Wednesday , April 17 2024

ជិត៥០ឆ្នាំកន្លងចងចាំនៅ – កំណាព្យខ្មែរ

ជិត៥០ឆ្នាំកន្លងចងចាំនៅ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ជិត៥០ឆ្នាំកន្លងចងចាំនៅ – កំណាព្យខ្មែរ

ជិត៥០ឆ្នាំកន្លងចងចាំនៅ – កំណាព្យខ្មែរ

នៅក្មេងដឹងក្តីក្រីក្រណាស់ជីវភាពមិនផ្លាស់ក្រដដែល
កាយខ្ញុំកខ្វក់សុទ្ធតែក្អែលរស់តដំណែលគ្រួសារក្រ ។
ប្រាំពីរឆ្នាំគត់ចូលសាលានៅវត្តសិក្សាសែនអំណរ
រៀនសូត្រចេះចាំជាបន្តចេះអានអក្សរត្រេកអរណាស់ ។
ផ្ទះស្លឹកស្ថិតក្នុងចំការចេកគ្មានគ្រែដំណេកជញ្ជាំងប៉ះ
ស្លឹកពុកធ្លុះធ្លាយដំបូលចាស់ប្រហោងឃើញច្បាស់ផ្ទៃមេឃា ។
វស្សាភ្លៀងធ្លាក់ត្រជាក់ដីក្នុងផ្ទះគ្មានអ្វីតម្លៃជា
មានតែចានឆ្នាំងវែកស្លាបព្រាមុងភួយដូចគ្នាចាស់មិនថ្មី ។
អំបិលប្រហុកពាងក្រឡជិតខាប់អង្ករដាក់លើដី
រោងព្យួររបែងកញ្ច្រែងល្អីចង្ក្រានឫស្សីដំបូលស្លឹក  ។
ពាងទឹកទូលទនៅមុខផ្ទះងូតលាងជម្រះចម្រុះផឹក
កន្លង់ចោះធ្នឹមឫស្សីសឹកចោះឈើសំណឹករន្ធរទុះ ។
ទ្រុងមាន់ឫស្សីដីក្រោយផ្ទះអាគកទទះស្លាបកៀងស្ទុះ
ដេញជាន់មេផ្អើលឆ្កែដេញព្រុសគីង្គក់ខាំមូសទៀបរាត្រី ។
ព្រឹកព្រាងជ្រូកស្រែកលាន់អ៊ូកៗគោភ្ញាក់ផ្អើលជ្រូកជាន់ស្មៅខ្ចី
ថ្ងៃមួយរំភើបបានខោថ្មីមិនហ៊ានលេងដីក្រែងប្រឡាក់ ។
ហូបបាយផឹកទឹកនឹកដល់ម៉ែរាល់ថ្ងៃឆ្នាំខែម៉ែទុកដាក់
ដាំស្លបោកគក់នឿយបណ្តាក់កូនរៀនឡើងថ្នាក់ម៉ែត្រេកអរ ។
១០ម៉ែមើលថែកូនសព្វចំណីយល់កូនឃ្លានឆីមិនអំណរ
រកដំឡូងត្រាវយាត្រាចរជីកគាស់ស្ងោរស្លកំដរមាត់ ។
១១ស្រណោះនឹកម៉ែកាន់ឈ្នាងល្អីប៉ោតឆ្នាំងជាលត្រីត្រាច់រង្គាត់
ហត់នឿយស៊ូទ្រាំម៉ែមិនមាត់ប្រឹងទៅជញ្ជាត់កំពឹសត្រី  ។
១២ខ្ចៅបឹងប្រឹងតោងមែករុក្ខាទឹកលេចមែកឆ្ការធ្លាក់នៅដី
ទ្រនំជម្រកខ្ចៅខ្យងត្រីខ្ចៅតោងឥតបីដូចផ្លែផ្កា ។
១៣ចំណីស្រែស្រុកសម្បូរបែបបានឆាកង្កែបខែវស្សា
ដើមឆ្នាំខ្ចៅខ្យងស្ងោរភោក្តាកំពឹសស្រស់ថ្លាលីងសម្ងួត ។
១៤កូនត្រីជញ្ជាត់គល់ស្លឹកគ្រៃល្មៀតគ្រឿងម៉ែលៃឈ្ងុយរមួត
ត្រួយរាំងសាវម៉ាវស្លឹកកន្តួតបន្លែជួយសួតថ្លើមក្រពះ ។
១៥ដើមចេកស្លម្ជូរកូនត្រីស្រែបាយក្តៅនឹកម៉ែអ្នកមេផ្ទះ
ចិញ្ចឹមកូនចៅនឿយននះម៉ែពិតជាព្រះរបស់កូន ។

កំណាព្យពេញនិយមបន្ទាប់ ៖ ព្រហ្មវិហារធម៌ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ស្នេហ៍ - កំណាព្យខ្មែរ

ស្នេហ៍ – កំណាព្យខ្មែរ

ស្នេហ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ …

Leave a Reply

Your email address will not be published. Required fields are marked *