Thursday , October 3 2024

រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ

រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ ៖ មាន​ពេល ១ ប្រាជ្ញា- សំណាង- ផល​ទាំង ៣​នាក់​បាន​មក​ប្រជុំ​គ្នា ប្រាជ្ញា​អាង​អួត​ឡើង​ថា ប្រាជ្ញា​មាន​រិទ្ធិ​ពូកែ​ជាង​សំណាង​នឹង​ផល សំណាង​អាង​អួត​ឡើង​ថា សំណាង​ថា​មាន​រិទ្ធិ​ធំ​ពូកែ​ជាង​ប្រាជ្ញា​នឹង​ផល ផល​អាង​អួត​ឡើង​ថា ផល​មាន​រិទ្ធិ​ជាង​ប្រាជ្ញា​នឹង​សំណាង នោះ​អ្នក​ទាំង ៣ នាក់​អាង​អួត​តែ​សព្វ​រៀង​ខ្លួន​មិន​ដឹង​ជា​អ្នក​ខាង​ណា​មាន​រិទ្ធិ​អានុភាព ​ជាង​ខាង​ណា មាន​សេចក្ដី​អំនួត​តែ​សព្វ​រៀង​ខ្លួន នោះ​អ្នក​ទាំង ៣ នាក់​ថា​បើ​ចង់​ដឹង​ឲ្យ​ល្បង​រិទ្ធ​គ្នា​មើល ឲ្យ​ដឹង​ជា​អ្នក​ណា​ពូកែ​ជាង​អ្នក​ណា នោះ​ប្រាជ្ញា- សំណាង- ផល ទាំង ៣ នាក់​ជំនុំ​ព្រម​តាំង​ល្បួង​រិទ្ធិ​ទាំង ៣ នាក់​បណ្ដើរ​គ្នា​ទៅ ក៏​មើល​ទៅ​ឃើញ​មាន​មនុស្ស ១ នាក់​ជា​អ្នក​ក្រ​កំសត់​នៅ​ខ្ញុំ​សេដ្ឋី ៗ ឲ្យ​បុរស​នោះ​ឃ្វាល​គោ​ក្របី រក​តែ​សំពត់​អាវ​នឹង​ស្លៀក​ពាក់​គ្មាន មនុស្ស​នោះ​ល្ងង់​មិន​ស្គាល់​ខុស​ត្រូវ ចេះ​ដឹង​តែ​ឃ្វាល​ក្របី នោះ​ប្រាជ្ញា- សំណាង​ទាំង​ពីរ​នាក់ បើ​ផល​អាង​អួត​ថា​ខ្លួន​គ្រាន់​បើ​ឲ្យ​ផល​ទៅ​ជួយ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី​ នោះ តើ​បាន​គ្រាន់​បើ​យ៉ាង​ដូចម្ដេច​ឡើង នោះ​ក៏​ផល​ក៏​បាន​ទៅ​ជួយ​មនុស្ស​នោះ ៗ តាំង​ពី​ថ្ងៃ​ដែល​ផល​ទៅ​ជួយ​នោះ ក៏​អ្នក​ទាំង​ពួង​ចេះ​តែ​នឹក​អាណិត​មនុស្ស​នោះ ក៏​យក​ចំណី​ទៅ​ឲ្យ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី​នោះ​ស៊ី​ពុំ​មាន​ខ្វះ​ចំណី​អ្វី​ សោះ​ឡើយ តែ​ផល​ជួយ​កំឡាំង​ដល់​បាន​តែ​ត្រឹម​ស៊ី​ពុំ​មាន​ខ្វះ​ឡើយ ផល​នឹង​គិត​ជួយ​មនុស្ស​នោះ​អ្វី​ត​ទៅ​មិន​បាន នោះ​ប្រាជ្ញា- សំណាង- បាន​សួរ​ទៅ​ផល​ថា ផល​ជួយ​មនុស្ស​បាន​យ៉ាង​ណា​ត​ទៅ​ទៀត ផល​ឆ្លើយ​ប្រាប់​ទៅ​សំណាង​ប្រាជ្ញា​វិញ​ថា អំណាច​ផល​ជួយ​មនុស្ស​នេះ​បាន​តែ​ប៉ុណ្ណោះ​ទេ នោះ​សំណាង​បាន​ទៅ​ជួយ​មនុស្ស​នោះ​ទៀត ឯ​មនុស្ស​នោះ​លុះ​សំណាង​បាន​ទៅ​ជួយ​ទៀត ក៏​ក្របី​ដែល​ឃ្វាល​ទាំង​ប៉ុន្មាន ជុស​អាចម៍​មក​ដាក់​ក្នុង​ក្រោល​នោះ ក៏​សុទ្ធ​តែ​ដុំ​ពេជ្រ​ទាំង​អស់​ភ្លឺ​ពេញ​ក្រោល តែ​បុរស​ដែល​ឃ្វាល​ក្របី​នោះ​មិន​ស្គាល់​ជា​ដុំ​ពេជ្រ​សោះ រើស​បាន​អាចម៍​ក្របី​នោះ ១ ដុំ​យក​មក​ចង​នឹង​ចុង​ខ្សែ​ក្របី​គ្រវី​លេង​ភ្លឺ​ព្រោង​ព្រាត​ដេញ​ក្របី​ទៅ​ ឃ្វាល​ជា​រាល់​ថ្ងៃ ដល់​ដេញ​ក្របី​ទៅ​ផឹក​ទឹក​នៅ​បាង​សមុទ្រ ក៏​គ្រវី​ខ្សែ​ក្របី​នោះ​លេង​ជា​ធម្មតា និយាយ​ពី​នាយ​សំពៅ​ដែល​បើក​សំពៅ​ក្នុង​សមុទ្រ​វា​ត្រូវ​ភ្នែក​នឹង​អំណាច​ រន្ទះ​ពេជ្រ​ដែល​បុរស​នោះ​គ្រវី​លេង ក៏​ក្រឡេក​ដេញ​តាម​អំណាច​ពេជ្រ​ដែល​ភ្លឺ​នោះ​មក​ឃើញ​បុរស​គ្រវី​លេង នាយ​សំពៅ​ក៏​បើក​សំពៅ​ចូល​មក​ក៏​សួរ​ទៅ​បុរស​នោះ​ថា បុរស​ឯង​បាន​របស់​នេះ​ពី​ណា​មក បុរស​នោះ​ក៏​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា របស់​នេះ​ជា​អាចម៍​ក្របី​ដែល​ខ្ញុំ​ឃ្វាល​នេះ នាយ​សំពៅ​ក៏​គិត​ថា មនុស្ស​នេះ​ល្ងង់​មឹន​ស្គាល់​ដុំ​ពេជ្រ នាយ​សំពៅ​ក៏​បាន​សួរ​ទៅ​បុរស​នោះ​ទៀត​ថា បុរស​ឯង​ដែល​ឃ្វាល​នោះ​ក្របី​បុរស​ឯង ឬ​ក្របី​របស់​អ្នក​ណា បុរស​នោះ​បាន​ឆ្លើយ​ប្រាប់​ទៅ​នាយ​សំពៅ​ថា ខ្ញុំ​នៅ​ជា​ខ្ញុំ​សេដ្ឋី​តាំង​ពី​ជីដូន​ជីតា​រហូត​ដល់​មក​អាពុក​ម្ដាយ​ដល់​ មក​ខ្ញុំ​ជា​កូន​ទៀត នោះ​នាយ​សំពៅ​បាន​សួរ​ទៅ​បុរស​នោះ​ថា ជំពាក់​សេដ្ឋី​ប្រាក់​ប៉ុន្មាន​រៀល បុរស​នោះ​បាន​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា ខ្ញុំ​ឮ​អាពុក​ម្ដាយ​ខ្ញុំ​និយាយ​ប្រាប់​ខ្ញុំ​ថា ជីដូន​ជីតា​ខ្ញុំ​គាត់​ជំពាក់​លោក​សេដ្ឋី​ប្រាក់​ដើម ១០០០៛,០០ នាយ​សំពោ​ក៏​បាន​សួរ​ទៅ​បុរស​នោះ​វិញ​ទៀត​ថា ចុះ​ក្របី​ដែល​ជុស​អាចម៍​នៅ​ក្នុង​ក្រោល​អ្នក​​ឯង​នោះ​មាន​ប៉ុន្មាន​ដែល​មាន ​ពន្លឺ​ដូច​របស់​អ្នក​ឯង​កាន់​លេង​នេះ បុរស​នោះ​បាន​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា អាចម៍​ក្របី​ដែល​ដូច​ជា​ដុំ​ដែល​ខ្ញុំ​កាន់​មក​នេះ គឺ​ពេញ​តែ​ក្រោល​ក្របី​ដែល​ឃ្វាល​នោះ នាយ​សំពៅ​ក៏​គិត​ថា បុរស​នេះ​ជា​មនុស្ស​មាន​សំណាង តែ​មិន​ស្គាល់​ពេជ្រ​ព្រោះ​ដោយ​ល្ងង់ នាយ​សំពៅ​បាន​សួរ​ទៅ​បុរស​នោះ​ថា អ្នក​ឯង​ព្រម​ធ្វើ​ជា​កូន​យើង ៗ នឹង​យក​អ្នក​ឯង​ទៅ​ថែរក្សា​ធ្វើ​កូន នោះ​បុរស​នោះ​បាន​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា ខ្ញុំ​ទៅ​នៅ​នឹង​លោក​មិន​បាន​ទេ ព្រោះ​ខ្ញុំ​នៅ​ជំពាក់​ប្រាក់​លោក​សេដ្ឋី នាយ​សំពៅ​ថា មិន​អី​ទេ​ឲ្យ​តែ​បុរស​ឯង​ព្រម​ទៅ​នៅ​ធ្វើ​កូន​យើង​ចុះ​យើង​យក​ប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​លោក​សេដ្ឋី ឯ​អាចម៍​ក្របី​ដែល​ជុស​មក​ក្នុង​មក​ក្នុង​ក្រោល​ទាំង​ប៉ុន្មាន យើង​ត្រូវ​យក​ដាក់​ក្នុង​សំពៅ​យើង​ទៅ បុរស​នោះ​ក៏​ព្រម​តាម​នាយ​សំពៅ ៗ ក៏​បាន​យក​ប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​សេដ្ឋី​រួច ក៏​បាន​ទៅ​កើប​ពេជ្រ​យក​ពី​ក្នុង​ក្រោល​ក្របី​ផ្ទុក​ដាក់​សំពៅ​ពេញ​បើក​ទៅ​ ដល់​ទី​លំនៅ​ផ្ទះ​នាយ​សំពៅ ៗ គិត​ពិចារណា​ប្ដី​ប្រពន្ធ​ថា កូន​យើង​នេះ​ជា​មនុស្ស​ល្ងង់​ម៉្លេះ ឥឡូវ​យើង​ចាត់​ទៅ​ធ្វើ​ជំនួញ​គិត​គូរ​របស់​អ្វី ៗ មិន​កើត បើ​ដូច្នោះ​គួរ​យើង​ទៅ​ដណ្ដឹង​កូន​ស្ដេច​ឲ្យ ធម្មតា​ស្ដេច​នៅ​តែ​ស្ងៀម​គ្មាន​គិត​គូរ​អ្វី បើ​កូន​ធ្វើ​ស្ដេច​នឹង​ធ្វើ​បាន ជំនុំ​ព្រម​ប្ដី​ប្រពន្ធ​ក៏​នាំ​គ្នា​ទៅ​ដណ្ដឹង​កូន​ស្ដេច ៗ ក៏​ព្រម​ព្រៀង​ឲ្យ​កូន​ក្រមុំ​មក​កូន​នាយ​សំពៅ ក៏​គិត​គូរ​គ្នា​ការ​ងារ​ហើយ​ជា​ស្រេច នាយ​សំពៅ​ក៏​វិល​ទៅ​ផ្ទះ​វិញ នៅ​តែ​បុរស​បុរស​ជា​កូន​នាយ​សំពៅ ដល់​ពេល​យប់​កូន​ក្រមុំ​ស្ដេច​តាំង​រៀប​ពូក​កន្ទេល​ខ្នល់​ខ្នើយ​ដំណេក​ បង្គុយ​ប្ដី នឹង​រួម​វេណី​ជា​មួយ​ដូច​ធម្មតា​អ្នក​ទាំង​ពួង ឯ​បុរស​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ ក៏​មិន​គិត​ទៅ​ដេក​នឹង​កូន​ក្រមុំ​ស្ដេច ទៅ​ដេក​ឯ​ជើង​កំផែង​វាំង​ស្ដេច​នោះ​វិញ លុះ​ព្រឹក​ឡើង​ដើរ​លេង​ឡូ លេង​ឈូង​ជា​មួយ​នឹង​កូន​ក្មេង ៗ គ្មាន​កាន់​គំនិត​សណ្ដាប់​ជា​កូន​ស្ដេច ល្ងង់​មួយ​ថ្ងៃ​ជា ២​ថ្ងៃ នាង​នោះ​ក៏​ចេះ​តែ​រៀប​កន្ទេល​ខ្នើយ​ជា​រៀង​រាល់​ថ្ងៃ​ពុំ​ឃើញ​ប្ដី​ទៅ​ដេក​ ជា​មួយ​សោះ ហើយ​នាង​ឲ្យ​បម្រើ​ទៅ​ពិនិត្យ​មើល ឃើញ​បុរស​នោះ​ដើរ​ទៅ​ដេក​ដោយ​ជើង​កំផែង​វាំង ហើយ​នាង​កូន​ក្រមុំ​ស្ដេច​គិត​ទៅ​ខឹង​នឹង​ស្ដេច​អាពុក ឲ្យ​មាន​ប្ដី​មាន​កិរិយា​មិន​ច្រឡំ​នឹង​គេ គ៏​ទៅ​ទូល​ស្ដេច​អាពុក​តាម​ដំណើរ ស្ដេច​អាពុក​កាល​ណា​បើ​បាន​ស្ដាប់​ពាក្យ​កូន​ទូល​សព្វ​គ្រប់​ហើយ ក៏​ខ្ញាល់​ណាស់​គិត​ថា បុរស​នេះ​ដែល​ប្រដិបត្តិ​កិរិយា​យ៉ាង​ហ្នឹង ជា​មិន​មែន​ពូជ​ត្រកូល​អ្នក​ខ្ពស់ គឺ​នាយ​សំពៅ​អាង​តែ​ខ្លួន​មាន​សម្បត្តិ​ទៅ​យក​មនុស្ស​ខ្ញុំ​គេ​មក​ដណ្ដឹង​ កូន​អញ​ដើម្បី​នឹង​មើល​ងាយ បើ​ដូច្នេះ​នឹង​ត្រូវ​ឲ្យ​ទៅ​ហៅ​យក​កូន​ប្រសា​នោះ​មក​មើល រី​ឯ​ផ្ទះ​នាយ​សំពៅ​ទៀត​ត្រូវ​ចាត់​ឲ្យ​ទាហាន​ទៅ​ព័ទ្ធ​រិប​យក​ទ្រព្យ​ សម្បត្តិ​ទាំង​អស់ ស្ដេច​រក​ទៅ​ឃើញ​ថា​មិន​មែន​ជា​កូន​នាយ​សំពៅ​ទេ នឹង​យក​កូន​ប្រសា​នឹង​នាយ​សំពៅ​ទាំង​ប្ដី​ប្រពន្ធ​ទៅ​សម្លាប់​ចោល​ទាំង​អស់ ឯ​ទ្រព្យ​សម្បត្តិ​ត្រូវ​រិប​អូស​ដាក់​ព្រះ​រាជ​ទ្រព្យ​ទាំង​អស់ ។

នោះ​សំណាង​នឹង​ផល​បាន​ដឹង​ថា ស្ដេច​មុក​ជា​យក​ទៅ​ធ្វើ​ទោស​បុរស​នេះ ឥឡូវ​នេះ​ក៏​គិត​ភិត​ភ័យ​នឹង​គិត​ជួយ​បទ​ណា​ឲ្យ​បុរស​នេះ​បាន​រួច​ពី​ជីវិត ឯ​អំណាច​ផល​គឺ​រួច​បាន​ត្រឹម​តែ​ស៊ី ឯ​សំណាង​បាន​ជួយ​ដល់​ត្រឹម​សោយរាជ្យ តែ​ត្រង់​ដោះ​ខ្លួន​ឲ្យ​រួច​ពី​ជីវិត​ទៀត​ពុំ​បាន នោះ​សំណាង​នឹង​ផល​ទាំង​ពីរ​នាក់​បាន​ជំនុំ​គ្នា​ថា យើង​ត្រូវ​រត់​ទៅ​ពឹង​ប្រាជ្ញា​និយាយ​ប្រាជ្ញា​ថា បុរស​គង្វាល​ក្របី​យើង​ទាំង​ពីរ​នាក់​ជួយ​បាន​សោយ​រាជ្យ​ទៅ​ហើយ តែ​ឥឡូវ​ស្ដេច​អាពុក​គិត​យក​ទៅ​សម្លាប់ សុំ​ឲ្យ​ប្រាជ្ញា​ទៅ​ជួយ​ឲ្យ​រួច​ពី​ស្លាប់ ប្រាជ្ញា​កាល​ណា​បើ​បាន​ឮ​សំណាង​នឹង​ផល​មក​ពឹង​ខ្លួន​យ៉ាង​ដូច្នេះ ហើយ​ថា​ទេ​បើ​ប្រាជ្ញា​ទៅ​ជួយ​លុះ​តែ​សំណាង​នឹង​ផល​ចុះ​ចាញ់ ទុក​ប្រាជ្ញា​ជា​ច្បង សំណាង​ជា​កណ្ដាល ផល​ជា​ប្អូន ប្រាជ្ញា​បាន​ទៅ​ដល់​ជួយ​បុរស​នោះ ៗ បាន​ភ្ញាក់​ស្មារតី​ដឹង​ខ្លួន​ថា អញ​បាន​ធ្វើ​ជា​ស្ដេច​សោយរាជ្យ​មិន​ត្រូវ​ដើរ​មក​លេង ត្រូវ​តែ​កាន់​សណ្ដាប់​ខ្លួន​ជា​ស្ដេច បុរស​នោះ​ក៏​ដើរ​ទៅ​រក​នាង ១ រំពេច ប្រាជ្ញា​វៃ​វៀង​ដើរ​ទៅ​ទ្រួត​ត្រា​លើ​មនុស្ស​បាវ​ព្រាវ​ទាំង​ប៉ុន្មាន ក៏​នាង​កូន​ស្ដេច​នឹក​ឆ្ងល់​ថា ប្ដី​អញ​ពី​មុន តាំង​ពី​ថ្ងៃ​ការ​រួច​មក​ដើរ​ដេក​ដោយ​ជើង​កំផែង​វាំង បែប​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ ឥឡូវ​ដល់​ពេល​នេះ ក៏​មើល​ទៅ​ឃើញ​មាន​ប្រាជ្ញា​ឆ្លុះ​ឆ្លាត​រក​អ្នក​ឯ​ណា​ស្មើ​គ្នា នាង​ក៏​សួរ​ទៅ​ប្ដី​សូម​ទូល​ព្រះ​អង្គ ពី​ថ្ងៃ​ដែល​ការ​រួច​មក ហេតុ​អ្វី​ក៏​ព្រះ​អង្គ​ទៅ​ដើរ​ផ្ទំ​ដោយ​ជើង​កំផែង​វាំង​មិន​មក​ទី​កន្លែង​ ក្រឡា​បន្ទំ តើ​យ៉ាង​ដូច​ម្ដេច ក៏​ស្ដេច​បុរស​នោះ​បាន​ប្រាប់​ទៅ​នាង​វិញ​ថា គ្រូ​បង​ផ្ដាំ​បង​ថា​បើ​រៀប​ការ​ប្រពន្ធ​ថ្មី ឲ្យ​សង្កេត​មើល​កិរិយា​ស្រី​សិន ថា​បើ​ត្រឹម​ត្រូវ​សិម​យក​ធ្វើ​ជា​ប្រពន្ធ បើ​មិន​បាន​ត្រឹម​ត្រូវ​ទេ​យក​ធ្វើ​ជា​ប្រពន្ធ​មិន​បាន ហេតុ​នេះ​បាន​ជា​បង​សង្កេត​មើល​ប្អូន​ឯង​សិន កិរិយា​ប្អូន​ឯង​ឃើញ​ថា​ត្រឹម​ត្រូវ​ទើប​បង​បាន​មក​រក​នាង​នេះ នាង​ក៏​បាន​ទៅ​ទូល​ស្ដេច​អាពុក ៗ ក៏​បាន​ពិនិត្យ​មើល​ឃើញ​ជា​មនុស្ស​នេះ​មាន​ដំរេះ​ប្រាជ្ញា​នឹង​រក​អ្នក​ឯ​ណា ​ស្មើ​គ្មាន ក៏​លើក​រាជ្យ​ឲ្យ​សោយ​ទៅ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងប្រសាទនៅឃុំស្វាយអង្គ – រឿងព្រេងខ្មែរ

រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *