Tuesday , April 9 2024

រឿងភ្នំប្រុសភ្នំស្រី – រឿងព្រេងខ្មែរ

រឿងភ្នំប្រុសភ្នំស្រី – រឿងព្រេងខ្មែរ ៖ បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ ទៅដល់គោលគីឡូម៉ែត្រទី១១៦ហើយ ចោលភែ្នកទៅទិសឥសាន ដែលនៅខាងឆេ្វងដៃ ចំងាយពីថ្នល់ជាតិ​ទៅប្រមាណ១គីឡូម៉ែត្រ យើងនិងឃើញភ្នំពីរ នៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅខាងលិចទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះភ្នំប្រុស។

រឿងព្រេងប្រចាំភ្នំនេះមានដូចតទៅ ៖

កាលពីព្រេងនាយ មានសេ្តចស្រីមួយព្រះអង្គព្រះនាម ស្រីអយុធ្យា សោយរាជ្យនៅនគរខែ្មរ។ ដោយព្រះនាងជាសេ្តចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្តឹងយកជាភរិយាឡើយ។ ម៉្លោះហើយព្រះនាងរកដណ្តឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យមកធ្វើជាព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្តឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទ ក៏ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ។

ក្នុងរជ្ជកាលនោះមុខគួរឲ្យវេទនានឹងស្រីខ្លះ ដែលមានរូបអន់ៗទៅរកដណ្តឹងប្រុសៗ គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើជាភរិយា។ ធ្វើដូចេ្នះអស់មួយរាជ្យសេ្តចស្រីនេះ។ លុះមកដល់រាជ្យសេ្តច ក្រោយៗទៀត ពួកស្រីៗជំនុំគ្នាថា «ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរដណ្តឹងប្រុសៗ ធ្វើជាប្តី ដូចេ្នះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយនិងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំ មួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើងត្រូវឲ្យប្រុសៗដណ្តឹងយើងជាស្រីវិញ” ។ លុះគិតដូចេ្នះហើយ ក៏នាំគ្នាទៅបបួល ពួកប្រុសៗធ្វើភ្នំ ចុះខសន្យាភ្នាល់គ្នាដូចពោលមក ហើយគេក៏បានចាត់មេកំណែន កេណ្ឌមនុស្សស្រីឲ្យបានច្រើន ខាងប្រុសមានមេកំណែន ខាងប្រុសដើរកេណ្ឌ ខាងស្រីមានមេកំណែន ខាងស្រីដើរកេណ្ឌ។ លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស-ខាងស្រីរួចហើយ ក៏និយាយនិងគ្នាថា «យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់គ្នា។ បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ»។ គិតព្រមគ្នាដូចេ្នះហើយ ក៏នាំគ្នាជញ្ជូនដីរែកទូលតាម ថាមភាពរៀងៗខ្លួនទៅ។

ពេលនោះជាពេលរាត្រី ពួកស្រីៗមានប្រាជ្ញាជញ្ជូនដីអស់វេលាបីបួនម៉ោង ក៏នាំគ្នាបង្អូតគោមតូចមួយយ៉ាងខ្ពស់ នៅជ្រុងឥសានភ្នំ។ ពួកប្រុសៗក្រេឡកមើលទៅលើ ឃើញគោមដែលស្រីបង្អូតនិងឬស្សីមួយដើមនោះ ស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិន្រ្ទាលក់អស់ទៅគ្មានសល់ម្នាក់។ ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ មែនទែនទើបឈប់។ ដល់មាន់រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា «យើងទាំងអស់គ្នាខុសហើយ។ ផ្កាយព្រឹកមែនទែនទើបតែនិងរះសោះ»។ ហើយនាំគ្នាក្រេឡកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្តីអៀន អន់ក្នុងចិត្តដោយចាញ់កលស្រីៗ។ តាំងពីកាលនោះមកប្រុសៗក៏ដណ្តឹងស្រីៗធ្វើជាភរិយាដរាបដល់សព្វថៃ្ងនេះ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា – រឿងព្រេងខ្មែរ

រឿងភ្នំប្រុសភ្នំស្រី – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *