Saturday , June 22 2024

រឿងប្រសាទនៅឃុំស្វាយអង្គ – រឿងព្រេងខ្មែរ

រឿងប្រសាទនៅឃុំស្វាយអង្គ – រឿងព្រេងខ្មែរ ៖ នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្ដស្វាយរៀង នៅចមាយប្រមាណជា១០គ.ម អំពីថ្នល់ជាតិលេខ១ (គឺថ្នល់ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់មិនដែលលិចទឹកទេ។ អ្នកស្រុកជំនាន់មុនៗមក បានសន្មត់ឈ្មោះ ថា “ទួលស្វាយអង្គ” ទួលនេះហើយ ដែលជាគោលសន្មត់នាមនៃឈ្មោះឃុំនេះ។ នៅលើទួលនេះមានកំពែង និង ប្រាសាទថ្មបុរាណមួយមានសណ្ឋាណជាព្រះវិហារ មានក្បាច់ចម្លាក់របៀបរចនាបុរាណ គួរឱ្យចាប់អារម្មណ៏ ដែលគេ តាក់តែងឡើងដោយឥដ្ឋខ្លះ ដោយថ្មបាយក្រៀមខ្លះ មានបណ្តោយប្រមាណជា៨៣ម ទទឹង៤៦ម។ សព្វថ្ងៃប្រាសាទ នេះបែកបាក់អស់ទៅហើយ នៅមានសល់តែកំទេចឥដ្ឋថ្ម និងសណ្ឋានខ្លះតែប៉ុណ្ណោះ។ នៅចំកណ្ដាលទួលមានដើម ជ្រៃមួយដើមធំ និងពីខាងមុខប្រាសាទបាក់បែកនេះ គេឃើញមានអង្គលិង្គព្រះឥសូរ ឬ (សិវលិង្គ)។

អ្នកផងធ្វើ ដំណើរទៅកាន់បុរាណដ្ឋាននេះបានងាយស្រួលតែនៅរដូវរំហើយ គឺរដូវដែលអស់ភ្លៀង ទៅបានតែផ្លូវជើង និងផ្លូវលំ ប៉ុណ្ណោះ។ រឿងព្រេងដែលមានទាក់ទងដោយនាម “ស្វាយអង្គ” មានដូចតទៅៈ មានសេចក្ដីដំណាលថា កាលពីរាជធានី នៅលង្វែកមានបុរសម្នាក់ឈ្មោះ “សំរិទ្ធ” ជាអ្នកខ្លាំងពូកែអង់អាចណាស់ មានទំលំនៅលើទួលនេះ។ កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណា ប្រជានុរាស្រ្ដគ្រប់ខេត្ដខ័ណ្ឌ បើនរណាខ្លាំងពូកែ អង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ ឯតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប។ បុរសសំរិទ្ធ ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាអំពាវនាវ នោះ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសាស្រ្ដាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយដំណើរថ្មើរជើងទទេ។

លុះទៅដល់លង្វែកហើយគាត់បាន ទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ។ ឯលោកមេទ័ព កាលបើបានពលរេហ៏ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធជាមេទ័ពធំ ឱ្យលើកព្យុះហយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់។ ដោយឬទ្ធីតេជៈរបស់បុរស សំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត ស្រុកក៏បានសាន្ដត្រាណ។ បុរស សំរិទ្ធក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទួលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទួល ត្រឡប់ទៅស្រុកកំណើតវិញ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ។ បុរស សំរិទ្ធបានធ្វើដំណើរត្រឡប់ឆ្ពោះទៅ ស្វាយរៀងវិញ មកដល់ភូមិដូនពេញុក៏ឈប់សំរាកនៅទីនោះ១យប់ ទើបធ្វើដំណើរ តទៅទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់ទេ នៅក្នុងបង្វិចនេះឃើញមានតែសំពត់១ និងផ្លែស្វាយទុំ២-៣តែប៉ុណ្ណោះ។

គាត់ក៏ដឹងថា បង្វិចនេះច្រឡំក្នុងពេលដែលមកពីច្បាំង ហើយឈប់សំរាកនៅអង្គរនោះហើយ ព្រោះពេលនោះមានការច្រឡូក ច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ។ បុរសសំរិទ្ធក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅ អាត្មាដោយសុខសាន្ដ។ កាលដែលបានទៅដល់ហើយប្រពន្ធគាត់បានយកគ្រាប់ស្វាយដែលទុំរលួយសាច់អស់ នៅក្នុង បង្វិចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែររៀងមក។ ស្វាយនេះអ្នកស្រុក នាំគ្នាហៅថា “ស្វាយអង្គរ” ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុនែ្ដតៗមកពាក្យ “អង្គរ ” ហៅកាត់ ខ្លីមកនៅត្រឹម “អង្គ” បានជាជាប់ពាក្យថា “ស្វាយអង្គ ” ដល់សព្វថ្ងៃ។ ខាងក្រោយមកបុរសសំរិទ្ធ និងភរិយាក៏ ស្លាប់បាត់ទៅ នៅតែតំណរកូនចៅរបស់គាត់។

កូនចៅនេះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាម ប្ដីតាមប្រពន្ធ លុះយូរៗទៅទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ។ អ្នកស្រុកក៏នាំគ្នាសាងជាវត្ដអារាមមួយឡើង ដាក់នាមថា “វត្ដស្វាយអង្គ” ដោយមានលោកគ្រូចៅអធិការជាអ្នក គ្រប់គ្រង ព្រមទាំងមានភិក្ខុ-សាមណេរគង់នៅជា ច្រើន។ កន្លងមកទៀតដោយមានការទទើសទទែងក្នុងទីវត្ដផង មានសត្វស្លាបផ្សេងៗទុំនៅលើដើមស្វាយនោះ នាំឱ្យ មិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការក៏ឱ្យភិក្ខុ-សាមណេរ កាប់រលំដើមស្វាយនោះ តែដោយរីទ្វីដើមស្វាយធំនោះ ភិក្ខុ-សាមណេរកាប់១ថ្ងៃ បានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាននឹងកាប់ថ្ងៃខាងមុខ ទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្រប់ជិតដើម វិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូក៏ឱ្យលោក ភិក្ខុ-សាមណេរកាប់ទៀត។

កាប់១ថ្ងៃទល់ល្ងាច ដោយខំយ៉ាងណាក៏ បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើង ឃើញដុះសាច់ ដុះសំបកដូចដើមដដែលទៀត។ លោកគ្រូចង់ទាល់គំនិត។ ថ្ងៃមួយលោកបានឱ្យភិក្ខុ-សាមណេរយ៉ាងច្រើន ដោយមានពូថៅនឹងដឹងគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យ រលំក្នុងថ្ងៃនេះឱ្យហើយស្រេចតែម្ដង។ ដើមស្វាយទ្រាំមិនបាននឹងពូថៅ-ដឹងច្រើនពេកក៏រលំ។ រលំហើយ ស្លឹកវាក៏មិន ស្រពាប់ស្រពោនទៀត បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កា ដូចធម្មតា។ នៅពេលយប់គេឮសូរតែសព្ទភ្លេងពិណពាទ្យ ប្រគុំយ៉ាងលន្លងលន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយរហូតដល់ក្លាយទៅជាឆ្កួតវង្វេងអស់។ ចំណែកភិក្ខុ-សាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោល អារាមនោះអស់ទៅ។

ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាងវត្ដថ្មីទៀតនៅចម្ងាយប្រមាណជា១គ.ម អំពីវត្ដស្វាយអង្គ ចាស់នេះ ដែលសព្វថ្ងៃគេឱ្យឈ្មោះថា “វត្ដស្វាយផ្អែម ” វិញ។ ឯកន្លែងវត្ដចាស់នោះវិញ សព្វថ្ងៃនៅមានដើមស្វាយ ជំនាន់ក្រោយៗមក និងដើមឈើព្រមទាំងកូនឈើឯទៀតៗ ជាច្រើនដុះស៊ុបទ្រុបទៅវិញ។ រឿងរ៉ាវនេះហើយជាប្រភព នៃបុរាណដ្ឋានទាំងនេះ តាមបែបរឿងព្រេងតែ បើសង្កេតតាមប្រវត្ដិទីកន្លែងផ្ទាល់ទៅវិញ ឃើញពាក្យថា “អង្គ” នេះពុំ សមក្លាយមកពីពាក្យអង្គរទេ គឺមកពីទិនេះជាសរណដ្ឋានបុរាណ ខាងសាសនាព្រាហ្មណ៏ ដោយមានសាងជាសិវលិង្គ តម្កល់ធ្វើជាវត្ថុសក្ការៈក្នុងគ្រានោះ។ សីវលិង្គនេះហើយដែលអ្នកស្រុកហៅថា “អង្គ” បានជាក្រោយៗមក គ្រាដែល យើងវិលត្រឡប់មកគោរពព្រះពុទ្ធសាសនាវិញ ទីសក្ការៈរបស់លទ្ធិព្រាហ្មណ៏ទាំងអម្បាលនេះ ក៏ត្រូវផ្លាស់ប្ដូរជាអារាម ពុទ្ធសាសនាទៅវិញ តែនៅសល់ជាប់ឈ្មោះទីនោះៗថា “អង្គៗ” រហូតមកដូចនេះដែរ ដូចជាអង្គប្រាសាទ អង្គប្រិយ អង្គស្នួល។ ល។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងភ្នំវរវង្សសូរវង្ស – រឿងព្រេងខ្មែរ

រឿងប្រសាទនៅឃុំស្វាយអង្គ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *