ឈប់ខឹងបងទៅ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ឈប់ខឹងបងទៅ – កំណាព្យខ្មែរ | ||
១ | មាសស្នេហ៍ៗបែរភក្រ្តមកថ្លៃ | បែរមកចរណៃកុំបីសង្ការ |
បងដឹងខ្លួនខុសចំពោះជីវា | សូមអូនមេត្តាសន្តោសប្រណី។ | |
២ | ម្ចាស់ស្នេហ៍បងអើយកុំមុខស្រពោន | ញញឹមទៅអូនឈប់ព្រួយហឬទ័យ |
បងស្នេហាស្មោះចំពោះពិសី | សូមអូនប្រណីជឿចិត្តបងចុះ។ | |
៣ | បងសូមសន្យាណាព្រលឹងបង | បើក្បត់នួនល្អងបងទទួលខុស |
ឲ្យមេឃដីយកជីវិតបងចុះ | បូជាដោយស្មោះចំពោះជីវា៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្តាយពន្លឺច័ន្ទ – កំណាព្យខ្មែរ