Thursday , May 16 2024

រឿងបឹងត្របែក – រឿងព្រេងខ្មែរ

រឿងបឹងត្របែក – រឿងព្រេងខ្មែរ ៖ ឈ្មោះភូមិផ្សេងៗនៅក្នុងក្រុងភ្នំពេញ សុទ្ធសឹងតែមានប្រវត្ដដើមកំណើតច្រើនបែបច្រើនយ៉ាងណាស់ ប៉ុនែ្ដ ដែលសំខាន់ គឺត្រង់រឿងណាទាក់ទងនឹងប្រវតិ្ដសាស្ដ្រផង ជាបែបនិទានពិរោះស្ដាប់ផង។ យើងលើកយកមកចុះផ្សាយ ក្នុងទីនេះ តែរឿងណាដែលមានលំដាប់រឿងវែងឆ្ងាយ ឯរឿងខ្លីៗបន្ដិចបន្ដួច ពុំបានលើកយកមកអធិប្បាយទេ។ រឿងបឹងត្របែកនេះមានប្រាកដក្នុងសៀវភៅព្រះរាជពង្សាវតារ ច្បាប់សសេរដៃ តម្កល់នៅពុទ្ធិសាសនបណ្ឌិតសព្វថ្ងៃ ដែលយកតាមលំនាំរឿងបានដូចតទៅ ៖ តាមសព្វនៃពាក្យខាងលើឹនេះ មិនមែនពិបាកយល់ទេ តែនៅមានបញ្ហខ្លះដែល អ្នកអានគួរជ្រាប គួរចាំជាប្រវត្ដិ។ អាស្រ័យហេតុនេះបានជាយើងស្រាវជ្រាវ រកពង្សាវតារនៃបឹងត្របែកមក អធិប្បាយជូន។ តើហេតុអ្វីបានជាគេហៅថា “បឹងត្របែក” តាមរូបសព្វបែបនេះ គេអាចយល់បានភ្លាម តែត្រង់ខុសឬ ត្រូវតាមប្រវត្ដិនោះ យើងមិនទាន់ដឹងទេ បើយើងបំបែកស័ព្ទនេះបានន័យថា “បឹងដែលមានដើមត្របែក ” ហៅថាបឹង ត្របែក តើឈ្មោះនេះពិតដូច្នេះមែនឬ ទេ?។ រឿងនេះខ្ញុំសូមនាំយកប្រវត្ដិមកនិទានដូចតទៅ ៖ ព្រះបាទជ័យជេដ្ឋា (ព្រះអង្គសូរ) ព.ស ២២១៩ គង់នៅឧដុង្គឮជ័យ បានសាងវាំងមួយទៀតនៅទួលឪជ្រឹង ស្រុកសំរោងទងសព្វថ្ងៃ។ ព្រះអង្គរើរាជវាំងពីឧដុង្គឮជ័យ មកគង់នៅរាជវាំងទួលឪជ្រឹង ទុកព្រះមាតា គឺសមេ្ដចព្រះទាវ ឱ្យគង់នៅឯព្រះវាំង ឧដុង្គឮជ័យ។ ឯសមេ្ដចបុទុបរាជាមហាឧបរាជ ទ្រង់ជ្រាបពត៌មាននេះហើយ ក៏មានព្រះទ័យត្រេកអរជាពន់ពេក ហើយប្រឹក្សាជា មួយអុងយួន រួចលើកទ័ពខ្មែរយួនទៅលុកវាំងឧដុង្គឮជ័យ ហើយចាប់យកសមេ្ដចព្រះទាវជាព្រះវររាជ មាតានៃព្រះជ័យជេដ្ឋា និងនាងអាំជាសាវឡិក នាំយកទៅបន្ទាយជ្រោយចង្វា។ ព្រះជ័យជេដ្ឋាដែលគង់នៅវាលឪជ្រឹង កាលបើទ្រង់ជ្រាបការណ៏នេះហើយ ទ្រង់ព្រះកន្សែងសោយសោកអាឡោះ អាឡ័យពីកានិរាសព្រាត់ប្រាស់ព្រះវរមាតា។ ព្រះអង្គរើព្រះរាជដំណាក់ពីព្រះរាជវាំងទួលឪជ្រឹង ទៅគង់នៅឯឧដុង្គ ឭជ័យវិញ។ ព្រះអង្គទ្រង់បានប្រឹក្សាជាមួយ សេនាបតី នាម៉ឺន សព្វមុខមន្រ្ដី ឱ្យប្រមូលទ័ពទៅច្បាំងជាមួយទ័ពខ្មែរយួនដែលនៅជ្រោយចង្វា ដើម្បីដណេ្ដីមយក ព្រះវររាជមាតាវិញ។ មន្រ្ដីក៏ប្រមូលទ័ពបានគ្រប់ចំនួនហើយ ព្រះអង្គទ្រង់ព្រះចិន្ដាថា លើកទ័ពទៅវាយទ័ពយួន ដែល មានព្រះរាជមាតាដែលនៅជាមួយផងនោះមិនស្រួលទេ។ គិតដូច្នោះ ព្រះអង្គទ្រង់កែព្រះរាជមធ្យោបាយ។ ព្រះអង្គ ទ្រង់ប្រឹក្សាជាមួយពញាមន្រ្ដីសង្គ្រាមសួស្ដិ៍ ដើម្បីទៅយកព្រះវរាជមាតា។ ចៅពញាមន្រ្ដីសង្គ្រាមសួស្ដិ៍ ថ្វាយព្រះរាជ យោបល់ថា មានតែប្អូនទូលព្រះបង្គំឈ្មោះពញាភក្ដីសង្គ្រាមហុកទេ ដែលមានថ្វីដៃអាចទៅយកព្រះវររាជមាតា ព្រះអង្គបាន។ ចៅពញាភក្ដីសង្គ្រាមហុក ទទួលព្រះរាជបញ្ជាហើយ ក៏សន្យានឹងព្រះជ័យជេដ្ឋាថា តែ៧ថ្ងៃនឹងធ្វើការ នេះឱ្យបានសម្រេច ហើយសូមព្រះអង្គឱ្យទ័ពទៅចាំទទួល។ ចៅពញាហុកសុំយកទាសាជំនិតម្នាក់ឈ្មោះគោ និងសុនខ មួយ ឈ្មោះអាស្រគំទៅជាមួយ។ ចៅពញាភក្ដីសង្គ្រាមហុក ធ្វើដំណើរទៅដល់ភ្នំពេញហើយទៅសំណាក់ក្នុងវត្ដ ស្រកាលេញ រួចដើរស៊ើបយកការណ៏ រហូតដល់បានពត៌មានថា ទ័ពយួនទុកសមេ្ដចព្រះទាវក្នុងទូកនៅឯជ្រោយចង្វា។ នៅវេលាយប់ស្ងាត់ មេឃងងឹត រកកល់ចង់ភ្លៀងផង ចៅពញាភក្ដីសង្គ្រាមហុកយកទៀនធូបភ្ញីផ្កាខ្លះ លបចូលទៅក្នុង ព្រះវិហារវត្ដស្រកាលេញ ហើយតាំងអធិដ្ឋានថាៈ ខ្ញុំព្រះអង្គនេះមានចិត្ដកត្ដ្ដញ្ញូនឹងព្រះបាទជាអង្គម្ចាស់ ស៊ូលះបង់ ជីវិតមិនគិតស្លាប់ ទទួលអាសាមកអព្ចើាញសមេ្ដចព្រះទាវជាព្រះវររាជមាតា ពីកណ្ដាប់ដៃនៃសត្រូវ បើសម្ដេចព្រះ ជ័យជេដ្ឋាជាអង្គម្ចាស់ខ្ញុំ សេ្ដចបានសោយរាជសម្បតិ្ដក្នុងក្រុងកម្ពុជាធិបតីនេះ សូមកុំឱ្យទ័ពយួនឃើញស្គាល់ខ្ញុំអង្គ ម្ចាស់ឡើយ ដោយសេចក្ដីកត្ដញ្ញូរបស់ខ្ញុំ សូមកុំឱ្យមានអន្ដរាយអ្វី សូមទេវតាជួយទំនុកបម្រុង សូមឱ្យខ្ញុំអព្ចើាញ ព្រះទាវជាព្រះវររាជមាតា ពីក្នុងចំណោមកងទ័ពសង្គ្រាមបានដោយងាយ។ លុះចប់ការតាំងអធិដ្ឋានហើយ ចៅពញា ភក្ដីសង្គ្រាមហុកនាំនាយគោចេញពីព្រះវិហារ ហើយផ្ដាំឱ្យអាស្រគំចាំ នៅមុខវិហារនេះ។ អ្នកផ្សងសំណាងទាំងពីរនាក់ ផ្លាស់សំពត់យកចងទ្រូង ហើយយកកាំបិតស្នៀតសៀតនឹងចង្កេះ ដើររកឬស្សីហែលឆ្លងទៅជ្រោយចង្វា ចៅពញាភក្ដី សង្គ្រាមហុក ឆ្លងដល់ត្រើយហើយ ពួនតាមមាត់ទឹកតម្រង់ទៅរកទូកយួន។ លូនបណេ្ដីរ សែកមន្ដគាថាសណ្ដំទូកយួន បណេ្ដីរចៅពញាភក្ដីសង្គ្រាមហុក បានទៅដល់ទូកដែល សមេ្ដចព្រះទាវផ្ទំ។ លោកបានឃើញសមេ្ដចព្រះទាវហើយ ក៏ចូលទៅដាស់ព្រះអង្គ ហើយថ្វាយជញ្ចៀនព្រះទំរង់ ដែលព្រះជ័យជេដ្ឋាទ្រង់បានផ្ញើឱ្យយកទៅថ្វាយសមេ្ដចព្រះមាតា ជាបន្ទាល់។ សមេ្ដចព្រះទាវទតឃើញសេនារបស់ព្រះអង្គ ទ្រង់មានក្ដីរំភើបជាទីបំផុត។ ចៅពញាភក្ដិសង្គ្រាមហុក តឿនព្រះអង្គ ឱ្យចេញពីទូកយួនជាប្រញាប់។ តែព្រះអង្គមានព្រះរាជសវនីយ៏ ទៅកាន់ចៅពញាភក្ដីសង្គ្រាមហុកថា ឱ្យទៅយក នាងអាំជាភីលៀងមកជាមួយផង ព្រោះឆ្លាប់កំសត់ជាមួយព្រះអង្គ។ ចៅពញាភក្ដីសង្គ្រាមហុក នាំសម្ដេច ព្រះទាវនិងនាងអាំចេញពីទូកបានហើយ មេឃងងឹតឈឹងរកមើលទិសតំបន់មិនឃើញ ក៏បញ្ជាឱ្យនាយគោ ផ្ទៀងចាំ ស្ដ្ដាប់សំលេងអាស្រគំលូ។ ផ្ទៀងសំលេងឆ្កែលូច្បាស់ហើយ ចៅពញាភក្ដី សង្គ្រាមហុក នាំគ្នាហែលឆ្លងមកត្រើយ ភ្នំពេញវិញ។ លុះដល់ត្រើយហើយសមេ្ដចព្រះទាវយាងទៅសម្រាកព្រះកាយ បន្ដិចក្នុងវត្ដស្រកាលេញ ហើយបន្ដ ព្រះរាជដំណើរបន្ដទៅទៀត ពញាភក្ដីសង្គ្រាមហុក បញ្ជិះសមេ្ដចព្រះទាវ ហើយឱ្យនាយគោ នាងអាំ អាស្រគំដើរទៅ មុខតម្រង់ទៅឧដុង្គឮជ័យ។ តែពេលនោះ មេឃងងឹតពេក ចៅពញាភក្ដី សង្គ្រាមហុកមើលផ្លូវពុំច្បាស់ ចេញពីវត្ដស្រកា លេញទៅដោយព្រាវ ទៅដល់បឹងត្របែកសព្វថ្ងៃនេះ ឃើញផ្លូវបែក នាយគោងាកមកសួរចៅហ្វាយនាយថា តើត្រូវដើរ ទៅតាមផ្លូវណា?។ ចៅពញាភក្ដីសង្គ្រាមហុកក៏បញ្ជាឱ្យនាយគោបែកទៅស្ដាំ។ កន្លែងដែលមានផ្លូវបែកនេះមានសភាព ទំនាបជាបឹង ទើបហៅថាបឹងត្រង់បែក។ ពាក្យថាបឹងត្រង់បែកនេះ អ្នកស្រុកនិយាយរហ័សក៏ឮតែបឹងត្របែកៗ ទៅវិញ។ សំដីនេះក៏ចេះតែក្លាយទៅៗ រហូតដល់បាត់ន័យដើមរបស់ពាក្យដូច្នេះ។ លុះភ្លឺឡើងទៅដល់ស្ទឹងព្រែកត្នោត ទេឹបចៅពញាភក្ដីសង្គ្រាមហុកដឹងថា វង្វេងផ្លូវ។ ហើយនាំគ្នាបែរមុខទៅរកទិស ទៅកាន់ឧដុង្គឮជ័យវិញ។ ទីនេះ ក៏ជាប់ឈ្មោះថា បឹងត្របែករហូតមក។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងអ្នកតាម៉ឺន គង់ – រឿងព្រេងខ្មែរ

រឿងបឹងត្របែក – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *