Tuesday , February 27 2024

រឿងបុរសកាសសាមសិប – រឿងព្រេងខ្មែរ

រឿងបុរសកាសសាមសិប – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេង​នាយ​ មាន​បុរស​ម្នាក់​ នៅ​ស្រុក​មួយ​ អា​ពុក​ម្ដាយ​ស្លាប់​ទៅ​ នៅ​កំព្រា​តែ​ម្នាក់​ឯង​ ហើយ​ក្រលំបាក​ណាស់​ គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទេ​ មាន​តែ​កាស​៣០​ច្រក​ក្នុង​ទៃ​ ក្រវាត់​ជាប់​នៅ​ចង្កេះ​ជា​និច្ច ។ បុរស​នោះ​ពិចារណា​ថា អញ​ទៅ​ទីពឹង​អ្នក​ណា​នឹង​បាន​សុខ។ គិត​ទៅ​ឃើញ​ថា គួរ​អញ​ទៅ​ជ្រក​កោន​ នឹង​លោក​ក្រឡា​ហោម​ចុះ ។ ហើយ​ក៏​ដើរ​ចេញ​ពី​ផ្ទះ​ទៅ , ទៅ​ដល់​ក្រាប​សំពះ​តាម​សមគួរ ។ លោក​ក្រឡា​ហោម​សួរ​ថា ជី​ឯង​ មក​ពី​ស្រុក​ណា​ មាន​ការ​អ្វី ?បុរស​នោះ​ជំរាប​ថា ខ្ញុំ​បាទ​ មក​ពី​ស្រុក​ឆ្ងាយ​ អា​ពុក​ម្ដាយ​ស្លាប់​ចោល​អស់​ហើយ​ នៅ​កំព្រា​តែ​ម្នាក់​ឯង, ខ្ញុំ​បាទ​មក​នេះ​ នឹង​សូម​ជ្រក​កោន​នៅ​បម្រើ​ ជា​កូន​ក្មួយ​ត​ទៅ​ សូម​ព្រះ​តេជ​ព្រះ​គុណ​មេត្តា ។ លោក​នោះ​សួរ​ថា​ ជី​ឯង​ចេះ​អក្សរ​ល្មម​ធ្វើ​ជា​ស្មៀន​បាន​ឬ​ទេ ? បុរស​ជំរាប​ថា អក្សរ​ខ្ញុំ​បាទ​មិន​ចេះ​ទេ ។ លោក​ក្រឡា​ហោម​ប្រាប់​ថា យើង​ទទួល​ឲ្យ​នៅ​បាន​ តែ​ត្រូវ​ឲ្យ​ជី​ឯង​បោស​សម្រាម​ក្រោម​ផ្ទះ​យើង​ រៀង​រាល់​ថ្ងៃ​កុំ​ខាន ។

បុរស​នោះ​ក៏​នៅ​បម្រើ​ បោស​ក្រោម​ផ្ទះ​រាល់​ថ្ងៃ​ ដល់​ចំនួន​៣​ឆ្នាំ ។ ថ្ងៃ​មួយ​នោះ​ បុរស​កាស​៣០​ សួរ​មាតា​លោក​ក្រឡា​ហោម​ថា លោក​យាយ ! តើ​លោក​ក្រឡា​ហោម​ ជា​កូន​លោក​យាយ​ កើត​ឆ្នាំ​ខែ​ថ្ងៃ​អ្វី​ បាន​ជា​លោក​មាន​បុណ្យ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្លេះ? យាយ​នោះ​ប្រាប់​ឆ្នាំ​ថ្ងៃ​ខែ​ និង​ពេល​ដែល​កើត​សព្វ​គ្រប់ ។ បុរស​នោះ​បាន​ស្ដាប់​ចាំ​ប្រាកដ​ ពិចារណា​ថា គួរ​អញ​កត់​ឆ្នាំ​ខែ​ថ្ងៃ​និង​ពេល​របស់​លោក​នេះ​ ដាក់​ក្នុង​ដៃ​ឲ្យ​ជាប់ ។ គិត​ហើយ​ ក៏​យក​កំណាត់​សំពត់​ចាស់​ កត់​ឆ្នាំ​ថ្ងៃ​ខែ​និង​ពេល​ដែល​លោក​នោះ​កើត​ ហើយ​ដាក់​ក្នុង​ដៃ​ មិន​ឲ្យ​អ្នក​ឯ​ណា​ដឹង​ ឬ​ឃើញ​ឡើយ ។

ថ្ងៃ​ក្រោយ​លោក​ក្រឡា​ហោម, សួរ​បុរស​កាស​៣០ ជី​ឯង​មក​នៅ​នឹង​ជើង​យូរ​ឆ្នាំ​ហើយ​ ពុំ​ទាន់​បាន​ធ្វើ​រាជការ​នឹង​គេ , ចុះ​ខ្លួន​ជី​ឯង​ កើត​ឆ្នាំ​ថ្ងៃ​ខែ​អ្វី ។ បុរស​នោះ​ជំរាប​ថា ខ្ញុំ​បាទ​មិន​ចាំ​ តែ​កាល​ឪពុក​ម្ដាយ​ខ្ញុំ​បាទ​រស់​នៅ​ឡើយ​ បាន​ឲ្យ​កំណត់​កត់​នឹង​កំណាត់​សំពត់​ស​មួយ​ មក​ខ្ញុំ​បាទ​ៗ​ក៏​ទុក​នៅ​សព្វ​ថ្ងៃ​ តែ​មិន​ដឹង​ជា​រឿង​អ្វី​ ពី​ព្រោះ​ខ្ញុំ​មិន​ចេះ​អក្សរ។ លោក​ក្រឡា​ហោម​ថាបើ​ដូច្នេះ​ ជី​ឯង​ឲ្យ​កំណត់​នោះ​មក​អញ​មើល !បុរស​នោះ​ក៏​ជូន​កំណាត់​ទៅ​លោក​ៗ​ មើល​ឃើញ​ កើត​ថ្ងៃ​ខែ​ឆ្នាំ​ និង​ពេល​ដូច​ជា​លោក​ដែរ​ ក៏​គិត​ក្នុង​ចិត្ត​ថា ចៅ​នេះ​ កើត​ឆ្នាំ​ថ្ងៃ​ខែ​ដូច​អញ​ដែរ​ គន់​មើល​ទៅ​រូប​រាង​ឫកពា​វា​ ក៏​សមសួន, ចៅ​នេះ​ នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ដូច​អញ​មិន​ខាន ហើយ​កាន់​កំណត់​នោះ​ចូល​ទៅ​ក្នុង​ បង្ហាញ​រួច​ខ្សឹប​ប្រាប់​ភរិយា​ថា គេហ៍​អើយ ! បុរស​ជា​កូន​ក្មួយ​យើង​ ដែល​បោស​សម្រាម​ក្រោម​ផ្ទះ​សព្វ​ថ្ងៃ​នេះ​ វា​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​អញ​ មើល​ទៅ​ឫកពា​សាច់​ឈាម​វា​ ក៏​សម​សួន​ផង, ទៅ​មុខ​វា​នឹង​បាន​ធ្វើ​ជា​សេនាបតី​ដូច​យើង ។ ហើយ​លោក​នោះ​ ប្រឹក្សា​នឹង​ប្រពន្ធ​ថា កូន​ស្រី​យើង​មួយ​នេះ​គួរ​ឲ្យ​ទៅ​វា​ធ្វើ​ជា​ភរិយា​ចុះ​ ខ្លួន​វា​នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ ត​វង្ស​យើង ។ ភរិយា​ក៏​យល់​ព្រម ។ លោក​នោះ​ ចេញ​មក​វិញ​ប្រាប់​បុរស​នោះ​ថា ពី​ថ្ងៃ​នេះ​ត​ទៅ​ ឯង​ឈប់​បោស​សម្រាម​ក្រោម​ផ្ទះ​ចុះ​ ត្រូវ​ឯង​ឡើង​មក​បោស​ខាង​លើ​ផ្ទះ​វិញ ។

កន្លង​មក​មួយ​ខែ​ លោក​ក្រឡា​ហោម​ រៀប​វិវា​ហមង្គល​ការ​ ផ្សំ​ផ្គុំ​កូន​ស្រី​នឹង​បុរស​កាស​៣០​ជា​ស្វាមី​ភរិយា, រួច​ស្រេច​លោក​ក្រឡា​ហោម​ក៏​បង្ហាត់​បង្ហាញ​កូន​ប្រសា​ ឲ្យ​ធ្វើ​រាជការ​ជា​មួយ​ តែង​ចូល​គាល់​បម្រើ​ស្ដេច​រៀង​រាល់​ថ្ងៃ​ ដរាប​មក ។

លុះ​កន្លង​មក​បាន​បី​ខែ​ មាន​គេ​ជំរាប​ថា កូន​ប្រសា​លោក​ មិន​មែន​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​លោក​ទេ, រឿង​នេះ​គឺ​បុរស​នោះ​ សួរ​ឆ្នាំ​ខែ​ថ្ងៃ​របស់​លោក​អំពី​សំណាក់​លោក​យាយ​ជា​មាតា​ ឯ​លោក​យាយ​ក៏​បាន​ប្រាប់​ដោយ​សព្វ​គ្រប់, កូន​ប្រសា​លោក​បាន​ស្ដាប់​ដឹង​អស់​ហើយ​ ក៏​សរសេរ​ចុះ​ក្នុង​កំណាត់​សំពត់​ស​ទុក​ លុះ​ដល់​លោក​សួរ​ឆ្នាំ​ខែ​ថ្ងៃ​ខ្លួន​ ក៏​ជូន​កំណត់​នោះ​មក​លោក​ៗ​ មើល​ទៅ​ឃើញ​ថា​ កើត​ឆ្នាំ​ខែ​ដូច​លោក ។ ក៏​ឲ្យ​កូន​ក្រមុំ​ធ្វើ​ជា​ភរិយា​ រឿង​នេះ​ មិន​មែន​ដូច្នោះ​ទេ​ គឺ​ក្លែង​សរសេរ​ទុក​ជា​ប្រាកដ ។ លោក​ក្រឡា​ហោម​ ក៏​ជឿ​ជាក់​ឥត​សង្ស័យ​ ហើយ​មាន​ចិត្ត​ទោមនស្ស​ជា​ខ្លាំង​ គិត​ថា មិន​គួរ​នឹង​ចាញ់​ប្រាជ្ញា​អា​មនុស្ស​កំសត់​នេះ​សោះ។ ក៏​រក​ឧបាយ​នឹង​ផ្ដាច់​កូន​ បណ្ដេញ​ចោល​ចេញ ។

ក្រោយ​នោះ​មាន​ទ័ព​ចោរ​ បះ​បោរ​នៅ​ខេត្ត​ក្រៅ​ជា​ច្រើន ។ ស្ដេច​ទ្រង់​ជ្រាប​ទ្រង់​ត្រាស់​ប្រើ​លោក​ក្រឡា​ហោម​ ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ ប៉ុន្តែ​ពួក​ទ័ព​ចោរ​ មិន​បាន​រាប​ទេ , កាល​បើ​ដូច្នោះ​ លោក​ក្រឡា​ហោម​ ក៏​លើក​ទ័ព​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ ។ ស្ដេច​ត្រាស់​ប្រើ​ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ទ័ព​ចោរ​ទៀត​ ក៏​នៅ​តែ​មិន​រាប​ទៀត , លោក​ក្រឡា​ហោម​ ក៏​លើក​ទ័ព​ត្រឡប់​យក​សេចក្ដី​មក​ក្រាប​បង្គំ​ទូល​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ លើក​ទ័ព​ទៅ​បង្រ្កាប​ទ័ព​ចោរ​ពីរ​ដង​ ហើយ​នៅ​តែ​មិន​ឈ្នះ​វា​ ព្រោះ​ពួក​វា​មាន​សេនា​ទាហាន​ច្រើន​ ហើយ​ពូកែ​ផង​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​នាំ​សេនា​ទាហាន​ទៅ​ទៀត​ពុំ​បាន​ ត្បិត​មាន​ជម្ងឺ​ក្នុង​ខ្លួន​ច្រើន​ សូម​ទ្រង់​ចាត់​មន្រ្តី​ណា​ ដែល​មាន​ស្វាហាប់​ ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ទ័ព​ចោរ​ទាំង​នោះ​ឲ្យ​ឆាប់ , ឯ​កូន​ប្រសា​ប្រុស​ម្នាក់​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ជា​មនុស្ស​មាន​ចិត្ត​ទាហាន​ហានក្លា​ដែរ​ ចំណេះ​វិជ្ជា​ក្នុង​ខ្លួន​វា​ក៏​មាន​ច្រើន, បើ​ទ្រង់​ចាត់​ឲ្យ​វា​ទៅ​វា​នឹង​ហ៊ាន​ទៅ​មិន​ខ្លាច ។ ការ​ដែល​លោក​ក្រឡា​ហោម​ទូល​ដូច្នេះ​ គឺ​ជា​ឧបាយ​ដោយ​ស្អប់​កូន​ប្រសា​នោះ​ណាស់​ ព្រោះ​យល់​ថា​ បើ​វា​លើក​ទ័ព​ទៅ​ហើយ​ ទ័ព​ចោរ​ទាំង​នោះ​ នឹង​សម្លាប់​វា​មិន​ខាន ។ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​ ក៏​ឲ្យ​ហៅ​កូន​ប្រសា​នោះ​មក​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ប្រាប់​ថា នៅ​ខេត្ត​ក្រៅ​ មាន​ទ័ព​ចោរ​បះ​បោរ​ច្រើន , ឥឡូវ​ យើង​ប្រើ​អ្នក​ឯង​ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ទ័ព​ចោរ​ទាំង​នោះ​ អ្នក​ឯង​ហ៊ាន​ទៅ​ឬ​ទេ ? បើ​ហ៊ាន​ទៅ​ ហើយ​ឈ្នះ​ចោរ​ផង​ យើង​នឹង​ឲ្យ​រង្វាន់ ។

បុរស​នោះ​ទូល​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ហ៊ាន​ទទួល​ទៅ​ធ្វើ​រាជការ​ថ្វាយ ។ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា បើ​ដូច្នោះ​ ចូល​អ្នក​ឯង​ នាំ​សេនា​ទាហាន​ទៅ​ជា​ឆាប់ ។ បុរស​ថ្វាយ​បង្គំ​លា​មក​ផ្ទះ​ជំរាប​លោក​ក្រឡា​ហោម​ជា​បិតា​ក្មេក​ តាម​រឿង​គ្រប់​ប្រការ​ រួច​លើក​ទ័ព​ចេញ​ទៅ​ ទ័ព​ចោរ​បាន​ដឹង​ ក៏​លើក​ទ័ព​មក​តាំង​ច្បាំង​គ្នា​ជា​ខ្លាំង​ក្លា ។ ទ័ព​ចោរ​ទ្រាំ​ពុំ​បាន​ក៏​បរាជ័យ​ បាក់​បប​ខ្លប​ខ្លាច​រត់​ខ្ចាត់​ខ្ចាយ​វិនាស​អស់​ទៅ ។ បុរស​លើក​ទ័ព​បង្រ្កាប​រាប​គ្រប់​អន្លើ​ រួច​នាំ​សេនា​ទាហាន​ត្រឡប់​មក​វិញ​ ក្រាប​បង្គំ​គាល់​ ទូល​រឿង​ច្បាំង​នឹង​ទ័ព​ចោរ​គ្រប់​សេចក្ដី ។ ស្ដេច​ជ្រាប​ទ្រង់​ព្រះ​អំណរ​ពន់​ប្រមាណ ។

ឯ​លោក​ក្រឡា​ហោម​ ដឹង​ថា កូន​ប្រសា​ លើក​ទ័ព​ទៅ​បង្រ្កាប​ចោរ​រាប​ទាប​អស់​ដូច្នោះ​ ក៏​មាន​ចិត្ត​ទោមនស្ស​រឹត​តែ​ខ្លាំង​ឡើង​ ពីព្រោះ​គិត​ថា​ ដែល​ឲ្យ​វា​ទៅ​បង្ក្រាប​ទ័ព​ចោរ​នោះ​ ដើម្បី​ឲ្យ​ពួក​ចោរ​សម្លាប់​វា​ ឥឡូវ​ទៅ​ជា​វា​មាន​ជ័យ​ជំនះ​វិញ ។ ឯ​រោគ​លោក​ក្រឡា​ហោម​ រឹង​រឹត​តែ​រើ​ខ្លាំង​ឡើង​លើស​ដើម​ ពេទ្យ​មើល​ពុំ​ជា​ ក៏​ទទួល​មរណភាព​ទៅ ។ ស្ដេច​ជ្រាប​ទ្រង់​ព្រះ​ចិន្ដា​ថា នឹង​ឲ្យ​ឈ្មោះ​ណា​ធ្វើ​ក្រឡា​ហោម ? ទ្រង់​ព្រះ​ចិន្ដា​ទៅ​ឃើញ​តែ​បុរស​ដែល​វាយ​ទ័ព​ចោរ​ រាប​ទាប​នោះ​ឯង​មាន​គុណ​បំណាច់​នឹង​រាជការ​ គួរ​តែ​ឲ្យ​ធ្វើ​ជា​ក្រឡា​ហោម​បាន ទ្រង់​ព្រះ​ចិន្ដា​ដូច្នោះ​ហើយ​ ក៏​ត្រាស់​ឲ្យ​ហៅ​បុរស​នោះ​មក​គាល់​ ហើយ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ តាំង​ឲ្យ​ធ្វើ​ទី​ក្រឡា​ហោម​ តំណាង​បិតា​ក្មេក​ទៅ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ

 

រឿងបុរសកាសសាមសិប – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *