Wednesday , July 24 2024

រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ

រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់នៅស្រុកមួយ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា ​អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ ។ ជួនជាថ្ងៃមួយនោះមានកម្លោះម្នាក់ រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ៗថា អើអញ​ឲ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែ ឯង​ត្រូវ​តម​ជេរ​ម្ដាយ​គេ ហើយទទួលបម្រើអញតាមពាក្យអញ ទើបបានអញឲ្យឯង ើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុន, លុះក្រោយទៅ​ឯងកុំថាអញកាចណា ។ កម្លោះនោះថាខ្ញុំបាទតមជេរម្ដាយគេបាន ហើយធ្វើការអ្វីៗ ក៏បានទាំងអស់ ខ្ញុំបាទទទួលសព្វគ្រប់ប្រការ តាមប្រសាសន៍លោកឪពុក; តានោះថា អើបើឯងតមជេរម្ដាយគេបានមែន ឯងទៅសិនចុះ ព្រឹកត្រូវឯងមកវិញពីព្រលឹម ។ កម្លោះនោះ ក៏លាវិលទៅផ្ទះវិញ ។

ព្រឹកឡើង កម្លោះនោះមកវិញ​ចូលទៅបម្រើឪពុកម្ដាយក្មេកៗនោះ ប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹក ឲ្យអ្នកកម្លោះនោះស៊ីៗរួចហើយតានោះ ក៏ប្រាប់ទៅកូនប្រសារថា នែកូន ! ចូរកូនទៅចាប់​ក្របីទៅភ្ជួរស្រែ, កូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំតេវៗ ហើយសឹមឯងដោះក្របី ។ អ្នកកម្លោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ ថ្ងៃត្រង់​ក៏ថ្មពុំយំ, ក្របីដើរពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះ។អ្នកកម្លោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថា ម្ដាយអាថ្មនេះកាលណានឹងយំឡើង។កម្លោះនោះជេរតែ ប៉ុណ្ណោះ​តានោះក៏ស្ទុះចេញពីក្រោយថ្មមកថា ណ្ហើយចុះ ! ឯងដោះក្របីលែង ហើយទៅផ្ទះឯងចុះ អញផ្ដាច់កូនហើយ ត្បិតឯងតមជេរម្ដាយមិនបាន ។កម្លោះនោះ​ក៏ដោះក្របីលែង ហើយទៅផ្ទះវិញ ។

ថ្ងៃក្រោយមក មានកម្លោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀត គាត់ក៏បង្គាប់ដូចកម្លោះមុន, តែអ្នកកម្លោះក្រោយគេមានប្រាជ្ញា​គេទៅភ្ជួរស្រែវេចបាយទៅស៊ីផង លុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយ, រួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំ ក្របីក៏អស់ជើងដើរពុំរួច ។​កាលបើអ្នកកម្លោះបរក្របីទៅដល់ជិតថ្មនោះអ្នកធ្វើជាស្ដីថា ឱ ! លោកថ្មអើយ យំឡើង, ក្របីដើរពុំរួចទេ អាណិតក្របីផងទៅ, ខ្លួនខ្ញុំឥតបើអីទេ ខ្ញុំមានបាយស៊ីហើយ​ភ្ជួរដល់យប់ក៏បានដែរ, បើមិនអាណិតខ្ញុំអាណិតតែក្របីចុះ ត្បិតវាជាសត្វ។ កម្លោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំ, អ្នកកម្លោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្ម​លុះនិយាយយូរៗទៅតានោះមើលមកឃើញក្របីដើរពុំរួចមែន គាត់នឹកអាណិតក្របីគាត់ ក៏យំក្រោយថ្មនោះឮតែតែវៗ,​អ្នកកម្លោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយ​មកផ្ទះឪពុក​ក្មេកវិញ ។

តានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកម្លោះនោះស៊ី។លុះល្ងាចតានោះប្រាប់ថា កូនអើយ ! ទៅផ្ទះឯងចុះ, ព្រឹកសឹមឯងមកវិញ។កម្លោះនោះ​ក៏លាទៅផ្ទះ លុះយប់មកលបចាំស្ដាប់យកការណ៍ នៅក្រោមដំណេកតានោះ ព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់ទាល់តែដេកលក់ ។ វេលាយប់តាចាស់ចូលដេក​ក៏និយាយនឹងយាយថា ដូន ! អានេះវាតមជេរម្ដាយបាន ប៉ុន្តែរូបរាងវាអាក្រក់ មិនសមនឹងកូនយើងដូច្នេះ យើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយ​ហើយយើងនឹងផ្ដាច់វាទៅ ? ។ ដូនឆ្លើយថា ងាយទេ, បើដូច្នេះចូរតាឯងចូលក្នុងការុងមួយ ការុងមួយទៀតដាក់អង្ករ, ព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់ឧសលើភ្នំមុន​ហើយខ្ញុំឲ្យវារែកតាឯងនិងអង្ករទៅលើភ្នំ, បើវាធ្ងន់ វាខឹងវាជេរនោះ តាឯងនៅក្នុងការុងស្រាប់នឹងឮ ហើយមក វិញផ្ដាច់វាបានដោយងាយ ។ តាយាយគិតគ្នាដូច្នោះហើយ​ក៏ដេកទៅ ។

ឯអ្នកកម្លោះលបស្ដាប់ក្រោមផ្ទះឮដឹងការណ៍ហើយ ក៏វិលទៅដេកឯផ្ទះ ។ព្រឹកឡើងអ្នកកម្លោះនោះទៅបម្រើម្ដាយក្មេក​ក៏ស្រាប់តែឃើញយាយចាស់បង្ហាញ​អម្រែកហើយប្រាប់ថា កូនអើយ ! ឪឯងទៅកាប់ឧសលើភ្នំហើយ គាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះ ឡើងទៅតាមឲ្យឆាប់ ត្បិតគាត់ទៅតាំងតែពីព្រឹក​មិនទាន់ទាំង​ហូបបាយផង មានតែកូនឯងរែកទៅឲ្យឆាប់ និងអាលដណ្ដាំបាយឲ្យឪឯងហូប ។ កម្លោះនោះទទួលអម្រែកហើយ ក៏រែកទៅតាមជើងភ្នំ, ដល់រែកឡើងបន្តិចទៅធ្ងន់ណាស់​ក៏រែកចុះមកវិញ ហើយស្ដីថា ឱ! ឪអើយ, ខ្ញុំឃ្លានបាយណាស់ ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេ បើវាធ្ងន់ម្ល៉េះនរណានឹងរែកឡើងទៅវិញរួចបើឪមិន​អាណិតគាត់​ជេរបន្ទោសដូចម្ដេចក៏ទទួល ។

និយាយហើយរែកចុះមកវាលវិញ, លុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អ ក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះហើយដើរទៅបាត់​មួយស្របក់ទើបដើរត្រឡប់មកវិញ យកភ្លើងដុតអម្រែក, លុះភ្លើងឆេះស្បូវជុំវិញ ហើយក្ដៅដល់តាចាស់ដែលនៅក្នុងអម្រែកនោះ គាត់ក៏បម្រះញ័ររង្គើទាំងការុង​ភ័យក្រែងភ្លើងឆេះស្លាប់ ប៉ុន្តែចេញមិនរួច ។ អ្នកកម្លោះធ្វើជារត់មកពីណាស្រែកថា ជើរ ! នរណាដុតភ្លើងឆេះអម្រែកអញអស់ ធ្វើដូចម្ដេចអញនឹងចូលទៅបាន​បើភ្លើងឆេះជុំវិញដូច្នេះ ចូលមិនចុះទេ។ ថាហើយឈរស្រែកនៅក្រៅ, លុះភ្លើងឆេះដល់ការុងដឹងថាតាចាស់ក្ដៅណាស់ហើយ ទើបស្ទុះចូលទៅអូសអម្រែកចេញពីភ្លើង​រួចហើយភ្លើងក៏ឆេះដាច់ខ្សែការុង លោកតាចាស់បម្រះញ័រៗ ទើបអ្នកកម្លោះស្រាយការុងចេញ ឃើញតាឪពុកក្មេករលាកភ្លើង ឆេះទាំងសក់ក្បាលក៏ជំរាបថា ជើ លោកឪ !​ម្ដេចក៏មិនប្រាប់កូន កុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយ។តាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេច ឡើងដើរតយង៉យមកផ្ទះវិញ​ទ្រមខ្លួនមួយថ្ងៃណាមួយដោយវា​អូសចេញ​ពីភ្លើង ណាមួយដោយរលាកភ្លើង ។ មកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់, ដល់ផ្ទះហើយប្រាប់កូនប្រសារថាទៅផ្ទះចុះ, ព្រឹកសឹមមក ។

ឯកូនប្រសារលាទៅផ្ទះ,​ដល់យប់ក៏មកពួនក្រោមផ្ទះលបចាំស្ដាប់ទៀត ។ លុះយប់ តាចាស់ដូនចាស់ចូលដេក ក៏និយាយគិតគ្នាទៀត ។ តាថាគិតដូចម្ដេចនឹងផ្ដាច់វាបាន ?​អានេះមានប្រាជ្ញា​ណាស់តែបើឲ្យកូនយើងទៅវា វាមិនសមនឹងកូនយើង, ពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់ តែវាមិនជេរម្ដាយទេ​វារកទីណាមាន​ស្បូវស្ងួត វារែកអម្រែកទៅដាក់កណ្ដាលស្បូវ ហើយវាដើរទៅរកភ្លើងមកដុតជុំវិញ, លុះដល់ភ្លើងឆេះវាធ្វើជាស្រែកថា នរណា ដុតភ្លើងនេះឆេះអម្រែកវាអស់ ។ហើយវាឈរស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះ ដល់ក្ដៅរលាកឯងទៅហើយទើបបានវារត់ចូលទៅអូសចេញមក, អញភ័យណាស់​ប៉ុន្តែចេញមិនរួចព្រោះវាចង​មាត់ការុងជាប់ អញរលាកអស់ទាំងខ្លួន, ឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបាន ? ។ យាយថា ឥឡូវនេះ យើងគិតថាតាឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើររកអណ្ដើក​ឲ្យវាវារដូចឆ្កែ, បើវារកអណ្ដើកមិនបាន ឬវាបោលមិនទាន់ទេនោះយើងផ្ដាច់វាបាន។ តាចាស់ថា អើ ! ដូនគិតដូច្នេះត្រូវ,ព្រឹកអញធ្វើដូចជាឯងថា​ ។ តាយាយគិតគ្នាហើយ ដេកទៅ ។ ឯអ្នកកម្លោះនោះស្ដាប់ដឹងការណ៍អស់ហើយ វិលទៅដេកឯផ្ទះវិញ ,ដល់មាន់រងាវទើបពុនអណ្ដើកយកទៅចងទុកក្នុងគម្ពោតស្មៅវាល ឯនេះ ឯនោះ ពាសពេញតែវាល ដែលតាចាស់គាត់គិតទៅរកអណ្ដើកនោះ ហើយវិលមកផ្ទះ ដេកធ្វើព្រងើយទៀត។

លុះព្រឹកព្រហាមឡើង​ចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេកៗ ក៏ឲ្យកូនក្រមុំគាត់រៀបបាយលើកយកមកឲ្យស៊ីៗ រួចហើយក៏ប្រាប់ថា កូន ! ឥឡូវនេះ យើងទៅបណ្ដើរអណ្ដើក​ប៉ុន្តែយើងគ្មានឆ្កែ កូនឯងធ្វើឆ្កែ ឪធ្វើម្ចាស់ យើងទៅរកក្រែងបានមួយពីរយកមកស៊ី។ ចៅនោះឆ្លើយបាទ ! ហើយតាចាស់ពុនបាយសំណុំ ទឹកបំពង់ដើរចេញពីផ្ទះទៅ។​ចៅនោះក៏បោលជើង៤តាមក្រោយ ទៅដល់វាលកន្លែងវាចងអណ្ដើកនោះ វាក៏បោលទៅមុខចូលគុម្ពោតស្មៅមួយ ធ្វើជាកោះង៉ុងៗ។ តាចាស់រត់ទៅដល់វាខាំបានអណ្ដើកមួយ​ហើយទៅទៀត ខាំបានអណ្ដើកប្រាំមួយប្រាំពីរ ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់ ក៏អង្គុយគិតនឹងស្រាយបាយស៊ី។ ឆ្កែមើលទៅខាងឃើញក្របីមួយហ្វូង​ក៏បោលទៅដេញខាំក្របីៗបោលចូលស៊ីស្រូវស្រែអ្នកស្រុក។តាចាស់ឃើញហើយ រត់ទៅដញក្របីចេញពីស្រែ ឆ្កែបោលមកស៊ីបាយអស់ហើយបោលទៅបាត់ ។​ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញរកបាយស៊ីគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ ដេញវាយវាពុំទាន់ ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយ ក៏ខំដើរមកផ្ទះវិញទាំងអត់បាយ​ដើរពុំចង់រួច បន្ទោសឆ្កែមិនបាន ត្បិតវាចំណាំអីចឹង ។ ដល់ផ្ទះស៊ីបាយរួចហើយ ប្រាប់កូនប្រសារថា ទៅផ្ទះចុះព្រឹកសឹមមកវិញ។ ដល់យប់កូនប្រសារមកស្ដាប់តាយាយគិតគ្នាទៀត ។

លុះដល់យប់ តាយាយចូលដេក,តាប្រាប់យាយពីរឿងដែលកូនប្រសារនោះធ្វើសព្វគ្រប់​ហើយតាឲ្យយាយជួយគិតទៀត។ដូនចាស់ប្រាប់ថា ពីមុនវាធ្វើឆ្កែ តាឯងធ្វើម្ចាស់ បានជាវាធ្វើបាបតាឯងបាន ដូច្នោះព្រឹកនេះ តាឯងឲ្យវាធ្វើម្ចាស់ម្ដង ឯតាឯងធ្វើឆ្កែវិញ។ តាយាយគិតគ្នា ហើយដេកទៅ។ ចៅនោះលបស្ដាប់បានការណ៍ហើយ ក៏ទៅដេកឯផ្ទះវាហី។ ព្រឹកឡើងចៅនោះ ទៅបម្រើឪពុកក្មេកម្ដាយក្មេកទៀត។​តាយាយឲ្យកូនក្រមុំលើកបាយមកឲ្យវាស៊ី។ រួចហើយតាក៏ប្រាប់ថាកូនអើយ ! ពីម្សិលមិញឯងធ្វើឆ្កែ, ថ្ងៃនេះឯងធ្វើម្ចាស់អញម្ដងអញធ្វើ ឆ្កែវិញ។ ចៅនោះឆ្លើយបាទ !​ហើយពុនបាយនិងទឹកទៅ ឯ តាវារធ្វើជាឆ្កែបោលតាមក្រោយ។ លុះហួសពីផ្ទះបន្តិចទៅ វាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលទាន់។ តាបោលពុំទាន់ត្បិតខ្លួនចាស់​ដើរត្រុកៗតាមក្រោយវា, ឯវាក៏បែរមកថា ឆ្កែអីស៊ីតែបាយបង្អស់ ទៅមុខមិនទៅ ដើរតែក្រោយម្ចាស់ រកអណ្ដើកម្ដេចបាន ? ថាហើយវាយឆ្កែឲ្យបោលទៅមុខ។​តាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយរកអណ្ដើក ក៏មិនបាន, កូនប្រសារវាយស្ទើរស្លាប់ ហត់ស្ទើរដាច់ខ្យល់ តែពុំហានស្ដី ព្រោះខ្មាស់កូនប្រសារ។​លុះទៅឆ្ងាយដល់ថ្ងៃត្រង់វាស្រាយបាយស៊ី ហើយវាថាឆ្កែអីរកអណ្ដើកមិនបានដើរតែក្រោយមនុស្ស ស៊ីតែបាយអង្អស់។

ហើយវាបង្អត់មិនឲ្យបាយស៊ី វាឲ្យតែឆ្អឹងឆ្អែង,​ឆ្កែចាស់អង្គៀមក៏មិនបែកត្បិតគ្មានធ្មេញឃ្លានណាស់អង្គុយមើលតែមុខវា ទាល់តែវាស៊ីហើយវាវាយមួយព្រនង់ទៀតវាថា ណ្ហើយ ! ទៅផ្ទះចុះ​បើមិនផេះទេ​ឆ្កែអីឆ្នែងយ៉ាងហ្នឹង។ ហើយវាឡើងដើរវិលទៅផ្ទះវិញ ។ តាចាស់ហត់ណាស់ វារមិនរួចឡើងដើរទៅតាមក្រោយកូនប្រសារធ្វើមុខស្រមេះ។​លុះទៅដល់ចៅកម្លោះ​ប្រាប់ម្ដាយក្មេកថា ម៉ែ ! រកអណ្ដើកមិនបានទេ ព្រោះឆ្កែមិនស្វាក់ ។ តាចាស់ខឹងណាស់ប្រាប់កូនប្រសារថា ឯងទៅផ្ទះចុះ ព្រឹកសឹមមកវិញ​ ។ ចៅនោះក៏លាទៅ, ដល់យប់មកពួនលបស្ដាប់ក្រោមផ្ទះទៀត ។ លុះដល់យប់ តាយាយចូលដេក, តានិយាយប្រាប់យាយពីរឿងកូនប្រសារបាប​ហើយបង្អត់ទាំងបាយផង។ ដូនថា ណ្ហើយ ! ឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេ, អានេះមានប្រាជ្ញាណាស់ ឯងគិតអីក៏វាដឹងមុនទាំងអស់, វាធ្វើបាបស្ទើរតែស្លាប់​ម្ដេចក៏មិនរាង។ តាចាស់ឆ្លើយថា នឹងឲ្យវាទៅមើលទៅរូបរាងវាមិនសមនឹងកូនយើងសោះ, ប៉ុន្តែយើងធ្វើកលឲ្យវាខឹង ឲ្យវាជេរម្ដាយ វាមិនជេរ​ដូច្នេះដូនជួយគិតអញម្ដងទៀត បើវាធ្វើតាមមិនបានសឹមផ្ដាច់វា ។

ដូនចាស់ថា អើ ! ឥឡូវនេះមានតែដល់ពេលមាន់រងាវ តាឯងលុបមុខ ស៊ីស្លា ហូបបាយ​ចូលទៅក្នុងការុងមួយការុងមួយទៀតច្រកអង្ករ បើព្រឹកឡើងវាមក​ខ្ញុំនឹងប្រាប់វាថា តាឯងទៅផ្សារទិញអីវ៉ាន់, ហើយខ្ញុំប្រាប់ឲ្យវារែកទៅតាមឲ្យទាន់ នៅវេលាស៊ីបាយព្រឹក​ត្បិតផ្លូវផ្សារ ក៏ឆ្ងាយដែរ បើវារែក ទៅមិនទាន់ទេនោះលុះមកវិញ នឹងផ្ដាច់កូនពីវាបានងាយ មួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់ វាប្រហែលជាវាគិតឃើញ​ថាស្ងាត់ហើយ វាជេរមិនខាន ។តាចាស់និង​យាយគិតគ្នា​ហើយក៏ដេកទៅ។ឯកូនប្រសារលបស្ដាប់នៅក្រោមផ្ទះដឹងការណ៍ហើយក៏ទៅដេកផ្ទះ។​លុះព្រឹកឡើង​ចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកទៀត​ ដល់ហើយម្ដាយ​ក្មេកឲ្យកូនក្រមុំលើកបាយយកមកឲ្យចៅនោះស៊ីទៀត​ស៊ីហើយក៏ប្រគល់អម្រែក​ឲ្យកូនប្រសារ រែកទៅតាម​ឪពុកក្មេកឯផ្សារ ដូចគិតគ្នាពីល្ងាចនោះ។

ចៅនោះរែក​ដើរទៅហើយគិតថា ម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះ ឲ្យកូនមកអញ​កុំឲ្យគាត់រកកលធ្វើបញ្ឆោតអញក្រោយទៀត។ ហើយគិតតែរែកដើរទៅដល់​កណ្ដាលផ្លូវ​ដាក់អម្រែកចុះ ហើយថា ការុងនេះចងមាត់មិនជាប់ ។ ​វាយកខ្សែចងថែមទៀត, លុះរែកទៅដល់កន្លែងមានព្រែក មានស្ពាន ក៏ដាក់អម្រែកលើស្ពាន ឲ្យប្របេះត្រង់​ចុងក្ដារនៅតែបន្តិចនឹងធ្លាក់ពីស្ពាន ហើយថា អញអើយ ថ្ងៃណាស់ហើយ​ម្ល៉េះសមឪអញជេរមិនខានអម្រែកធ្ងន់រែកម្ដេចឲ្យទាន់ ! ណ្ហើយ ឪជេរក៏ជេរចុះអញដាក់នៅនេះ ទៅវាលសិនរួចសឹមទៅទៀត ។ និយាយបណ្ដើរដើរបណ្ដើរ ។​មួយស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយបុកក្ដារស្ពានឮគ្រាំៗ ធ្វើហាក់ដូចជាដំរីឆ្លង​ស្ពានហើយ​ស្រែកថា នរណាដាក់អម្រែកនៅលើស្ពាន ដំរីអញវាជាន់ខូចអស់ហើយ​យកចេញឲ្យឆាប់ ស្រែកហើយបុកក្ដារគ្រាំងៗដើរចូលមក ។ ឯតាចាស់នៅក្នុង​ការុងគិត​ស្មានថាដំរីមែន ភ័យក្រែងជាន់ស្លាប់ក៏ខំបម្រះជៀសផ្លូវដំរីហួសពីក្ដារធ្លាក់ទៅក្នុងទឹកៗ​ចូលការុងគាត់ឈ្លក់ទឹកត្រដរញ័រទាំងការុងស្ទើរតែនឹងស្លាប់ ។

ឯកូនប្រសារឃើញ​ដូច្នោះ ក៏ទុកឲ្យផឹកទឹកបន្តិច ឲ្យអស់ខូចទៀត ហើយធ្វើជាដើរមកពីវាលស្រែកថា ​នរណាហ៊ានបរដំរីឆាយអម្រែកអញឲ្យធ្លាក់ក្នុងទឹក ទទឹកអង្ករអញអស់ ! ឱអញអើយ ! ឱជេរថែមទៀតហើយថ្ងៃក៏កាន់តែខ្ពស់ហើយ អង្ករទទឹកថែមទៀត ។​ អ្នកកម្លោះឃើញឪពុកក្មេកបម្រះញ័រក្នុងការុងក៏ថា ឱ ! មានត្រីមកប្របេះផង, ណ្ហើយ ! អញចុះទៅស្រង់មកមើល។ ​ថាហើយក៏លោតទៅស្រង់ឡើងមកមើលហើយថាអើយ !បើវាទទឹកនឹងស្រាយហាលថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪ។ ​ថាហើយស្រាយមើលឃើញតានៅក្នុងការុងក៏ថា ឪអើយ! ម្ដេចមិនស្រែកប្រាប់ខ្ញុំ កុំអីស្លាប់ទៅហើយគេបរដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹក។ តាឮហើយ​ឡើងឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះ ពុំហានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកម្លោះនោះទៅ ។

និយាយយប់ ផ្ទប់ព្រៃ និយាយថ្ងៃ ព្រៃមានត្រចៀក

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងត្រពាំងបឹងតេ – រឿងព្រេងខ្មែរ

រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *