រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ ៖ មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា ពេលនេះ មានលាភបានដង្កូវស៊ី ! ក៏ហើរទៅជិតដង្កូវ ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅ នឹងចឹកអញស៊ីឥឡូវហើយ ។ ដង្កូវសួរក្អែកថា មករកអ្វី ? ក្អែកប្រាប់ទៅដង្កូវវិញថា អញមកស៊ីដង្កូវឯង ។ ដង្កូវថា លុះតែក្អែកឯង រកប្រស្នាអញឃើញទើបស៊ីអញបាន, បើរកប្រស្នាអញមិនឃើញ ស៊ីអញមិនបានទេ ។ ក្អែកសួរថា ប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ ។ ដង្កូវសួរទៅក្អែក ដូចមានតទៅនេះ :
ដូចម្ដេច ដែលគេហៅថា ផ្អែមជាងគេបំផុត ?
ដូចម្ដេច ដែលគេហៅថា ជូរចត់ជាងគេបំផុត ?
ដូចម្ដេច ដែលគេហៅថា ស្អុយជាងគេបំផុត ?
ដូចម្ដេច ដែលគេហៅថា ក្រអូបជាងគេបំផុត ?
កាលបើក្អែក បានឮដង្កូវសួរប្រស្នាទាំង៤បទនេះហើយ មានសេចក្ដីត្រេកអរជាទីបំផុត ក៏ស្រែកហ៊ោកញ្រ្ជៀវលេង ដោយគិតថា ប្រស្នាដង្កូវទាំង៤បទនេះ អញមុខជារកឃើញឥឡូវហើយ នឹងបានស៊ីដង្កូវនេះមិនខាន! ទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះ ។
ដែលគេហៅថាផ្ងែមនោះ គឺមានស្ករ និងឃ្មុំ ផ្អែមជាងអ្វីទាំងពួង ។
ដែលគេហៅថាជូរចត់នោះ គឺមានម្ជូរក្រូចឆ្មារ, អម្ពិល, ម្ជូរសណ្ដាន់, ម្ជូរក្រសាំង, និងទឹកខ្មេះ ។
ដែលគេហៅថាស្អុយជាងគេនោះ គឺអាចម៍ និងគម្រង់ខ្មោចសត្វទាំងពួង ។
ដែលគេហៅថា ក្រអូបជាងគេនោះ គឺផ្ការំដួល ផ្កាម្លិះ និងទឹកអប់ ។
ក្អែកបានដោះស្រាយប្រស្នាទាំង៤បទនេះ ប្រាប់ទៅដង្កូវ ។ ដង្កូវថា ក្អែក ដោះប្រស្នានេះ មិនត្រូវទេ ។ ក្អែកក៏ដាក់មុខស្រងូត និយាយទៅដង្កូវវិញថា បើដង្កូវឯងថាខុស សុំឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផង ។ ដង្កូវប្រាប់ទៅក្អែកវិញថា ប្រាប់បាន តែក្អែកឯងកុំស៊ីអញទើបអញប្រាប់ ។ ក្អែកថា ឲ្យតែប្រាប់ចុះ អញមិនស៊ីដង្កូវឯងទេ ។ លុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងហ្នឹងហើយ, ដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែក ដូចមានពាក្យតទៅនេះ :
ដែលគេហៅថា ផ្អែមនោះ មិនមែនផ្អែមស្ករទឹកឃ្មុំនោះទេ គឺផ្អែមពាក្យសម្ដី ដែលនិយាយទៅមករកគ្នា ដោយពាក្យពិរោះស្មោះត្រង់រកគ្នា, នេះហើយហៅថា ផ្អែមជាទីបំផុត ។
ដែលគេហៅថា ជូរចត់នោះ មិនមែនជូរចត់ អម្ពិល សណ្ដាន់ ក្រូចឆ្មារ ទឹកខ្មេះនោះទេ គឺពាក្យផរុសវាទ ឃោរឃៅ ឥតគួរ ឥតសម ដែលនិយាយកាន់គ្នាទៅវិញទៅមក, នេះហើយហៅថា ជូរចត់លើសជូរចត់អ្វីទាំងពួង ។
ដែលគេហៅថា ស្អុយនោះ មិនមែនស្អុយអាចម៍ ឬស្អុយគម្រង់នោះទេ គឺស្អុយកេរ្ត៍ ស្អុយឈ្មោះ ដែលប្រព្រឹត្តអាក្រក់ក្នុងលោក , នេះហើយហៅថា ស្អុយច្រាសខ្យល់។
ដែលគេហៅថា ក្រអូបនោះ គឺមិនមែនក្រអូបក្លិនផ្កា ឬទឹកអប់នោះទេ គឺក្រអូបកេរ្ត៍ឈ្មោះ ដែលប្រតិបត្តិល្អ, នេះហើយហៅថា ក្រអូបជាងគ្រឿងក្រអូបទាំងពួង។
ក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយ ឈប់ស៊ីដង្កូវទៅ ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងដើមកំណើតរន្ទះ – រឿងព្រេងខ្មែរ