រឿងក្រពើរមិលគុណ – រឿងព្រេងខ្មែរ ៖ មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើងព្រៃ រោលរលាកជើងទាំង ៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។ បុរសឳពុក និង កូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននិងវារពុំបានដូច្នោះហើយ បុរសនោះអាសូរក្រពើ បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំបុរសនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញៗ មានគុណលើព្រះស្ដែង” ក្រពើនោះថា “មានគុណនឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន” ។
ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង” ទើបបុរសនិងក្រពើ នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរទីទៃៗ ។ ក្រពើក្រាបបង្គំថា “ខ្ញុំ ព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់ ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំថា “ក្រពើ នេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វារពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ ទើបយកឈើចងអបហើយលើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែងហើយ ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ បើព្រះអង្គពុំជឿសុំទ្រង់ទតជើងក្រពើទាំង ៤ ចុះ” ។
ព្រះមហាក្សត្រទ្រង់ពិចារណាថា “ក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយ” ទើបព្រះអង្គកាត់ថា “បើដូច្នេះមានតែព្រះស្ដែងឲ្យគេចងព្រះស្ដែងដូចអំពីមុននោះសិនហើយ សឹមអញពិចារណាឲ្យព្រះស្ដែង” ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន ហើយទ្រង់មានព្រះបន្ទូលថា “ព្រះស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមមានពិសទេ” ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះបុរសនោះចូលចិត្តហោង ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្តើក – រឿងព្រេងខ្មែរ