-អ្នកម្តាយ – កំណាព្យខ្មែរ

ពេលកូននឹកដល់ការតស៊ូពុកជាគំរូផ្តល់ឱ្យកូន
គុណសាងជីវិតមិនឱ្យសូន្យឆ្ពោះទៅដូចក្បូនឱ្យសម្រេច ។
បណ្តុះឆន្ទៈឱ្យស្រលាញ់ធ្វើឱ្យអស់អញរួចជាស្រេច
ព្យាយាមពុះពារការចាំបាច់ការងារសម្រេចជាប្រយោជន៍ ។
ពុកប្រៀនប្រដៅអប់រំចិត្តឱ្យកូនខំខិតចាកអសោច
ត្រួតមើលស្នាដៃដែលដាច់ដោចបោះបង់ផុយខ្លោចតម្រង់ចិត្ត ។
គ្មានអ្វីតបស្នងស្មើគុណពុកមានតែចាំទុកធម៌ពិសិដ្ឋ
ប្រណិប័តន៍បណ្តាំចាំប្រណីតពាក្យល្អសចិត្តស្និទ្ធស្នេហ៍កាយ  ។
ពេលកូននឹកដល់ក្តីស្រលាញ់រឹតរែងភ្នកក្នាញ់នឹកដល់ម្តាយ
គុណធំអនេកវែងអន្លាយក្រៃធ្ងន់សែនឆ្ងាយលើសប្រឹថពី ។
អ្នកចិញ្ចឹមកូនថ្នមរក្សាចំណីភោក្តាសាងជីវី
អប់រំណែនាំតាមនាទីរួមរស់មូលមីរដោយសីលធម៌ ។
អ្នកសាងស្មារតីនិងសុចរិតកាយវាចាចិត្តថ្លៃបវរ
ឱ្យកូនរស់រានដោយស្មោះសរមូលមិត្តបន្តលើផែនដី ។
គ្មានអ្វីតបស្នងស្មើគុណអ្នកមានតែជឿជាក់និងភក្តី
ម៉ែមានគុណធំជាងមេឃដីគុណអ្នកគ្មានអ្វីប្រដូចឡើយ ។
ពុកម៉ែជាព្រះនៃកូនចៅលោកប្រៀនប្រដៅឱ្យកូនល្អ
នាំគ្នាប្រណិប័តន៍បានបវរសាងផលស្មោះសរតរុងរឿង ។

កំណាព្យពេញនិយមបន្ទាប់ ៖ ចិត្តល្អ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *