Tuesday , March 28 2023

រឿងគ្រូនិងសិស្ស – រឿងព្រេងខ្មែរ

រឿងគ្រូនិងសិស្ស – រឿងព្រេងខ្មែរ ៖ មាន​ភិក្ខុ​មួយ​អង្គ​គង់​នៅ​វត្ត មាន​កូន​សិស្ស​តែ​ម្នាក់​ឈ្មោះ​អា​ផ្លូញ ។ អា​ផ្លូញ​ខិល​ណាស់ គ្រូ​ល្ងង់​ណាស់ ឆោត​ច្រើន គ្មាន​ឧបាសក​ណា​រាប់​អាន​យក​ចង្ហាន់​ស្លា​បារី ទៅ​ប្រគេន​ឬ​និមន្ដ​ឆាន់​ផ្ទះ​ដល់​ម្ដង​ឡើយ លោក​នោះ​ក្រ​លំបាក​ពន់​ពេក​តែ​លោក​មាន​ដំរី​មួយ ។

ថ្ងៃ​មួយ​លោក​ នោះ​ពិចារណា​ថា “សព្វ​ថ្ងៃ​នេះ​គ្មាន​ឧបាសក ឧបាសិកា​គេ​ប្រគេន​វត្ថុ​អ្វី​ឆាន់​សោះ ហើយ​ដូច្នេះ​គួរ​អញ​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់​កុំ​ឲ្យ​លំបាក” ។ គិត​ដូច្នោះ​ហើយ​ក៏​ប្រាប់​កូន​សិស្ស​ថា “អា​ផ្លូញ​ឯង​ចាប់​ដំរី​មក ហើយ​ឯង​ទៅ​ផ្សារ​នឹង​អញ​រក​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុកឆាន់” ។ កូន​សិស្ស​ទៅ​ចាប់​ដំរី​បាន​មក គ្រូ​និង​សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ​ផ្សារ ។ លុះ​ទៅ​ដល់​គ្រូ​ប្រាប់​សិស្ស​ថា “ឯង​ទិញ​វត្ថុ​អ្វី​ដែល​ទុក​បាន​យូរ​មិន​ខូច” ។ អា​ផ្លូញ​ជា​សិស្ស​ក៏​ទិញ​អំបិល​មួយ​ច្រក​ការុង​ស្រេច ។ គ្រូ​ឃើញ​សួរ​ថា “ហេតុ​ដូចម្ដេច​ក៏​ឯង​ទិញ​តែ​អំបិល មិន​ទិញ​ត្រី​ឆ្អើរ ត្រី​ងៀត​ផង ?” ។ កូន​សិស្ស​ទូ​លថា “អំបិល​ទុក​បាន​យូរ មិន​ចេះ​ខូច បាន​ជា​ខ្ញុំ​ព្រះ​ករុណា​ទិញ” ។ គ្រូ​ឆោត​ល្ងង់​ណាស់​ក៏​ស្ងៀម ។

គ្រូ ​ឡើង​បរ​ដំរី​មក​វិញ សិស្ស​រែក​អំបិល​ដើរ​ពី​ក្រោយ ដល់​ពាក់​កណ្ដាល​ផ្លូវ​គ្រូ​មើល​ទៅ​សិស្ស ឮ​សូរ​ដង​រែក​ដូច​ជា​ស្រួល​ក៏​សួរ​ថា “អា​ផ្លូញ ! អញ​មើល​ទៅ​ឯង​រែក​អំបិល​ដូច​ជា​ស្រួល​ឬ​យ៉ាង​ណា ?” ។ សិស្ស​ទូល​ថា “ព្រះ​ករុណា ! ស្រួល​ណាស់​ហើយ​ស្រាល​ផង” ។ លោក​គ្រូ​ប្រាប់​សិស្ស​ថា “ឯង​ជិះ​ដំរី​វិញ​អញ​រែក​អំបិល​ដើរ​ក្រោយ” ។ លោក​គ្រូ​ថា​ហើយ ចុះ​ពី​លើ​ដំរី​មក សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ ។ លោក​គ្រូ​ប្រាប់​ថា “ឯង​បរ​ដំរី​ទៅ​ចាំ​អញ​ម្លប់​ឈើ​មុខ” ។ សិស្ស​បរ​ដំរី​ទៅ​ដល់​ម្លប់​ឈើ​ក៏​មិន​ឈប់​ចាំ​គ្រូ បរ​រហូត​ដល់​វត្ត ។

លោក ​គ្រូ​រែក​អំបិល​ដើរ​តាម​ក្រោយ ដោយ​អំបិល​នោះ​ធ្ងន់​ណាស់ លោក​គ្រូ​រែក​ឈប់ៗ បែរ​មើល​ទៅ​សិស្ស​មិន​ឃើញ​ក៏​គិត​ថា “ចាំ​ក្រោយ​សឹម​នាំ​សឹម​នាំ​សិស្ស​មក​យក” ហើយ​យក​អំបិល​ទៅ​លាក់​ក្នុង​ព្រៃ មុន​នឹង​លាក់​លោក​គិត​ថា “ទី​នេះ​បើ​សិន​ជា​មាន​គេ​មក​រក​ជម្រក​ឃើញ គេ​នឹង​យក​អំបិល​នេះ​អស់​មិន​ខាន គួរ​តែ​រក​ទី​ណា​ដែល​កំបាំង​ភ្នែក​អ្នក​ទាំង​ពួង គឺ​មាន​តែ​ក្នុង​ទឹក​ទើប​គេ​មើល​មិន​ឃើញ” ហើយ​ក៏​យក​អំបិល​ទាំង​ពីរ​ការុង​ទៅ​លាក់​ទុក​ក្នុង​ទឹក​ហើយ​ដើរ​ទៅ ។ លុះ​ដល់​សួរ​សិស្ស​ថា “ហេតុ​ដូចម្ដេច​ក៏​ឯង​មិន​ចាំ​អញ ?” ។ សិស្ស​ទូល​ថា “ខ្ញុំ​ព្រះ​ករុណា​បរ​ដំរី​មក​ប្រុង​ចាំ​លោក​គ្រូ​ដែរ​តែ​ដំរី​មិន​ព្រម​ចាំ ​សោះ អង្វរ​ដូចម្ដេច​ក៏​វា​មិន​ព្រម វា​ប្រឹង​ដើរ​ដល់​វត្ត​ទើប​ឈប់” ។ សិស្ស​សួរ​គ្រូ​ថា “លោក​គ្រូ​ទុក​អំបិល​ឯ​ណា ?” ។ គ្រូ​ប្រាប់​ថា​អញ​លាក់​ទុក​នៅ​ទី​ឯ​ណោះ អញ​កាច់​ដើម​ឈូក​ដោត​ជា​សម្គាល់” ។

ព្រឹក ​ឡើង​នាំ​កូន​សិស្ស​ទៅ​យក​អំបិល​វិញ លុះ​ដល់​ប្រាប់​សិស្ស​ថា “អញ​លាក់​ទុក​ក្នុង​ត្រពាំង​នេះ” ។ សិស្ស​លាន់​មាត់​ថា “ម៉ែ​អើយ ! វា​រលាយ​អស់​ហើយ!” ។ អា​ផ្លូញ​ក៏​ចុះ​ទៅ យក​អំបិល​លើក​ការុង​ទាំង​ពីរ​ឡើង​រលាយ​អស់​គ្មាន​សល់ ចំណង​ដែល​ចង​មាត់​ការុង​ដាច់​អស់ ឃើញ​ឯ​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង​នោះ ។ សិស្ស​ទូល​លោក​គ្រូ​ថា “មាន​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង វា​ស៊ី​អំបិល​អស់​ទៅ​ហើយ” ។ យក​ត្រី​និង​ការុង​ប្រគេន​គ្រូ​មើល ។ លោក​គ្រូ​ឃើញ​ត្រី​ខឹង​ណាស់​ក៏​ទះ​កំផ្លៀង​មុត​ដៃ​នឹង​ធ្មង់​ត្រី​ជាប់ ។ ពិស​ត្រី​ចាប់​ពើត​ឈឺ​ខ្លាំង​ពេក លោក​គ្រូ​ថា “ឯង​ចាប់​ត្រី​ដក​ធ្មង់​វា​ឆាប់​ត្បិត​អញ​ឈឺ​ណាស់” ។ សិស្ស​ក៏​ចាប់​ដក​ទាញ​ស្ទើរ​តែ​មិន​រួច ។ លុះ​ដក​រួច​ឈាម​ហូរ​ជា​ខ្លាំង ពិស​ត្រី​រឹត​តែ​ឈឺ​ខ្លាំង​ឡើង លោក​គ្រូ​នាំ​កូន​សិស្ស​ទៅ​វត្ត​វិញ​យក​ទាំង​ការុង និង ត្រី​កញ្ចុះ​ទៅ​ផង ដល់​ទៅ​វត្ត​ប្រាប់​សិស្ស​ថា “អា​ផ្លូញ ឯង​ដាំ​បាយ​មួយ​ឆ្នាំង អាំង​ត្រី​កញ្ចុះ​នោះ​ឲ្យ​ឆ្អិន​ជា​ឆាប់​អញ​នឹង​ឆាន់” ។ លុះ​ពិស​អន់​ចាប់​ពើត​លោក​គ្រូ​ក៏​សម្ងំ​សឹង​លក់​ទៅ ។

ឯ​អា​ផ្លូញ​ ក៏​ដាំ​បាយ​អាំង​ត្រី​ឆ្អិន ហើយ​បរិភោគ​អស់​ទុក​តែ​បាយ​មួយ​ពំនូទ​និង​ឆ្អឹង​ត្រី​ក្នុង​ចាន​គ្រប តែ​វា​គ្រប​មិន​ឲ្យ​ជិត ។ លោក​គ្រូ​ភ្ញាក់​ឡើង​ប្រាប់​សិស្ស​ថា “ឯង​យក​បាយ​និង​ត្រី​មក​ឆាន់” អា​ផ្លូញ​ក៏​ធ្វើ​ជា​កិរិយា​ដូច​ជា​ទៅ​យក​បាយ​ប្រគេន​លោក​គ្រូ​រួច​មក​វិញ​ ទូល​ថា “បាយ​និង​ត្រី​រុយ​ស៊ី​អស់​ហើយ នៅ​សល់​តែ​មួយ​ពំនូត និង​ឆ្អឹង​ត្រី” លោក​គ្រូ​ជឿ​ឥត​សង្ស័យ​ដោយ​ឆោត​ល្ងង់​ក៏​ឲ្យ​រំពាត់​ផ្ដៅ​មួយ​មក​សិស្ស​ថា “ឯង​យក​រំពាត់​វាយ​រុយ​កុំ​ឲ្យ​វា​នៅ​លើ​កុដិ” អា​ផ្លូញ​ជា​សិស្ស​ក៏​វាយ​រុយ​មិន​ឈប់” ។ គ្រា​នោះ​មាន​រុយ​ទុំ​ច្រមុះ​គ្រូ វាយ​ទៅៗ​មិន​ត្រូវ​រុយ ត្រូវ​ច្រមុះ​គ្រូ​បែក​ឈាម​ហូរ​ខ្ចាយ ។ សិស្ស​ភ័យ​ណាស់​រត់​ទៅ​ដល់​ផ្ទះ និយាយ​ប្រាប់​ឳពុក​ម្ដាយ​តាម​រឿង ។ ឳពុក​ម្ដាយ​ប្រាប់​កូន​ឲ្យ​មក​វត្ត​វិញ កូន​ប្រកែក​មិន​ព្រម​មក ។ លោក​គ្រូ​ទៅ​តាម​ក៏​វា​មិន​ហ៊ាន​មក​ដោយ​ខ្លាច​គ្រូ​វាយ ។

ថ្ងៃ​មួយ ​លោក​គ្រូ តាំង​ពិធី​សូត្រ​មន្ត​អាគម​ស្នេហ៍​បន្ទន់​ចិត្ត​សិស្ស​ឲ្យ​មក ។ អា​ផ្លូញ​ជា​សិស្ស​បាន​ដឹង​ថា​គ្រូ​តាំង​ពិធី​សូត្រ​មន្ត​ដូច្នោះ ក៏​មក​វត្ត​វិញ ដើម្បី​ឲ្យ​គ្រូ​ជឿ​ថា​ស្នេហ៍​ពូកែ ។ លុះ​ដល់​វត្ត​វិញ​ដើរ​លបៗ​ចូល​ទៅ​ឃើញ​គ្រូ​កំពុង​តែ​អង្គុយ​សូត្រ​មន្ត ក៏​សួរ​លោក​គ្រូ​ថា “លោក​គ្រូ​ធ្វើ​អ្វី ?” ។ គ្រូ​កុហក​ថា “អញ​សូត្រ​មន្ត​អាគម​បំបាំង​ខ្លួន ព្រោះ​អញ​ទើប​រៀន​ពី​គេ” ។ ហើយ​លោក​គ្រូ​គិត​ថា “ស្នេហ៍​អញ​ពូកែ​មែន​បាន​ជា​សិស្ស​អញ​វា​មក” ។ លុះ​ព្រឹក​ឡើង​សិស្ស​ដាំ​បាយ​ធ្វើ​ម្ហូប​ស្រេច ទូល​ថា “ចង្ហាន់​ឆ្អិន​ហើយ” ។ លោក​គ្រូ​ថា “បើ​ដូច្នេះ​ឯង​លើក​យក​ឲ្យ​អញ​ឆាន់” ។ អា​ផ្លូញ​ក៏​លើក​មក​ប្រគេន ធ្វើ​ជា​មើល​មិន​ឃើញ ដាក់​ថាស​ទៅ​លើ​ក្បាល​លោក​គ្រូៗ​ស្រែក​ថា “អាផ្លូញ ! ហេតុ​ម្ដេច​ក៏​យក​ថាស​មក​ដាក់​លើ​ក្បាល​អញ ?” ។ សិស្ស​ទូល​ថា “ខ្ញុំ​ព្រះ​ករុណា​មើល​មិន​ឃើញ” ។ លោក​គ្រូ​ងាក​ចេញ​ អា​ផ្លូញ​ក៏​ដាក់​លើ​ក្បាល​គ្រូ​ទៀត ។ លោក​គ្រូ​ថា “អា​ឯង​ដាក់​ថាស​លើ​ក្បាល​អញ​ទៀត​ហើយ” ។ សិស្ស​ថា “ខ្ញុំ​ព្រះ​ករុណា​សូម​ទោស​ព្រោះ​មើល​មិន​ឃើញ” ។ លោក​គ្រូ​ជឿ​ថា​​ខ្លួន​រៀន​ស្នេហ៍ៗ​ពូកែ​ប្រាកដ ឥឡូវ​កុហក​វា​ថា តាំង​ពិធី​មន្ត​អាគម​បំបាំង​ខ្លួន​វិញ ក៏​ទៅ​ជា​ពូកែ​គេ​មើល​មិន​ឃើញ​ប្រាកដ​មែន គួរ​ទន្ទេញ​ឲ្យ​ចាំ​កុំ​ឲ្យ​ភ្លេច ។

អា​ផ្លូញ​លុះ​ប្រគេន​ចង្ហាន់​គ្រូៗ ឆាន់​រួច​ហើយ វា​លើក​មក​បរិភោគ​ខ្លួន​វា ។

ថ្ងៃ ​ក្រោយ​មាន​ឧបាសក​គេ​និមន្ត​លោក​គ្រូ​ទៅ​ឆាន់​ឯ​ផ្ទះ ។ អា​ផ្លូញ​ទូល​ថា “បើ​លោក​គ្រូ​និមន្ត​ទៅ​ឆាន់​ផ្ទះ​គេ កុំ​ស្លៀក​ស្បង់​ឲ្យ​ចាស់​ខូច​ឥត​អំពើ​ឃ្លុំ​តែ​ចីពរ​បាន​ហើយ គេ​មើល​មិន​ឃើញ​ទេ ត្បិត​លោក​គ្រូ​ចេះ​មន្ត​អាគម​បំបាំង​ខ្លួន​ពូកែ​ណាស់ អ្នក​ណា​នឹង​មើល​ឃើញ គ្រូ​ក៏​ជឿ​តាម​ពាក្យ​សិស្ស ។

លុះ​ព្រឹក​ឡើង​ លោក​គ្រូ​ប្រាប់​សិស្ស​ថា “ឯង​តាម​អញ​ទៅ​ឆាន់​ឯ​ផ្ទះ​ឧបាសក” រួច​លោក​ឃ្លុំ​តែ​ចីពរ​មិន​ស្លៀក​ស្បង់​ដោយ​គិត​ថា “ឃ្លុំ​តែ​ចីពរ​បាន​ហើយ ព្រោះ​មន្ត​អាគម​អញ​ពូកែ​ណាស់ នរណា​នឹង​មើល​កេរ្តិ៍​ខ្មាស់​ឃើញ” រួច​នាំ​កូន​សិស្ស​ទៅ ។

លុះ​ទៅ​ដល់​ឧបាសក​និមន្ត​ឡើង​លើ​ផ្ទះ​ហើយ គេ​លើក​ចង្ហាន់​មក ដើម្បី​ប្រគេន​លោក​ឆាន់ ដោយ​លោក​មិន​បាន​ស្លៀក​ស្បង់ អង្គុយ​មិន​ស្រួល​ងាក​ឆ្វេង​ងាក​ស្ដាំ​ក៏​លេច​កេរ្តិ៍​កណ្ដាល​វាល ។ ឧបាសក​ឃើញ​ដូច្នោះ​​គេ​ក៏​នាំ​គ្នា​សើច​ហ៊ោ​លាន់ ។ លោក​គ្រូ​ពុំ​ទាន់​ឆាន់​ចង្ហាន់​មាន​ចិត្ត​ខ្មាស់​គេ​ណាស់ ក៏​ចុះ​ពី​លើ​ផ្ទះ​ត្រឡប់​ទៅ​វត្ត​វិញ ជេរ​បន្ទោស​សិស្ស​ថា “អា​ឯង​មិន​ឲ្យ​អញ​ស្លៀក​ស្បង់ ឥឡូវ​ខ្មាស់​គេ​ណាស់” អា​ផ្លូញ​ទូល​ថា “លោក​គ្រូ​កុំ​ខ្ញាល់​និង​ខ្ញុំ​ព្រះ​ករុណា រឿង​នេះ​ប្រហែល​ជា​ខុស​ត្រណម​ទេ​ឬ ?” ។ លោក​គ្រូ​សួរ​ថា “ឯង​ឃើញ​អញ​ខុស​ត្រណម​ដូចម្ដេច ?” ។ អា​ផ្លូញ​សួរ​ថា “លោក​គ្រូ​និមន្ត​ទៅ​ឆាន់​ទៅ​តាម​ផ្លូវ​ណា ?” ។ លោក​គ្រូ​ប្រាប់​ថា “អញ​កាល​ទៅ​ចេញ​ផ្លូវ​កើត” ។ សិស្ស​ថា “ឪ ! ច្បាស់​ជា​លោក​គ្រូ​ខុស​ត្រណម​ហើយ” ។ ថ្ងៃ​មុន​លោក​គ្រូ​ប្រាប់​ខ្ញុំ​ព្រះ​ករុណា​ថា “បើ​រៀន​មន្ត​អាគម​ទាំង​ពួង​ត្រូវ​ឲ្យ​តម​ស៊ី​ផ្លែ​ស្ពឺ សូម្បី​តែ​មុជ​ក្រោម​ដើម​ស្ពឺ​ក៏​មិន​បាន វា​សាប​មន្ត​អាគម ឥឡូវ​លោក​គ្រូ​មុជ​ក្រោម​ដើម​ស្ពឺ​បាន​ជា​ខុស​ត្រណម សាប​អាគម​អស់ ហេតុ​នេះ​បាន​ជា​គេ​ឃើញ​កេរ្តិ៍​ខ្មាស់​លោក​គ្រូ” ។ លោក​គ្រូ​បាន​ស្ដាប់​ដូច្នោះ​ហើយ ក៏​ថា “ឪ ! អា​ផ្លូញ​អញ​ភ្លេច​តម​បាន​ជា​យ៉ាង​ហ្នឹង ឯង​ថា​នោះ​ពិត​ប្រាកដ​ហើយ” ។ លោក​គ្រូ​នោះ​ដោយ​ឆោត​ល្ងង់​ក៏​ជឿ​ជាក់​ឥត​សង្ស័យ ។ តាំង​ពី​នោះ​មក​អា​ផ្លូញ​ជា​សិស្ស​នៅ​បម្រើ​គ្រូ​ដោយ​សុខ​សប្បាយ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងចចក – រឿងព្រេងខ្មែរ

រឿងគ្រូនិងសិស្ស – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *