Wednesday , December 11 2024

រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ

រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ ៖ រឿង ត្រពាំង​ប៉ង់តាទិប (ខេត្ត​ព្រះវិហារ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៥៥ – ១៥៩ រឿង​រ៉ាវ​ផ្សេង​ៗ នៅ​ក្នុង​ខេត្ត​ថ្មី​ៗ សុទ្ធ​សឹង​តែ​ជា​គ្រឿង​ឆ្ងាញ់​ពិសា​របស់​អ្នក​ស្ដាប់​អ្នក​អាន ព្រោះ​ថា នៅ​តាម​ខេត្ត​ចាស់​ៗ នោះ មាន​អ្នក​ស្រុក​ច្រើន ការ​ទាក់​ទង​ខាង​គមនាគមន៍​ក៏​ច្រើន ម្ល៉ោះ​ហើយ រឿង​ព្រេង​ក្ដី ឬ កេរ្តិ៍​ដំណែល​អារ្យ​ធម៌​ចាស់​ៗ ក្ដី បាន​លេច​ឮ​សុសសព្វ​យូរ​ណាស់​មក​ហើយ ។ រី​ឯ​ខេត្ត​ថ្មី​ៗ វិញ ដែល​ពុំ​សូវ​មាន​អ្នក​ស្រុក​ទៅ-មក​ទាក់​ទង​គ្នា រឿង​រ៉ាវ​នៅ​ទី​នោះ ក៏​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ ដូច​យ៉ាង​រឿង​រ៉ាង​ក្នុង​ខេត្ត​ព្រះ​វិហារ​ជាដើម ។ ដោយ​ឯកសារ​នៅ​ស្ដួច​ស្ដើង យើង​ក៏​ប្រមែ​ប្រមូល​ព័ត៌មាន​ដែល​ប្រមូល​បាន​ខ្លះ​ៗ មក​ហើយ មក​អធិប្បាយ​ជា​មុន តាម​រយៈ​អស់​លោក-អ្នក​ដែល​ធ្លាប់​បាន​ទៅ​ដល់ ហើយ​មាន​ព្យាយាម​ស៊ើប​សួរ សរសេរ​តែង​ផ្ញើ​មក​ក្រុម​ជំនុំ​យើង ជា​បែប​ទំនៀម​រស់​នៅ​របស់​អ្នក​ស្រុក​ខ្លះ, ជា​រឿង​ព្រេង​ខ្លះ ។

ដូច​រឿង​ព្រេង​មួយ ដែល​យើង​លើក​មក​និទាន​នៅ​ពេល​នេះ ជា​សេចក្ដី​រាយ​ការណ៍​របស់​លោក ហ៊ុន-សាវី ដែល​លោក​មាន​បេសកកម្ម​ក្នុង​កង​ពល​ខេមរភូមិន្ទ ទៅ​ដល់​ទី​កន្លែង​នោះ បាន​សរសេរ​ផ្ញើ​មក​ឲ្យ​ក្រុម​ជំនុំ​យើង ជា​សេចក្ដី​រាយ​ការណ៍​ទាំង​ស្រុង ពី​ដំណើរ​របស់​លោក​ទៅ​កាន់​ទី​ប្រជុំ​ជន “ត្បែង​មាន​ជ័យ” ដែល​ជា​ទី​ប្រជុំ​ជន​សម្រាប់​ខេត្ត​ព្រះ​វិហារ ។ ក្នុង​សេចក្ដី​រាយ​ការណ៍​នេះ មាន​ជាប់​ទាំង​រឿង​ព្រេង​មួយ ទាក់ទង​ដោយ​ភូមិ​ស្រុក យើង​ក៏​ស្រង់​ត្រង់​នេះ មក​រៀប​ធ្វើ​រឿង​ព្រេង​មួយ បញ្ចូល​ក្នុង​សៀវភៅ​នេះ​ឡើង ។ ត្រង់​អន្លើ​នេះ លោក ហ៊ុន-សាវី សរសេរ​ថា : ចេញ​ពី​សាលា​ស្រុក​វៀង​ទៅ បាន​ប្រហែល ៣ គ.ម. មាន​ផ្លូវ​បែក​ជា​ពីរ គឺ​ខាង​ឆ្វេង​ទៅ​កំពង់​ប្រណាក (ទី​ប្រជុំ​ជន​ក្រុង​ត្បែង​មាន​ជ័យ) ឯ​ខាង​ស្ដាំ​ទៅ​កំពង់​ពុទ្រា, ទៅ​ឆែប (អតីត​ខេត្ត​ម្លូ​ព្រៃ) ។

បើ​យើង​ធ្វើ​ដំណើរ​ត​ពី​នេះ មុន​នឹង​ចូល​ទៅ​កំពង់​ប្រណាក យើង​ឃើញ​អូរ​មួយ​ដែល​អ្នក​ស្រុក​ហៅថា អូរ​ស្ដាយ​ក្លង់2 ។ នៅ​ក្បែរ​អូរ​នេះ មាន​ត្រពាំង​មួយ​ទៀត​ឈ្មោះ ត្រពាំង​ប៉ង់តាទិប3 ដែល​មាន​រូប​សំណាក​ថ្ម​មួយ​ផ្ដេក​នៅ​ត្រង់​ទី​នោះ4 ដូច​មាន​ដំណាល​រឿង​ដើម​ថា : មាន​មន្ត្រី​ឃុំ​ពីរ​នាក់ ម្នាក់​ឈ្មោះ​តា​ទិប ជា​មេ​ឃុំ​មេ​ក្រុម ១ ផ្នែក ម្នាក់​ទៀត​ឈ្មោះ​តា​កែវ ជា​មេ​ឃុំ​មេ​ក្រុម ១ ផ្នែក​ដែរ ។ មេ​ឃុំ​ទាំង​ពីរ​នាក់​នេះ នៅ​ក្រោម​អាណា​ព្យាបាល នាយក​ឈ្មោះ ជូ-មឹង ចៅហ្វាយ​ខេត្ត​ម្លូព្រៃ (ស្រុក​ឆែប បច្ចុប្បន្ន​នេះ) ។ អ្នក​ទាំង​ពីរ​នាក់ មាន​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា ដណ្ដើម​កូន​ឃុំ​គ្នា ដោយ​អាង​ថា​មាន​រាស្ត្រ​ច្រើន​តែ​សព្វ​ខ្លួន រហូត​ដល់​ទៅ​មាន​កើត​កោលាហល កេណ្ឌ​រាស្ត្រ​ចូល​ប្រយុទ្ធ​ច្បាំង​កាប់​សម្លាប់​គ្នា យ៉ាង​សម្បើម​អស្ចារ្យ ជា​ហេតុ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​នៅ​ទី​សមរភូមិ ដោយ​សារ​តែ​មេ​បះបោរ​ទាំង​ពីរ​នាក់​បង្ក​បង្កើត​ឡើង ។

រឿង​នេះ ដឹង​ដល់​លោក​ប្រមុខ​ខេត្ត​ម្លូព្រៃ​ភ្លាម, លោក​ក៏​អញ្ជើញ​មក បាន​កោះ​ហៅ​មេ​បះបោរ​ទាំង​ពីរ​នាក់​នោះ មក​ជំនុំ​ជម្រះ​កាត់​សេចក្ដី​ឲ្យ គឺ​លោក​ចែក​រាស្ត្រ​ឲ្យ​បាន​ស្មើ​ៗ គ្នា តែ​មេ​បះបោរ​ទាំង​ពីរ​នេះ ពុំ​សុខ​ចិត្ត ទាំង​កូន​ឃុំ ក៏​ពុំ​សុខ​ចិត្ត​ទៀត ។ រឿង​នេះ ធ្វើ​ឲ្យ​លោក​ប្រមុខ​ខេត្ត​ខ្វល់​យ៉ាង​ក្រៃលែង ។ ទើប​ក្រោយ​មក លោក​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត ដោយ​បួង​សួង​ព្រះ​ឥន្ទ្រ​ទិព្វ​ចក្ខុ ជា​អ្នក​រក​យុត្តិធម៌​ឲ្យ គឺ​តម្រូវ​ឲ្យ​ផ្សង​នឹង​ស្នា ។ បើ​មេ​ឃុំ​ទាំង​ពីរ​នេះ ណា​មួយ មាន​ចិត្ត​ទុច្ចរិត​មិន​ស្មោះ​ត្រង់ ល្មោភ​លោភ​លន់ ឲ្យ​ត្រូវ​នឹង​ព្រួញ​ស្នា​ស្លាប់​ឲ្យ​បាន​ប្រចក្ស​នឹង​ភ្នែក ។ កូន​រាស្ត្រ និង មេ​ឃុំ ក៏​សុខ​ចិត្ត​ទទួល​ព្រម ឲ្យ​តែ​បាន​ឃើញ​នូវ​ពន្លឺ​យុត្តិធម៌ ។ លុះ​ព្រឹក​ឡើង ប្រមុខ​ខេត្ត​ម្លូព្រៃ ក៏​ចាប់​ផ្ដើម​ធ្វើ​ពិធី​រក​យុត្តិធម៌ ឲ្យ​មេ​បះបោរ​ទាំង​ពីរ ។ លោក​បាន​ឲ្យ​ឈរ​តាម​ក្រុម ឃុំ​ក្រុម​មេ​ឃុំ​ទិប ឈរ ១ ក្រុម, ក្រុម​មេ​ឃុំ​កែវ ១ ក្រុម, ក្បែរ​អូរ​មួយ ។ រីឯ​មេ​ឃុំ​ទាំង​ពីរ គឺ​លោក​ប្រមុខ​ខេត្ត​បាន​ឲ្យ​ឈរ​ចំ​កណ្ដាល​ក្រុម ចំ​មុខ​ស្នា​ទាំង​ពីរ ក៏​មាន​ព្រួញ​ចុង​ស្រួច​ប្រកប​ដោយ​ជ័រ​ឆក់ ។ ស្នា​ទាំង​ពីរ​នេះ ១ ជា​របស់​មេ​ឃុំ​កែវ ១ ទៀត ជា​របស់​មេ​ឃុំ​ទិប ។

លោក​ប្រមុខ​ខេត្ត បាន​ចាប់​យឹត​ស្នា​ដោយ​ខ្លួន​ឯង រួច​ដាក់​ព្រួញ ហើយ​តម្កល់​លើ​ជើង​ពាន​ប្រាក់​ពីរ​យ៉ាង​ធំ មាន​មុខ​តម្រង់​ឆ្ពោះ​ទៅ​ចំ​កណ្ដាល​ដើម​ទ្រូង​មេ​បះ​បោរ​ទាំង​ពីរ​នេះ ។ បន្ទាប់​មក លោក​ក៏​លើក​ដៃ​ប្រណម្យ​ឡើង ចាប់​ថ្លែង​ប្រកាស​បួងសួង សំបូងសង្រូង​យ៉ាង​ខ្លាំង​ៗ ដូច​តទៅ ៖ “នៅ​ក្នុង​ពិធី អរុណោទ័យ​រស្មី​ដ៏​ពេញ​ពន្លឺ​នេះ ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រមុខ​ដែន​ដី​ម្លូព្រៃ និង​ជា​ប្រមុខ​យុត្តិធម៌ ខ្ញុំ​សូម​យាង​ព្រះ​ឥន្ទ​ភ្នែក​ទិព្វ ត្រចៀក​ទិព្វ ដ៏​មាន​ឫទ្ធិ​អនេក​អន័គ្ឃ​ប្រត្យក្ស ប្រសិទ្ធិ​ជ័យ ដល់​ស្នា​ទាំង​ពីរ​នេះ​ថា បើ​តា​កែវ​ជា​មេ​ឃុំ​លោភ សុំ​ឲ្យ​ស្នា​តា​ទិប​ឲ្យ​យុត្តិធម៌, ថា​បើ​តា​ទិប​ជា​មេ​ឃុំ​ល្មោភ សុំ​ឲ្យ​ស្នា​តា​កែវ​ឲ្យ​យុត្តិធម៌ ក្នុង​កណ្ដាល​រឿណរង្គ​នេះ ដើម្បី​ឲ្យ​រាស្ត្រ​បាន​ជាក់​ស្បាន់​ទាន់​ហន់ ក្នុង​គ្រា​ឥឡូវ​នេះ សូម​ឲ្យ​ព្រះ​អង្គ​ប្រទាន​យុត្តិធម៌” ។ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ! គ្រាន់​តែ​គ្រប់ ៣ ដង​ភ្លាម កៃ​ស្នា ក៏​ថ្លោះ​ផាំង​ដោយ​ឯង ។ ព្រួញ​ដ៏​មុត ក៏​ស្ទុះ​ទៅ​ដោត​ចំ​ទ្រូង​តា​ទិប ដួល​ដេក​នៅ​ទី​នោះ​ភ្លាម ។

តែ​មុន​នឹង​ស្លាប់ តា​ទិប​បាន​សារភាព​ចំពោះ​លោក​ប្រមុខ​ខេត្ត​ថា :គាត់​ជា​មនុស្ស​ល្មោភ ហើយ​ថែម​ទាំង​ជា​មនុស្ស​អយុត្តិធម៌​ទៀត​ផង, កែវ​ជា​មនុស្ស​ល្អ ស្មោះ​ត្រង់​នឹង​ដែន​ដី មិន​ល្មោភ សូម​ព្រះ​តេជះ​ព្រះ​គុណ​ជា​ប្រមុខ​យុត្តិធម៌ ឆ្លាក់​រូប​ខ្ញុំ​បាទ​មួយ​ទុក​ជា​កេរ្តិ៍​ដំណែល ដើម្បី​បញ្ជាក់ ឲ្យ​ឃើញ​ច្បាស់​ថាៈ “នេះ​ហើយ​រូប​តា​ទិប ជា​មេ​ឃុំ​ល្មោភ ត្រូវ​ព្រួញ​យុត្តិធម៌” ថា​ហើយ ក៏​ដាច់​ខ្យល់​ស្លាប់​ក្នុង​ខណៈ​នោះ​ភ្លាម ។ រី​កង​ទ័ព​ខ្មោច​មេ​ឃុំ​ល្មោភ​នេះ គ្រាន់​តែ​ឃើញ​ចៅហ្វាយ​ខ្លួន​ស្លាប់​ភ្លាម បះ​សក់​ច្រូង​រត់​បាត​ជើង​ស​ព្រាត គេច​តែ​សព្វ​ខ្លួន ខ្លាច​ព្រួញ​យុត្តិធម៌​ពួយ​កណ្ដាល​ដើម​ទ្រូង​ទៀត រត់​ចោល​បាយ ដែល​ដាំ​បម្រុង​នឹង​បរិភោគ​ក្បែរ​អូរ ។ តាំង​ពី​មាន​ហេតុ ដូច​ពណ៌នា​នេះ​មក ទើប​បាន​ជា​សាសន៍​ពីរ គេ​ដាក់​នាម​អូរ​នេះ​ថា “អូរ​ស្ដាយ​ក្លង់” ប្រែ​ថា “អូរ​ស្ដាយ​បាយ” រហូត​សព្វ​ថ្ងៃ ។ ឯ​រូប​សំណាក​តា​ទិប ត្រូវ​ព្រួញ​ចំ​កណ្ដាល​ទ្រូង​នោះ ក៏​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ទុក​ជា​សក្ខី​ភាព​នៃ​រឿង​នេះ ។ ហើយ​អ្នក​ស្រុក ក៏​ហៅ​អូរ​នេះ​ថា អូរ​ប៉ង់​តា​ទិប រហូត​មក​ដែរ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ

រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *